បរទេស៖ មួយរយៈពេលចុងក្រោយនេះ មានក្រុមហ៊ុនជាច្រើនកំពុងតែព្យាយាមបង្កើតយាន្តជំនិះដែលមានការចំណាយតិចតួច និងមិនមានផលប៉ះពាល់ដល់បរិស្ថាន។

ក្នុងនោះផងដែរក្រុមហ៊ុន Wright Electric និងក្រុមហ៊ុនអាកាសចរណ៍ EasyJet បានប្រកាសអំពីការសហការគ្នាដើម្បីផលិតយន្តហោះប្រើប្រាស់ថាមពលអគ្គិសនី និងមានសមត្ថភាពដឹកជញ្ជូនអ្នកដំណើរក្នុងរយៈចំងាយជិតៗគួរសមដូចជាពីទីក្រុងញូវយ៉កទៅទីក្រុងបូស្តុនជាដើម។

យន្តហោះប្រើប្រេងឥន្ទនៈរបស់ក្រុមហ៊ុនអាកាសចរណ៍ EasyJet ក្នុងពេលសព្វថ្ងៃ​នេះ

EasyJet ដែលជាក្រុមហ៊ុនអាកាសចរណ៍មកពីចក្រភពអង់គ្លេស បានបង្ហើបឲ្យដឹងថា ការសហការគ្នាជាមួយក្រុមហ៊ុន Wright Electric ដែលមកពីសហរដ្ឋអាមេរិកនឹងអាចជួយជម្រុញឲ្យគោលដៅនៃការដឹកជញ្ចូនអ្នកដំណើរក្នុងរយៈចំងាយខ្លីៗដោយពឹងផ្អែកលើយន្តហោះដែលប្រើថាមពលអគ្គិសនីឲ្យបានក្លាយជាការពិតមិនខាន។ 

លោកស្រី Carolyn McCall ដែលជាអគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ EasyJet បានបន្តទៀតថា នេះគឺជាលើកដំបូងនៅក្នុងអាជីពរបស់គាត់ហើយដែលខ្លួនគាត់មានអារម្មណ៍រំភើបក្នុងការចូលរួមចំណែកផលិតយន្តហោះដែលមិនប្រើប្រេងឥន្ធនៈ។ 

អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ EasyJet លោកស្រី Carolyn McCall

គួររម្លឹកផងដែរថា កាលពីខែមីនា ២០១៧កន្លងទៅ ក្រុមហ៊ុន Wright Electric ធ្លាប់បានបង្ហាញរួចមកហើយ នូវផែនការរបស់ខ្លួនដើម្បីផលិតយន្តហោះដែលប្រើប្រាស់ថាមពលអគ្គិសនីដែលមានឈ្មោះថា Wright One ហើយយន្តហោះនេះមានសមត្ថភាពដឹកជញ្ជូនអ្នកដំណើរចំនួន ១៥០នាក់នៅក្នុងរយៈចំងាយ ៤៨០គីឡូម៉ែត្រផងដែរ។

យន្តហោះដែលប្រើប្រាស់ថាមពលអគ្គិសនីមិនត្រឹមតែអាចជួយកាត់បន្ថយការប៉ះពាល់ដល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងអាចជួយឲ្យការធ្វើដំណើរតាមរយៈផ្លូវអាកាសមានតំលៃទាបជាងមុនផងដែរ៕

រូបរាងយន្តហោះដែលប្រើថាមពលអគ្គិសនី Wright One
ការធ្វើបទបង្ហាញយន្តហោះ Wright One

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]