រន្ធរោម ឬរន្ធញើសធំៗនៅលើស្បែក គឺរមែងត្រូវបានគេមើលឃើញយ៉ាងច្បាស់ ព្រោះវាកើតមកពីក្រពេញខ្លាញ់ដែលធ្វើការងារធ្ងន់ខុសប្រក្រតី ដែលបណ្តាលឱ្យជាតិខ្លាញ់នឹងត្រូវអណ្តែតមកលើស្បែក ជាពិសេសនោះវានឹងធ្វើឱ្យស្បែកមុខមានការរលាក និងជួបប្រទះជាមួយនឹងការកើតមុនបានដោយងាយ។

ប៉ុន្តែប្រសិនបើយើងយកចិត្តទុកដាក់កែតម្រូវ វានឹងជួយកាត់បន្ថយរន្ធញើសធំៗងាយនឹងបាត់ទៅវិញបាន ដោយប្រើឱសថធម្មជាតិទាំងនេះ ព្រោះវាអាចជួយរឹតបន្តឹងរន្ធញើសបានយ៉ាងល្អ៖

១) ស្លឹកត្រចៀកក្រាញ់៖ វាមានសារធាតុចិញ្ចឹម និងវីតាមីនសំខាន់ៗជាច្រើនប្រភេទ ដែលជួយជម្រុញដល់ការលូតលាស់កូឡាជែន កាត់បន្ថយការបាត់បង់កោសិកាស្បែក ជួយរឹតបន្តឹងរន្ធញើសតូច និងជួយស្តារសុខភាពស្បែកឡើងវិញផងដែរ។ ដោយនៅក្នុងស្លឹកត្រចៀកក្រាញ់ មានផ្ទុកវីតាមីន B1 វីតាមីន B2 វីតាមីន B6 ដែលជួយកម្ចាត់មុន ស្នាមអុជខ្មៅ បានទៀតផង។

របៀបប្រើប្រាស់នោះដោយគ្រាន់តែនាំយកស្លឹកវាស្រស់ៗលាងទឹកឱ្យស្អាត ហើយហាន់ជា បំណែកតូចៗ យកទៅកិន ឬបុកជាមួយទឹកស្អាត១កែវ។ ក្រោយមកទើបយកមកលាប ឬប្រើសំឡីផ្តិតជូតសំអាតលើរន្ធរោមធំៗនៅលើមុខទាំងនោះ ទុកចោលរយៈពេល១៥នាទី សឹម លាងជាមួយទឹកត្រជាក់ចេញជាការស្រេច។

ទឹកស្លឹកត្រចៀកក្រាញ់

២) ផ្លែចេកអំបូង៖ មានលក្ខណៈសម្បត្តិជួយរឹតបន្តឹងរន្ធរោម ជួយឱ្យមានសំណើមលើស្បែក និងធ្វើឱ្យស្បែកទន់ផងដែរ។ 

សាកល្បងនាំយកចេកមួយផ្លែមកហាន់ជាចំណិតតូចៗ លាយបន្ថែមជាមួយទឹកឃ្មុំ ឬទឹកដោះស្រស់មកកិនបញ្ចូលគ្នាឱ្យហ្មត់ក្លាយទៅជាក្រែម សឹមនាំយកមកបិទលើមុខ រួចលាងជម្រះជាមួយទឹកក្តៅឧណ្ហៗ។ រូបមន្តនេះអាចជួយកាត់បន្ថយរន្ធរោមធំៗបានយ៉ាងល្អ។ បើគ្មានចេកអំបូង អ្នកក៏អាចប្រើចេកណាំវ៉ា ជំនួសវិញក៏បានដែរ។

ផ្លែចេកអំបូង

៣) ផ្លែល្ហុង៖ សម្បូរទៅដោយវីតាមីន C និង E ជួយរឹតបន្តឹងរន្ធរោមឱ្យរួមតូច កាត់បន្ថយជាតិរំអិលនៅលើស្បែក ជួយបង្កើតជាតិកូឡាជែននៅក្នុងខ្លួន ជួយផលិតកោសិកាថ្មី និងជម្រុះកោសិកាស្បែកដែលចាស់ៗចោលផងដែរ។ 

វិធីអនុវត្តនោះគឺគ្រាន់តែនាំយកល្ហុងទុំកិនឱ្យម៉ត់ ហើយមកបិទលើមុខ ទុកចោលប្រមាណជា១៥-២០នាទី សឹមលាងសម្អាតមុខចេញជាមួយទឹកស្អាត។ តែប៉ុណ្ណេះជាតិអាស៊ីតរបស់ពីផ្លែល្ហុង នឹងជួយទៅរឹតបន្តឹងរន្ធរោម ហើយជម្រុះកោសិកាស្បែកចាស់ៗដែលងាប់ចោលបានទៀតផង។

ទន្ទឹមនឹងនេះការប្រើឱសថធម្មជាតិដើម្បីជួយរឹតបន្តឹងរន្ធរោម អ្នកខ្លះក៏អាចមានប្រតិកម្មអាឡែកស៊ីស្បែកបានផងដែរ។ ដូច្នេះសូមណែនាំថាមុនពេលប្រើរបស់ធម្មជាតិទាំងអស់នេះ គួរសាកល្បងយកទៅសាកល្បង នៅលើស្បែកដៃ ឬជើងបន្តិចជាមុនសិន បើមិនមានចេញកន្ទួល ឬក្រហមលើស្បែកនោះទេ គឺមានន័យថាអាចយកមកប្រើបាន។ ម្យ៉ាងទៀតក៏ត្រូវអនុវត្តឱ្យបានទៀងទាត់ផង ដើម្បីទទួលបាននូវលទ្ធផលគួរជាទីគាប់ចិត្តតាមក្តីប្រាថ្នា៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]