កំពង់ស្ពឺ ៖ បុរសម្នាក់ ត្រូវបានកម្លាំង សមត្ថកិច្ចមូលដ្ឋាន ឃាត់ខ្លួន បន្ទាប់ពីជនរង គ្រោះបានប្ដឹងថា បុរសរូបនេះបានគំរាម កំហែងប្រមាថជីវិតរបស់ខ្លួន និងបានវាយ បំផ្លាញទ្រព្យសម្បត្ដិនៅក្នុងផ្ទះ នៅពេលដែល បុរសរូបនេះ ខឹងឆ្កែម្ចាស់ផ្ទះព្រុសនិងដេញ ខាំ  ខណៈខ្លួនកំពុងធ្វើដំណើរតែម្នាក់ឯងនិង មានកាន់ចបកាប់នៅនឹងខ្លួន។

ករណីប្រមាថជីវិតនិងបំផ្លាញទ្រព្យសម្បត្ដិ នៅក្នុងផ្ទះ ដោយសារតែខឹងឆ្កែព្រុសនិង ដេញខាំនោះ បានកើតឡើងកាលពីវេលា ម៉ោង២និង១៥នាទីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១២ ស្ថិតនៅក្នុងភូមិស្វាយដង្គំ ឃុំ ស្គូស ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្នុង មូលដ្ឋានបានឱ្យដឹងថា នៅក្នុងភូមិស្វាយដង្គំ នេះ ភាគច្រើនសំបូរទៅដោយក្រុមក្មេង ទំនើង និងតែងតែបង្កជម្លោះ ជា ពិសេសនៅ ពេលមានពិធីរាំធុងបាស់ម្ដងៗ ហើយសមត្ថ កិច្ចមូលដ្ឋាន ហាក់បីដូចជាមិនមានការ បង្ក្រាបនោះទេ ។

យោងតាមមន្ដ្រីនគរបាលមូលដ្ឋានបាន ឱ្យដឹងថា ជនដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីមានពាក្យបណ្ដឹងពីសំណាក់ភាគីជន រងគ្រោះនោះ មានឈ្មោះគឹម ចក់ ភេទប្រុស អាយុ៣៤ឆ្នាំ រីឯជនរងគ្រោះដែលរងការ ប្រមាថដល់អាយុជីវិតមានឈ្មោះសយ សុផាន ហៅម៉ុន អាយុ៥៥ឆ្នាំ ។

បើយោងតាមសមត្ថកិច្ចមូលដ្ឋានករណី នេះបានកើតឡើងនៅពេលដែលជនសង្ស័យ គឹម ចក់ បានដើរកាត់មុខផ្ទះស្ដ្រីឈ្មោះសយ សុផាន ដោយមានកាន់ចប កាប់ផងនោះ ស្រាប់តែត្រូវឆ្កែរបស់ម្ចាស់ផ្ទះដេញព្រុស និងដេញខាំ រួចហើយធ្វើឱ្យឈ្មោះគឹម ចក់ ខឹងសម្បារយ៉ាងខ្លាំងរហូតដល់ដេញវាយឆ្កែ ទៅដល់ក្នុងផ្ទះ ហើយបាននិយាយគំរាមថា ឆ្កែចេញសម្លាប់ ម្ចាស់ចេញសម្លាប់ម្ចាស់។ ពេលនោះជនសង្ស័យមិនទាន់អស់ចិត្ដក៏បាន រត់ទៅផ្ទះយកកណ្ដៀវមកថែមទៀត ហើយ កាប់ដើមឈើនិងរបងផ្ទះ របស់ជនរងគ្រោះ បណ្ដាលឱ្យខូចខាតអស់ជាច្រើន។ ពេលនោះ ជនរងគ្រោះ ដែលមានសុទ្ធតែស្រីៗនៅផ្ទះ ក៏បានទាក់ទង ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បី ជួយអន្ដរាគមន៍ រួចហើយកម្លាំងសមត្ថកិច្ចក៏ បានចុះមកឃាត់ខ្លួនជនសង្ស័យរូបនេះតែម្ដង ទៅ ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុងភូមិ ស្វាយដង្គំ ឃុំស្គូស បានលើកឡើងពីបញ្ហា អសន្ដិសុខជាច្រើន ដែលបាននឹងកំពុងកើត មានឡើង ក្នុងនោះក្រៅពីបញ្ហា ក្មេងទំនើង ដើរអុកឡុកភូមិនិងវាយតប់គ្នា នៅពេលមាន ពិធីរាំធុងបាស់នោះ ក៏មានករណីចោរកម្មជា ច្រើនផងដែរ រាប់ទាំងការលួចច្រូតស្រូវនិង ដុតបំផ្លាញ ចំបើងរបស់អ្នកភូមិកាលពីពេល កន្លងទៅផងដែរ។ ដូច្នេះប្រជាពលរដ្ឋសុំ អំពាវនាវដល់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ត្រូវមានវិធានការ រឹតបន្ដឹងសន្ដិសុខនៅក្នុង ស្រុក ភូមិផង ដើម្បីអនុវត្ដគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល៕

ដោយ៖ ដើមអម្ពិល : (DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]