ភ្នំពេញៈ តារាចម្រៀង ជើងថ្មី ដែលខំស្កាត់តាំង ពីខេត្តសៀមរាប ដើម្បីឲ្យខ្លួន បានចូលប្រឡូក ក្នុងវិស័យសិល្បៈ កញ្ញា សន នាងផល្លីកា នៅថ្មីៗនេះ គ្រាន់តែចាប់ផ្តើម ល្បីឈ្មោះបោះសម្លេង ឡើងកូតក្រឺតៗភ្លាម នាងក៏បាន លេច ឮសាយភាយ ពីទំនាក់ទំនងស្នេហា ស្ងាត់កំបាំង ជាមួយថៅកែ ផលិតកម្ម Big Man ដែលជាទ្រនំ ផលិតកម្មមួយ សម្រាប់នាងជ្រក សាងកេរ្តិ៍ឈ្មោះ សព្វថ្ងៃ ។ ប្រភពព័ត៌មានពីពួក មាត់ចាបមាត់ព្រាប និងពី មជ្ឈដ្ឋាន អ្នកសិល្បៈដូចគ្នា បានលួចខ្សិបប្រាប់ថា តារាចម្រៀងសាច់សខ្ចី វ័យ១៩ឆ្នាំ ផល្លីកា នាងបានចូលច្រៀង ក្នុងផលិតកម្ម Big Man ក៏ដោយ សារមាន ការបើកផ្លូវ ពីសំណាក់ម្ចាស់ផលិតកម្ម ដែលតែងតែគិតគូរ ជួយលើកតម្កើងនាង ហើយគ្រាន់តែផល្លីកា ចូលច្រៀងបានតែប៉ុន្មានបទ ប៉ុណ្ណោះ ស្រាប់តែឲ្យនាង ចាប់ដៃគូជាមួយ តារាចម្រៀង ឆាយ វិរៈយុទ្ធ ទៀតផង ។

ការយកចិត្តទុកដាក់ខុសប្លែក ពីតារាចម្រៀងដ៏ទៃ នឹងគួបផ្សំជាមួយ ការលេចឮ ល្ហិចល្ហៀង ពីទំនាក់ទំនង ដ៏ស្ងាត់កំបាំងជាមួយថៅកែ ផលិតកម្ម អាចសន្និដ្ឋានបានថា បុបា្ផមកពីដែនដី អង្គររូបនេះ អាចជាប់ពាក់ព័ន្ធ ក្នុងជម្រៅស្នេហាយ៉ាងពិតប្រាកដ ជាមួយម្ចាស់ដំបូល ផលិតកម្ម របស់ខ្លួន ។ សម្រាប់តារា ជើងថ្មីរូបនេះ នាងទើបតែបានឱកាស បង្ហាញមុខតាមរយៈ ស្ថានីយ៍ទូរទស្សន៍ នានាក្នុងរយៈពេល តែប៉ុន្មានសប្តាហ៍តែប៉ុណ្ណោះ តាមរយៈបទចម្រៀង ថ្មីៗមួយចំនួន ធ្វើឲ្យនាងហក់ឡើងលេចធ្លោ ស្ទើរតែស្មើនឹង តារាចម្រៀងរួម ដំបូលផលិតកម្ម កញ្ញា លាង សុផាឡែន និងកញ្ញា សុខ សីឡាលីន ទៅហើយ ។ ជុំវិញបញ្ហាស្នេហាស្ងាត់ កំបាំងជាមួយថៅកែ ផលិតកម្ម  Big Man ដែលជាព័ត៌មាន ដ៏រសើបថ្មីមួយសម្រាប់ ផល្លីកា  នៅពេល នេះ ត្រូវបានតារាចម្រៀងសុខចិត្ត ទម្លាក់ការសិក្សា ចោលមក ស្រវាសិល្បៈ ស្រីស្រស់ ផល្លីកា ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល កាលពី ថ្ងៃទី០៧ខែ មីនា ឆ្នាំ២០១២នេះ ទាំងអារម្មណ៍ភ្ញាក់ផ្អើលឲ្យដឹងថា “អត់ទេបង …ងាប់ខ្ញុំហើយ នណាគេនិយាយបែបនេះ វាជារឿងមិនពិតទេ ខ្ញុំសូម បដិសេធន៍ ចំពោះព័ត៌មាននេះ និងពាក្យចចារមអារាមខាងលើ ។ ខ្ញុំនឹងគាត់ (ថៅកែផលិតកម្ម) គ្រាន់តែមានទំនាក់ទំនង គ្នាធម្មតាៗ របៀបការងារ មេកើយ និងកូនចៅ អត់មានរឿងស្នេហា អីកើតឡើងនោះទេ” ។

តារាស្រីវ័យ១៩ឆ្នាំ ប្រៀបបីដូចបុប្ផាក្រពុំ មកពីដែនដីសៀមរាប ផល្លីកា បានបញ្ជាក់ទៀតថា “ចាប់តាំងពីខ្ញុំចូលមកច្រៀងក្នុង ផលិតកម្ម Big Man តាមរយៈការធ្វើតេសសម្លេង ដោយមានអ្នកប្រកួតប្រជែង ជាច្រើននាក់ និងរហូតដល់ខ្ញុំបានចុះកុងត្រា ជាមួយគ្នាដូចពេលនេះ ខ្ញុំអត់ដែលមានបញ្ហា ជាមួយគាត់នោះទេ អត់មានអ្វីលើសពីមេនិងកូនចៅនោះទេ ។ ខ្ញុំប្រាដកក្នុងចិត្ត មួយរយភាគរយ ថាខ្ញុំគ្មានរឿងនេះកើតឡើង ខ្ញុំសូមឆ្លើយបញ្ជាក់ ឲ្យច្បាស់ថា ទោះបីជាបែបណា ខ្ញុំសូមច្រានចោលជា ថ្មីម្តងទៀត ចំពោះបញ្ហានេះ” ។

ជាមួយគ្នានេះ សម្រាប់តារាចម្រៀងបែប មនោសញ្ចេតនា ផល្លីកា នាងក៏បានសម្តែង ពីអារម្មណ៍ខ្លាចរអា ចំពោះខ្សែជីវិត របស់នាង ក្នុងការចូល ប្រឡូក ក្នុងសិល្បៈ ពេលជួបនូវរឿង អាស្រូវស្នេហា ។ ផល្លីកា និយាយ “ខ្ញុំខ្លាចណាស់បង …ខ្លាចបំផុត អ្នកដែលនៅពីក្រោយខ្នង ចាំបង្ខូចកេរ្តិ៍ឈ្មោះ នៅពេលដែលខ្ញុំបានល្បី ប៉ុន្តែខ្ញុំក៏មាន វិធីសាស្រ្តសម្រាប់ ទប់ទល់ជាមួយនឹងព្យុះ ព័ត៌មានទាំងអស់នេះហើយដែរ ដោយខ្ញុំគិតថា មានតែខ្ញុំខ្លួនឯង ដែលដឹងច្បាស់ខ្លួនឯង ថាកំពុងធ្វើអ្វី មានរឿងអ្វី ប៉ះពាល់ដល់អ្នកណា ខ្ញុំដឹងច្បាស់បើខ្ញុំ ជាមនុស្សបរិសុទ្ធ ខ្ញុំអត់ខ្លាចទៅនឹងបញ្ហាចំពោះ មុខនោះទេ ខ្ញុំក៏អត់ខ្លាចក្នុងការ ប្រឈមមុខ ជាមួយមហាជននោះដែរ” ។

ផល្លីកា បានហក់ចូលក្នុងផលិតកម្ម Big Man តាមរយៈការធ្វើតេសសម្លេង ដោយពីមុនមក នាងមិនធ្លាប់ច្រៀង ក្នុងផលិតកម្ម ឬភោជនីយដ្ឋាន ណាមួយ នោះឡើយ ។ រយៈកាលនៃការចូល ប្រឡូកក្នុងសិល្បៈ នាងបានថតនូវអាល់ប៊ុមបទ ចម្រៀងចេញលក់នៅ លើទីផ្សារ រួមមានបទ ចេះស្រលាញ់ ចេះទឹកភ្នែក, ចាំបងដូចចាំឲ្យក្បត់អូនម្តងទៀត, មាននិស្ស័យតែគ្មានវាសនា, ស្រលាញ់ត្រូវយល់ចិត្ត ច្រៀងឆ្លើយឆ្លង ជាមួយតារាចម្រៀង ឆាយ វីរៈយុទ្ធ ។

សន នាងផល្លីកា មានស្រុកកំណើត នៅភូមិសាលាកន្សែង ឃុំសាលាកន្សែង ស្រុកសៀមរាប ក្រុងសៀមរាប និងបានសិក្សាត្រឹមថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន សៀមរាប ហើយបានមករស់នៅ ក្នុងទីក្រុងភ្នំពេញ រយៈពេលជាង៣ឆ្នាំមកហើយ ។ ក្នុងចំណោម បងប្អូនទាំង៤នាក់ ស្រីទាំងអស់ នាងជាកូនទី៤ ដែលមានឪពុកឈ្មោះ នាង កុសល និងម្តាយឈ្មោះ ហេង ចំរើន មុខរបរជាអាជីវករដូចគ្នា មានតែផល្លីកា ម្នាក់គត់មាន និស្ស័យ ខាងសិល្បៈ ហើយបច្ចុប្បន្ន នាងកំពុងតែរៀបចំគម្រោង ដើម្បីបន្តការសិក្សាថ្នាក់ មហាវិទ្យាល័យ ក្រោយពីអាជីពសិល្បៈ បានជោគជ័យ ប៉ុន្តែគូអនាគត នាងមិនទាន់គិតដល់ឡើយ ៕

ដោយ៖ យ៉ាន់ សុខរិទ្ធ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]