រាជធានីភ្នំពេញ ៖ ជនសង្ស័យលួចកាច់សោ.កម៉ូតូ ម្នាក់ក្នុងចំណោមបក្សពួក៣នាក់បាន ធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូកម្មកររោងចក្រ នៅមុខបន្ទប់ផ្ទះជួលមួយកន្លែង តែសំណាងអាក្រក់ត្រូវបានអ្នកជិតខាងឃើញទាន់ ស្រែកប្រាប់ម្ចាស់ បង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោ ឡើងដឹងដល់ក្រុមសន្តិសុខដែលយាម នៅទីនោះនាំគ្នាដេញចាប់បានម្នាក់ ឯពីរនាក់ទៀតរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ។

ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង២និង១៥នាទី រសៀលថ្ងៃទី២៧ តុលា ឆ្នាំ ២០១២ នៅក្នុងប្លុកផ្ទះជួលដំបូលខៀវ ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យដែលត្រូវចាប់ខ្លួន បាននោះឈ្មោះសួន ចាន់ដារ៉ា អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួលម្ដុំមន្ទីរពេទ្យព្រះកុសុមៈ មានស្រុកកំណើត ភូមិខ្វាវ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ចំណែកឯបក្សពួកពីរនាក់ទៀតបានជិះម៉ូតូមួយ គ្រឿងម៉ាកស៊ុយហ្សុយគី ស្មាស់ ស៊េរីឆ្នាំ២០០៨ ពណ៌ក្រហម គេចខ្លួនទៅបាត់ស្រមោល ។

ជនសង្ស័យរូបនេះរួមជាបក្សពួកបាន ធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូមួយ គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ  ២០០៧ ឡើងតែមស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅដែលជាកម្មសិទ្ធិរបស់យុវជនម្នាក់ មានមុខរបរជាកម្មកររោងចក្រកាត់ដេរ ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ ម៉ូតូនោះត្រូវបានម្ចាស់ចតទុកចោលនៅមុខ បន្ទប់ក្នុងប្លុកផ្ទះជួលដំបូលខៀវនោះ ហើយចូលទៅខាងក្នុងបន្ទប់បាត់ ។ ខណៈនោះក្រុមជនសង្ស័យទាំង៣នាក់បានជិះម៉ូតូម៉ាក ស្មាស់ឌុបគ្នាចូលទៅឈប់ក្បែររួចធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូនោះជិះចេញក្នុងបំណងគេចខ្លួន ។

ពេលនោះត្រូវបានអ្នកជិតខាងឃើញទាន់ក៏បាននាំគ្នាស្រែកប្រាប់ឲ្យម្ចាស់ម៉ូតូបានដឹងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដឹងដល់ក្រុមសន្តិសុខយាមនៅប្លុកផ្ទះជួលដំបូលខៀវនោះនាំគ្នាដេញតាមចាប់បានម្នាក់ និងដណ្ដើមយកបានម៉ូតូជនរងគ្រោះមកវិញ រួចហើយប្រគល់ទាំងជនសង្ស័យ និងម៉ូតូនោះឲ្យប៉ូលិសប៉ុស្តិ៍ចោមចៅនាំយកទៅសាកសួរឯបក្សពួកពីរនាក់ទៀតរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]