រាជធានីភ្នំពេញ ៖ កន្លងមកមហាជនលេចឮថា លោកហម ឈរ៉ា រង្គោះរង្គើជីវិតអាពាហ៍ពិពាហ៍ ប៉ុន្តែដំណឹងមួយនេះមិនត្រូវសាមីខ្លួនផ្ទាល់បញ្ជាក់ថាវាពិត ឬមិនពិតទេ ។ ពេលនេះភរិយារបស់លោកឈរ៉ា ប្រកាសថាបានលែងលះគ្នាដាច់ស្រេចហើយ គ្មានពាក់ព័ន្ធគ្នាតទៅទៀតទេ ។
អ្នកស្រីកែវ ផល្លីណេត ជាភរិយារបស់លោកហម ឈរ៉ា បញ្ជាក់កាលពីពេល ថ្មីៗកន្លងមកថា អ្នកស្រីបានលែងលះគ្នាជាមួយលោកហម ឈរ៉ា ហើយ ខណៈមានកូនស្រីម្នាក់ ។ អតីតភរិយារបស់លោកហម ឈរ៉ា ថែមទាំងបង្ហាញឯកសារលែងលះគ្នាតាំងពីអំឡុងខែមិថុនាឆ្នាំ២០១៧មកទៀតផង ។
ឯកសារបញ្ជាក់ថា អ្នកទាំងពីរបែងចែកទ្រព្យជាពីរចំណែក និងចូលរួមចិញ្ចឹមកូនស្រី ជាមួយគ្នា ។
ដំណឹងនៃការលែងលះនេះ នៅមិនទាន់មានការបញ្ជាក់ពីលោកហម ឈរ៉ា តារាភាពយន្តមានឈ្មោះបោះសំឡេងទេ ។ ជាទូទៅលោកឈរ៉ា មិននិយាយរៀបរាប់អ្វីដែលមាននៅក្នុងចិត្តជាមួយសិល្បកររួមអាជីព ឬទម្លាយជាព័ត៌មានឲ្យបណ្តាសារព័ត៌មានបានដឹងទេ ។ លោកតែងតែញញឹមជាប់ជានិច្ចជាមួយដំណើរជីវិតចូលរួមក្នុងពិភពសិល្បៈដោយកម្របង្ហាញអារម្មណ៍សោកសៅឲ្យគេដឹងណាស់ ។
ចំពោះការជ្រើសរើសយកនារីថ្មីណាម្នាក់មកស្អំបេះដូងក៏មិនទាន់មានប្រភពជិតដិតណាមួយលើកបង្ហាញដែរ គ្រាដែលលោកហម ឈរ៉ា នៅតែស្រស់សង្ហាទោះបីវ័យច្រើនបន្តិចក្តី ។
លោកហម ឈរ៉ា បានសាងឈ្មោះល្បីល្បាញក្នុងពិភពសិល្បៈភាពយន្តខ្មែរតាមរយៈការសម្តែងដំបូងក្នុងរឿង«សំឡេងទ្រខ្មែរ» ដឹកនាំរឿងដោយអ្នកស្រីពាន់ ភួងបុប្ជា ។ បន្ទាប់មកទេពកោសល្យរបស់លោកត្រូវមហាជន និងបណ្តាផលិតកម្មនានាចាប់អារម្មណ៍ឲ្យមានវត្តមានចូលរួមសម្តែងជាបន្តបន្ទាប់រហូតមកទល់បច្ចុប្បន្ននេះ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]