ភ្នំពេញ ៖ ឆាកប្រយុទ្ធក្នុងវិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី ដោយប្រើដាវ សាំម៉ូរ៉ៃ កាំបិទប៉័ងតោ និងដែកទីប បង្កឡើងដោយយុវសិស្ស ២ក្រុម បានបំផ្លាញម៉ូតូខូចខាត អស់ម៉ូតូចំនួន៨គ្រឿង មិនតែប៉ុណ្ណោះ ក្រុមសិស្សគំរូទាំងនោះ មិនអស់ចិត្ដ បានចងកំហឹងនិងរបងវិទ្យាល័យ ដោយកាប់ខ្ទេចខ្លោងទា្វរ សាលាទៀតផង។

ក្រោយបញ្ចប់បេសកកម្ម កម្ទេចនៅក្នុងវិទ្យាល័យ ហើយពួកគេមានគ្នា ប្រមាណជិត ២០នាក់ ជិះម៉ូតូស៊េរីទំនើប ជាង១០គ្រឿង បានបង្កើនសកម្មភាព ដេញកាប់ ចាក់គ្នាតាមដងផ្លូវយ៉ាងក្លាហាន ដូចបេះបិទក្នុងរឿងភាពយន្ដចិនហុងកុង កាលទសវត្សទី៩០ ទីបព្ចាប់ត្រូវនគរបាលខណ្ឌសែនសុខ សហការជាមួយនគរបាល ខណ្ឌពោធិ៍សែនជ័យ ស្ទាក់ចាប់បាន ៨នាក់ យកមកសួរនាំពីក្បាច់គុណ ដែលគេរៀនកាប់គ្នានោះ នៅវិទ្យាល័យណា ? ។

ហេតុការណ៍នេះ ត្រូវបានសមត្ថកិច្ចដាក់ការសន្និដ្ឋានថា មកពីក្រុមសិស្សស្ទាវទាំងនោះ ដោះស្រាយគំនុំចាស់ ជាមួយយុវសិស្ស ដែលជាម្ចាស់ម៉ូតូ ដាក់ផ្ញើក្នុង សាលានេះ កាលពីពេល មុនមក។

សាក្សីដែលឃើញហេតុការណ៍នេះ និយាយថា នៅវេលាម៉ោងប្រមាណ ០១និង៥០នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១២ គេឃើញមានយុវសិស្សមួយក្រុម ជិះម៉ូតូជិត ១០គ្រឿងមានគ្នា ប្រមាណជា២០នាក់បានមក ដល់បរិវេណវិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី ដែលមានទីតាំង ជាប់វត្ដសំរោងអណ្ដែត ស្ថិតក្នុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប្រដាប់ដោយដាវសាំម៉ូរ៉ៃ កាំបិតបុ័ងតោ និង ដែកផង បានចូលទៅវាយកាប់ ចាក់ ម៉ូតូដែលសិស្សដាក់ផ្ញើក្នុងសាលា មួយសប្បាយដៃ រួច ហើយគេនាំគ្នាហ៊ោកញ្ជ្រៀវ បណ្ដាលឱ្យខូចខាតអស់ម៉ូតូចំនួន ០៨គ្រឿង។

សាក្សីបន្ដទៀតថា ក្រោយធ្វើសកម្មភាពក្រុមនេះ បានជិះម៉ូតូចេញតាមផ្លូវ២០១១ ក្នុងទិសដៅពីជើង ទៅត្បូង ហើយបានដេញកាប់ភាគីមួយទៀត ដែលកំពុងធ្វើ ដំណើរលើដងផ្លូវរហូតដល់  ចំណុចភ្លើងស្ដុបផ្លូវបំបែកសហព័ន្ធរុស្ស៊ី កែងនឹងផ្លូវ២០១១ ពួកវាបានបោះដាវសាំម៉ូរ៉ៃចោល ហើយនាំគ្នាជិះគេចចូល ក្នុងទឹកដីខណ្ឌ ពោធិ៍សែនជ័យ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បានចំនួន ០៩នាក់។

ក្រុមយុវសិស្ស ដែលបង្ហាញពីចំណេះដឹង រៀនខាងផ្នែកកាប់ចាក់ និងវាយបំផ្លាញទ្រព្យសម្បត្ដិ របស់អ្នកដទៃ និងទ្រព្យសម្បត្ដិរបស់រដ្ឋ ដូចជាខ្លោងទ្វារ សាលារៀននោះ ត្រូវបានគេស្គាល់ ក្រុមទី១ និងជាមេខ្លោងធំ មានឈ្មោះ ឌី រ៉ាទី និងឈ្មោះ ខេង ជីវ៉ា ចំណែកក្រុមជើងខ្លាំង ទី២ មានឈ្មោះទី១. សេង សុខមេសា ទី២.គឹម ប៊ុនថុន ទី៣.សៅ សីហា ទី៤.សោម សុខ សាន្ដ ទី៥.ខ្ចេវ សំកុសែន ទី៦.លឹម ហួច និងទី៧.ផន ដានី ។

ក្រោយឃាត់ខ្លួនបាន ក្រុមសិស្សទំនើងសម័យទំនើប និងវត្ថុតាង ដែលបានដកហូតសមត្ថកិច្ច នគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ហើយមហាជនចាំមើលថា តើការបញ្ចេញក្បាច់គុណ ដោយប្រើដាវសាំម៉ូរ៉ៃ កាំបិតបុ័ងតោ ជាដើមបំផ្លាញទាំងទ្រព្យសម្បត្ដិ របស់អ្នកដទៃ និងកាប់បំផ្លាញខ្លោងទ្វារសាលាទៀត ចាំមើលគេអាចរួចផុត ពីសំណាញ់ច្បាប់ ឬអត់?៕

ដោយៈ ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]