** ប្រលោមលោកខ្មែរឡូត **

« ឯងឆ្កួតទេហ្ហី ចេញឱ្យឆ្ងាយទៅយើងស្អប់ឯងណាស់ ឯងមិនសមធ្វើជាមិត្តរបស់យើងទៀតទេ»

« ឱ្យគ្នាសុំទោសណា »

« ចេញទៅ» ខ្ញុំស្រែកឱ្យមិត្តម្នាក់នោះរហូតម្នាក់នោះយំរួចក៏រត់ចេញទៅ។ ខ្ញុំឈរដកដង្ហើមធំទាំងធូរស្រាលចិត្តស្រាប់តែមានមនុស្សប្រុសម្នាក់ដែលខ្ញុំស្គាល់ថាជាកំពូលព្រាននារីប្រចាំសាលាដែលមានបន្ទប់រៀនជាប់ខ្ញុំដើរមកឃើញក៏និយាយស្តីផ្លែផ្កាឱ្យខ្ញុំ

« មនុស្សស្រីអីសម្តីអាក្រក់ម៉េះ? ក្រែងម្នាក់ហ្នឹងជាមិត្តជិតស្និទ្ធរបស់នាងហេ មានរឿងនឹងគ្នាអីដល់ថ្នាក់ហ្នឹង ដក់ថ្នាក់យំស្រែកផងអីផង នាងនេះមិនចេះអាណិតគេទេហ្ហី»

« កុំមកចេះដឹងរឿងរបស់ខ្ញុំ រឿងរបស់ខ្ញុំ គិតតែរឿងលោកទៅ ស្រីរាប់មិនអស់គៀរនឹងជើង ប្រយ័ត្នថ្ងៃណាមួយស្រីៗទាំងអស់ព្រួតគ្នាមកខាំក្បាលលោក» ខ្ញុំក៏ដើរចេញទាំងមិនចង់ឈ្លោះ

« នាង...! » គេស្រែកទាំងញេញធ្មេញខឹងខ្ញុំតាមពីក្រោយ តែខ្ញុំមិនខ្វល់។ អ្នកណាចង់ថាអីថាទៅ អ្នកណាចង់និយាយអី ស្អប់ខ្ញុំក៏តាមចិត្ត ឱ្យតែខ្ញុំដឹងខ្លួនឯងថាខ្ញុំធ្វើត្រូវទៅបានហើយ។ ដោយសារតែការប៉ះទង្គិចសម្តីលើកមុន ពួកយើងក៏ចាប់ផ្តើមបង្កសង្គ្រាមជាមួយគ្នាតាមពាក្យសម្តីបាញ់បោះ ផ្លែផ្កាឱ្យគ្នាទៅវិញទៅមក។ ជួបមុខគ្នាពេលណាក៏ឈ្លោះគ្នាដែរ។  ​ទោះជាគេដឹងថារឿងថ្ងៃមុនជារឿងយល់ច្រលំជាមួយខ្ញុំនិងមិត្តភក្តិក៏ដោយក៏យើងនៅតែប្រកែកគ្នាមិនឈប់។ 

« ស្រីមាត់អាក្រក់ ស្រីមាត់អំបិលប្រហុក»

« អាប្រុងហេងសយ ប្រុសមាត់ឆ្កែ ព្រាននារីលាក់មុខ»

មិត្តភក្តិនៅជុំវិញបានត្រឹមតែគ្រវីក្បាល ហើយនាំគ្នាបំបែកយើងចេញពីគ្នា។ ប្រហែលខ្លាចទីធ្លាសាលាក្លាយជាសង្វៀនប្រដាល់ទេដឹង។ ខ្ញុំស្អប់មនុស្សម្នាក់ហ្នឹងណា ចូលចិត្តតែដើរចាប់កំហុសខ្ញុំ រករឿងខ្ញុំរហូត មិនដឹងជាមានកម្មនឹងគ្នាតាំងពីពេលណាមកទេ គួរឱ្យស្អប់។ តែថ្ងៃមួយធ្វើឱ្យខ្ញុំផ្លាស់ប្តូរទស្សនៈចំពោះគេទៅវិញ នៅពេលដែលមានមិត្តម្នាក់ដែលខ្ញុំស្គាល់ថាជាមិត្តរបស់គេមកសុំនិយាយជាមួយខ្ញុំ

« ចង់និយាយជាមួយបន្តិចរឿងមិត្តភក្តិរបស់ខ្ញុំ»

« ចង់កាន់ជើងគ្នាមែនទេ ខ្ញុំមិនចង់និយាយ...បានហើយ»

«អត់ទេ ការពិតខ្ញុំចង់ប្រាប់នាងរឿងមួយ។ ខ្ញុំមិនចង់ឱ្យនាងខឹងមិត្តរបស់ខ្ញុំទេ។ វាមិនមែនជាមនុស្សអាក្រក់ឡើយ ហើយវាក៏មិនមែនជាព្រាននារីដូចគ្រប់គ្នាឃើញដែរ វាជាមនុស្សលាក់មុខ»

« បានន័យថាម៉េច?»

« ការពិតទៅវាគួរឱ្យអាណិតណាស់ មានឪពុកដែលចូលចិត្តវាយធ្វើបាបម៉ែ ផ្ទះក៏ក្រ វាត្រូវរ៉ាប់រងមើលថែម៉ែដែលឈឺ រកលុយចិញ្ចឹមប្អូនៗឱ្យបានរៀន ហើយនៅមានពុកដែលស្រវឹងវ៉ៃវាទារលុយទៀត។ វាស្ថិតនៅក្នុងស្ថានភាពបែបនេះហើយបានជាវាមិនមែនជាមនុស្សដែលចេះនិយាយស្តីពិរោះដូចគេឯង វាស្អប់ការស្រែក គំហក វាស្អប់ ការប្រើហិង្សា »

« នៅអាយុប៉ុណ្ណេះចេញរកលុយអ៊ីចឹងហេ?»

« មែនហើយនៅសាលាគ្មានអ្នកណាដឹងទេ វាលាក់គ្រប់គ្នាមានតែខ្ញុំជាមិត្តជិតស្និទ្ធទេដែលដឹងនោះ»

«ចុះម៉េចក៏មកប្រាប់ខ្ញុំ»

«មកពីខ្ញុំមិនចង់ឃើញមនុស្សល្អត្រូវគេស្អប់ សុំនាងឈប់ស្អប់វាទៅ បើមិនចូលចិត្តមុខគ្នាទេ ក៏ដើរចៀសគ្នាតែម្តងទៅ។ អូៗ មួយទៀតកុំប្រាប់វាថានាងដឹងរឿងអីរបស់វាឱ្យសោះ វានឹងដាល់ខ្ញុំស្លាប់មិនខាន»

« អឺៗៗ បានៗៗ តែសុំសួរមួយទៀត...គឺចុះរឿងថាជាព្រាននារី»

« អេ..ចាប់អារម្មណ៍វាមែនទេដែលសួរ»

« ឆ្កួត!! គ្រាន់តែសួរតើ»

« និយាយទៅវាមិនមែនមនុស្សបែបនេះទេ...វាមានចិត្តឯណាទៅស្រលាញ់មនុស្សស្រីនោះ បើរឿងគ្រួសារជាន់វាចង់ដល់បាតទៅហើយ។ ដែលវារាប់អានមនុស្សស្រីច្រើននោះ ខ្ញុំមិនដឹងនាងជឿក៏អត់...អឺ..ការពិតទៅមនុស្សស្រីទាំងអស់នោះមករកវាដោយខ្លួនឯងទេ»

« ហ្ហាក! ថាម៉េច?»

« កុំមាត់ឮពេក...មែនហើយ ស្រីៗទាំងអស់នោះគិតថាវាស្អាត សង្ហា និងជាអ្នកមានក៏ព្យាយាមដើរចូលមករកវា។ វាជាមនុស្សប្រុសវាក៏ចេះចិត្តទន់ដែរណា តែមិននឹកស្មានសោះថាពេលវាប្រាប់មនុស្សស្រីទាំងនោះពីរឿងគ្រួសារ និងជីវភាពរបស់វា ស្រីៗទាំងនោះក៏សុំវាបែកគ្នាទាំងអស់ នាងគិតមើលទៅថាវាគួរឱ្យអាណិតយ៉ាងណានោះ»

« អូ» 

រូបតំណាង

បន្ទាប់ពីបាននិយាយជាមួយមិត្តរបស់ប្រុសមាត់អាក្រក់នោះមកខ្ញុំស្រាប់តែមានក្តីអាណិតចំពោះគេយ៉ាងខ្លាំង។ មិននឹកស្មានថាសម្បកខាងក្រៅដែលជាបុរសពូកែញញឹម និយាយស្តីរំខានគេឯង បែរជាមានរឿងនិទានកម្សត់បែបនេះសោះ។ គិតៗទៅខ្ញុំខឹងគេ ស្អប់គេខុសហើយ។ អ៊ីចឹងបានគេថាមនុស្សមិនគួរមើលឃើញតែសម្បកក្រៅនោះទេ។ ខ្ញុំក៏ចាប់ផ្តើមបន្ទន់ឥរិយាបថ មិនសូវជាមានរឿងប្រឆាំងគ្នាដូចមុន ហើយបើមានអ្វីចៀសបានក៏ចៀស រហូតម្នាក់ហ្នឹងគេឆ្ងល់រហូតដល់ស្កាត់លួចជួបខ្ញុំផង។

« នែ»

« អូយ! លោះព្រលឹងស្លាប់ហើយ..មកធ្វើអី?»

« នាងវាចម្លែក»

« ស្អីគេ?»

« ហេតុអីលែងឈ្លោះជាមួយខ្ញុំ ហេតុអីគេចមុខ?»

«ឡប់! ចឹងក៏ឆ្ងល់ដែរ មកពីខ្ជិល ធុញនឹងណា អ្នកណាទៅមានកម្លាំងឈ្លោះគ្នារហូតនោះ យ៉ាងម៉េចមានបញ្ហាហេ?»

« ខ្ញុំមានបញ្ហា...វាដូច..ដូចជាខ្វះអ្វីម្យ៉ាង..អឺ»

គេអឹមអៀនមុខក្រហម ខ្ញុំក៏ងាកបែរចេញទាំងញញឹមអៀនៗដែរ គ្រាន់តែសម្តីនិយាយចេញមកដឹងដល់ពោះវៀនណោះ។ ចាប់ពីពេលនោះមកយើងក៏លែងឈ្លោះគ្នា ហើយបែរជាល្អចំពោះគ្នាលើសដើម។ ខ្ញុំតែងតែធ្វើនំចំណី និងទិញអីញ៉ាំជាមួយគ្នារហូតដូចជាគូស្នេហ៍។ មែនហើយពយកយើងក្លាយជាគូស្នេហ៍លលកញីឈ្មោលរហូតមិត្តភក្តិបង្អាប់គ្រប់គ្នាថា មានស្នេហាដោយសារឈ្លោះប្រកែកគ្នា គិតៗទៅជារឿងអស់សំណើចមែន តែគេហៅថានិស្ស័យទៅវិញទេដឹង។

ថ្ងៃមួយនោះពេលដែលយើងកំពុងតែញ៉ាំបាយថ្ងៃនៅកៅអីសាលា ខ្ញុំក៏ផ្តើមសួរគេ

« ហេតុអ្វីមិននាំខ្ញុំទៅលេងផ្ទះ? »

គេស្រាប់តែឈ្លក់បាយឆាដែលកំពុងតែដាក់ចូលក្នុងមាត់

« គឺ....ហ៊ើយ!! លែងឃ្លានហើយ ធុញណាស់»

គេក៏ក្រោកចេញទាំងញ័រដៃជើង។ ខ្ញុំមើលខ្នងរបស់គេ ហើយក៏មើលឃើញចំហាយក្រៀមក្រំចេញពីខ្លួនគេ។ ខ្ញុំស្ទុះឱបគេពីក្រោយរួចនិយាយ

« មិនឱ្យទៅណា..ហាមគេចមុខណា ស្អប់ខ្ញុំមែនទេ?»

« អត់ទេ..គ្រាន់តែ...ខ្ញុំមិនចង់បាត់បង់នាង»

« គ្រាន់តែនាំខ្ញុំទៅលេងផ្ទះសោះ ដូចធំដុំចឹង»

« ការពិត...»

« ការពិតបងគឺជាបង ស្រលាញ់មនុស្សម្នាក់គឺត្រង់បេះដូងនិងចិត្តរបស់គេ បើអូនព្រមស្រលាញ់បងអូនប្រាកដជាអាចទទួលយកអ្វីគ្រប់យ៉ាងដែលជារបស់បងបាន មិនថាបងមានឬក្រ គ្រួសារបងបែបណាអូនក៏ធ្វើចិត្តព្រមទទួលយក »

« ពិតមែនហ្ហេ?» គេបែរមកមើលខ្ញុំទាំងមិនទុកចិត្ត

« មែនណា»

គេញញឺមរួចយើងក៏កាន់ដៃគ្នាដើរចេញទៅ។ ខ្ញុំបានត្រៀមខ្លួនប្រឈមនឹងគ្រួសាររបស់គេ។ ខ្ញុំបានត្រៀមនំ សំភារៈសិក្សា និងរបស់របរជាច្រើនទុកឱ្យអ្នកផ្ទះនិងប្អូនៗរបស់គេ។ ខ្ញុំពិតជាត្រូវគ្នាជាមួយអ្នកផ្ទះរបស់គេណាស់។ ពេលឃើញស្ថានភាពគេបែបនេះខ្ញុំរឹតតែស្រលាញ់ និងអាណិតគេទ្វេរដង។ ហេតុអ្វីបានជាគេត្រូវរ៉ាប់រងនិងលំបាកទាំងនៅអាយុប៉ុណ្ណេះ។ មិនអីទេមនុស្សស្រីម្នាក់នេះនឹងស្ម័គ្រចិត្តនៅក្បែរគេជារៀងរហូត។   

រូបតំណាង

ពេលពួកយើងចេញពីផ្ទះរបស់គេ គេកាន់ដៃខ្ញុំជាប់ទាំងញ័រ ហើយនិយាយ

«អរគុណអូន»

« អរគុណស្អីទេ»

« អរគុណដែលមិនប្រកាន់ និងនៅក្បែរ»

« មិនចង់ទទួលទេ... ចង់អរគុណកុំក្បត់ចិត្តអូនទៅ ហើយត្រូវសន្យាថាមានរឿងអីមិនត្រូវលាក់អូនទេ មិនថារឿងគ្រួសារ ការងារ ហាមលាក់....មានអ្វីត្រូវប្រាប់គ្នា។ អូនសន្យាថានឹងនៅក្បែរបង»

គេឱបខ្ញុំជាប់ទាំងរំភើបចិត្ត។ ពួកយើងកាន់ដៃគ្នាហើយមើលព្រះចន្ទ្រដែលកំពុងតែរះពេញវង់។ ស្នេហាគឺបែបនេះហើយ មិនថាម្នាក់នោះជាអ្នកណា ជាអ្វី គេមានអ្វីខ្លះការពិតវាមិនសំខាន់ទាំងអស់ ចំណុចសំខាន់គឺនៅត្រង់បេះដូងនោះទេ។ ក្រមានមិនសំខាន់ជាងអ្វីដែលបេះដូងទាមទារត្រូវការនោះដែរ។ ខ្ញុំសម្រេចចិត្តច្បាស់ណាស់ថាចង់រួមដំណើរជាមួយមនុស្សប្រុសម្នាក់នេះ ចង់កាន់ដៃគេអស់មួយជីវិត ចង់នៅក្បែររួមសុខទុក្ខគេ។ 

ទោះជាអនាគតមើលមិនឃើញ ឬមានអ្វីប្រែប្រួលយ៉ាងណាក៏ដោយ តែខ្ញុំដឹងច្បាស់ថាពេលនេះពួកយើងកំពុងតែមានសេចក្តីសុខ ពួកយើងនឹងប្រឹងប្រែងកាន់ដៃគ្នាឆ្លងឧបសគ្គដែលនៅខាងមុនឱ្យទាល់តែបាន។ មើលទៅវាលំបាកមិនមែនជារឿងងាយស្រួលទេ តែខ្ញុំជឿជាក់ថាកម្លាំងនៃសេចក្តីស្នេហាអាចឱ្យរឿងដែលមិនអាចកើតឡើងក្លាយជាអភិនីហារបាន៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]