ម៉ាឡេស៊ី៖  លោក Ayul Rahman ជាជាងថតរូបមួយរូប ដែលបានចូលរួមក្នុងពិធីរៀបការដ៏សោកសៅមួយ។ លោកបានចែករំលែករូបភាព និងពាក្យពេចន៍មួយចំនួនអំពីកម្មវិធីនោះចូលទៅក្នុងបណ្តាញសង្គម។

លោកបានសរសេរថា៖

“ខ្ញុំបានប្រឡូកក្នុងវិស័យថតរូបនេះជាង៧ឆ្នាំហើយ ប៉ុន្តែរឿងហេតុដែលបានកើតឡើងនៅក្នុងថ្ងៃនេះ គឺជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ខ្ញុំ។ ខ្ញុំទទួលបានការងារមួយ គឺទៅថតរូបក្នុងកម្មវិធីរៀបការនៅឯមន្ទីរពេទ្យ Selayang ដែលកម្មវិធីនោះរៀបនឹងដល់ពេលចាប់ផ្តើមទៅហើយ។ កម្មវិធីនេះ ត្រូវបានគេធ្វើឡើងដោយប្រញ៉ាប់ប្រញ៉ាល់បំផុត ដោយសារតែស្ថានភាពជំងឺរបស់ឪពុកកូនកម្លោះ។”
កម្មវិធីដ៏មានន័យនេះ បានប្រព្រឹត្តទៅនៅក្នុងមន្ទីរពេទ្យ Selayang កាលពីថ្ងៃទី ២០ កញ្ញា កន្លងទៅនេះ

កម្មវិធីដ៏មានន័យនេះ បានប្រព្រឹត្តទៅនៅក្នុងមន្ទីរពេទ្យ Selayang កាលពីថ្ងៃទី ២០ កញ្ញា ២០១៧កន្លងទៅ។ បន្ទប់អ្នកជំងឺត្រូវបានតុបតែងដោយផ្កាស្រស់ វាំងននដ៏ស្រស់ស្អាត និងកៅអីបែបបុរាណខ្លះៗទៀត។ សូម្បីតែឪពុករបស់កូនកម្លោះដែលកំពុងដេកឈឺនៅលើគ្រែ ក៏ត្រូវបានដណ្តប់ដោយភួយយ៉ាងស្រស់ស្អាតដែរ។

ជាអកុសល ពេលវេលាដ៏រីករាយនោះ ពិតជាខ្លីខ្លាំងណាស់។ លោកថា៖

“បន្ទាប់ពីកម្មវិធីបានចប់សព្វគ្រប់ភ្លាម ក្រុមគ្រួសារនេះបានទទួលទូរស័ព្ទមួយពីគ្រូពេទ្យ ឲ្យពួកគេត្រលប់មកបន្ទប់របស់អ្នកជំងឺវិញជាបន្ទាន់ ដោយសារអ្នកជំងឺកំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់បំផុត។ ប៉ុន្មាននាទីក្រោយមក ឪពុករបស់កូនកម្លោះ ក៏បានដាច់ដង្ហើមស្លាប់បាត់ទៅ។ នេះពិតជាការចងចាំ ដែលមិនអាចបំភ្លេចបានរបស់គូសេ្នហ៍មួយគូនេះ!”

ចំនែកឯរូបថត ដែលលោក Ayul បានថតវិញ គឺមានលាយឡំទាំងភាពរីករាយ និងភាពសោកសៅ។ ក្នុងរយៈពេល ១៣ម៉ោងប៉ុណ្ណោះ រូបភាព និងពាក្យពេចន៍ដែលលោកបានបង្ហោះទៅនោះ ទទួលបានការចុចប៊ូតុងបង្ហាញអារម្មណ៍ (Reaction) ដល់ទៅ ៨ ១០០ដង និងការចែករំលែកដល់ទៅ ៣ ៥០០ដងឯណោះ។ លើសពីនេះ អ្នកលេងបណ្តាញសង្គមមួយចំនួន  បានបង្ហាញអារម្មណ៍សោកសៅ និងការជូនពរដល់គូស្នេហ៍មួយគូនេះ។ ក្នុងនោះមានម្ចាស់គណនីបណ្តាញសង្គមមួយបានសរសេរថា៖

“វាបានធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែក។ ខ្ញុំសូមចូលរួមរំលែកទុក្ខផង។ សូមឲ្យអ្នកដែលបានចែកឋានទៅ បានចាប់កំណើតជាថ្មីជាមួយមនុស្សស្មោះត្រង់ និងសុចរិត ហើយក៏សូមជូនពរឲ្យគូស្នេហ៍នេះ ជួបតែរឿងសប្បាយជារៀងរហូត និងពេញចិត្តជាមួយជីវិតគ្រួសាររបស់ពួកគេ”

សម្រាប់មិត្តអ្នកអានវិញ មានអារម្មណ៍យ៉ាងណាដែរ ចំពោះហេតុការណ៍ដ៏ក្រៀមក្រំនេះ?

សូមទស្សនារូបភាពខាងក្រោម៖

សកម្មភាពខ្លះៗ ក្នុងពិធីរៀបការដ៏សោកសៅនោះ
សកម្មភាពខ្លះៗ ក្នុងពិធីរៀបការដ៏សោកសៅនោះ
សកម្មភាពខ្លះៗ ក្នុងពិធីរៀបការដ៏សោកសៅនោះ
សកម្មភាពខ្លះៗ ក្នុងពិធីរៀបការដ៏សោកសៅនោះ
សកម្មភាពខ្លះៗ ក្នុងពិធីរៀបការដ៏សោកសៅនោះ
សកម្មភាពខ្លះៗ ក្នុងពិធីរៀបការដ៏សោកសៅនោះ
សកម្មភាពខ្លះៗ ក្នុងពិធីរៀបការដ៏សោកសៅនោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]