ខេត្តកណ្ដាល ៖ ស្ត្រី​ចំណាស់​ម្នាក់​ដែល​ជា​មេ​តុងទីន​បាន​ធ្វើ​សកម្មភាព​ឆបោក​លុយ​តុងទីន​របស់​កូនក្រុម​បាន​ជាង​៩​លាន​រៀល​រួច​បាន​រត់គេច​ខ្លួន​ចោលផ្ទះ​អស់​រយៈពេល​២​ឆ្នាំ​ទើបតែ​ត្រឡប់​ចូល​ផ្ទះ​វិញ​ក្នុង​ពេល​ថ្មី​ៗ​នេះ​ប៉ុណ្ណោះ ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​ធ្វើការ​ស្រាវជ្រាវ​រហូត​ចាប់ខ្លួន​បាន​តាម​ដីកា​បង្គាប់​ឲ្យ​ស្វែងរក​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តកណ្ដាល កាលពី​វេលា​៩​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ចំណុច​ក្នុងភូមិ​អណ្តូងទឹក ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ខាងលើ​នោះ​ឈ្មោះ ស៊ុំ ផុល អាយុ​៦១​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​ត្រូវ​បាន​ចាប់ខ្លួន​តាម​ដីកា​លេខ​០៦២ ចុះ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៧ របស់​លោក ងួ​ន វុ​ទ្ធី អនុប្រធាន​សាលាដំបូង​ខេត្តកណ្តាល ដែល​តុលាការ​បាន​ចោទប្រកាន់​គាត់​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​ដែល​បាន​ប្រព្រឹត្ត​នៅ​ក្នុងភូមិ​អណ្តូងទឹក ឃុំ​លំហាច កាល​ពី​អំឡុង​ឆ្នាំ​២០១៥ កន្លង​ទៅ​នេះ ហើយ​ចំពោះ​រឿងរ៉ាវ​ខាងលើ​នេះ​មិនដឹង​ថា​អ្នកលេង​តុងទីន​ប៉ុន្មាន​នាក់​ដែល​ត្រូវ​ចាញ់បោក​ស្ត្រី​រូប​នេះ​ឡើយ ។ ព្រោះ​ក្រោយ​ពី​មាន​ហេតុ​ការ​ណ៏​បែប​នេះ​កើតឡើង ពួក​គេ​មិន​បាន​ដាក់​ពាក្យបណ្ដឹង​ចូល​មក​ខាង​នគរបាល​នោះ​ទេ គឺ​បាន​ដាក់​ដោយ​ផ្ទាល់​ចូល​ទៅ​សាលាដំបូង​ខេត្តកណ្ដាល​តែ​ម្ដង ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា កាលពី​ពេល​នោះ​ស្ត្រី​ខាងលើ​បាន​បង្កើត​ជា​ក្រុម​លេង​តុងទីន​នៅ​ក្នុងភូមិ​របស់​ខ្លួន ហើយ​គាត់​គឺជា​អ្នក​ធ្វើ​មេ​ដោយ​មាន​សមាជិក​ជា​ច្រើន​នាក់​ចូល​លេង​ដើម្បី​សន្សំ​លុយ​លុះ​ពេល​ប្រមូល​បាន​លុយ​ដល់​ដៃ​ហើយ​គាត់​ក៏​បាន​រត់គេច​ខ្លួន​មិន​បាន​ទទួលខុសត្រូវ​ក្នុង​នាម​ជា​មេនោះ​ឡើយ ។

មិនតែប៉ុណ្ណោះ​គាត់​បាន​ជំពាក់​លុយ​អ្នក​ផ្សេង​ក្រៅពី​អ្នកលេង​តុងទីន​នោះ​មួយ​ចំនួន​ថែម​ទៀត ហើយ​ក៏​អត់​សង​គេ​ដែរ​ហើយ​លុយ​ដែល​គាត់​ប្រមូល​បាន​ពី​សមាជិក​នោះ​មាន​ចំនួន​ជាង​៩​លាន​រៀល គាត់​បាន​គេចខ្លួន​បាត់​អស់​រយៈពេល​ពី​២​ឆ្នាំ រហូត​មក​ដល់​ពេល​នេះ​ទើប​គាត់​វិល​ចូល​ផ្ទះ​វិញ ។ បន្ទាប់​មក​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​ធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​រួច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្ដាល​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

ស្ត្រី​ខាងលើ​មានឈ្មោះ ស៊ុំ ផុល អាយុ​៦១​ឆ្នាំ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]