(កំពង់ចាម)៖ ​យុវជនម្នាក់ត្រូវក្មេងស្ទាវមួយ​ក្រុមមានគ្នា២នាក់ ដេញកាប់ប្រហារភ្លាមៗ បណ្ដាលឲ្យដាច់ដៃទាំង២ខាង និងបែកក្បាល ដោយគ្រាន់តែជិះម៉ូតូមើលមុខបន្ដិចសោះ តែចុងក្រោយជនបង្កត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ចាមបង្ក្រាបបាន។

លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការអាវុធហត្ថខេត្តកំពង់ចាម បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧នេះថា បន្ទាប់ពីមានហេតុការណ៍នេះភ្លាម លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច បើកប្រតិបត្តិស្រាវជ្រាវ បង្ក្រាបតែម្ដង រហូតដល់ថ្ងៃទី២៣ ខែកញ្ញាម្សិលមិញនេះ កម្លាំងកងរាជអាវុធហត្ថរបស់លោក​បង្ក្រាបបានជនបង្កទាំង២នាក់នេះតែម្ដង។

លោកឧត្តមសេនីយ៍មេបញ្ជាការ បានបញ្ជាក់ថា ជនបង្កទាំង២នាក់ឈ្មោះ រិន ចាន់ណា ហៅទិ អាយុ១៨ឆ្នាំ និងឈ្មោះ សេត សុមានី អាយុ១៩ឆ្នាំ រស់នៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ដោយឡែកជនរងគ្រោះឈ្មោះ ហេង វីនលី ហៅឌឿង អាយុ១៧ឆ្នាំ មានទីលំនៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។

បើតាមលោកមេបញ្ជាការ ហេតុការណ៍នេះកើតឡើង កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ ហើយជនបង្កសារភាពថា ​មុនពេលកើតហេតុជនរងគ្រោះ កំពុងជិះម៉ូតូដើរលេង​នៅចំណុចផ្លូវ​លំជើងភ្នំហាន់ជ័យ ស្ថិតនៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ហើយពេលនេះជនរងគ្រោះមើលមុខក្រុមរបស់ខ្លួន ហើយខ្លួនគិតថាជនរងគ្រោះឌឺ ក៏ទាញដាវ​កាប់ប្រហារតែម្ដង។

ក្រោយឃាត់ខ្លួនកម្លាំងមន្ទីរយុត្តិធម៌នៃអាវុធហត្ថខេត្តកំពង់ចាម ដកហូតបាន ដាវសាំម៉ូរ៉ៃ១ដើម, ទូរស័ព្ទ២គ្រឿង និងម៉ូតូ១គ្រឿង ម៉ាកC125 ពណ៌ខ្មៅ ដែលជាមធ្យោបាយរបស់ជនសង្ស័យជិះធ្វើសកម្មភាព។ បច្ចុប្បន្នជនបង្កត្រូវបានអាវុធហត្ថជំនាញ កំពុងកសាងរឿងដើម្បីចាត់ការតាមច្បាប់៕

​យុវជនម្នាក់ត្រូវក្មេងស្ទាវមួយ​ក្រុមមានគ្នា២នាក់ ដេញកាប់ប្រហារភ្លាមៗ បណ្ដាលឲ្យដាច់ដៃទាំង២ខាង និងបែកក្បាល ដោយគ្រាន់តែជិះម៉ូតូមើលមុខបន្ដិចសោះ
​យុវជនម្នាក់ត្រូវក្មេងស្ទាវមួយ​ក្រុមមានគ្នា២នាក់ ដេញកាប់ប្រហារភ្លាមៗ បណ្ដាលឲ្យដាច់ដៃទាំង២ខាង និងបែកក្បាល ដោយគ្រាន់តែជិះម៉ូតូមើលមុខបន្ដិចសោះ
ចុងក្រោយជនបង្កត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ចាមបង្ក្រាបបាន

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]