ជាការពិតណាស់ គ្មាននរណាម្នាក់ចង់កើតមកមានអត្តចរិត ផ្ទុយពីធម្មជាតិដែលបានផ្តល់ឲ្យពីកំណើតនោះទេ។ ជាក់ស្តែង បច្ចុប្បន្ននេះ យើងសង្កេតឃើញថា ចំនួននៃមនុស្សដែលមានចរិតផ្ទុយពីភេទពីកំណើត បើនិយាយឲ្យចំទៅគឺមនុស្សស្រលាញ់ ភេទដូចគ្នា គឺមានការកើនឡើងជាលំដាប់ទូទាំងពិភពលោក។

ដែលទាំងនេះ បើយោងតាមជីវសាស្រ្ត គឺបណ្តាលមកពីកត្តាជាច្រើនដូចជា បម្រែបម្រួលអរម៉ូន ការបញេ្ចញអរម៉ូនមិនប្រក្រតី ទាក់ទងទៅនឹងជាតិគីមីក្នុងចំណីអាហារជាដើម។ បន្ថែមពីនេះ ក៏មានទាក់ទងទៅនឹងកត្តាសង្គមផងដែរ ដោយបណ្តាលមកពី ការជះឥទ្ធិពលពីវប្បធម៌ដទៃ និងភាពសម្បូរបែបតាមសម័យកាលជឿនលឿន ដូចជារបស់ប្រើប្រាស់ ឬរបបនៃការរស់នៅជាដើម។

រូបតំណាង

កាលពីមុន មានមនុស្សជាច្រើនមានការស្អប់ខ្ពើមនិងរើសអើង ចំពោះមនុស្សដែលស្រលាញ់ភេទដូចគ្នា ដោយមិនឲ្យតម្លៃពួកគាត់​ និងមើលងាយចំពោះចរិតរបស់ពួកគាត់ផងដែរ។

ប៉ុន្តែមិនថាយ៉ាងណា បច្ចុប្បន្ននេះពិភពលោកក៏មានការយល់ដឹងច្រើន និងព្រមបើកបេះដូង ទទួលស្គាល់ពួកគាត់យ៉ាងពេញទំហឹង  ថែមទាំងមានប្រទេសមួយចំនួន ពួកគាត់បានបង្កើតច្បាប់ឲ្យមនុស្សដែលស្រលាញ់ភេទដូចគ្នា មិនថាប្រុសស្រលាញ់ប្រុស(Gay) ឬក៏ស្រីស្រលាញ់ស្រី(Lesbian)នោះទេ គឺពួកគេមានសិទ្ធរៀប អាពាហ៍អាពាហ៍ ដោយស្របច្បាប់ដូចជា គូស្នេហ៍ដទៃទៀតបានផងដែរ។

រូបតំណាង

ដោយឡែក ក៏នៅមានប្រទេសមួយចំនួនផ្សេងទៀត ដែលពួកគាត់នៅតែប្រកាន់ខ្ជាប់ នូវទំនៀមទំលាប់ប្រពៃណីបុរាណ ទើបមានការមិនពេញចិត្តចំពោះមនុស្សស្រលាញ់ភេទដូចគ្នាផងដែរ។

ជាក់ស្តែង​ ដូចនៅប្រទេសកម្ពុជាយើងជាដើម  ដោយប្រជាជនមួយចំនួនពួកគាត់នៅតែប្រកាន់ភ្ជាប់គោរពតាមប្រពៃណីទំនៀមទំលាប់ចាស់បុរាណ​ ទៅតាមសុភាសិតលោកពោលថា «នារីដូចសំពត់ក្នុងផ្នត់ រីឯបុរសគឺជាសរសរទ្រូងនៃគ្រួសារ» ដោយហេតុនេះហើយ កាលដែលបុរសមានឬកពារដូចជាមនុស្សស្រី ចំណែកឯមនុស្សស្រីវិញបែរជាមានឬកពារដូចជាបុរសទៅវិញ ទើបទទួលបានការមិនពេញចិត្ត និងរើសអើងពីសង្គមខ្មែរបែបនេះ។

តួយ៉ាង ថ្ងៃនេះផងដែរ ខ្មែរឡូត ក៏បានជួបសម្ភាស៍ដោយផ្ទាល់ជាមួយនឹង យុវវ័យ២រូបដែលពួកគាត់គឺជាស្រីស្រលាញ់ដូចគ្នា(Lesbian) បាននិយាយរៀបពី ដើមហេតុដែលនាំឲ្យពួកគេបែរមកស្រលាញ់ភេទដូចគ្នា និងបង្ហាញពីការយល់ឃើញរបស់សង្គមខ្មែរចំពោះពួកគេ ជាពិសេសគឺក្រុមគ្រួសារនិងមនុស្សជុំវិញខ្លួនរបស់ពួកគេតែម្តង។

ជួបជាមួយនឹងនារីវ័យ២៤ឆ្នាំ ឈ្មោះ Ya Na បានរៀបរាប់ថា៖

«បើនិយាយពីមូលហេតុ ដែលខ្ញុំសម្រេចចិត្តតែងខ្លួនប្រុសបែបនេះ គឺមិនមែនដោយសារតែជោរតាមគ្នា ឬក៏ធ្លាប់ខូចចិត្តដោយសារមនុស្សប្រុសអ្វីបែបនេះនោះទេ គឺតាមពិតចរិតខ្ញុំពីធម្មជាតិ តាំងពីតូចមកគឺបែបនេះតែម្តង ចូលចិត្តលេងល្បែងប្រុសៗ លេងតែជាមួយមិត្តភក្តិប្រុសៗ មិនសូវមានលេងជាមួយស្រីៗប៉ុន្មាននោះទេ។ 

Ya Na
Ya Na

ហើយពីដំបូងឡើយ អត់ដឹងថាខ្លួនឯងស្រលាញ់ស្រីនោះទេ ប៉ុន្តែក្រោយពីធំឡើងដឹងក្តី ស្គាល់ពីសង្គមខាងក្រៅច្បាស់ ទើបដឹងខ្លួនថា តាមពិតខ្លួនឯងស្រលាញ់ស្រីសោះ គ្មានអារម្មណ៍ស្រលាញ់ប្រុសអ្វីបន្តិចឡើយ។ ចាប់ពីពេលនោះមក ខ្ញុំក៏ចាប់ផ្តើមកាត់សក់ខ្លី​ តែងខ្លួនជាមនុស្សប្រុសអ្វីបែបនេះទៅ ។

ប៉ុន្តែកាលពីដំបូង ដំបូងខ្ញុំភ័យ ព្រោះខ្លាចខាងគ្រួសារស្តីបន្ទោស ដែលយើងជាស្រីហើយទៅតែងខ្លួនជាប្រុស ក៏ប៉ុន្តែនេះជាចរិតពិតរបស់ខ្ញុំពីធម្មជាតិ ហើយខ្ញុំស្រលាញ់មនុស្សស្រី ដូចនេះហើយខ្ញុំចង់ធ្វើអ្វី ទៅតាមអារម្មណ៍របស់ខ្លួនឯងម្តង។

Ya Na
Ya Na

ក្រោយពីតុបតែងខ្លួនជាមនុស្សប្រុសហើយ ខាងគ្រួសារខ្ញុំពួកគាត់ក៏មិនបានថាអ្វីឲ្យច្រើនដែរ ជាពិសេសម៉ាក់គឺគាត់ចិញ្ចឹមយើងតាំងពីតូចមក គាត់ដឹងថាចរិតយើងយ៉ាងម៉េចអីយ៉ាងម៉េច គ្រាន់តែគាត់សួរយើងថា «នឹកអីបានទៅធ្វើចឹង?»ហើយខ្ញុំក៏ប្រាប់គាត់ត្រង់ៗថា «បើចរិតប្រុសស្រលាញ់ស្រីនឹងណា»។

ពីដំបូងឡើយ ខ្ញុំរកបោះបង់វាម្តងហើយ របៀបថាចង់កែខ្លួនឲ្យក្លាយជាមនុស្សស្រីធម្មតាដូចគេ ពីព្រោះថាមានម៉ាក់ របស់មិត្តភក្តិមួយចំនួន ពួកគាត់បានមកនិយាយជាមួយម៉ាក់ថា «ម៉េចក៏បណ្តោយឲ្យកូនឯងតែងខ្លួនអីចឹង?» ខ្ញុំឃើញគេនិយាយជាមួយម៉ាក់បែបហ្នឹង ខ្ញុំអាណិតម៉ាក់ខ្ញុំខ្លាចគាត់ខ្មាសគេ ទើបខ្ញុំព្យាយាមកែខ្លួនឲ្យក្លាយជាមនុស្សស្រីវិញ ប៉ុន្តែនៅតែមិនកើត។ និយាយរួមទៅចរិតខ្ញុំបែបនេះមកតាំងពីតូចទៅហើយ រហូតដល់ធំអាយុ២៤ឆ្នាំនេះ គឺពិតជាកែមិនបានពិតមែន»។

Ya Na
Ya Na
Ya Na

ដោយឡែក ជួបជាមួយនឹងនារីមួយរូបទៀត វ័យ២០ឆ្នាំ ឈ្មោះ Bee Jittaleela បានរៀបរាប់ថា៖ «កាលពីមុនខ្ញុំតែងខ្លួនស្រីទេ ប៉ុន្តែចូលចិត្តដើរកាងកាង ហើយក៏អត់ដឹងថាខ្លួនឯងស្រលាញ់ស្រីដែរ។ ប៉ុន្តែក្រោយពីខ្ញុំបានជួបនឹងមនុស្សស្រីម្នាក់ ខ្ញុំក៏មានចិត្តលើគេទើបធ្វើឲ្យខ្ញុំដឹងថា ការពិតគឺខ្ញុំស្រលាញ់ស្រីសោះ ទើបជាហេតុបណ្តាលឲ្យខ្ញុំសម្រេចចិត្តកាត់សក់ខ្លី តែងខ្លួនប្រុសអីបែបហ្នឹងទៅ។

យុវតីវ័យ២០ឆ្នាំ ឈ្មោះ Bee Jittaleela
យុវតីវ័យ២០ឆ្នាំ ឈ្មោះ Bee Jittaleela

ហើយកាលពីកាត់សក់ដំបូងវិញ ខាងគ្រួសារខ្ញុំគាត់ហាមយើងខ្លាំងមែនទែន គាត់ជេរយើង គាត់បំបិទយើងគ្រប់បែបយ៉ាង មិនថាលុយ ឬក៏ពេលចេញទៅក្រៅញុំាអី ជាមួយមិត្តភក្តិ ក៏គាត់មិនឲ្យចេញបានច្រើនដូចពីមុនដែរ។ ពេលនោះ វាធ្វើឲ្យខ្ញុំឈឺចាប់ និងពិបាកខ្លាំងបំផុត។ ប៉ុន្តែមិនថាយ៉ាងណា មកទល់ពេលនេះរយៈពេល២ឆ្នាំជាងហើយ ដែលខ្ញុំកាត់សក់ខ្លី ហើយម៉ាក់ក៏គាត់លែងសូវស្តីបន្ទោសអីយើងដូចមុនដែរ។

គាត់គ្រាន់តែហាមមិនឲ្យយើងកាត់សក់ទៀត គាត់ថាខ្ញុំស្រលាញ់អីស្រលាញ់ទៅ តែកុំកាត់សក់ទៀត ទុកសក់ឲ្យវែងទៅស្រួលទៅណាមកណាជាមួយគាត់ ប៉ុន្តែខ្ញុំនៅតែទៅលួចកាត់ ពីព្រោះខ្ញុំធ្វើតាមគាត់រហូតហើយ តាមឡើងអស់ខ្យល់ទៅហើយ ឥលូវខ្ញុំត្រូវតាមចិត្តខ្លួនខ្លះវិញម្តង។

យុវតីវ័យ២០ឆ្នាំ ឈ្មោះ Bee Jittaleela
យុវតីវ័យ២០ឆ្នាំ ឈ្មោះ Bee Jittaleela

ពេលខ្លះអាណិតគាត់ដែរ ប៉ុន្តែពេលខ្លះក៏ចង់ឲ្យគាត់យល់ពីយើងដែរ គ្មានអ្នកណាទៅចង់កើតមកអ៊ីចឹងនោះទេ ខ្ញុំក៏ព្យាយាមកែខ្លួនឯងដែរ ប៉ុន្តែកែមិនរួចប្រឹងកែយ៉ាងម៉េចក៏មិនកើត។ រីឯអ្នកខ្លះគេថាយើងបែបនេះ ប៉ុន្តែបើពួកគេជាយើងវិញទើបដឹង។

តាមគំនិតខ្ញុំ គឺខ្ញុំចង់នៅបែបនេះរហូត ប៉ុន្តែអ្នកជុំវិញខ្លួនខ្ញុំថា «នៅចឹងតើមានកូនម៉េច?» ខ្ញុំអត់ខ្វល់ទេ ពីព្រោះសម័យឥលូវជឿនលឿនអាចយកកូនបានដោយបច្ចេកវិទ្យា និងវិធីផ្សេងៗបានដោយងាយ។

យុវតីវ័យ២០ឆ្នាំ ឈ្មោះ Bee Jittaleela

បច្ចុប្បន្ននេះ ខ្ញុំដឹងថាប្រជាជនខ្មែរយើងចំនួនយល់ដឹងពីរឿងនេះច្រើន គេឲ្យតម្លៃទៅលើមនុស្សស្រលាញ់ភេទដូចគ្នា ដោយឡែកក៏មានប្រជាជនខ្មែរមួយចំនួនធំផ្សេងទៀត និងមនុស្សចាស់មួយភាគធំមិនឲ្យតម្លៃនិងស្អប់ខ្ពើមចំពោះរឿងនេះ។

ជាចុងក្រោយ ខ្ញុំគ្រាន់តែចង់សំណូមពរឲ្យ ពួកគាត់បើកចិត្តទទួលយកពួកយើង និងយល់ពីសង្គមសម័យថ្មីនេះឲ្យបានច្រើន គ្មាននរណាម្នាក់ចង់កើតមកបែបនេះនោះទេ បើប៉ះមកលើពួកគាត់វិញ​ ទើបពួកគាត់បានយល់ពីអារម្មណ៍មួយនេះ។

ខ្ញុំគ្រាន់តែចង់ឲ្យពួកគាត់បើកចិត្តទទួលស្គាល់យើង ដូចជាប្រទេសដទៃទៀត ដែលពួកគេទទួលស្គាល់និងឲ្យតម្លៃផ្តល់សិទ្ធស្មើគ្នា ទៅលើមនុស្សស្រលាញ់ភេទដូចគ្នាតែប៉ុណ្ណោះ»៕ 

យុវតីវ័យ២០ឆ្នាំ ឈ្មោះ Bee Jittaleela
យុវតីវ័យ២០ឆ្នាំ ឈ្មោះ Bee Jittaleela

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]