** ប្រលោមលោកខ្មែរឡូត **

មានរឿងរ៉ាវក្នុងជីវិតដែលយើងបានជួបប្រទះជាច្រើននៅក្នុងជីវិត។ មនុស្សកាន់តែធំបន្ទុកកាន់តែច្រើន មិនថាតែការសិក្សា ការងារ រឿងអនាគតសុទ្ធតែជាអ្វីដែលយើងត្រូវគិតទាំងអស់។ អារម្មណ៍មនុស្សប្រែប្រួលឡើងចុះជារឿងធម្មតា តែខ្ញុំមិននឹកស្មានថាអារម្មណ៍មួយឆាវ និងទប់កំហឹងខ្លួនឯងមិនបាន ធ្វើឱ្យខ្ញុំធ្វើទង្វើបែបនេះចំពោះអ្នកមានគុណសោះ ។

បន្ទាប់ពីត្រលប់មកធ្វើការវិញ ខ្ញុំបានទម្លាក់កាបូបស្ពាយចុះទាំងអារម្មណ៍មួរម៉ៅ យកដៃជ្រោងមុខទាំងហត់នឿយ។ ខ្ញុំត្រូវទ្រាំលាក់ទឹកមុខខ្លួនឯង ត្រូវមើលទឹកមុខអ្នកដទៃ ត្រូវទ្រាំនឹងការគាបសង្កត់មិនថាទាំងបន្ទុកការងារ និងគំនាបផ្លូវចិត្ត ដូច្នេះអ្វីដែលខ្ញុំអាចស្រាយ កំហឹង និងទម្លាក់ការអត់ទ្រាំបានគឺមានតែផ្ទះរបស់ខ្ញុំនេះឯង។ ម៉ាក់បានដើរចេញពីចង្ក្រានបាយរួចនិយាយ

« មកពីធ្វើការម៉េចមិនប្តូរខោអាវប្តូរទៅ? អាលងូតទឹកងូតអីហើយមកញ៉ាំបាយ»

ខ្ញុំតបទាំងមួរម៉ៅលាយធុញទ្រាន់

« កូនសុំអង្គុយឱ្យស្រួលបួលសិនបានអត់ ម៉ាក់និយាយច្រើនម៉េះ? »

ម៉ាក់ចាប់ផ្តើមធ្វើមុខក្រញ៉ូវរួចនិយាយ

« ម៉ាក់គ្រាន់តែប្រាប់ម៉េចមិនចេះនិយាយស្រួលៗទេហ្ហេ បើជាមួយមិត្តភក្តិអីក៏ល្អូកល្អិនម៉េះ? »

ខ្ញុំតបទាំងធុញទ្រាន់

« ម៉ាក់!!! មកដល់រករឿងកូនចឹង? ដឹងអត់ថាកូនធ្វើការហត់ប៉ុណ្ណា ពិបាកប៉ុណ្ណា ម៉ាក់មិនយល់ទេ កូនចង់ឆ្កួតម្តងៗហើយនេះ »

« ចុះទាក់ទងស្អីនឹងការងារ ម៉ាក់គ្រាន់តែឱ្យចេះនិយាយស្រួលបួលតើ ទៅនិយាយដល់ណាដល់ណីអី?»

« អារម្មណ៍មិនល្អ ធុញ ធុញមែនទែន មានអារម្មណ៍ណានិយាយជាមួយម៉ាក់នោះ »

« គ្រាន់តែធ្វើការប៉ុណ្ណឹង រអ៊ូនោះរអ៊ូ ចុះធ្វើការធំដុំអីម៉េចកើត? រាល់ថ្ងៃការងារផ្ទះមិនដែលជួយធ្វើ ចានមិនដែលលាង នៅមានមុខមកនិយាយញ៉ែតៗដាក់ម៉ែខ្លួនឯងទៀត? ឯងគិតថាធ្វើការប៉ុណ្ណឹងវាអស្ចារ្យណាស់មែនទេ? ប្រាក់ខែឯងរាប់លានហើយហេ?»

« ម៉ាក់ !!! បានហើយ ខ្ញុំឈឺក្បាលណាស់» ខ្ញុំស្រែកហើយក៏ក្រោកចេញ តែម៉ាក់នៅតែតាមរអ៊ូ រករឿងមិនឈប់

« ឯងចង់ទៅណា? និយាយតិចតួចមិនបានទេ ឯងធំឆ្អឹងហើយ»

« ម៉ាក់និយាយច្រើន រអ៊ូច្រើនម៉េះ កូនធុញខ្លាំងណាស់ណា »

« មាត់តឱ្យប៉ប៉េសឯងនេះគ្មានចេះគោរពម៉ែឪទេ »

« ម៉ាក់វិញទេដែលមិនចេះយល់ចិត្តកូន អាងអីតែរអ៊ូ ថាឱ្យកូនខ្លួនឯង ម៉ាក់ស្រលាញ់កូនមិនស្មើគ្នា» ម៉ាក់ខឹងឡើងញ័រដៃ រួចទះខ្ញុំមួយកំភ្លៀងទាំងញ័រដៃ។ ខ្ញុំយកដៃខ្ទប់ថ្ពាល់រួចសម្លក់ម៉ាក់រួចនិយាយ

« កូនស្អប់ម៉ាក់ណាស់»

រួចក៏រត់ឡើងលើបន្ទប់បាត់ទៅ។ ខ្ញុំគេងយំលើពូកទាំងខូចចិត្ត។ ម៉ាក់តាំងពីដើមមិនដែលស្រលាញ់ខ្ញុំទេ មិនដែលយល់ចិត្តខ្ញុំ លួងលោមខ្ញុំជាកូនឡើយ។ ខ្ញុំប្រហែលគ្រាន់តែជាកូនសម្អប់របស់ម៉ាក់តែប៉ុណ្ណោះ។ ជាបងគេធ្វើអ្វីក៏ខុស ធ្វើអ្វីក៏ខុស តែប្អូនវិញមិនដែលនិយាយស្តីប្រដៅទេ ម៉ាក់មិនស្រលាញ់ខ្ញុំទេ។ ខ្ញុំយំរហូតដល់គេងលក់ទាំងមិនដឹងខ្លួន។ ពេលភ្ញាក់ឡើងមេឃក៏ភ្លឺទៅហើយ។

រូបតំណាង

សំណាងណាស់ដែលថ្ងៃនេះជាថ្ងៃអាទិត្យ ខ្ញុំក៏ក្រោកមកទាំងអារម្មណ៍ប្រសើរច្រើនឡើងជាងយប់មិញ។ ខ្ញុំក្រឡេកមើលជុំវិញខ្លួន ឃើញខោអាវដែលពង្រាយយប់មិញត្រូវបានប្រមូលយកទៅអស់។ ខ្ញុំចុះជណ្តើរមកក្រោម ឃើញម៉ាក់កំពុងតែហាលខោអាវរបស់ខ្ញុំ រួចក៏ប្រញាប់ប្រញាល់មកមើលបាយសម្លដែលកំពុងតែចំអិនចោល ។ ខ្ញុំមានអារម្មណ៍មួយដែលពិបាកនឹងគណនាណាស់ក្នុងទិដ្ឋភាពនៅពេលនេះ។ តើយូរប៉ុណ្ណាហើយ ដែលខ្ញុំមិនបានជួយម៉ាក់ធ្វើការផ្ទះ? តើយូរប៉ុណ្ណាហើយដែលខ្ញុំមិនដែលបោកខោអាវខ្លួនឯង? តើយូរប៉ុណ្ណាហើយដែលខ្ញុំមិនដែលបានធ្វើម្ហូបជូនមាក់ប៉ាពិសា? តើយូប៉ុណ្ណាហើយដែលខ្ញុំមិនដែលចំណាយពេលវេលាកំដរលោកទាំងពីរដើរលេង និងជួបជុំគ្នា? គិតយូរទៅខ្ញុំមានអារម្មណ៍ថាខ្លួនឯងមានកំហុសខ្លាំងណាស់ដែលធ្វើបែបនេះដាក់ម៉ាក់កន្លងមកចាប់តាំងពីមានធ្វើការមក ជាពិសេសគឺពាក្យសម្តីដែលប៉ះទង្គិចគ្នាកាលពីយប់មិញ។ ពេលខ្លះយើងមើលឃើញតែការលំបាករបស់ខ្លួនយើងផ្ទាល់ តែយើងបែរជាមិនបានក្រឡេកមើលភាពលំបាករបស់មនុស្សនៅជុំវិញខ្លួន ជាពិសេសមនុស្សជាទីស្រលាញ់ដែលតែងតែនៅពីក្រោយខ្នងគាំទ្រយើង។ គ្រាន់តែបានការងារតិចតួចក៏តំឡើងប្ញក ម៉ាក់និយាយត្រឹមត្រូវណាស់។ កាលពីតូចរហូតដល់ធំប៉ុណ្ណេះទោះជាលំបាកក្នុងការរៀនសូត្រម៉ាក់ប៉ាក៏មិនដែលបណ្តោយឱ្យធ្វើកិច្ចការធ្ងន់ៗព្រោះលោកចង់ឱ្យកូនៗរៀនតែមួយមុខគត់។ ពេលកូនធំឡើងមានការងារធ្វើ កូនបែរជាបោះបង់បន្ទុកជាច្រើនដល់ម៉ាក់ប៉ា ហើយយករួចខ្លួននៅបរិយាកាសថ្មីនៃកន្លែងធ្វើការ។ តែនាមជាឪពុកម្តាយ តួនាទី និងភារកិច្ចនៅតែដូចដើមគ្មានការផ្លាស់ប្តូរ ជួនកាលបន្ទុកកាន់តែច្រើនឡើងៗផង។ តែកូនមិនបានដឹងពីទុក្ខលំបាកជាច្រើនរបស់គាត់ គិតតែពីខ្លួនឯង ហើយសម្ញែងថាខ្លួនឯងត្រឹមត្រូវទៀត។ អារម្មណ៍ដឹងខ្លួនបានផុសផុលកាន់តែច្រើនឡើងៗ ទឹកភ្នែកចាប់ផ្តើមស្រក់ចុះទាំងដឹងកំហុស។ ខ្ញុំក៏ស្ទុះទៅឱបចង្កេះម៉ាក់ពីក្រោយហើយយំតិចៗនិយាយ

« ម៉ាក់កូនសុំទោស»

ម៉ាក់នៅស្ងៀមរួចនិយាយ

« ហើយស្អីឯង?»

« កូនស្រលាញ់ម៉ាក់ណាស់ណាម៉ាក់ណា កុំខឹងកូនអី កូនគ្មានចេតនាទេ »

ម៉ាក់បែរមកញញឹមរួចអង្អែលក្បាលខ្ញុំ

«យំស្អីធំហើយនៅយំដូចកូនក្មេងទៀត ទៅៗៗទៅងូតទឹកងូតអីទៅ តិចទៀតមកញ៉ាំបាយ»

ខ្ញុំញញឹមហើយថើបថ្ពាល់ម៉ាក់បន្តិចរួចរត់ឡើងទៅលើវិញ។ ខ្ញុំឃើញស្នាមញញឹមរបស់ម៉ាក់តាមមើលខ្ញុំ។ ខ្ញុំក៏ប្រញាប់ងូតទឹកតែងខ្លួនរួចចុះមកជួយរៀបចំម្ហូបម៉ាក់។ ម៉ាក់មិនមាត់មិនកតែខ្ញុំដឹងថាម៉ាក់ក៏កំពុងតែសប្បាយចិត្តដែរនឹងការផ្លាស់ប្តូររបស់ខ្ញុំ។

« តិចទៀតទៅផ្សារជាមួយគ្នាណាម៉ាក់ណា»

« ទៅធ្វើអី?»

« ទៅដើរលេង ហើយទិញអីតិចតួច»

«ទិញស្អី សន្សំលុយទៅ»

ខ្ញុំទាញដៃម៉ាក់ដែលក្រហមនិងក្រិនឡើងមកអង្អែលរួចនិយាយ

« កូនសុំទោសដែលបណ្តោយឱ្យម៉ាក់នឿយហត់យ៉ាងនេះ កូនគ្រាន់តែចង់ទិញម៉ាស៊ីនបោកខោអាវ និងសំភារៈខ្លះជូនម៉ាក់សម្រួលការងារពេលដែលកូនមិននៅ។ កូនរវល់មិនបាននៅជួយមើលថែម៉ាក់ទេ។ ខោអាវឱ្យយកទៅឱ្យគេបោកក៏មិនព្រម ជួលឈ្នួលមកជួយការងារក៏ម៉ាក់និយាយថាមិនចាំបាច់ អ៊ីចឹងឱ្យកូនបំពេញតូនាទីជាកូនល្អយ៉ាងម៉េចទៅ?»

« នាំតែអស់លុយ ម៉ាក់ធ្វើបានមានទៅហត់អី»

« ម៉ាក់ហ្ន តិចតួចសោះ ព្រមទៅម៉ាក់ណា »

« អើ! កូននេះ ទៅក៏ទៅ តែកុំទិញច្រើនពេកបានហើយណា »

« ចា៎ ម៉ាក់»

ខ្ញុំឱបម៉ាក់ទាំងរីករាយ។ ម៉ាក់កូនយើងក៏ញញឹមទាំងរីករាយ រួចនាំគ្នាជួយរៀបចំអាហារចាំប៉ានិងប្អូនមកញ៉ាំជុំគ្នា។ ជីវិតមនុស្សបែបនេះឯង ។ ដឹងទេលើលោកនេះគ្មានអ្នកណាស្រលាញ់យើងជាងឪពុកម្តាយនោះឡើយ។ អ្នកដទៃអាចស្អប់ អាចខឹងយើងបាន ហើយក៏ចាកចេញពិជីវិតរបស់យើងទៅបាត់។ តែគ្រួសារម៉ាក់ប៉ារបស់យើង ជេរ ស្តីខឹង ជេរទៅហៅមកជារឿងធម្មតា។ ក្នុងគ្រួសារដួចជាចានក្នុងរាវ តែងតែមានប៉ះទង្គិចគ្នា សំខាន់យើងដឹងកំហុសហើយព្យាយាមកែប្រែ កុំឱ្យមានកំហុសនោះកើតឡើងម្តងហើយម្តងទៀត។ សំណាងយ៉ាងណាដែលយើងមានឪពុកម្តាយ មានក្រុមគ្រួសារដ៏កក់ក្តៅមួយ។ ពេលខ្លះយើងអាចធុញទ្រាន់ អាចខឹងនឹងពួកគាត់ ហើយចង់ចាកចេញទៅនៅពេលខ្លះ។ ប៉ុន្តែគ្រួសារគឺជាផ្នែកមួយនៃជីវិតរបស់មនុស្សយើង ដែលមិនអាចកាត់ផ្តាច់អស់មួយជីវិត។ តើយើងសំណាងប៉ុណ្ណាជាងមនុស្សដទៃទៀតដែលជាកូនកំព្រា ឬជាកូនដែលមានបញ្ហា ព្រាត់ប្រាស់ក្នុងគ្រួសារ? ដូច្នេះរឿងថ្ងៃមុខយើងមើលមិនឃើញទេ គួរតែចេះប្រើប្រាស់ពេលវេលាជាមួយមនុស្សជាទីស្រលាញ់ឱ្យមានសេចក្តីសុខ និងមានតម្លៃបំផុត៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]