ស្រីលង្កា៖ គូស្វាមីភរិយាថ្មីថ្មោងសញ្ជាតិស្រីលង្កាមួយគូ អាចប្រឈមមុខនឹងជាប់ពន្ធនាគារ រហូតដល់ទៅ១០ឆ្នាំ ក្រោយពីបានយកក្មេងៗសិស្សសាលា ប្រុសស្រីតូចធំជាច្រើនរយនាក់ ឲ្យជួយកាន់កន្ទុយរ៉ូបកូនក្រមុំប្រវែងជាង ៣គីឡូម៉ែត្រចូលរួមក្នុងកម្មវិធី។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ក្មេងៗសិស្សសាលាប្រហែលជាង២៥០នាក់ ត្រូវបានគេជួលឲ្យឈរតម្រៀបជួរគ្នា កាន់កន្ទុយរ៉ូបកូនក្រមុំយ៉ាងវែងអន្លាយ កាត់តាមដងផ្លូវធំមួយកន្លែង ប្រៀបបីដូចខ្សែរថភ្លើង ដែលមានប្រវែងជាង៣,២គីឡូម៉ែត្រ ដើម្បីដង្ហែទៅចូលរួមក្នុងពិធីមង្គលការនៅព្រះវិហារមួយ ក្នុងទីក្រុង Kandy ភាគកណ្តាលប្រទសស្រីលង្កា ខណៈហេតុការណ៍នេះ កំពុងតែក្លាយជាប្រធានបទក្តៅមួយ និងរងការរិះគន់យ៉ាងខ្លាំង ទៅលើការកេងប្រវ័ញ្ចប្រើកម្លាំងពលកម្មកុមារ។

បន្ថែមលើនេះ ក្មេងៗសិស្សសាលាជាង១០០នាក់ផ្សេងទៀត ក៏ត្រូវបានគេជួលឲ្យទៅកាន់ផ្កាដង្ហែ ក្នុងថ្ងៃពិធីរៀបមង្គលការ របស់កូនកម្លោះក្រមុំអ្នកមានទ្រព្យ ដែលមិនត្រូវបានគេបង្ហាញអត្តសញ្ញាណខាងលើនេះថែមទៀតផង។

ជាមួយគ្នានេះដែរ បើតាមការឲ្យដឹងពី អាជ្ញាធរជាតិគាំពារកុមារ (The National Child Protection Authority) ឬហៅកាត់ថា «NCPA» និយាយថា ការប្រើប្រាស់កម្លាំងពលកម្មកុមារ ក្នុងរូបភាពណាមួយ ឬក្នុងពិធីណាមួយ អំឡុងពេលពេលម៉ោងសិក្សា គឺជាសកម្មភាពរំលោភបំពាននឹងច្បាប់ដែលមានចែង ដែលនឹងអាចត្រូវប្រឈមមុខជាប់ពន្ធនាគារ ចាប់ពី១០ឆ្នាំឡើងទៅ។

លោក Marini de Livera នាយកនៃអាជ្ញាធរជាតិគាំពារកុមារ បានមានប្រសាសន៍ឲ្យដឹងថា «ឥលូវនេះពួកយើងកំពុងតែ ចាប់ផ្តើមបើកការស៊ើបអង្កេត ទៅលើករណីមួយនេះ។ ព្រោះពួកយើងមិនចង់ឲ្យករណីមួយនេះ ក្លាយទៅជាសកម្មភាពបែបធ្វើជំនួញលើកុមារ ឬបម្រើលើនិន្នាការណាមួយឡើយ»

លោក Livera បន្ថែមថា «សកម្មភាពដែលពិពីមង្គលការនេះ បានរៀបចំឡើងមកនេះ ពិតណាស់ វាគឺជាការរំលោភទៅលើសិទ្ធិកុមារយ៉ាងខ្លាំង។ ជាក់ស្តែង វាជាសកម្មភាពបង្អាក់ដល់ការសិក្សាអប់រំរបស់កុមារ ហើយវាថែមទាំងអាចបង្កជាហានិភ័យ ខាងផ្នែកសុវត្ថិភាព ខូចសេចក្តីថ្លៃថ្នូរដល់ពួកគេ ដែលអាចត្រូវចាត់ចូលជាបទល្មើសព្រម្មទណ្ឌថែមទៀតផង»

តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ?

គូស្វាមីភរិយាថ្មីថ្មោងសញ្ជាតិស្រីលង្កាមួយគូ អាចប្រឈមមុខនឹងជាប់ពន្ធនាគារ រហូតដល់ទៅ១០ឆ្នាំ
ក្មេងៗសិស្សសាលាប្រហែលជាង២៥០នាក់ ត្រូវបានគេជួលឲ្យឈរតម្រៀបជួរគ្នា កាន់កន្ទុយរ៉ូបកូនក្រមុំយ៉ាងវែងអន្លាយ

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]