អង់គ្លេស៖ គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Jose Mourinho បាននិយាយក្នុងសន្និសីទសារព័ត៌មានមុនជំនួបទល់នឹងក្រុម Southampton ថា ទោះជាក្រុមបានបាត់បង់ខែ្សបម្រើឆ្នើម Paul Pogba ក៏ដោយ ក៏លោកមិនមានការព្រួយបារម្ភអ្វីដែរ ដោយសារតែលោកជឿជាក់លើសមត្ថភាពកូនក្រុមរបស់លោកទាំងអស់។

Pogba បានរងរបួសសសៃពួរដែលជារបួសចាស់របស់គេ ក្នុងការប្រកួតដែល Man Utd យកឈ្នះ Basel ៣-០ កាលពីសប្ដាហ៍មុនក្នុងពានរង្វាន់ Champions League ខណៈកីឡាករជម្រើសជាតិបារាំងនេះ ពុំមានវត្ដមានឡើយក្នុងជម្រុំហ្វឹកហាត់ Carrington កាលពីថៃ្ងសុក្រ ម្សិលមិញ។  

Pogba របួសសសៃពួរជើង

Man Utd នឹងផ្ដល់ពេលវេលាបន្ថែមសម្រាប់ឲ្យកីឡាករវ័យ២៤ឆ្នាំនេះ សម្រាកព្យាបាលរបួសរបស់គេ ប៉ុន្ដែនៅមិនទាន់ប្រាកដពេលវេលាជាក់លាក់នៅឡើយទេថា ពេលណារូបគេអាចត្រលប់ចូលទីលានវិញបាននោះ។

ក្នុងសន្និសីទសារព័ត៌មានមុនធើ្វដំណើរទៅប្រកួតនៅទឹកដីរបស់ក្រុម Southampton លោក Jose Mourinho បាននិយាយថា៖ «ទោះជា Pogba អវត្ដមាន ក៏ខ្ញុំពុំសូវមានការព្រួយបារម្ភដែរ។ នេះជាឱកាសដ៏ល្អសម្រាប់កីឡាករដ៏ទៃក្នុងក្រុម ក្នុងការបង្ហាញសមត្ថភាពរបស់ពួកគេ»។

Man Utd បានលត់ក្រុម Everton ក្នុងលទ្ធផល ៤-០ ដោយពុំមាន Pogba កាលពីសបា្ដហ៍មុន ខណៈសប្ដាហ៍នេះ ពួកគេនឹងត្រូវប្រឈមមុខក្រុមម្ចាស់ផ្ទះ Southampton ក្នុងការប្រកួតក្របខណ្ឌ Premier League សប្ដាហ៍ទី៦ នៅថៃ្ងសៅរ៍ វេលាម៉ោង៩យប់៕  

លោក Jose Mourinho
Paul Pogba

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]