** ប្រលោមលោកខ្មែរឡូត **

ដំណក់ទឹកភ្លៀងស្រក់ស្រិចៗខ្ញុំបែរជាកំពុងតែឈរចាំមនុស្សជាទីស្រលាញ់នៅដំបូលសំយ៉ាប រោងកុនទាំងមុខស្មើរង់ចាំក្តីសង្ឃឹមមួយ។ មនុស្សម្នាសំដៅចូលទៅក្នុងអស់ ដោយគ្មានអ្នកណាចាប់អារម្មណ៍នឹងវត្តមានរបស់ខ្ញុំ ចំណែករឿងក៏ចាប់ផ្តើមលេង តែខ្ញុំនៅតែបន្តឈររង់ចាំ រង់ចាំក្តីសង្ឃឹមថាគាត់នឹងមកតាមពាក្យសន្យា។ ដៃម្ខាងជូតទឹកភ្នែកដែលស្រក់ចុះតិចៗ ដៃម្ខាងឱបកាតាបជាប់ទាំងទឹកមុខប្រឹងញញឹមលាយទឹកនេត្រា ក្រោមដំណក់ភ្លៀងដែលសាចមកប៉ះខ្លួនប្រាណខ្ញុំដោយអន្លើ។ ភ្នែករបស់ខ្ញុំក៏ចាប់ផ្តើមងើយមើលទៅផ្ទៃមេឃ ដែលងងឹតគ្មានពន្លឺចន្ទ្រាព្រោះតែអំណាចទឹកភ្លៀងដែលកំពុងតែបង្អុរចុះមក ។ ហេតុអ្វីរាល់ពេលដែលខ្ញុំងើយក្បាលឡើងទៅលើមេឃមិនដែលមានព្រះចន្ទ្រ មិនដែលមានដួងតារា ហេតុអ្វីរាល់ពេលដែលខ្ញុំងើយទៅមើលមេឃ មេឃតែងតែងងឹតឈឹង អាប់រស្មីគ្រប់ពេល? តើមកចិត្តខ្ញុំពោរពេញដោយទុក្ខសោកខ្មៅងងឹត ឬក៏មេឃតែងតែងងឹតឈឹងពេលដែលខ្ញុំកើតទុក្ខ?

នៅក្នុងជីវិតរបស់ខ្ញុំ អ្វីដែលខ្ញុំស្អប់បំផុតគឺការរង់ចាំ អ្វីដែលខ្ញុំឈឺចាប់បំផុត គឺការរង់ចាំទាំងផ្សាភ្នែក។ មិនថាជាការរង់ចាំរឿងរ៉ាវតូចតាច វាបែរជាធ្វើឱ្យចិត្តខ្ញុំនៅមិនស្ងប់ ហើយទឹកភ្នែកចេះតែស្រក់ហូរគ្រប់ពេលមិនឈប់ ពេលដែលដឹងថាខ្លួនឯងក្លាយជាបុគ្គលដែលគ្មានតម្លៃ និងគ្មានវិញ្ញាណឈរចាំអ្នកម្ខាងទៀត។ ចាំថាកាលពីអាយុ ១០ឆ្នាំ ខ្ញុំស្អប់បំផុតពេលដែលឈរចាំម៉ាក់មកទទួលចេញពីរៀន។ ពេលខ្លះគេទៅផ្ទះអស់ ខ្ញុំបែរជាឈរចាំម៉ាក់ទាំងទឹកមុខអស់សង្ឃឹម ពេលខ្លះរហូតដល់ទឹកភ្នែកព្រិចៗបានស្រក់ចេញពីកែវភ្នែកទាំងគូរបស់ខ្ញុំទៀតផង។ 

ខ្ញុំមិនដឹងថាហេតុអ្វីខ្លួនឯងទន់ជ្រាយដល់ថ្នាក់ហ្នឹងតែខ្ញុំក៏ហាមចិត្តខ្លួនឯងមិនបាន។ រាល់ពេលដែលម៉ាក់មកទទួលខ្ញុំម្តងៗខ្ញុំត្រេកអរខ្លាំងណាស់ ហើយមានអារម្មណ៍ថាអ្វីៗក៏ត្រលប់មកល្អដូចសភាពដើម។ ខ្ញុំដឹងថាកាលនោះផ្ទះរបស់យើងរវល់ណាស់។ ម៉ាក់ជាមនុស្សស្រីដែលមានការងារផ្ទាល់ខ្លួនផង មើលថែខ្ញុំជាកូនផង រៀបចំផ្ទះសម្បែងផង ពិតជារវល់ខ្លាំងណាស់រហូតខ្ញុំត្រូវចាំ ចាំរហូតម៉ាក់បំពេញកិច្ចការរួចអស់។ ទោះក្នុងចិត្តដឹង តែក៏ហាមអារម្មណ៍ទន់ជ្រាយ ខូចចិត្តមិនបាន។ ខ្ញុំក៏ចាប់ផ្តើមដឹងថាខ្ញុំជាមនុស្សស្អប់ការរង់ចាំបំផុត។ ហើយការរង់ចាំនៅពេលមួយនោះដែលធ្វើឱ្យខ្ញុំឈឺចាប់បំផុត គឺការរង់ចាំម៉ាក់មកទទួល ទាំងដឹងថាលែងមានម៉ាក់មកទទួលខ្ញុំទៀតហើយ គឺលែងមានជារៀងរហូត។ នៅល្ងាចមួយនោះ ម៉ាក់មកយកខ្ញុំយឺតខ្លាំងខុសពីធម្មតា មិនត្រឹមតែភ័យ មិនត្រឹមតែទឹកភ្នែកព្រិចៗ តែទឹកភ្នែករបស់ខ្ញុំស្រក់ចុះមកស្ទើរក្លាយជាទឹកទន្លេ។ 

ខ្ញុំគិតថាម៉ាក់លែងត្រូវការខ្ញុំ ម៉ាក់លែងស្រលាញ់ខ្ញុំ ម៉ាក់បោះបង់ខ្ញុំចោលហើយ ខ្ញុំពិតជាមិនដឹងថាត្រូវធ្វើយ៉ាងណាទេនៅពេលនោះ។ ជាសំណាងល្អដែលនាយកសាលាឃើញខ្ញុំ ក៏មានចិត្តអាណិតអាសូរជូនខ្ញុំទៅផ្ទះ ប៉ុន្តែអ្វីដែលខ្ញុំឃើញ គឺមានត្រឹមតែរូបរាងកាយរបស់ម៉ាក់ដែលគ្មានវិញ្ញាណរង់ចាំនៅក្នុងផ្ទះប៉ុណ្ណោះ។ ចាប់ពីពេលនោះមក ម៉ាក់មិនដែលមកយកខ្ញុំម្តងទៀត ម៉ាក់មិនដែលនិយាយមកកាន់ខ្ញុំ ញញឹមមកខ្ញុំ ឱបខ្ញុំ និងមើលថែខ្ញុំទៀតទេ។ ម៉ាក់ត្រូវរងគ្រោះថ្នាក់ដល់អស់ជីវិតពេលដែលមកទទួលខ្ញុំចេញពីរៀន។ ខ្ញុំបានក្លាយជាក្មេងកំព្រាដែលបាត់បង់គ្រួសារជាទីស្រលាញ់ព្រោះតែការរង់ចាំនោះ។ ទីបំផុតខ្ញុំក្លាយជាក្មេងស្រីដែលរឹតតែស្អប់ការរង់ចាំ។ រង់ចាំដែលផ្តល់តែភាពឈឺចាប់មិនចេះចប់មិនចេះហើយ។  

រូបតំណាង

តែ.....មិននឹកស្មានថានៅពេលដែលធំពេញវ័យ ខ្ញុំបានប្រែក្លាយទៅជាមនុស្សដែលនៅតែរង់ចាំគេជាបន្តទៅទៀត។ ខ្ញុំគ្មានមិត្តភក្តិព្រោះខ្ញុំស្អប់ការរង់ចាំ ខ្ញុំគ្មានមនុស្សជិតស្និទ្ធព្រោះខ្ញុំជាមនុស្សដែលមិនចូលចិត្តនិយាយ និងចូលចិត្តធ្វើខ្លួននៅឆ្ងាយពីមនុស្សអស់ទាំងនោះ។ 

ខ្ញុំបានប្រែក្លាយជាមនុស្សដែលមានពិភពលោកផ្ទាល់ខ្លួន មិនចូលរួមជាមួយសង្គមមនុស្សចាប់តាំងពិពេលដែលបាត់បង់ម៉ាក់មកម្ល៉េះ។ ប៉ុន្តែមិននឹកស្មានថាមនុស្សម្នាក់បានមកផ្លាស់ប្តូរជីវិត និងទម្លាប់របស់ខ្ញុំ។ ហើយគេក៏ជាមនុស្សដែលខ្ញុំស្រលាញ់បំផុត និងជាមនុស្សដែលស្និទ្ធស្នាលបំផុតរបស់ខ្ញុំ។ មនុស្សប្រុសម្នាក់នោះបានធ្វើឱ្យខ្ញុំចេះញញឹម ចេះសើច ជីវិតប្រែក្លាយជាមានភាពស្រស់ថ្លា រស់រវើក និងមានអារម្មណ៍ថាកក់ក្តៅចិត្តយ៉ាងខ្លាំងពេលដែលមានគេនៅក្បែរ។ គេបានក្លាយទៅជាសមាជិកគ្រួសារ និងសាច់ញាតិតែម្នាក់ដែលខ្ញុំមាន មិនថាសំណូមពរអ្វី មិនថាគេត្រូវការបែបណា និយាយបែបណាខ្ញុំតែងតែសម្រប និងតាមចិត្តគេគ្រប់ពេល។ តែលើលោកនេះក៏គ្មានអ្វីៗដែលល្អគ្រប់ ១០ នោះទេ។ 

ទោះជាគេក្លាយជាមនុស្សជាទីស្រលាញ់របស់ខ្ញុំ តែគេនៅតែឱ្យខ្ញុំរង់ចាំ។ ទោះជាធ្លាប់ប្រាប់គេថាខ្ញុំជាមនុស្សស្អប់ការរង់ចាំ តែដើម្បីគេខ្ញុំក៏រីករាយនឹងរង់ចាំ។ ព្រោះខ្ញុំដឹងថា មនុស្សដែលឱ្យខ្ញុំរង់ចាំគេប្រាកដជាមក គេប្រាកដជាមិនទុកខ្ញុំចោល គេប្រាកដជាមិនទៅណាចោលខ្ញុំ ហើយគេពិតជាមិនដែលទៅណាចោលខ្ញុំប្រាកដមែន។ តែហេតុអ្វីពេលនេះខ្ញុំបែរជាឈររង់ចាំមនុស្សម្នាក់នោះទៅណាមិនរួចទៅវិញ? តើពេលនេះគេនៅទីណា? តើពេលនេះគេកំពុងតែធ្វើអ្វី? ហេតុអ្វីម្តងនេះគេធ្វើឱ្យខ្ញុំរង់ចាំយូរខ្លាំងម្ល៉េះ? ទេ...ខ្ញុំពិតជាមិនចង់ទទួលអារម្មណ៍ឈឺចាប់ម្តងទៀតនោះទេ។ សូមមេត្តា! ទោះឱ្យខ្ញុំរង់ចាំយូរប៉ុណ្ណាក៏បាន សុំតែម្យ៉ាងកុំទុកខ្ញុំឱ្យនៅម្នាក់ឯងបែបនេះអី។ ខ្ញុំរងារណាស់ ខ្ញុំឯកាណាស់ ខ្ញុំពិតជាភ័យខ្លាចខ្លាំងណាស់ កុំទុកខ្ញុំចោលនៅទីកន្លែងដែលស្ងប់ស្ងាត់បែបនេះអី។ 

សំឡេងស្រែកយំរបស់ខ្ញុំបានបន្លឺកាន់តែខ្លាំង ជាមួយរូបរាងកាយដែលញ័រតតាត់តាមចង្វាក់ទឹកភ្នែកដែលស្រក់ចុះមិនឈប់ តែខ្លួនប្រាណរបស់ខ្ញុំរឹង ដៃជើងកម្រើកលែងបាន។ អ្វីដែលខ្ញុំធ្វើបានគឺឈរនៅមួយកន្លែង ស្រែកយំបើកភ្នែកមើលមនុស្សម្នាដែលឆ្លងកាត់ទាំងមិនខ្វល់និងអើពើពីវត្តមានរបស់ខ្ញុំទាល់តែសោះ។

រូបតំណាង

សំឡេងសារ៉ែនឡានពេទ្យឆ្លងកាត់កន្លែងដែលខ្ញុំឈរ រូបរាងបុរសជាទីស្រលាញ់របស់ខ្ញុំនៅក្នុងឡានពេទ្យកំពុងតែស្រែកយំ ភ្នែកក្រហមតែត ចាប់ដៃមនុស្សស្រីដែលកំពុងគេងលើប្រង់កាទាំងគ្មានវិញ្ញាណ។ សុំទោសដែលឱ្យរង់ចាំ សុំទោសដែលយើងមិនបានលាគ្នាជាលើកចុងក្រោយ។ សោកនាដកម្មដូចគ្នា កន្លែងខុសគ្នា អារម្មណ៍តែមួយ ខ្ញុំបែរជាបានផ្តល់ទៅមនុស្សប្រុសជាទីស្រលាញ់ជាមួយនឹងការលា លាជារៀងរហូត លាដោយមិនអាចជួបមុខគ្នាអស់មួយជីវិត។ 

ថ្ងៃនេះគួរតែជាថ្ងៃរីករាយបំផុត នៅក្នុងជីវិតរបស់ខ្ញុំ បន្ទាប់ពីគាត់បានបំពាក់ចិញ្ចៀនសុំខ្ញុំរៀបការកាលពិម្សិលមិញ។ បន្ទាប់ពីមើលកុនពួកយើងពេលនេះប្រាកដជាកំពុងតែញ៉ាំអាហារពេលយប់ជាមួយគ្នាពោរពេញដោយភាពផ្អែមល្ហែម និងនាំគ្នានិយាយពីគម្រោងរៀបការនៅខែក្រោយ។ តែអ្វីៗបានរលាយបាត់បង់ត្រឹមតែមួយប៉ប្រិចភ្នែក ដោយសារតែល្បឿនរថយន្តមួយគ្រឿងដែលបើកបរមិនបានប្រុងប្រយ័ត្ន បុករាងកាយក្មេងស្រីគួរឱ្យកម្សត់ដូចជាខ្ញុំប៉ើងទៅរាប់ម៉ែត្រ ហើយបាត់បង់វិញ្ញាណក្នុងមួយរំពេច។ តែវិញ្ញាណរបស់ខ្ញុំនៅតែរង់ចាំ រង់ចាំមនុស្សប្រុសជាទីស្រលាញ់ដែលសន្យាថានឹងមកតាមពាក្យដែលសន្យា។ 

ពេលនេះគាត់ក៏បានមកមែន តែទទួលបានត្រឹមតែរូបរាងកាយដែលគ្មានវិញ្ញាណរបស់ខ្ញុំ។ ចំណែកឯខ្ញុំនៅតែក្លាយជាវិញ្ញាណដែលឈរចាំ ចាំរាប់ខែរាប់ឆ្នាំ ទាំងមិនដឹងថាពេលណាអាចរួចផុតពីការរង់ចាំមួយនេះបាន៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]