ខេត្តកណ្តាល ៖ បុរសជា​គ្រូបង្រៀនភាសា​ចិន​ម្នាក់ បាន​លង់ទឹក​ទន្លេ​ស្លាប់​​ខណៈចុះ​ងូតទឹក​តែ​ម្នាក់ឯង កាលពី​ម៉ោង​០៥ល្ងាច​​ថ្ងៃ​ទី​១៧​ កញ្ញា ​​ស្ថិត​នៅ​ចំណុច​ក្នុង​ទឹក​​ទន្លេបាសាក់​ មុខ​វត្ដ​ព្រែក​ស្ដី ​ក្នុងភូមិ​ព្រែក​ស្ដី ឃុំព្រែក​ស្ដី ស្រុកកោះធំ ខេត្ដកណ្ដាល​ ។

ប្រភព​ឱ្យដឹងថា ​ជន​​រង​គ្រោះ​ដែលស្លាប់​ឈ្មោះលី ហៃ​ភឹង ភេទប្រុស ​អាយុ​២៤​ឆ្នាំ ជនជាតិ​ចិន និង​ជាគ្រូបង្រៀន​ភាសា​ចិន នៅ​សាលា​អនុ​វិទ្យាល័យ​ហ៊ុន សែន ​ព្រែក​ស្តី កាន់​លិខិតឆ្លងដែន លេខ​E86771233 ។​ យោង​តាម​ការ​ឆ្លើយ​បំភ្លឺរបស់​ឈ្មោះឆិ អ៊ុ​ក នាយក​សាលាអនុ​វិទ្យាល័យ ហ៊ុន ​សែន ​ព្រែក​ស្តី​ឱ្យដឹង​ថា ​កាលពី​​ថ្ងៃ​ទី​១២ ​កញ្ញា ​ឈ្មោះ លី ហៃ​ភឹង (​ជន​រង​គ្រោះ ) បាន​មក​បង្រៀនភាសារ​ចិននៅអនុ​វិទ្យាល័យ​ ហ៊ុន​ សែន ព្រែក​ស្តី ។ លុះនៅ​​វេលា​កើតហេតុ​ ជន​រង​គ្រោះ​បាន​​ទៅ​ងូតទឹក​នៅ​ក្នុង​ទន្លេបា​សាក់ មុខ​វត្ត​ព្រែក​ស្តីម្នាក់ឯង ហើយ​បាត់មិន​​ឃើញមក​វិញ​ ។

យោង​តាម​ការ​បំភ្លឺ​របស់ឈ្មោះ សុ​ន សម្បត្ដិ ភេទ​ប្រុស ​អាយុ៣៨​ឆ្នាំ ក៏បានឱ្យ​​ដឹង​ដែរថា នៅ​វេលា​ម៉ោង​កើត​ហេតុ​ខាង​លើ ​គាត់​​​ជិះ​ទូកមក​បណ្តែតមង​ពីរ​នាក់​កូនប្រុស​គាត់នៅ​ក្នុង​ទន្លេបាសាក់​មុខ​វត្ត​ព្រែក​ស្តី ​។ លុះ​មក​ជិត​ដល់កន្លែង​កើតហេតុ​ កូនប្រុស​​​គាត់​បាន​ឃើញមាន​មនុស្ស​កំពុង​លង់ទឹក ​រួច​បាន​ប្រាប់​គាត់​ថា មាន​មនុស្ស​លង់ទឹក តែ​គាត់​ថាគ្មាន​ទេ ​គឺ​គេ​មក​ងូតទឹក​ទេ ។ ​លុះ​បើកទូក​មក​ដល់​ចំណុច​កើតហេតុ​ គឺ​ពិតជា​មាន​មនុស្ស​លង់ទឹក​មែន ហើយ​គាត់​បាន​បើក​ទូក​ចូល​មក​ជួយ។ ភ្លាម​នោះ ​កូនប្រុស​​​គាត់​បាន​លោត​​ចុះ​ទៅ​ជួយ​ចាប់ដៃ​ជន​រង​គ្រោះ​ តែ​ដោយ​ទឹក​ជ្រៅ​ចាប់ដៃ​ពុំ​បាន ជន​រង​គ្រោះ​​ក៏​​លិច​បាត់​ទៅ ​។

​គាត់​​បាន​ស្រែកហៅ​ក្មេង​ពីរ​នាក់ ដែល​នៅ​​គោក​​ឱ្យ​មក​ជួយ​រាវរក តែ​ដោយ​ទឹក​ជ្រៅ​ពេក​រាវរក​ពុំ​ឃើញ ក៏​​ឡើង​​គោក​​វិញ ។​ក្រោយ​មក ​ទើប​រាយការណ៍ជូន​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច ៕

បុរសជា​គ្រូបង្រៀនភាសា​ចិន​ម្នាក់ បាន​លង់ទឹក​ទន្លេ​ស្លាប់​​ខណៈចុះ​ងូតទឹក​តែ​ម្នាក់ឯង កាលពី​ម៉ោង​០៥ល្ងាច​​ថ្ងៃ​ទី​១៧​ កញ្ញា ​​ស្ថិត​នៅ​ចំណុច​ក្នុង​ទឹក​​ទន្លេបាសាក់​ មុខ​វត្ដ​ព្រែក​ស្ដី ​ក្នុងភូមិ​ព្រែក​ស្ដី ឃុំព្រែក​ស្ដី ស្រុកកោះធំ ខេត្ដកណ្ដាល​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]