ខេត្តកំពង់ស្ពឺ ៖ បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ក្នុង​ករណី​ក្រុម​ជនសង្ស័យ​មួយ​ក្រុម​កាត់​សោ​ផ្ទះ​លួច​យក​ទូដែក​គាស់​យក​លុយ​ខ្មែរ ដុល្លារ និង​មាស ហើយ​យក​ទូទៅ​ប្លុង​ចោល​រួច​មក ។ សមត្ថកិច្ច​ស្រុក​ប​សេដ្ឋ បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់​បាន​មុខសញ្ញា​សង្ស័យ​ជា​បន្តបន្ទាប់ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ។

លោក​វរសេនីយ៍ត្រី យ៉ាង សុខ​លី អធិការ​នគរបាល​ស្រុក​ប​សេដ្ឋ បាន​ប្រាប់​នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៧ ថា កាលពី​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៧ មាន​ករណី​ចោរ​មួយ​ក្រុម បាន​លួច​ចូល​កាត់​សោ​ផ្ទះ​លួច​យក​ទូដែក​ដាក់​លុយ និង​មាស ក្នុង​ពេល​ដែល​ម្ចាស់ផ្ទះ​មិន​នៅផ្ទះ (​ទៅ​លេង​កំពង់សោម​) ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​ឈ្មោះ វ៉ា​ត សា​វឿ​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​អាជីវករ​នៅ​ផ្សារ​ស្លាប​លែង ឃុំ​ស្វាយ​រំពារ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។ ក្នុង​នោះ​ដែរ​សម្ភារ​នៅ​ក្នុង​ទូដែក ដែល​ក្រុម​ជនសង្ស័យ​លួច​យក​ទៅ បាន​បាត់បង់​រួម​មាន មាស​ចំនួន​២០​តំឡឹង លុយ​ដុល្លារ​២០០០​ដុល្លារ លុយ​ខ្មែរ​៣២​លាន​រៀល ។

លោក វ៉ា​ត វឿ​ន បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ២០១៧ ថា ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ពេល​ដែល​គាត់ និង​ក្រុម​គ្រួសារ​នាំ​គ្នា​ទៅ​លេង​កំពង់សោម​២​ថ្ងៃ លុះ​ពេល​មក​ដល់​ផ្ទះ​វិញ ទើប​ដឹង​បាត់​ទូដែក ។ ក្រោយ​ដឹង​ថា​បាត់ លោក​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​ទៅ​ស្រាវជ្រាវ​រហូត​ចាប់​បាន​មុខសញ្ញា​ជា​បន្តបន្ទាប់ ។

ម្ចាស់ផ្ទះ​បាន​បន្ត​ទៀត​ថា ទូដែក​ដែល​ក្រុម​ជនសង្ស័យ​យក​ទៅ ត្រូវ​ពួក​វា​ប្លុង​ចោល​នៅ​សង្កាត់​ព្រៃ​ស​ឯណោះ ។ សមត្ថកិច្ច​បានដឹង​ថា មុខសញ្ញា​ឈ្មោះ សុ​ន សុខ​ជា ប្រុស​អាយុ ៣៣​ឆ្នាំ នៅ​ភូមិ​ចេក ឃុំ​ស្តុក ស្រុក​គងពិសី ខេត្ត​កំ​ពង​ស្ពឺ ជន​នេះ​ជា​អ្នក​យក​មាស​ទៅ​លក់​ឲ្យ​ជាងមាស​ឈ្មោះ ស្រា លឹ​ម​ហៀ​ង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ផ្សារ​ស្លាប​លែង ឃុំ​ស្វាយ​រំពារ ស្រុក​ប​សេដ្ឋ ខេត្ត​កំ​ពង​ស្ពឺ ដោយ​លក់​មាស​ចំនួន​៨​តំឡឹង​៧​ជី សរុប​ទឹកប្រាក់​ចំនួន​១៣,៧០០​ដុល្លារ (​មាស​ពី​ដុំ​) ។ លោក​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ស្តាប់​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ខាងលើ​រួច​មក សមត្ថកិច្ច​បាន​បន្ត​ចាប់​បាន​បក្ខពួក​ជនសង្ស័យ​ជា​បន្តបន្ទាប់ ។

លោក​អធិការ​បាន​ប្រាប់​ថា មុខសញ្ញា​ដែល​កម្លាំង​របស់​លោក​ឃាត់ខ្លួន​ជា​បន្ត​នោះ រួម​មានឈ្មោះ កង ស្យា អាយុ​២៦​ឆ្នាំ ជា​មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន ហើយ​ទើបតែ​ចេញពី​ពន្ធនាគារ​ព្រៃ​ស កាលពី​ពេល​ថ្មី​ៗ​នេះ និង​ឈ្មោះ កុក លាង ជា​បក្ខពួក​ត្រូវ​បាន​សមត្ថកិច្ច​របស់​លោក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌកំ​រឹត​ស្រាល​ចាត់ការ​បន្ត ។

នគរបាល​ព្រហ្មទណ្ឌកំ​រឹត​ស្រាល បាន​ប្រាប់​ផង​ដែរ​ថា ក្រោយ​ទទួល​បាន​មុខសញ្ញា​សង្ស័យ​ពី​ខាង​សមត្ថកិច្ច​ស្រុក​ប​សេដ្ឋ​រួច​មក កម្លាំង​ជំនាញ​បាន​បើក​ការ​ស៊ើបអង្កេត និង​សួរ​ចម្លើយ​លើ​ក្រុម​ជនសង្ស័យ​ទាំង​៣​អស់​រយៈពេល​ជិត​១​អាទិត្យ ហើយ​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​៣​នាក់ ទៅ​កាន់​សាលាដំបូង​ខេត្ត​ដើម្បី​បន្ត​នីតិវិធី ។

បន្ទាប់​ពី​បញ្ជូន​ដល់​សាលាដំបូង​ខេត្ត​រួច​មក មិន​បាន​ប៉ុន្មាន​ម៉ោង​ផង​ក្រុម​ជនសង្ស័យ​ត្រូវ​បាន​តុលាការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ ។ បើ​តាម​ការ​បង្ហើប​ពី​ក្រឡាបញ្ជី​ម្នាក់ គឺ​ការ​ដោះ​លែង​នេះ ដោយសារ​ចៅ​ក្រុម​ស៊ើបសួរ​រក​មិនឃើញ​តម្រុយ​ណាមួយ​ពាក់ព័ន្ធ​នឹង​ពួក​គេ​ទេ ទើប​សម្រេច​ដោះ​លែង​បែប​នេះ ។

ក្រោយ​ដឹង​ថា តុលាការ​ដោះ​លែង​ជនសង្ស័យ​រួច​មក ទាំង​មន្ត្រី​នគរបាល​ខេត្ត ក៏​ដូច​ស្រុក​ប​សេដ្ឋ បាន​សំដែង​នូវ​ការ​អាក់អន់ស្រពន់ចិត្ត​ជាមួយ​ស្ថាប័ន​តុលាការ​ជា​ខ្លាំង ដោយ​បាន​លើក​ឡើង​ថា ក្រោយ​កើតហេតុ សមត្ថកិច្ច​ស្រុក និង​ខេត្ត បាន​ខិតខំ​បើក​ការ​ស្រាវជ្រាវ​លើ​ករណី​នេះ​ជា​ខ្លាំង រហូត​សម្រេច​បាន​ជោគជ័យ​ជា​បន្តបន្ទាប់ និង​ដកហូត​វត្ថុ​តាង​មាស​រំលាយ​ហើយ​២​ដុំ​មក​វិញ​ផង​ដែរ ។ ការ​ដែល​តុលា​រដោះ​លែង​ក្រុម​ជនសង្ស័យ​នេះ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​សមត្ថកិច្ច​អាក់អន់ស្រពន់ចិត្ត​នោះ​ទេ សូ​ម្បី​ម្ចាស់​ទូដែក ក៏​សំដែង​នូវ​ការ​មិន​ពេញចិត្ត​ដែរ ចំពោះ​ស្ថាប័ន​តុលាការ​នេះ ។

លោក វ៉ា​ត វឿ​ន បាន​ប្រាប់​ថា ករណី​តុលាការ​ដោះ​លែង​ក្រុម​ជនសង្ស័យ​នេះ លោក​មិន​សុខចិត្ត​នោះ​ឡើយ លោក​នឹង​ប្តឹង​បន្ត​ទៅ​លើ​ទៀត​ចំពោះ​ករណី​នេះ ព្រោះ​លោក​មិន​ទាន់​បាន​ទទួល​មក​វិញ​នូវ​ភាព​យុត្តិធម៌​ឡើយ ។ និយាយ​រួម​ទាំង​លុយ​ខ្មែរ ដុល្លារ និង​មាស ដែល​ដកហូត​ពី​ក្រុម​ជនសង្ស័យ លោក​មិន​ទាន់​បាន​មក​វិញ​ឡើយ ។ ក្នុង​នាម​លោក​ជា​ជន​រង​គ្រោះ សូម​សំណូមពរ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ សូម​ត្រួតពិនិត្យ​ករណី​របស់​លោក​ផង ព្រោះ​ការ​ដោះ​លែង​នេះ ដូច​ជា​បញ្ឈឺចិត្ត​លោក ជា​ជន​រង​គ្រោះ​សម្បើម​ណាស់ ។ មិន​អាច​សុំ​ការ​បកស្រាយ​ណាមួយ​ពី​មន្ត្រី​តុលាការ​បាន​ឡើយ​ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​ខាងលើ ៕

បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ក្នុង​ករណី​ក្រុម​ជនសង្ស័យ​មួយ​ក្រុម​កាត់​សោ​ផ្ទះ​លួច​យក​ទូដែក​គាស់​យក​លុយ​ខ្មែរ ដុល្លារ និង​មាស ហើយ​យក​ទូទៅ​ប្លុង​ចោល​រួច​មក
បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ក្នុង​ករណី​ក្រុម​ជនសង្ស័យ​មួយ​ក្រុម​កាត់​សោ​ផ្ទះ​លួច​យក​ទូដែក​គាស់​យក​លុយ​ខ្មែរ ដុល្លារ និង​មាស ហើយ​យក​ទូទៅ​ប្លុង​ចោល​រួច​មក
បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ក្នុង​ករណី​ក្រុម​ជនសង្ស័យ​មួយ​ក្រុម​កាត់​សោ​ផ្ទះ​លួច​យក​ទូដែក​គាស់​យក​លុយ​ខ្មែរ ដុល្លារ និង​មាស ហើយ​យក​ទូទៅ​ប្លុង​ចោល​រួច​មក

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]