ខេត្ត​ក្រចេះ ៖​ សពកម្មករខ្មែរ៨នាក់ ដែល ត្រូវស្លាប់ដោយការលិចទឹក​កប់​នៅក្នុងអណ្តូងរ៉ែ មាសដែលមានជម្រៅជាង៣រយម៉ែត្រ ត្រូវ​បាន​រុករក និងស្រង់មកដល់លើវិញបានជាបន្ត​​​បន្ទាប់ ក្រោយពីជួបឧបទ្ទវហេតុក្នុងរយៈ​ពេលបីថ្ងៃរួច​មកនោះ ។

គួររំលឹកថា កាលពីវេលាម៉ោង១១ និង៣០​​​​​​​​​​​​​​​​​​នាទី​ថ្ងៃត្រង់ថ្ងៃទី២៣ ​ធ្នូ ក្រោយពីមាន​ហេតុ​​ការណ៍បំផ្ទុះយកថ្មរ៉ែក្នុងអណ្តូងរ៉ែមាសប៉ះ​ចំ​ខ្សែ​ទឹក​ធំ​ក្នុងដី បណ្តាលឲ្យទឹកលិចអណ្តូង​រ៉ែ​មាស​នោះ ខណៈដែលកម្មករច្រើនជាង៨នាក់​ស្ថិត​នៅក្នុងអណ្តូងដ៏ជ្រៅនោះភ្លាមៗ មានតែ​កម្មករ​២នាក់ទេ ដែលរួចជីវិតឡើងមកលើវិញ​បាន​គឺកម្មករខ្មែរម្នាក់ និងចិនម្នាក់ ។ ចំណែក៨​ដាក់​ទៀត​ជាកម្មករខ្មែរត្រូវបានលិចកប់ក្នុង​អណ្តូង​រ៉ែ​នោះ ។ អណ្តូងរ៉ែនេះ​ជារបស់ក្រុមហ៊ុន​ចិនវិនិ​យោគ​​អាជីវកម្មរ៉ែមាសឈ្មោះសឹង យិងគង័យិក នៅ​អូរត្រូន ក្នុងឃុំក្បាលដំរី ស្រុកសំបូរ ដែល​ក្រុមហ៊ុននេះបានចាប់ផ្តើមធ្វើសកម្មភាពជីករុក​រករ៉ែមាស តាំងពីពាក់កណ្តាល​ឆ្នាំ២០១១​នេះ​មក ។

ក្រោយពីហេតុការណ៍នេះបានកើតឡើង អាជ្ញាធរដឹកនាំដោយលោកឧត្តមសេនីយជួង ស៊ាងហាក់ ស្នងការនគរបាលខេត្ត និង​មន្រ្តី​ក្រោម​ឱវាទជាច្រើនរូបទៀត ចុះប្រតិ​បត្តិ​ការ​យ៉ាង​ក្តៅគគុក សហការជាមួយនិងមន្រ្តី​របស់​ក្រសួង និងមន្ទីរឧស្សាហកម្មរ៉ែនិងថាមពល ជា​មួយ​ក្រុមការងាររបស់ក្រុមហ៊ុនចិន បានរិះ​រក​វិធាន​ការស្រង់​យក​​ស្រង់​សព​ទាំង៨នាក់​នេះពី​បាតអណ្តូង ។

តាមប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅក្នុងហេតុការណ៍បំផ្ទុះ​គ្រឿងផ្ទុះ​នាព្រឹក នោះគឺមានកម្មករខ្មែរចំនួន៩នាក់ និងកម្មករ​ចិន​ម្នាក់ទាំង​អស់មានចំនួន១០នាក់ កំពុងតែ​ធ្វើ​ការ នៅក្នុងអណ្តូងទី២ ដែលមានជម្រៅរាប់​រយ​មែ៉ត្រ ។ លុះ​ដល់វេលាម៉ោង១១.៣០នាទី ក្រុម​កាងារកម្មករបច្ចេកទេសចិនបានបំផ្ទុះ​គ្រឿង​​ផ្ទុះ​នៅអណ្តូងទី១ ប៉ះចំផ្លូវចរន្តទឹកធំ ធ្វើ​ឱ្យ​ទឹកហូរ​មានសន្ឋឹកខ្មួលខ្មាញ់លាយ​ឡំជាមួយ​និង​កំទេច​ថ្មតូចធំហូរបុកទៅអណ្តូងទី២ ដែល​កម្មករខ្មែរ​រង​​គ្រោះកំពុងតែ​​ធ្វើ​ការ​នៅ​ទី​នោះ​ ធ្វើ​ឱ្យ​បិទ​ច្រក​អណ្តូង​​មិនអាចឡើង​មក​លើរួច ។

បុរសជាកម្មករខ្មែរម្នាក់ឈ្មោះជា  ជឿន អាយុ​២២ឆ្នាំមានទីលំនៅភូមិព្រៃជ្រុំ ឃុំ​ព្រៃ​ទទឹង ស្រុកមេសាង ខេត្តព្រៃវែង ដែលបានជួប​ហេតុ​ការណ៍ជាមួយ និងកម្មករខ្មែរ​ដែលស្លាប់​ទាំង​៨​នាក់ បាននិយាយថា នៅពេលកើតហេតុខណៈ​​ពេល​ដែលគេកំពុងតែពាក់​ខ្សែ​យោងធុងថ្ម​​ស្រាប​តែឃើញទឹកហូរពីអណ្តូងទី១មកយ៉ាង​ខ្លាំង​លាយ​​​ឡំជាមួយនិងកម្ទេចថ្មតូចធំ ។ ភ្លាមៗនោះ​ដែរ​រូបគេក៏បានស្រវ៉េស្រវ៉ាតោងទុយយោ​ទឹក​ឡើងមកលើជាមួយនិងបុរសជាកម្មករចិន​ម្នាក់​ទៀត ទាំងត្រដាបត្រដួស ទើបរួច​ផុតពី​សេចក្តី​ស្លាប់ តែត្រូវរងរបួសធ្ងន់លើដងខ្លួន​ដោយ​​អំ​ណាច​កម្ទេចថ្ម និងទឹកធ្លាក់មកពីលើ ។ កម្ម​​ករ​អណ្តូងរ៉ែរូបនេះ បានអោយដឹងទៀតថា រូបគេ​មាន​មុខងារជាអ្នកពាក់ខ្សែ ដូច្នេះ​មិនចុះ ជ្រៅដូច​កម្ម​ករទាំង៨នាក់នោះទេ ។​ហើយ​នៅ​ពេល​​កើត​ហេតុភ្លាមៗ គឺចរន្ឋអគ្គិសនី​ជាមួយ​និង​បំពង់​ខ្យល់​អុកស៊ីសែន ដែលបាន​តចុះ​ទៅ​ក្នុង​អណ្តូង គឺត្រូវកាត់ផ្តាច់ដោយចរន្តទឹកហូបុកដាច់ ។

ក្រោយហេតុការណ៍កើតឡើងការរុករក​សព​កម្មករទាំង៨នាក់បានធ្វើឡើងទាំងយប់ទាំងថ្ងៃ ដោយក្រុមការងារសង្គ្រោះ បានប្រើប្រាស់ម៉ា​ស៊ីន​បូមទឹកតូចធំចំនួនជាង១០គ្រឿង ក្នុងការ​បូមរំដោះទឹកចេញពីអណ្តូងដែលមានទឹក​ដក់​លិចក្នុងជម្រៅ១៥០ម៉ែត្រ ពីបាតអណ្តូង​រហូត​ដល់ព្រឹកថ្ងៃទី២៥ ​ធ្នូ ទើបក្រុមអ្នករុករក​ស្រង់​បាន​សពកម្មកររងគ្រោះទាំង៨នាក់ចេញពីបាត​អណ្តូងបានជាបន្តបន្ទាប់ ។

តាមប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុ​បានឱ្យ​ដឹងទៀតថា កន្លងមកនៅក្នុងអណ្តូង​ទី១​នេះ ការបំផ្ទុះគ្រឿងផ្ទុះបានប៉ះចំចរន្តទឹកធ្វើឲ្យ​មានទឹកហូរចេញមកតិច​ៗ ហើយក្រុមការងារ បានផ្អាកសកម្មភាពរយៈពេលបួនថ្ងៃ មុនថ្ងៃ​កើត​ហេតុ ។ ប្រភពដដែលបានអោយដឹងទៀតថា  ការបំផ្ទុះដើម្បីយក​ថ្ម​​រ៉ែ​របស់ក្រុម​ការងារ​គឺ​តែងតែ​ផ្តល់ដំណឹងដល់កម្មករមួយចំនួន​ឱ្យ​ចូល​ទៅ​ក្នុង បន្ទប់សុវត្ថិភាពនៅក្នុងអណ្តូង ហើយ​នៅ​ថ្ងៃ​កើត​ហេតុ គឺគ្មាននរណា​ផ្តល់ដំណឹង​នោះ​ទេ​មុន​ពេល​បំ​ផ្ទុះ ។

ក្រុមកម្មករបានឱ្យដឹងទៀតថា កម្មករខ្មែរ​ដែល​ស្លាប់និងរបួសនេះ គឺមានមុខងារកាយ​ថ្ម​ និង​ពាក់រ៉ៃដោយទទួលបាន​ប្រាក់​កម្រៃ​ក្នុង​មួយ​ធុង៩ពាន់រៀល ហើយក្រុមកម្មករ រងគ្រោះ​ទាំង​នេះ បានចុះធ្វើការកាយថ្ម​ក្នុង​បាត​អណ្តូងរ៉ែ តាំងពីយប់ថ្ងៃទី២២ ធ្នូ រហូតដល់ម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី២៣​ ធ្នូ ក៏ជួប​ហេតុ​ការណ៍​អាក្រក់នេះតែម្តង ។

នៅ​ក្នុងហេតុការណ៍នេះត្រូវបានគេសន្និដ្ឋាន​បណ្តាលមកពីបញ្ហាខុសលក្ខណៈបច្ចេកទេស បាន​ធ្វើឲ្យកើតមានគ្រោះថ្នាក់នេះ ។លោកវរ​សេនីយឯកច្រឹង ផល្លី ស្នងការរង​ទទូល​បន្ទុកស្ថិតិ និងអគ្គិភ័យបានមាន​ប្រសាសន៍​ថា កម្មករខ្មែរទាំង៨នាក់ ដែលបានស្លាប់​បាត់​បង​់ជីវិតយ៉ាងអណោចអធ័ម​នៅក្នុងបាត​អណ្តូង​ដ៏ជ្រៅនេះមាន១-ឈ្មោះឡៃ ផាន់ណា អាយុ​៣៥​ឆ្នាំ ២-ឈ្មោះឡៃ ផាន់នី អាយុ៣២ឆ្នាំ ៣-ឈ្មោះ ឡៃ ពីសី ១៩ឆ្នាំបុរសរងគ្រោះទាំងបី​នាក់​ នេះជាបងប្អូនបង្កើតនឹងគ្នា មាន​ទីលំនៅ​ភូមិ​តាម៉ៅឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ទី៤-ឈ្មោះប៉ាវ អឿន អាយុ២៣​ឆ្នាំ ៥-ឈ្មោះ ប៉ាវ អឿង អាយុ២០ឆ្នាំ បុរសរង​គ្រោះ​​ទាំង២​ជា​បងប្អូនបង្កើតនឹងគ្នា​ និងទី៦-ឈ្មោះ​ទូច រ៉ង អាយុ៣៥ឆ្នាំ បុរសរងគ្រោះ​ទាំង​មាន​ទីលំនៅ​ភូមិព្រៃជ្រុំ ឃុំព្រៃទទឹង ស្រុក​មេសាង ខេត្ត​ព្រៃ​វែង ទី៧.ឈ្មោះប្រាក់ យ័ន ហៅចិត្រ អាយុ៣៨ឆ្នាំ មានទីលំនៅ ស្រុក​បារ៉ាយ ខេត្តកំពង់ធំ ទី៨-ឈ្មោះម៉ៅ ម៉ាក់​អាយុ​២២​ឆ្នាំ មានទីលំ​នៅ​ភូមិ​ព្រៃជ្រុំ ឃុំព្រៃទទឹង ស្រុក​មេសាង ខេត្តព្រៃ​វែង ។ បុរសជា​កម្មករ​ទាំង៨នាក់ នេះត្រូវ​ស្លាប់​បាត់បង់ជីវិតក្នុងបាត​អណ្តូង ព្រោះតែរត់មិនរួច​ពេលទឹកបុក​ចូល​ជា​មួយ​កម្ទេចថ្មយ៉ាងខ្លាំងនោះ ។ ចំណែក​អ្នករង​របួស​ ៩-ឈ្មោះជា ជឿន អាយុ​៣១ឆ្នាំ មានទី​លំនៅ​ភូមិព្រៃជ្រុំ ឃុំព្រៃទទឹង ស្រុក​មេស៉ាង ខេត្តព្រៃវែង រងរបួសធ្ងន់ និង​ទី​១០-ឈ្មោះជ យិនសាន ហៅឡោតាង អាយុ​៤១ឆ្នាំ ជន​ជាតិ​ចិន(មេការ)រងរបួសស្រាល ។

លោកសេង យូហៃ នាយការិយាល័យស្វែង​រុករកនៃនាយកដ្ឋានធន់ធានរ៉ែ បានមាន ប្រ​សាសន៍ថា ជនរងគ្រោះទាំង៨នាក់ ត្រូវ​បាន​រាជ​រដ្ឋាភិបាល បានកំណត់ឱ្យ​ក្រុមហ៊ុនសឹង​យិន​គង័យិក ឧបត្ថមទៅលើ គ្រួសារសពទាំង៨នាក់ ដោយក្នុងម្នាក់ៗចំនួន១ម៉ឺនដុល្លារ និង​បើក​ប្រាក់​ខែ​ឲ្យពេញមួយ​ឆ្នាំស្មើនឹង៣ពាន់ដុល្លារ បន្ថែម​សរុបក្នុងម្នាក់ទទួលបានប្រាក់ឧបត្ថមចំនួន​​១៣.០០០ ដុល្លារសហរដ្ឋអាមេរិក។ មន្រ្តី​រូប​នេះបានបញ្ជាក់ទៀតថា រាល់ការដឹកជញ្ជូនសព និងការរៀបចំតាមប្រពីណៃ រួមជាមួយនឹងសេវា​ផ្សេងៗទៀត គឺក្រុមហ៊ុន​ជាអ្នកចេញថ្លៃចាយ​វាយ​ទាំងអស់ ។

លោកឧត្តមសេនីយ៍ត្រី​ជួង ស៊ាងហាក់ ស្នង​ការនគរបាលខេត្ត បានមានប្រសាសន៍ថា ​ក្រុម​ការងារសង្គ្រោះមានកម្មករខ្មែរ១០នាក់​បាន​​​ចុះធ្វើការបូមទឹក​ទាំងយប់​ទាំងថ្ងៃមាន​រយៈ​ពេលបីថ្ងៃជាប់ៗគ្នាដើម្បីរុករកសព រហូតមក​ដល់វេលាម៉ោង៣និង៣០នាទីព្រឹកទី២៥ ​ធ្នូ ​ក្រុមការងារបានទាញសពកម្មករទាំង៨នាក់ទើបស្រង់ឡើងមកលើជាបន្តបន្ទាប់។

លោកឧត្តមសេនីយ៏ស្នងការបានបញ្ជាក់ថា សពជនរងគ្រោះត្រូវបានប្រគល់ទៅអោយ គ្រួសារ​សពរៀងៗខ្លួននៅព្រឹកថ្ងៃដដែល ដោយ​ក្រុមអាជ្ញាធរបាន​រៀបចំទុកដាក់តាមទំនៀមទម្លាប់ប្រពៃណី និងដឹកជញ្ជូនទៅដល់​លំនៅ​ឋាន។

ក្រុមគ្រួសារសពជនរងគ្រោះទាំង៨នាក់ បាន​ថ្លែងអំណរគុណដល់លោកឧត្តសេនីយ៍ ស្នងការនគរបាលខេត្ត ដែលបានខិតខំប្រឹង​ប្រែង​យ៉ាងយកចិត្តទុកដាក់ទាំងយប់ទាំងថ្ងៃ រហូតដល់​រុករកឃើញសពមកប្រគល់អោយ​ពួកគាត់ជាសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យ ៕

ដកស្រង់ពីគេហរទំព័រកោះសន្តិភាព

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]