ជំងឺមហារីកជាជំងឺមួយដ៏កាចសាហាវដែលធ្វើឱ្យមនុស្សគ្រប់គ្នាខ្លាចរអារ ថែមទាំងបំផ្លាញជីវិតមនុស្សទូទាំងពិភពលោកអស់ជាច្រើនក្នុងមួយឆ្នាំៗ។

ចំណែកជំងឺមហារីកក្រពះ គឺជាជំងឺមហារីកមួយក្នុងចំណោមជំងឺមហារីកជាច្រើនទៀត ដែលកំពុងគំរាមកំហែងអាយុជីវិតមនុស្សផងដែរ។ មានមនុស្សជាច្រើនតែងតែយល់ច្រលំរវាងរោគសញ្ញាជំងឺមហារីកក្រពះជាមួយជំងឺក្រពះពោះវៀនធម្មតា។ ហើយការមិនអើពើនេះបណ្តាលឱ្យជំងឺនេះ កាន់តែរីកដុះដាល់ដល់ដំណាក់ធ្ងន់ធ្ងរបានផងដែរ។

ជំងឺមហារីកក្រពះប្រើរយៈពេលយូរគួរសម ដើម្បីវិវឌ្ឍទៅជាដំណាក់កាលកាចសាហាវ។ តែបើសិនជាអ្នកបានដឹងទាន់ពេលវេលា  អាចមានវិធីព្យាបាល និងពន្យារការលូតលាស់នៃជំងឺនេះបាន។ អ្នកអាចព្យាបាលដោយប្រើគីមី  ព្យាបាលដោយកាំរស្មីមានច្រើនដំណាក់កាល មុននិងក្រោយពេលវះកាត់ដើម្បីយកដុំសាច់ចេញពីក្រពះ។

ខាងក្រោមនេះជារោគសញ្ញាក្រើនរម្លឹក និងមូលហេតុចម្បងនៃជំងឺមហារីកក្រពះ ដែលអ្នកគួរតែយល់ដឹង ៖

រោគសញ្ញាក្រើនរម្លឹក និងមូលហេតុនៃជំងឺមហារីកក្រពះដែលអ្នកគួរតែយល់ដឹង

រោគសញ្ញាទូទៅ

- រូបរាងកាយស្រកទម្ងន់ខុសពីធម្មតា

- សុខភាពកាន់តែធ្លាក់ចុះ

- ក្អួតចេញឈាម

- អស់កម្លាំង ល្ហៃល្ហៃ រាងកាយកាន់តែទន់ខ្សោយ

- បាត់បង់ចំណង់នៃការញ៉ាំអាហារដោយលែងចង់បរិភោគអ្វីទាំងអស់

- មានអាការចេះតែចង់ក្អួតចង្អោរមិនឈប់

- មានអារម្មណ៍ថាឈឺពោះ ហើមពោះ ឬឈឺចាប់ពេញផ្នែកពោះតែម្តង

- អាការភើខ្លាំងចេញពីក្នុងក្រពះ

- លាមកមានពណ៌ខ្មៅ ឬមានឈាម

- ស្បែក និងគ្រាប់ភ្នែកឡើងលឿង

- មានការឈឺចាប់ពេលលេបទឹកមាត់ ឬពិបាកក្នុងការបរិភោគអាហារផ្សេងៗ

នៅក្នុងស្ថានភាពជំងឺមួយនេះអ្នកគួរតែចៀសវាងអាហារដែលមានជាតិប្រៃ  អាហារដែលកែច្នៃ  និងអាហារដែលត្រូវផ្សែងភ្លើងដូចជាសាច់អាំងជាដើម។   បរិភោគអាហារដែលមានជាតិវីតាមីនឱ្យបានច្រើនដូចជា ផ្លែឈើ បន្លែ និងបញ្ឈប់ការជក់បារីជាបន្ទាន់។  អ្វីដែលសំខាន់បំផុតក្នុងស្ថានភាពនេះ អ្នកត្រូវតែយកចិត្តទុកដាក់ចំពោះសញ្ញា និងការវិវឌ្ឍផ្សេងៗទៀតនៃរាងកាយបង្ហាញ  ដូច្នេះចៀសវាងបញ្ហាសុខភាពសំខាន់ៗ។ 

រោគសញ្ញាទូទៅនៃជំងឺមហារីកក្រពះ

កត្តាដែលនាំឱ្យកើតជំងឺមហារីកក្រពះ

- ជំងឺ lymphoma (ក្រុមឈាមដែលកើតជំងឺមហារីក)

- ការកើត និងឆ្លងមេរោគក្រពះ H.Pylori ហើយមិនបានទទួលការព្យាបាលត្រឹមត្រូវ ( ដែលអាចបណ្តាលឱ្យមានជំងឺដំបៅក្រពះ )

- ការកើតសាច់ដុំនៅផ្នែកមួយចំនួននៃរាងកាយខាងក្នុង

- ដុះសាច់ក្នុងក្រពះដែលហៅថា Stomach polyps ជាការលូតលាស់មិនធម្មតានៃជាលិកាដែលបង្កើតជាដុំសាច់នៅលើស្រទាប់ក្រពះ

- មនុស្សដែលស្ថិតនៅក្នុងវ័យចំណាស់ចាប់ពីអាយុ ៥០ឆ្នាំឡើងទៅជាពិសេសមនុស្សប្រុស

- អ្នកដែលជក់បារី និងផឹកស្រាច្រើនហួសហេតុពេក

- មនុស្សដែលស្ថិតនៅក្នុងគ្រួសារដែលមានប្រវត្តិនៃការកើតជំងឺមហារីក

- ការបរិភោគអាហារដែលប្រៃខ្លាំងពេក និងអាហារ ឬ ភេសជ្ជៈដែលកែច្នៃ

- មិនដែលធ្វើការហាត់ប្រាណទាល់តែសោះ

- ការចំអិន និងទុកដាក់អាហារមិនបានត្រឹមត្រូវជាដើម៕  

កត្តាដែលនាំឱ្យកើតជំងឺមហារីកក្រពះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]