ខេត្តកំពង់ស្ពឺ ៖ ស្ត្រី​ម្នាក់ និង​ប្តី រួម​ទាំង​ម្តាយ​បាន​ដង្ហោយ​រក​យុត្តិធម៌​ក្រោយ​រង​ការ​វាយដំ​ពី​សំណាក់​មន្ត្រី​ឧ​ទ្យា​អនុ​រ័ក្ស​៣​នាក់ ដែល​ប្រចាំការ​នៅ​ចំណុច​អូរ​ស្រី​ចាំ ព្រោះតែ​រឿង​បង់លុយ​ថ្លៃ​ដឹកអុស​ឱ្យ​តិច​ពេក​។ មក​ដល់​ពេល​នេះ​ស្ត្រី​រង​គ្រោះ​ដោយ​ការ​វាយដំ​បាន​ស្នើ​សុំ​ដល់​លោក​អភិបាលខេត្ត និង​លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន សូម​ជួយ​អន្តរាគមន៍​ផ្តល់​យុត្តិធម៌​ដល់​រូប​គាត់​ជា​ជន​រង​គ្រោះ​ផង​។

ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ​កាល​ព្រឹក​ថ្ងៃ​ទី​១៧ កញ្ញា ស្ត្រី​ឈ្មោះ ប៉ែន ហ៊ុ​ល អាយុ​៦១​ឆ្នាំ រស់នៅ​ភូមិ​ជាំ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ។ ស្ត្រី​ជា​ម្តាយ​បន្ត​ថា កូន​គាត់​រាល់​ថ្ងៃនេះ​មាន​ជីវភាព​ក្រីក្រ​ជា​ខ្លាំង ហើយ​ពេល​នេះ​ត្រូវ​មក​ដេក​ព្យាបាល​ជំងឺ ដោយ​មិន​មាន​លុយ​ជាប់​ខ្លួន​សូ​ម្បី​១០.០០០​រៀល​។ ដំបូង​ឡើយ​គាត់​មិន​បានដឹង​ថា កូន​ត្រូវ​មន្ត្រី​បរិស្ថាន​ព្រួត​វាយ​រហូត​សន្លប់​ជិត​បី​ម៉ោង ព្រោះ​រឿង​បង់លុយ​ថ្លៃ​ដឹកអុស​នោះ​ទេ ទាល់តែ​កូន​ត្រូវ​បាន​ប្តី​នាំ​មក​កាន់​មន្ទីរពេទ្យ​ធ្វើការ​សង្គ្រោះ ទើប​គាត់​ជា​ម្តាយ​ដឹង​ការ​ពិត​។ ក្នុង​នាម​គាត់​ជា​ម្តាយ​មានការ​អាណិតអាសូរ​កូន​ពន់ពេក គាត់​ដឹង​ថា របរ​រកស៊ី​ដឹកអុស​លក់​នេះ​ខុសច្បាប់​ដែរ តែ​ដោយ​ជីវភាព ទើប​គាត់​ឱ្យ​កូន​ដឹក​លក់​នឹង​គេឯង​ទៅ​។

ស្ត្រី​ជា​ម្តាយ​បាន​រៀបរាប់​បន្ត​ថា មុន​ពេល​ទៅ​ដឹកអុស​នេះ គាត់​បាន​ឃាត់​ដែរ​ថា កុំ​ឱ្យទៅ ព្រោះ​ជិត​ដល់​ថ្ងៃ​ភ្ជុំ​ហើយ តែ​កូន​បាន​តប​មក​វិញ​ថា ព្រោះតែ​ជិត​ដល់​ថ្ងៃ​ភ្ជុំ​ណឹ​ង​ហើយ ទើប​សុខចិត្ត​ចូល​ព្រៃ​កាប់​អុស​យក​មក​លក់ ដើម្បី​បាន​ប្រាក់​យក​មក​ផ្គត់ផ្គង់​ការ​ចំណាយ​ទិញ​ម្ហូបអាហារ​សម្រាប់​ទៅ​វត្ត​។ និយាយ​បណ្តើរ ទឹកភ្នែក​ហូរ​បណ្តើរ​ស្ត្រី​ជា​ម្តាយ​បន្ត​ថា ពេល​នេះ​មិន​ត្រឹមតែ​មិន​មាន​លុយ​ទិញ​ម្ហូប​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​នោះ​ទេ សូ​ម្បី​តែ​ចៅ​ៗ​របស់​គាត់​ក៏​ដាច់​បាយ​ម្តង​ៗ​ដែរ ហើយ​ការ​ចំណាយ​វិញ​ក៏​កាន់តែ​ច្រើន​ដែរ​។ គាត់​មិន​ចង់ឱ្យ​កូន​មានរឿង​វែង​ឆ្ងាយ​នោះ​ទេ គ្រាន់តែ​ចង់​សុំ​ឱ្យ​មាន​យុត្តិធម៌​ដល់​កូន​គាត់​ផង ជា​ពិសេស​ក្នុង​នាម​ជា​ម្តាយ​សូម​សំណូមពរ​ដល់​លោកស្នងការ​នគរបាល​ខេត្ត សូម​ជួយ​ចាប់​ជន​បង្ក​អំពើ​ហិង្សា​លើ​កូនស្រី​គាត់​ចាត់ការ​តាម​ច្បាប់​ផង ដើម្បី​កុំឱ្យ​ពួក​គេ​ចេះ​តែ​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​បែប​នេះ​។ បើ​ទោះជា​មាន​ជីវភាព​ក្រីក្រ តែ​ពួក​គាត់​ក៏​មាន​សិទ្ធិ​ទទួល​បាន​មក​វិញ​នូវ​ភាព​យុត្តិធម៌​ដូច​ពលរដ្ឋ​ដទៃ​ទៀត​ដែល​រស់នៅ​ក្នុង​សង្គម​នេះ​ដែរ ។ ឬ​មួយ​យុត្តិធម៌​មាន​ចំពោះតែ​អ្នកមាន​លុយ និង​អំណាច? ហើយ​អ្នក​ក្រីក្រ​រង់ចាំ​តែ​ភាព​អយុត្តិធម៌​ដូច​គ្រួសារ​គាត់​បែប​នេះ​ឬ?

ស្ត្រី​ម្នាក់ និង​ប្តី រួម​ទាំង​ម្តាយ​បាន​ដង្ហោយ​រក​យុត្តិធម៌​ក្រោយ​រង​ការ​វាយដំ​ពី​សំណាក់​មន្ត្រី​ឧ​ទ្យា​អនុ​រ័ក្ស​៣​នាក់ ដែល​ប្រចាំការ​នៅ​ចំណុច​អូរ​ស្រី​ចាំ ព្រោះតែ​រឿង​បង់លុយ​ថ្លៃ​ដឹកអុស​ឱ្យ​តិច​ពេក​
ស្ត្រី​ម្នាក់ និង​ប្តី រួម​ទាំង​ម្តាយ​បាន​ដង្ហោយ​រក​យុត្តិធម៌​ក្រោយ​រង​ការ​វាយដំ​ពី​សំណាក់​មន្ត្រី​ឧ​ទ្យា​អនុ​រ័ក្ស​៣​នាក់ ដែល​ប្រចាំការ​នៅ​ចំណុច​អូរ​ស្រី​ចាំ ព្រោះតែ​រឿង​បង់លុយ​ថ្លៃ​ដឹកអុស​ឱ្យ​តិច​ពេក​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]