(ភ្នំពេញ)៖ ក្រុមចោរឆក់ដែលតែងតែធ្វើសកម្មភាពមិនថាថ្ងៃយប់ ដោយមិនសំចៃដៃ​នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បង្ក្រាបបាន៣នាក់ នៅ​​ចំណុចភោជនីយដ្ឋានកុងធិនន័រ សង្កាត់ទន្លេបាសាក់ ខណ្ឌ​​ចំការមន។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧នេះថា ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ។

បើតាមនាយការិយាល័យរូបនេះ ទី១៖ឈ្មោះ សុច បូរិទ្ធ ហៅ​ខាំមីន អាយុ​១៦​ឆ្នាំ មុខរបរ​ជាងជួសជុលរថយន្ត, ទី២៖ឈ្មោះ ទី សំណាងដេវីដ អាយុ​១៩​ឆ្នាំ ​មុខរបរ​ឌីជេ, ទី៣៖ឈ្មោះ សាន្ត វិសាល អាយុ​២​០ឆ្នាំ មុខរបរ​មិនពិតប្រាកដ ដែលមាន​ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៦៣៣ (ម)ដ.ឃ.ដ ចុះថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ២០១៧ ចេញដោយលោក គឹម រត្ន័ណារិន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ​។

លោកបញ្ជាក់ថា ក្រុមជនសង្ស័យនេះ បានធ្វើសកម្មភាពចំនួន៣លើក ដោយលើកទី១ កាលពីថ្ងៃទី​០៥ ខែកក្កដា ២០១៧វេលាម៉ោង១០៖៣០​នាទី ឆក់កាបូប នៅចំណុចមុខសាលាបឋមសិក្សាទួលគោក ផ្លូវ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក, លើកទី២ កាលពីថ្ងៃទី​០៨ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ១៧៖០០នាទី ឆក់កាបូបស្ពាយ នៅចំណុចមុខសាលារៀន​ហ្សាមែន ផ្លូវលេខ​៣១៥ សង្កាត់​បឹងកក់ទី២ ខណ្ឌ​ទួលគោក​ និង​លើកទី៣ កាលពីថ្ងៃ​ទី០៦ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង​១៣៖០០នាទី ឆក់កាបូបស្ពាយ នៅចំណុចមុខមន្ទីរពេទ្យកាល់ម៉ែត ផ្លូវព្រះមុន្នីវង្ស ភូមិ៨ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ។

ក្រោយឃាត់ខ្លួនកម្លាំងនគរបាលជំនាញ ដកហូតបាន​ ម៉ូតូម៉ាក KTM DUK ពណ៌ខ្មៅ ស៊េរីឆ្នាំ​២០១៦ ពាក់ស្លាកលេខភ្នំពេញ1GG-1142, ​ម៉ូតូម៉ាកហុងដា MOOV ពណ៌ទឹកប៊ិច ស៊េរីឆ្នាំ​២០១៤ ពាក់ស្លាលេខ​ភ្នំពេញ​1FF-1704។ បច្ចុប្បន្នការិយាល័យកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

ក្រុមចោរឆក់ដែលតែងតែធ្វើសកម្មភាពមិនថាថ្ងៃយប់ ដោយមិនសំចៃដៃ​នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បង្ក្រាបបាន៣នាក់ នៅ​​ចំណុចភោជនីយដ្ឋានកុងធិនន័រ សង្កាត់ទន្លេបាសាក់ ខណ្ឌ​​ចំការមន

ប្រភព៖ Freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]