(បន្ទាយមានជ័យ)៖ ស្ត្រីម្នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួននៅនឹងកន្លែង ក្រោយសង្ស័យថាបានជេរប្រមាថជេរប្រមាថព្រះមហាក្សត្រ សម្តេចព្រះមហាក្សត្រិយ៍ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហើយក្នុងពេលសាកសួរនោះ ជនសង្ស័យបានសារភាពថា ខ្លួនគេពិតជាបានប្រព្រឹត្តរឿងនេះប្រាកដមែន ពោលគឺធ្វើតាមបញ្ជាឈ្មោះ អ៊ា គីមស្រេង ជនជាតិខ្មែររស់នៅប្រទេសអូស្ត្រាលី។ នេះបើតាមមន្រ្តីអាវុធហត្ថខេត្ត ដែលថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៧​​ ខែកញ្ញានេះ។

មន្រ្តីដដែលបានបន្តថា ការចុះឃាត់ខ្លួននេះធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដែលស្ត្រីជាជនសង្ស័យមានឈ្មោះ មឿន លីហ័រ អាយុ២០ឆ្នាំ (មុខរបរលក់ផ្លែឈើនៅផ្សាររ៉ុងក្លឿ ប្រទសថៃ) ស្នាក់នៅភូមិចាន់គីរី​ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ក្រោយពេលឃាត់ខ្លួនស្ត្រីជាប់សង្ស័យពីបទជេរប្រមាថ (ព្រះមហាក្សត្រ សម្តេចព្រះមហាក្សត្រិយ៍ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា) តាមបណ្តាញសង្គម Facebook គណនីឈ្មោះ «ជលស្សៃនា នាងកូនពៅស៊ីអារម្មរណ៍» ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ហើយបានបញ្ជូនបន្តទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

នៅពេលកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត ធ្វើការសាកសួរនោះ ជនសង្ស័យឈ្មោះ មឿន លីហ័រ បានសារភាពថា ខ្លួនគេពិតជាបានយករូបភាពកាត់ត ដែលជារូបភាពព្រះមហាក្សត្រ សម្តេចព្រះមហាក្សត្រិយ៍ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហើយសសេរខ្លឹមសារមួយចំនួន ក្នុងន័យជេរប្រមាថ និងរិះគន់ទៅលើរាជរដ្ឋាភិបាលកម្ពុជា ហើយស្រ្តីរូបនេះធ្វើតាមបញ្ជា និងណែនាំពីឈ្មោះ អ៊ា គីមស្រេង ភេទប្រុស អាយុប្រហែលជា៥៦ឆ្នាំ ដែលជាជនជាតិខ្មែរ រស់នៅប្រទេសអូរស្ត្រាលី ហើយគេប្រាប់ថា ជាចៅក្រមអន្តរបណ្តាញនៅប្រទេសអូស្ត្រាលី ដែលមានប្រើប្រាស់គណនី Facebook ឈ្មោះ Kimsrang Eer ដែលបានផ្ញើរូបភាពកាត់តរួច ហើយមានរូបប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រមទាំងសរសេរខ្លឹមសារមួយចំនួនរិះគន់ និងជេរប្រមាថបង្ហោះនៅលើគណនី Facebook របស់ខ្លួនឈ្មោះ «ជលស្សៃនា នាងកូនពៅស៊ីអារម្មរណ៍» ទៀតផង។

ស្ត្រីជាប់សង្ស័យបានបញ្ជាក់ថា មុនពេលបញ្ចូលរូបភាពកាត់ត និងខ្លឹមសារទៅក្នុងគណនី Facebook របស់ខ្លួន ឈ្មោះ អ៊ា គីមស្រេង ប្រាប់ថា មិនចាំបាច់ខ្លាចទេ ព្រោះគេមានឯកសារគ្រប់គ្រាន់ហើយ ហើយបើមានបញ្ហាកើតឡើង គឺឲ្យប្តឹងគាត់ទៅ ទើបខ្លួនសម្រេចចិត្តបង្ហោះរូបភាពកាត់ត និងខ្លឹមសារមួយចំនួននោះ។

ស្ត្រីជាប់សង្ស័យឈ្មោះ មឿន លីហ័រ បានសារភាពថា ខ្លួនបានស្គាល់គ្នាជាមួយឈ្មោះ អ៊ា គីមស្រេង រយៈពេល៣ឆ្នាំមកហើយ តាមរយៈបណ្តាញ Facebook ក្រោយមក ឈ្មោះ អ៊ា គីមស្រេង បានផ្ញើរូបភាពកាត់ត និងខ្លឹមសារមួយចំនួនដែលរិះគន់ជេរប្រមាថព្រះមហាក្សត្រ សម្តេចព្រះមហាក្សត្រិយ៍ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឲ្យជួយបង្ហោះក្នុងគណនី Facebook របស់ខ្លួនឈ្មោះ «ជលស្សៃនា នាងកូនពៅស៊ីអារម្មរណ៍» ដើម្បីចែកចាយបន្តឲ្យគេឯងបានឃើញ ហើយក៏មិនទាន់បានប្រយោជន៍ណាមួយ ពីឈ្មោះ អ៊ា គីមស្រេង នោះដែរ។

កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រាប់ថា ក្រោយពេលសាកសួររួចហើយ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធី៕

តាមបណ្តាញសង្គម Facebook គណនីឈ្មោះ «ជលស្សៃនា នាងកូនពៅស៊ីអារម្មរណ៍» ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ហើយបានបញ្ជូនបន្តទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
តាមបណ្តាញសង្គម Facebook គណនីឈ្មោះ «ជលស្សៃនា នាងកូនពៅស៊ីអារម្មរណ៍» ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ហើយបានបញ្ជូនបន្តទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ

ប្រភព៖ Freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]