ភ្នំពេញ៖ កញ្ញា មាន សូនីតា តារាសម្តែងស្រីដ៏ស្រស់ស្អាត បច្ចុប្បន្នទទួលបាននូវភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈ។ ប៉ុន្តែទន្ទឹមនឹងនេះកញ្ញា មាន សូនីតា ក៏មានភាពជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងមុខជំនួញរបស់ខ្លួនផង ដែលប្រិយមិត្តជាច្រើនបានជ្រាបច្បាស់មកហើយ និងតែងហៅកញ្ញាថាជា «រាជនីក្រមា»

តារាសម្តែងកញ្ញា មាន សូនីតា

កញ្ញា មាន សូនីតា បច្ចុប្បន្នគឺជាម្ចាស់ហាងលក់សម្លៀកបំពាក់មួយ ដែលធ្វើអំពីក្រមាខ្មែរមានឈ្មោះថា «Slanh House ផ្ទះស្រលាញ់» ដែលមានទីតាំងនៅអគារលេខ ២១៧ ផ្លូវ ៣០៦ សង្កាត់ បឹងកេងកង រាជធានីភ្នំពេញ មានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន។

ដោយមើលឃើញពីភាពជោគជ័យទាំងនេះហើយ ខ្មែរឡូតក៏បានសាកសួរកញ្ញា មាន សូនីតា អំពីគន្លឹះដែលនាំឱ្យមានភាពជោគជ័យ អាចឈានមកដល់សព្វថ្ងៃ និងឧបសគ្គ ក្នុងការបើកអាជីវកម្មនេះ។

ហាងផ្ទះស្រលាញ់របស់កញ្ញា មាន សូនីតា

ជួបជាមួយនឹងកញ្ញា មាន សូនីតា ក៏បានរៀបរាប់ប្រាប់យើងដូច្នេះថា៖ 

«មូលហេតុដំបូងដែលខ្ញុំ ចាប់ផ្តើមសម្រេចចិត្តបើកអាជីវកម្មដោយខ្លួនឯងដូច្នេះ គឺដោយសារតែមានការគាំទ្រពីសំណាក់បងប្អូន ក្រុមគ្រួសារ និងមិត្តភក្តិជាច្រើននៅជុំវិញខ្លួន។ 

ចំពោះគន្លឹះជោគជ័យសំខាន់ខ្លាំង ដែលជម្រុញខ្ញុំឱ្យដើរមកចំណុចនេះគឺដោយសារតែ «ការស្រលាញ់» ជាកត្តាចម្បងជម្រុញទឹកចិត្តនៅក្នុងការបង្កើតនេះ។ កាលណាយើងធ្វើអ្វី ឬនៅជាមួយអ្វីមួយ ដែលយើងស្រលាញ់អស់ពីចិត្តនោះ គឺនឹងធ្វើឱ្យពេញចិត្ត ហើយនៅជាមួយវាបានយូរអង្វែង ដោយគិតថាត្រូវតែធ្វើវាឱ្យបានសម្រេចទាល់តែបាន។

ម្យ៉ាងទៀតគឺជាការងារជួយសង្គមផងដែរ ព្រោះបានធ្វើឱ្យស្រ្តីទន់ខ្សោយនៅតាមជនបទដែលមានការងារ ជាអ្នកតម្បាញក្រមាខ្មែរ ឱ្យមានការងារធ្វើមិនចំណាកស្រុកនោះឡើយ»។ 

ផលិតផលក្រមាដែលបាននាំចូល មកលក់នៅក្នុងហាង «ផ្ទះស្រលាញ់»

ងាកទៅមើលពីដំណើរដើមទងដំបូងឡើយ ខ្ញុំបានបើកលក់ក្រមាទាំងនេះ តាម Online ធម្មតាប៉ុណ្ណោះកាលពីឆ្នាំ២០១៥ ប៉ុន្តែក្រោយមកដោយមានការគាំទ្រខ្លាំង និងមានការជម្រុញទឹកចិត្តជាបន្តបន្ទាប់ផង ខ្ញុំក៏បានស្វែងរកទីផ្សារ និងចាប់ផ្តើមបើកពង្រីកលើអាជីវកម្មថ្មីមួយនេះតែម្តង។

ការចាប់ផ្តើមលើជំនួញនេះពិតជាមានជួបផលលំបាកជាច្រើន ដោយសារតែគ្មានបទពិសោធន៍ គ្រួសារក៏មិនមែនជាអ្នកជំនាញ មិនមានដុងនៅក្នុងរឿងរកស៊ី ដូច្នេះអ្វីៗទាំងអស់គឺត្រូវសាងឡើងចេញពីបាតដៃទទេ គ្រប់យ៉ាងត្រូវទៅដើរសួរគេដោយខ្លួនឯងទាំងរឿងត្បាញក្រមា និងប្រភពនៃវត្ថុធាតុដើមនេះទាំងអស់។

និយាយរួមទៅនេះ គឺជារឿងដែល ខ្ញុំជួបការលំបាកខ្លាំងជាងគេនៅក្នុងឆាកជីវិតនេះ ដែលថ្មីបំផុត ទាំងខ្លួន គ្មានជំនាញ។ ប៉ុន្តែក៏សប្បាយចិត្តខ្លាំងណាស់ដែរ ដែលបានជួយស្រ្តីនៅតាមបណ្តាខេត្តឱ្យមានការងារធ្វើ មិនចំណាកស្រុក។  

ជាក់ស្តែង ក្រមាទាំងអស់ ដែលខ្ញុំយកមកបើកអាជីវកម្មនេះបាន គឺបានយកមកពី សហគមន៍ស្រ្តីតម្បាញ នៅខេត្តបន្ទាយមានជ័យ មានចំនួនជាង១៥នាក់ ដោយមានការរចនាម៉ូតថ្មីៗធ្វើដោយដៃផ្ទាល់ជាច្រើនថែមទៀតផង»។ 

របស់អនុស្សាវរីយ៍ ដែលធ្វើដោយដៃ ដាក់លក់នៅក្នុងហាង «ផ្ទះស្រលាញ់» បច្ចុប្បន្ន

ចំណែកឯប្រាក់ចំណេញវិញ សម្រាប់ហាងយើងគឺមិនបានទទួលច្រើនប៉ុន្មាននោះទេ ខ្ញុំដឹងថាភាគច្រើនអតិថិជនតែងចង់បានរបស់ថោក និងមានគុណភាពខ្ពស់ ប៉ុន្តែជាទូទៅរបស់ដែលមានគុណភាពខ្ពស់ តែងតែមានតម្លៃស្របទៅតាមគុណភាពរបស់វា។ ចំពោះក្រមាខ្មែរដែលមាននៅក្នុងហាងផ្ទះស្រលាញ់ គឺជាផលិតផលខ្មែរ ដូច្នេះសូមឱ្យអថិជនទាំងអស់ចូលរួមលើកស្ទួយផលិតផលខ្មែរ រៀនឱ្យតម្លៃអ្វីដែលជារបស់ខ្មែរ ព្រោះវាសុទ្ធសឹងតែបង្កើតច្នៃឡើងដោយដៃពិតៗ»

ហាង «ផ្ទះស្រលាញ់»

គួរឱ្យដឹងផងដែរថា បច្ចុប្បន្នហាងផ្ទះស្រលាញ់របស់កញ្ញា មាន សូនីតា មានផលិតផលដែលធ្វើពីក្រមាជាច្រើនមុខដូចជា រ៉ូប អាវ ខោ សំពត់ កាបូប បូចងសក់ ដង្កៀបជាច្រើនម៉ូតសម្រាប់មិត្តៗនារីជាយុវវ័យទាន់សម័យផងដែរ។

ជាពិសេសក៏មានការគាំទ្រយ៉ាងខ្លាំងពីអ្នកសិល្បៈ និងមិត្តនារីជាច្រើនទៅលើផលិតផលទាំងអស់នេះផងដែរ នៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ៕

ទស្សនារូបភាពសម្លៀកបំពាក់ព្រមទាំងសម្ភារៈប្រើប្រាស់ជាច្រើនមុខទៀត ដែលបានដាក់លក់នៅក្នុងហាង «ផ្ទះស្រលាញ់» ដែលជាជំនួញដ៏ជោគជ័យរបស់តារាសម្តែងស្រីកញ្ញា មាន សូនីតា៖ 

សម្លៀកបំពាក់ក្នុងហាង «ផ្ទះស្រលាញ់»
សម្លៀកបំពាក់ក្នុងហាង «ផ្ទះស្រលាញ់»
សម្លៀកបំពាក់ក្នុងហាង «ផ្ទះស្រលាញ់»
សម្លៀកបំពាក់ក្នុងហាង «ផ្ទះស្រលាញ់»
មួកច្នៃ ដោយមានតុបតែងម៉ូតពីក្រមា
បូកៀបសក់នៅ «ផ្ទះស្រលាញ់»
បូកៀបសក់នៅ «ផ្ទះស្រលាញ់»
កាបូប បូចងសក់ និងដង្កៀបសក់ស្អាតៗ ដែលមាននៅក្នុងហាងកញ្ញា មាន សូនីតា
ហាង «ផ្ទះស្រលាញ់» របស់កញ្ញា មាន សូនីតា សព្វថ្ងៃនេះ
ហាង «ផ្ទះស្រលាញ់» របស់កញ្ញា មាន សូនីតា សព្វថ្ងៃនេះ
តារាសម្តែងស្រីកញ្ញា មាន សូនីតា
តារាសម្តែងស្រីកញ្ញា មាន សូនីតា
តារាសម្តែងស្រីកញ្ញា មាន សូនីតា
តារាសម្តែងស្រីកញ្ញា មាន សូនីតា
តារាសម្តែងស្រីកញ្ញា មាន សូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា