ហ្សាម៉ាអ៊ីក៖ លោកយាយ Violent Brown ដែលត្រូវបានគេស្គាល់និងចាត់ទុកថា ជាមនុស្សដែលមានវ័យចំណាស់ជាងគេបង្អស់លើពិភពលោក ទីបំផុតបានទទួលមរណៈភាពហើយ នៅអាយុ១១៧ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន របស់ចក្រភពអង់គ្លេស មីរ័រ បានចុះផ្សាយកាលពីពេលថ្មីៗនេះ។

លោកយាយ Violent Brown កើតនៅថ្ងៃទី១០ មីនា ឆ្នាំ១៩០០ ។ តាមរយៈថ្ងៃខែឆ្នាំកំណើតគាត់នេះដែរ គឺត្រូវបានពិនិត្យផ្ទៀងផ្ទាត់យ៉ាងត្រឹមត្រូវបំផុត ហើយត្រូវបានគេចាត់ទុកថា ជាស្រ្តីម្នាក់ដែលមានអាយុវែងជាងគេបង្អស់ ប្រចាំប្រទេសហ្សាម៉ាអ៊ីក (Jamaica ចាម៉ាយ៍កា) ថែមទៀតផង។

ទាក់ទងនឹងការស្លាប់របស់លោកយាយ Brown ប្រភពព័ត៌មានមិនបានបញ្ជាក់លម្អិតឲ្យដឹងថា គាត់បានស្លាប់ដោយសាររោគាពាធ ឬយ៉ាងណានោះទេ។

ជាមួយគ្នានេះដែរ នាយករដ្ឋមន្រ្តីនៃប្រទេសហ្សាម៉ាអ៊ីក លោក Andrew Holness ក៏បានធ្វើការបញ្ជាក់អះអាង តាមរយៈគណនី Twitter របស់លោកផ្ទាល់ កាលពីយប់ថ្ងៃសុក្រម្សិលមិញនេះ ដើម្បីឲ្យមហាជនជាច្រើនលើពិភពលោក ជាពិសេសប្រជាជនរបស់លោកផ្ទាល់បានដឹង ឲ្យកាន់តែច្បាស់ពីការស្លាប់របស់លោកយាយ Brown ផងដែរ។

លោកបានសរសេរថា «មនុស្សចាស់ជាងគេបង្អស់លើពិភពលោករបស់យើង លោកយាយ Violent Mosse-Brown ពេលនេះបានលាចាកលោកហើយ។ លោកយាយបានស្លាប់នៅអាយុ១១៧ឆ្នាំ។ សូមឲ្យវិញ្ញាណក្ខន្ធលោកយាយ Mosse-Brown បានទៅដល់សុគតិភពផងចុះ»

លោកយាយ Violent Brown កើតនៅថ្ងៃទី១០ មីនា ឆ្នាំ១៩០០

គួរឲ្យដឹងថា លោកយាយ Brown ទើបតែត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយខាងសៀវភៅកំណត់ត្រាពិភពលោក «Guinness Book of Records» ជាប់ឈ្មោះជាមនុស្សដែលមានវ័យចាស់ជាងគេលើលោក កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧កន្លងទៅតែប៉ុណ្ណោះ។

ទោះបីជាយ៉ាងណា  កូនប្រុសលោកយាយ Brown ឈ្មោះថា Harold Fairweather អាយុ៩៦ឆ្នាំ ក៏កំពុងតែត្រូវបានគេជឿជាក់ថា អាចនឹងជាប់ឈ្មោះបន្ត ក្នុងសៀវភៅកំណត់ត្រាពិភពលោក ហើយក៏ជាកូនប្រុសម្នាក់ ដែលមានអាយុវែងជាងគេបង្អស់ក្នុងគ្រួសារ បន្ទាប់ពីលោកយាយ Brown លាចាកលោកទៅផងដែរ។

គួរឲ្យដឹងទៀតថា កាលពីលោកយាយ Brown នៅរស់ គាត់ធ្លាប់បានផ្តល់បទសម្ភាសន៍ទៅកាន់អ្នកកាសែតថា រូបគាត់រស់នៅបានអាយុវែងបែបនេះ ក៏ដោយសារមានគុណព្រះជាម្ចាស់តាមជួយថែរក្សាគាត់ ហើយគាត់ពិតជាមានមោទនភាពខ្លាំងណាស់ ចំពោះអាយុរបស់គាត់ដែលអាចជាប់ឈ្មោះក្នុងកំណត់ត្រាបាន។ លោកយាយធ្លាប់ប្រាប់ទៀតថា គាត់ចូលចិត្តបរិភោគសាច់ត្រី និងសាច់ចៀម ហើយក៏មានពេលខ្លះទៀត គាត់បរិភោគជើងគោ។ លោកយាយ Brown បញ្ជាក់ថា គាត់មិនចូលចិត្តទទួលទានសាច់ជ្រូក និងសាច់មាន់ទេ។

ក្រៅពីនេះអាហារទាំងអស់នេះ កាលនៅរស់លោកយាយ ក៏ចូលចិត្តបរិភោគដំឡូងបារាំង  ផ្លែខ្នុរ និងបន្លែផ្លែឈើជាច្រើនប្រភេទផ្សេងទៀត ជាពិសេសក្រូច និងផ្លែស្វាយផងដែរ។

គួរបញ្ជាក់បន្ថែមទៀតដែរថា លោកយាយ Brown ស្នងតំណែងជាប់ឈ្មោះក្នុងកំណត់ត្រាពិភពលោក បន្ទាប់ពីលោកយាយ Emma Morano រស់នៅក្នុងប្រទេសអ៊ីតាលី បានទទួលមរណៈភាពនៅអាយុ១១៧ឆ្នាំ និង១៣៧ថ្ងៃ (អាយុ១១៧ឆ្នាំ និងជាង៤ខែ) ៕

លើសពីនេះ គាត់ក៏ត្រូវបានគេចាត់ទុកថា ជាស្រ្តីម្នាក់ដែលមានអាយុវែងជាងគេបង្អស់ ប្រចាំប្រទេសហ្សាម៉ាអ៊ីកថែមទៀតផង
លើសពីនេះ គាត់ក៏ត្រូវបានគេចាត់ទុកថា ជាស្រ្តីម្នាក់ដែលមានអាយុវែងជាងគេបង្អស់ ប្រចាំប្រទេសហ្សាម៉ាអ៊ីកថែមទៀតផង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]