ដើម្បីអបអរខួបមួយឆ្នាំនៃកម្មវិធីភាពជាដៃគូ រវាងនិស្សិត និងMicrosoft និងកម្មវិធីយុវជន YouthSpark របស់Microsoft នៅកម្ពុជា ដែលបើកឱកាសកាន់តែច្រើនដល់យុវជនកម្ពុជាឲ្យទទួលបានការបណ្ដុះបណ្ដាលផ្នែកបច្ចេកវិទ្យា និងបច្ចេកទេស ដើម្បីអភិវឌ្ឍជំនាញឲ្យកាន់តែប្រសើរទៅថ្ងៃអនាគត

ក្រុមហ៊ុន Microsoft បានអបអរសាទរ ខួបគំរប់ ១ ឆ្នាំ នៃកម្មវិធីភាពជាដៃគូរវាងនិស្សិត និងMicrosoft (MSP) និងកម្មវិធីយុវជន YouthSpark របស់Microsoft នៅកម្ពុជា ដែលពិធីអបអរបានប្រព្រឹត្តិទៅនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

កម្មវិធីភាពជាដៃគូរវាងនិស្សិត និង Microsoft (MSP) បង្កើតឡើងក្នុងគោលបំណងបណ្ដុះជំនាញបច្ចេកវិទ្យាដល់ យុវជន តាមរយៈការផ្ដល់មូលដ្ឋានមួយសម្រាប់បង្កើតសហគមន៍របស់និស្សិតផ្ដោតលើបច្ចេកវិទ្យា ក៏ដូចជាការផ្ដល់ជូនការបណ្ដុះបណ្ដាល និងធនធានថ្មីៗបំផុត ។ នេះគឺជាគំនិតផ្តួចផ្តើមរួមគ្នាជាមួយនឹងអង្គការមិនរកប្រាក់ចំណូល ឈ្មោះថា STEM Cambodia ដែលក្នុងនោះ ក្រុមហ៊ុន Microsoft បានជ្រើសរើសនិស្សិតពូកែៗចំនួន ៥៤ នាក់ មកពីវិទ្សាស្ថានចំនួន ១០ នៅទីក្រុងភ្នំពេញ ក្នុងរយៈកាលមួយឆ្នាំមកនេះ ដើម្បីទទួលបានការបណ្ដុះបណ្ដាលផ្នែកបច្ចេកទេសស្ដីពីភាសាលើការផលិតកម្មវិធី (Programming) និងកម្មវិធីផ្សេងទៀតដូចជា Xamarin និង ASP.net ។ និសិ្សតទាំងនោះក៏មានឱកាស អភិវឌ្ឍភាពជំនាញភាពជាអ្នកដឹកនាំ ជំនាញទំនាក់ទំនង និងជំនាញគ្រប់គ្រងគម្រោង ក្នុងពេលចូលរួមវគ្គសិក្សានៃកម្មវិធីនេះ។ ក្នុងនាមជាទូត របស់ក្រុមហ៊ុន Microsoft តំណាងឲ្យសាលារៀនពួកគេម្នាក់ៗ កម្មវិធី MSP បានរៀបចំព្រឹត្តិការណ៍ និងសិក្ខាសិលានានា ហើយបានបង្កើតសហគមន៍បច្ចេកវិទ្យាដ៏សកម្មមួយយ៉ាងជោគជ័យ ដែលមាននិស្សិតជាង ៧០០នាក់ នៅក្នុងសហគមន៍នោះ។

យោងទៅតាម លោកAllen Dodgson Tan នាយកគ្រប់គ្រងអង្គការ STEMកម្ពុជា បានមានប្រសាសន៍ថា៖ “កម្មវិធី MSP របស់ Microsoft គឺកំពុងតែជួយបំពាក់បំប៉នជំនាញសំខាន់ជាសកល ដល់វិស័យព័ត៌មានវិទ្យាដែលកំពុងលូតលាស់នៅកម្ពុជា ។ កម្មវិធីនេះបានផ្ដល់ឱកាសពិសេស សម្រាប់និស្សិតដែលពាក់ព័ន្ធ ហើយជាលទ្ធផលនឹងលើកកម្ពស់ជំនាញនៅក្នុងវិស័យនេះទាំងមូល”។

Dalya Limchan ដែលស្ថិតក្នុងកម្មវិធី MSP បានបន្ថែមថា៖ “នេះជាកម្មវិធី ដែលបណ្តុះនិស្សិតឲ្យមានគំនិតច្នៃប្រឌិតថ្មី និងផ្តល់ឱកាសដល់ពួកយើងដើម្បីបានអភិវឌ្ឍជំនាញបច្ចេកទេស និងជំនាញគិត ។ យើងត្រូវបានផ្តល់ថាមពល ដើម្បីត្រៀមខ្លួនសម្រាប់អាជីពការងារទៅថ្ងៃអនាគត”។ ជួយឲ្យយុវជនទាំងអស់ត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគត។

កម្មវិធី YouthSpark របស់ Microsoft ដែលអនុវត្តទូទាំងសកលលោក គឺមានគោលបំណងជួយឲ្យយុវជនទាំងអស់ត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគត តាមរយៈការផ្តល់ឲ្យពួកគេនូវជំនាញគិតបែបឌីជីថល និងបែបកុំព្យូទ័រ ដែលជំនាញទាំងនេះគឺជាធាតុសំខាន់សម្រាប់អនុញ្ញាតឲ្យពួកគេទទួលបានភាពជោគជ័យ ក្នុងបរិបទសេដ្ឋកិច្ចដែលមានកំណើនតាមរយៈវិស័យបច្ចេកវិទ្យា និងជួយឲ្យពួកគេបានក្លាយជាអ្នកបង្កើតថ្មី និងជាកម្លាំងចលករសម្រាប់កំណើនអភិវឌ្ឍន៍នៅក្នុងសហគមន៍របស់ខ្លួន តាមរយៈធនធាន និងបរិក្ខារដែលបានផ្ដល់ជូន ។

ក្នុងរយៈកាលមួយឆ្នាំមកនេះ ក្រុមហ៊ុន Microsoft បានកំពុងតែសហការជាមួយអង្គការមិនរកប្រាក់ចំណូលនានានៅប្រទេសកម្ពុជា ដើម្បីជួយរៀបចំឲ្យយុវជនមានការងារធ្វើនៅក្នុងសេដ្ឋកិច្ចបែបឌីជីថល។ ក្នុងនោះរួមមាន៖

• អង្គការមូលនិធិកុមារកម្ពុជា (CCF)៖ ពង្រីកការអប់រំបែបឌីជីថល ដែលមានគុណភាពខ្ពស់ រាប់ចាប់ពីការអប់រំផ្នែកអក្ខរកម្មមូលដ្ឋាន រហូតដល់ការណែនាំឲ្យស្គាល់អំពីវិទ្យាសាស្ត្រកុំព្យូរទ័រដល់កុមារជាង ១៧០០ នាក់នៅក្នុងតំបន់ក្រីក្រ ស្ថិតនៅស្ទឹងមានជ័យ។

• អង្គការមិត្តសំឡាញ់អន្តរជាតិ (Friends-International)៖ ផ្តល់ការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យា និងផលិតភាព ដល់យុវជនដែលបាត់បង់ឱកាសចំនួន ៣០០ នាក់ នៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប ដើម្បីកាត់ផ្ដាច់វដ្ដនៃភាពក្រីក្រពីមួយជំនាន់ទៅមួយជំនាន់។

• អង្គការ Passerelles Numériques៖ ការផ្តល់ច្រកចេញពីភាពក្រីក្រ តាមរយៈការបណ្តុះបណ្តាលថ្នាក់បច្ចេកទេស រយៈពេល ២ឆ្នាំ សម្រាប់ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតចំនួន ២០០ នាក់ នៅតាមមណ្ឌលចំនួនបីក្នុងប្រទេសកម្ពុជា ប្រទេសវៀតណាម និងប្រទេសហ្វីលីពីន។

លោក Nicky Ward អ្នកគ្រប់គ្រងផ្នែកជំនួយ នៃអង្គការ CCF បានមានប្រសាសន៍ថា៖ “គោលបំណងរួមរបស់យើង គឺបង្កើតសង្គមមួយ ដែលមានសុវត្ថិភាព និងឯករាជ្យ ដែលផ្ដល់លទ្ធភាពដល់មនុស្សជំនាន់ក្រោយៗមានភាពម្ចាស់ការលើខ្លួនឯងផ្នែកសេដ្ឋកិច្ច គិតគូដល់សហគមន៍ និងជាអ្នករួមចំណែកយ៉ាងសកម្មដល់ការរស់នៅក្នុងប្រទេសកម្ពុជា។ តាមរយៈភាពជាដៃគូជាមួយកម្មវិធីសប្បុរសធម៌របស់ Microsoft យើងអាចផ្តល់ការអប់រំឌីជីថល ដែលមានគុណភាពខ្ពស់ និងមានសារៈសំខាន់ ដល់យុវជន ដើម្បីឲ្យពួកគេសម្រេច បាននូវសក្ដានុពលពេញលេញរបស់ខ្លួន និងក្លាយជាកាតាលីករមួយដើម្បីសម្រេចបាននូវគោលដៅផ្សេងទៀត ដូចជាការកាត់បន្ថយភាពក្រីក្រ ការជម្រុញឱកាសការងារ និងការលើកកម្ពស់វិបុលភាពសេដ្ឋកិច្ច”។

នៅពេលនេះ កម្មវិធី Microsoft YouthSpark បានឈានចូលដល់ឆ្នាំទីពីរហើយ ហើយក្រុមហ៊ុន Microsoft នឹងបន្តពង្រីកការងាររបស់ខ្លួននៅប្រទេសកម្ពុជា ដើម្បីជួយបំពេញតម្រូវការផ្នែកអភិវឌ្ឍវិស័យអប់រំ និងសេដ្ឋកិច្ច និងផ្តល់អំណាចដល់សហគមន៍ដើម្បីសម្រេចបានជោគជ័យកាន់តែច្រើនថែមទៀត ។ តាមរយៈកម្មវិធី ការតបស្នងរបស់បុគ្គលិក (Employee Giving Program) ក្រុមស្ម័គ្រចិត្តបានធ្វើដំណើរមកកាន់រាជធានីភ្នំពេញ នៅថ្ងៃទី ២១ ដល់ ២២ សីហា ឆ្នាំ ២០១៧ និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍនផ្នែកឌីជីថលរបស់អង្គការ CCF ។ ដោយការប្រើប្រាស់កម្មវិធី cloud ដូច្នេះ អង្គការ CCF នឹងមានចំណេះដឹង និងឧបករណ៍កាន់តែប្រសើរឡើង ដើម្បីបំពេញបេសកកម្មរបស់ខ្លួនកាន់តែប្រសើរជាងមុន ក្នុងការផ្លាស់ប្តូរកុមារក្រីក្របំផុតរបស់ប្រទេសនេះឲ្យមានឱកាសក្លាយជាមេដឹកនាំទៅថ្ងៃអនាគត ។ អ្នកស្រី Rena Chai អគ្គនាយកផ្នែកទីផ្សារ និងប្រតិបត្តិការ សម្រាប់ទីផ្សារថ្មីនៅតំបន់អាស៊ីអាគ្នេយ៍ របស់ក្រុមហ៊ុន Microsoft មានប្រសាសន៍ថា៖ “យុវជនទាំងអស់គួរតែមានឱកាសរៀនជំនាញ ដែលចាំបាស់ សម្រាប់បានចូលរួមនៅក្នុងពិភពលោកដែលចេះតែវិវត្ត ដោយសារបច្ចេកវិទ្យា ។ យើងធ្វើការជាមួយអង្គការមិនរកប្រាក់ចំណូល នៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើនសមត្ថភាពរបស់កុមារ និងយុវជន ក្នុងការទទួលអត្ថប្រយោជន៍ពីជំនាញឌីជីថល និងផ្ដល់លទ្ធភាពដល់យុវជនកម្ពុជា គ្រប់រូបដើម្បីឲ្យសម្រេចបាននូវសមិទ្ធផលកាន់តែច្រើន”។

លោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ ព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមក្នុងព្រឹត្តិការណ៍អបអរផងដែរនោះ បានថ្លែងថា៖ “ជំនាញបែបនេះមានសារៈសំខាន់ណាស់ក្នុងការជួយប្រទេសកម្ពុជាឱ្យអភិវឌ្ឍសេដ្ឋកិច្ចកាន់តែរឹងមាំ និងទំនើបជាងមុន។ កាលណា យុវជនដែលមានជំនាញឌីជីថល ជាពិសេសជំនាញព័ត៌មានវិទ្យា និងវិទ្យសាស្ត្រកុំព្យូទ័រ មានចំនួនកាន់តែច្រើនឡើង នោះសេដ្ឋកិច្ចកម្ពុជាក៏កាន់តែមានសមត្ថភាពប្រកួតប្រជែងកាន់តែខ្លាំងផងដែរទៅថ្ងៃអនាគត ។ ក្រុមហ៊ុន Microsoft កំពុងជួយដោះស្រាយបញ្ហាធំៗ តាមរយៈការកាត់បន្ថយគម្លាតនៃជំនាញបច្ចេកទេស កំពុងជួយធ្វើសមាហរណកម្មកម្ពុជាទៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា និងលើកកម្ពស់ឱកាសរបស់និស្សិត ក្នុងការស្វែងរកការងារល្អៗ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សា។ ក្រុមហ៊ុន Microsoft កំពុងចូលរួមចំណែកដោយផ្ទាល់ក្នុងការជួយធានាកសាងអនាគតរបស់យុវជនកម្ពុជា” ។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងកម្មវិធីភាពជាដៃគូរវាង និងនិស្សិត និង Microsoft នៅកម្ពុជា សូមចូលមកកាន់ https://www.facebook.com/microsoft.cambodia/។ ឧទាហរណ៍ជាច្រើន ដែលបង្ហាញឲ្យឃើញ ក្រុមហ៊ុន Microsoft កំពុងជួយមនុស្សគ្រប់រូបឲ្យសម្រេចបាននូវក្ដីប្រាថ្នា និងសក្ដានុពលផ្នែកបច្ចេកវិទ្យា មាននៅទីនេះ http://www.microsoft.com/en-us/philanthropies/impactletter.aspx ។ អំពីក្រុមហ៊ុន Microsoft

ក្រុមហ៊ុន Microsoft (ផ្សារហ៊ុន Nasdaq “MSFT” @microsoft) គឺជាក្រុមហ៊ុនឈានមុខគេក្នុងការបង្កើតកម្មវិធីកុំព្យូទ័រ និងដំណោះស្រាយផលិតភាព នៅក្នុងយុគសម័យទំនើប នៃទូរស័ព្ទចល័ត និងសេវាអ៊ីនធឺណិត ។ បេសកកម្មរបស់ក្រុមហ៊ុន គឺសំដៅលើកម្ពស់បុគ្គល និងស្ថាប័នទាំងអស់នៅលើពិភពលោក ឲ្យសម្រេចបានកិច្ចការងារកាន់តែច្រើន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]