** ប្រលោមលោកខ្មែរឡូត **

« កូនអ្នកមាន  ប្រុសស្អាត អ្នកប្រុសប្ញកធំ  បុរសដុំថ្ម » វាបានក្លាយទៅជារហ័ស្សនាមដែលគ្រប់គ្នានៅសាលាដាក់ឱ្យខ្ញុំ។ ខ្ញុំជាមនុស្សដែលចូលចិត្តភាពស្ងប់ស្ងៀម មានភាពផ្ទាល់ខ្លួនខ្ពស់ និងមិនចង់ឱ្យអ្នកណាមកបំពានភាពស្ងប់ស្ងាត់របស់ខ្ញុំឡើយ។ ពេលខ្លះខ្ញុំអាចជាមនុស្សដែលនិយាយលេងសើចច្រើនបំផុត ពេលខ្លះខ្ញុំក៏ជាមនុស្សប្រុសដែលសោះកក្រោះបំផុតដែរ។ មានរឿងជាច្រើនដែលខ្ញុំមិនចង់និយាយ ឬបង្ហាញប្រាប់អ្នកណាម្នាក់នោះទេ វាជាជីវិតដែលខ្ញុំមិនចង់រម្លឹក ព្រោះវាធ្វើឱ្យខ្ញុំឈឺចាប់បំផុតដែលមិនអាចរកពាក្យធ្វីមកកាត់ថ្លៃបាន។

« កូនអ្នកមាន? » ពាក្យនេះធ្វើឱ្យខ្ញុំអស់សំណើចនៅក្នុងចិត្តជាច្រើនលើកច្រើនសារ ពេលដែលឮពួកគេនិយាយខ្សឹបខ្សៀវគ្នាបែបនេះ។ បើខ្ញុំជាអ្នកមានខ្ញុំប្រាកដជាមិនបាច់កើតទុក្ខ បើខ្ញុំជាអ្នកមានខ្ញុំប្រាកដជាមិនបាច់ក្លាយជាមនុស្សស្ងៀមស្ងាត់ បើខ្ញុំជាអ្នកមានខ្ញុំប្រាកដជាមិនបាច់ខំរកការងារគ្រប់ទីកន្លែងដើម្បីគ្រួសារនោះទេ។ ភាពក្រក្រីក៏វាមិនស្មើនឹងការខ្វះភាពកក់ក្តៅនៅក្នុងគ្រួសារដែរ។

« គ្រួសារ? » ពាក្យគ្រួសារការពិតវាជាទីកន្លែងដ៏សុខសាន្ត និងមានសុភមង្គលដ៏អស្ចារ្យរបស់ខ្ញុំ តែហេតុអ្វីពេលដែលនិយាយពាក្យនេះចេញម្តងៗខ្ញុំឈឺចាប់ខ្លាំងម៉្លេះ មានអារម្មណ៍ថាវេទនាខ្លាំងម្ល៉េះ ? ពេលខ្លះខ្ញុំឆ្ងល់ ខ្ញុំតូចចិត្ត ហេតុអ្វីវាសនាមិនតម្រូវឱ្យខ្ញុំកើតមកនៅក្នុងគ្រួសារល្អ គ្រួសារធូរធារដូចគេដូចឯង? ហេតុអ្វីមិនអាចឱ្យខ្ញុំរស់នៅស្រួលជាងនេះបន្តិច មានសុភមង្គលជាងនេះបន្តិច ហើយនឹងអាចរកលុយបានច្រើនជាងនេះ ខ្ញុំប្រាកដជាមិនឱ្យម៉ែលំបាកទៀតទេ។ មែនហើយ ម៉ែជាមនុស្សស្រីម្នាក់នៅក្នុងជីវិតដែលខ្ញុំស្រលាញ់ និងគិតគូជាងអាយុជីវិតរបស់ខ្ញុំទៅទៀត។ ម៉ែជានារីម្នាក់ដែលពូកែ រឹងមាំ និងពូកែអត់ទ្រាំបំផុត។ ម៉ែធ្វើអ្វីគ្រប់យ៉ាងដើម្បីចិញ្ចឹមកូនៗទាំងអស់ទាំងត្រដាបត្រដួស តែពួកយើងនៅតែក្រ។ ក្ររហូតដល់សូម្បីតែសាច់ញាតិខ្លួនឯងក៏មើលងាយពួកយើង ស្អប់យើង មិនចង់រាប់រកយើងសូម្បីតែម្នាក់។ កើតជាអ្នកក្រជាកំហុសមួយទៅហើយ ហើយរឹតតែឈឺចាប់នោះគឺមនុស្សប្រុសដែលមិនបានការម្នាក់ឈ្មោះថាប៉ា។ ដឹងទេថាខ្ញុំស្អប់ប៉ារបស់ខ្ញុំប៉ុណ្ណា? អត់ទេ! ការពិតខ្ញុំមិនបានស្អប់ប៉ាទេ ដែលខ្ញុំនិយាយសម្តីមិនល្អដាក់ប៉ា ស្រែកដាក់ប៉ាព្រោះតែខ្ញុំគ្រាន់តែចង់ឱ្យប៉ាដឹងខ្លួន ប៉ាភ្ញាក់ខ្លួន ចេះស្រលាញ់ និងចេះគិតគូពីប្រពន្ធកូនខ្លះ។ ប៉ាដឹងថារាល់ថ្ងៃថាប៉ាជាមនុស្សបែបណាអត់? តើប៉ាមានដឹងអត់ថាតាំងពីខ្ញុំកើតមករហូតដល់សព្វថ្ងៃប៉ាទុកម៉ែកូនយើងជាអ្វីដែលឬអត់? គឺវាមិនស្មើសម្រាមដែលគេបោះបង់ចោលផង។ ប៉ាមិនដែលបានបំពេញភារកិច្ចជាប៉ាល្អ ប៉ាមិនដែលបំពេញភារកិច្ចជាប្តីល្អ បង្ហាញជំហររឹងមាំនិងមានទំនួលខុសត្រូវចំពោះគ្រួសារនោះទេ។ តែបើនិយាយពីរឿងពូកែអួត ក្អេងក្អាង ធ្វើឱ្យម្តាយកូនយើងទទួលរងតែទឹកភ្នែក និងបំផ្លាញទ្រព្យសម្បត្តិគ្រួសារពួកយើងប៉ាពូកែខ្លាំងណាស់។

តាំងពីកើតមកខ្ញុំមិនដែលស្គាល់ការស្រលាញ់ថ្នាក់ថ្នមពីប៉ាបង្កើតទេ ប៉ាស្រលាញ់និងគិតគូរពីអ្នកដទៃជាងគ្រួសាររបស់ខ្លួនឯងទៅទៀត។ ខ្ញុំមិនដែលមានជីវិតដែលរីករាយដូចគេឯទៀតទេ ខ្ញុំគ្រាន់តែក្មេងម្នាក់ដែលកើតមកទទួលរងនូវការឈឺចាប់បែបនេះ។ ពេលខ្លះខ្ញុំសំឡឹងមើលឃើញគ្រួសារគេជួបជុំគ្នា ចេះស្រលាញ់គ្នា សើចសប្បាយពេញដោយសុភមង្គល ខ្ញុំមានអារម្មណ៍ថាតូចចិត្តណាស់ ច្រណែនគេណាស់ ព្រោះវាជាអ្វីដែលខ្ញុំមិនដែលបានទទួលទាល់តែសោះ ទោះចង់ឱ្យវាកើតឡើងដូចគេក៏វាទៅមិនរួចព្រោះវាសនាចារឱ្យទទួលនូវស្ថានភាពបែបនេះតាំងពីកើតមកទៅហើយ។

បែបនេះហើយអ្វីៗគ្រប់យ៉ាងបន្ទុកសព្វបែបយ៉ាងបានធ្លាក់ទៅលើមនុស្សស្រីកម្សត់ម្នាក់ដែលមានឈ្មោះថាជាប្រពន្ធផង និងម្តាយផងត្រូវរ៉ាប់រងម្នាក់ឯងទាំងឈឺទាំងជា។ តើឱ្យជីវិតរបស់ខ្ញុំមានភាពសប្បាយរីករាយដូចគេដូចឯងដូចម្តេចទៅ? មនុស្សគ្រប់គ្នាអាចមើលឃើញស្នាមញញឹមរបស់ខ្ញុំ សំឡេងសើចក្អាកក្អាយរបស់ខ្ញុំតែនៅខាងក្រៅ តែអ្នកទាំងអស់គ្នាមិនបានឃើញពIភាពឈឺចាប់ ក្រៀមក្រំតូចចិត្តដែលនៅក្នុងខ្លួនរបស់ខ្ញុំទេ។ រាល់ថ្ងៃខំទ្រាំរឿងរ៉ាវសព្វបែបយ៉ាងមិនថាបញ្ហាគ្រួសារ បញ្ហាជីវភាព និងសម្ពាធគ្រប់បែបយ៉ាងពីមនុស្សនៅជុំវិញខ្លួនរបស់ខ្ញុំ ទាំងការជេរស្តី ប្រមាថ មើលងាយ មើលថោករាប់មិនអស់ តែទោះជាយ៉ាងណាខ្ញុំនៅតែជំនះ ស៊ូទ្រាំ រក្សាជំហររឹងមាំ ព្យាយាមលាក់អារម្មណ៍ខ្លួនឯងទាំងក្តៅត្រជាក់មិនឱ្យអ្នកណាម្នាក់គេដឹង ប្រៀបបីដូចជាដុំថ្មមួយដុំដែលរឹងមាំ និងឯកាបំផុត។ ទោះឈឺចាប់ ទោះតូចចិត្ត ទោះខឹងអ្នកណាម្នាក់ក៏ដោយមានតែអត់ទ្រាំ ខាំមាត់សង្កត់ចិត្ត សំងំកើតទុក្ខ បៀមរាល់ការឈឺចាប់តែម្នាក់ឯងទៅចុះ ចង់គេនិយាយអីថាអី ពេបជ្រាយក៏ស្រេចតែគេទៅចុះ។ បែបនេះហើយទោះជាមានរឿងអីក៏ដោយ ខ្ញុំក៏មិនចង់ឱ្យអ្នកណា មកនិយាយពីក្រោយខ្នងខ្ញុំឡើយ សើច យំ ទុក្ខព្រួយអីជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំមិនចង់ឱ្យអ្នកដទៃដឹងឮនោះទេ។  

រូបតំណាង

ជីវិតអើយជីវិត! ហេតុអ្វីចេះតែជួបបញ្ហាមិនចេះចប់មិនចេះហើយបែបនេះ ? ឆាកល្ខោនជីវិតហេតុអ្វីមិនចេះចប់ដូចរឿងគេទៅ? ហេតុអ្វីបានជាវាចេះតែលោតពីភាគមួយទៅភាគមួយពោរពេញដោយក្តីឈឺចាប់បែបនេះ។ បើមានជាតិក្រោយពិតមែនខ្ញុំសុំប្រាថ្នាមានគ្រួសារមួយដែលពេញលេញដូចគេ មានម៉ាក់ប៉ាដែលស្រលាញ់គ្នា ស្រលាញ់កូនៗ មានទំនួលខុសត្រូវ មានសាច់ញាតិ មិត្តភក្តិនិងមនុស្សជុំវិញខ្លួនដែលល្អៗ រាប់អានគ្នាដោយស្មោះ មានគុណធម៌ មានចិត្តបុណ្យ មានមេត្តាធម៌ ចេះគោរព ស្រលាញ់និងឱ្យតម្លៃគ្នាទៅវិញទៅមក។ ប៉ុន្តែធ្វើម៉េចជាតិនេះហួសទៅហើយ មានតែទទួលស្គាល់ការពិត លួចផ្តល់កម្លាំងចិត្តឱ្យខ្លួនឯងថាត្រូវអត់ទ្រាំ ស៊ូៗ ផ្លូវនៅខាងមុខមើលមិនឃើញទេ មានតែដៃទាំងគូ និងជើងទាំងគូស្រវាស្រទេញដើរឆ្ពោះទៅអនាគតដែលល្អ ព្រោះខ្ញុំមិនចង់ឱ្យអ្នកណាមកមើលងាយ និន្ទាគ្រួសាររបស់ខ្ញុំ និងខ្ញុំទេ។ ខ្ញុំជឿជាក់លើការតាំងចិត្ត និងការតស៊ូរបស់ខ្ញុំថាខ្ញុំនឹងអាចធ្វើបាន។ ទោះជាតូចចិត្តនឹងវាសនារបស់ខ្លួនឯង អស់សង្ឃឹមចំពោះរឿងរ៉ាវអាក្រក់ដែលកន្លង និងកំពុងតែកើតឡើងក៏ដោយ ខ្ញុំជឿជាក់ថាខ្ញុំប្រាកដជាអាចឆ្លងកាត់បានដោយជោគជ័យ និងមោទនភាព៕

.........................................................

សៀវភៅកំណត់ហេតុដែលសរសេរចេញមក ពោរពេញដោយការឈឺចាប់របស់មនុស្សម្នាក់ បានធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែកមិនដឹងជាលើកទីប៉ុន្មានទេ រាល់ពេលដែលលើកវាមកអានម្តងៗ។ ខ្ញុំតែងតែទុកសៀវភៅមួយក្បាលនេះនៅទីកន្លែងសម្ងាត់មួយ និងមិនដែលនិយាយប្រាប់អ្នកណាពីទំហំការឈឺចាប់មួយនេះទេ។ ខ្ញុំថែរក្សាវាស្មើនឹងរបស់មានតម្លៃរបស់ខ្ញុំ ព្រោះខ្ញុំដឹងថាក្រៅពីរឿងរ៉ាវឈឺចាប់ដែលមិនធ្លាប់ប្រាប់អ្នកណា សៀវភៅនេះក៏បញ្ជាក់ពីការទុកចិត្តរបស់មនុស្សម្នាក់នោះដែលហ៊ានប្រគល់ឱ្យខ្ញុំ។ ខ្ញុំពិតជាចង់សុំទោសគេរាល់គ្រប់រឿងរ៉ាវដែលខ្ញុំធ្លាប់បានធ្វើឱ្យគេឈឺចាប់ សុំទោសដែលពេលខ្លះពាក្យសម្តី និងការលេងសើចដោយគ្មានបំណងអាក្រក់របស់ខ្ញុំប្រែក្លាយទៅជាការមើលងាយគេ ដែលវាជាអ្វីដែលគេធ្លាប់ទទួលការឈឺចាប់កន្លងមក។ សុំស្អប់ខ្លួនឯង ខ្ញុំខឹងខ្លួនឯង ដែលមនុស្សដែលគេខំទុកចិត្តដូចជាខ្ញុំ ប្រែក្លាយទៅជាមនុស្សម្នាក់នៅក្នុងចំណោមមនុស្សអស់ទាំងនោះដែលធ្វើបាបផ្លូវចិត្តរបស់គេ។ ខ្ញុំចង់សុំទោស សុំទោស ១លានដង តែខ្ញុំដឹងថាអ្វីដែលខ្ញុំនិយាយ អ្វីដែលខ្ញុំបានធ្វើកន្លងមកហើយមិនអាចប៉ះប៉ួវនូវស្នាមដំបៅឈឺចាប់នៅក្នុងចិត្តរបស់គេឡើយ។ ខ្ញុំពិតជាចង់ស្តាប់ និងឮពាក្យចេញពីមាត់របស់គេថា គេមិនខឹង មិនស្អប់ និងព្រមអភ័យទោសដល់ខ្ញុំខ្លាំងណាស់។ ប៉ុន្តែពេលនេះមនុស្សម្នាក់នោះទៅបាត់ហើយ ហើយគេក៏មិនចង់ជួបមុខខ្ញុំទៀតដែរ។ ខ្ញុំពិតជាស្តាយក្រោយណាស់ តើមានអ្វីដែលខ្ញុំអាចធ្វើឱ្យមិត្តម្នាក់នោះត្រលប់មករកខ្ញុំវិញទៅ?

ពីមិត្តសម្លាញ់របស់អ្នក!

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]