ពេលដែលអ្នកមិនទាន់មានស្នេហាអ្នកប្រាកដជាគិតថាជីវិតរបស់អ្នកមានសេរីភាព និងរីករាយក្នុងជីវិតនៅលីវរបស់អ្នក។ ប៉ុន្តែពេលដែលអ្នកស្រលាញ់អ្នកណាពិតប្រាកដហើយនោះ អ្នកប្រាកដជាយល់ឃើញថា ការពិតជីវិតដែលមានដៃគូទើបហៅថាជីវិតដែលពេញលក្ខណៈ។ ប៉ុន្តែស្នេហាតែងតែមានឧបសគ្គ ដូច្នេះមានតែការតស៊ូ ប្រឹងប្រែង អត់ធន់ជាមួយគ្នាទើបធ្វើឱ្យស្នេហារបស់អ្នកនៅគង់វង្សយូរអង្វែងបាន។

ខាងក្រោមនេះជាពាក្យសន្យាដែលដៃគូទាំងឡាយគួរតែផ្តល់ឱ្យគ្នាទៅវិញទៅមក និងអនុវត្តឱ្យបានផងដែរ៖   

ពាក្យសន្យាដែលគូស្នេហ៍ទាំងឡាយគួរផ្តល់ឱ្យគ្នាទៅវិញទៅមកដើម្បីរក្សាចំណងស្នេហាឱ្យនៅគង់វង្សយូរអង្វែង

១.សន្យាថានឹងស្តាប់គ្នាទៅវិញទៅមក

ការប្រាស្រ័យទាក់ទងគ្នាគឺជាចំណុចចាប់ផ្តើមរឿងរ៉ាវជាច្រើននៅក្នុងជីវិតមនុស្សយើង រួមទាំងទំនាក់ទំនងនៃសេចក្តីស្នេហាផងដែរ។ បើយើងចង់ឱ្យអ្នកដទៃស្តាប់នូវអ្វីដែលយើងចង់និយាយ យើងត្រូវតែរៀនធ្វើចិត្តស្តាប់អ្នកដទៃនិយាយដែរ។ ការយល់ពីគ្នា ការស្តាប់គ្នាទៅវិញទៅមក នឹងនាំឱ្យស្នេហារបស់អ្នកកាន់តែរឹងមាំ។ បើសិនជាអ្នកមិនចេះស្តាប់គ្នា និងសម្របសម្រួលគ្នានូវរឿងដែលមិនពេញចិត្តទេ នោះវានឹងផ្តល់ផលអវិជ្ជមានដល់ស្នេហាអ្នកជាមិនខាន។

២.សន្យាថានឹងរៀនយល់ពីគ្នា

រឿងរ៉ាវស្នេហានេះជារឿងមួយដែលពិបាកនឹងគិត និងយល់ខ្លាំងណាស់ ជាពិសេសអ្នកដែលមិនធ្លាប់គិតអំពីការមានស្នេហាដ៏ច្បាស់លាស់មួយពីមុនមក។ មានរឿងរ៉ាវជាច្រើនដែលត្រូវតែរៀនស្វែងយល់ពីគ្នា ដូចជាការរៀនសម្របខ្លួន ការរៀនរស់នៅ ឬប្រើជីវិតរួមគ្នាជាដើម។ ការចាប់ផ្តើមតែងតែមានកំហុស ប៉ុន្តែការរៀនអត់ទោស និងការរៀនយល់ពីគ្នាឱ្យបានកាន់តែច្រើន ជឿចុះថាចំណងស្នេហារបស់អ្នកនឹងរលូនទៅមុខជាមិនខាន។

៣. សន្យាឱ្យអ្នកធ្វើជាខ្លួនអ្នក

នៅក្នុងចំណងស្នេហា មិនមែនជាការតម្រូវឱ្យខ្លួនអ្នកផ្លាស់ប្តូរ ឬក៏ចង់ឱ្យអ្នកណាម្នាក់ផ្លាស់ប្តូរដើម្បីអ្នកនោះទេ។ ត្រូវរៀនទទួលស្គាល់ការពិត និងអ្វីគ្រប់យ៉ាងដែលដៃគូរបស់អ្នកមានដូចពាក្យគេនិយាយថា «ស្រលាញ់ខ្ញុំព្រោះខ្ញុំគឺជាខ្ញុំ កុំស្រលាញ់ខ្ញុំព្រោះតែចង់ឱ្យខ្ញុំក្លាយទៅជាអ្នកដទៃ» ។  ចរិតពីធម្មជាតិរបស់គេបែបណា ក៏បណ្តោយគេទៅ ព្រោះតាំងពីដំបូងបើយើងមិនពេញចិត្តនូវអ្វីដែលដៃគូមាននោះទេ ទៅស្រលាញ់គេធ្វើអី? ដូច្នេះបណ្តោយឱ្យគេធ្វើអ្វីដែលជាចរិតពិតរបស់គេទៅ តែបើសិនជាមានកំហុសគួរតែចេះកែតម្រូវគ្នាទើបជាការប្រសើរ។ 

ពាក្យសន្យាដែលគូស្នេហ៍ទាំងឡាយគួរផ្តល់ឱ្យគ្នាទៅវិញទៅមកដើម្បីរក្សាចំណងស្នេហាឱ្យនៅគង់វង្សយូរអង្វែង

៤. សន្យាថានឹងឱ្យអ្នកធ្វើអ្វីដែលអ្នកប្រាថ្នា

ទោះបីជាអ្នកស្ថិតនៅក្នុងចំណងស្នេហាក៏ដោយ ប៉ុន្តែម្នាក់ៗក៏មានសិទ្ធិបុគ្គល និងសេរីភាពផ្ទាល់ខ្លួនដែរ។ កុំចង់ចងជើងអ្នកណាម្នាក់ឱ្យធ្វើអ្វីតាមដែលខ្លួនចង់បាន។ មនុស្សម្នាក់ៗមានក្តីស្រមៃ មានសុបិនដែលចង់សម្រេច និងរឿងរ៉ាវផ្សេងៗដែលពួកគេប្រាថ្នា។ ដូច្នេះអ្នកគួរតែនៅពីក្រោយខ្នងគាំទ្រ ផ្តល់កម្លាំងចិត្ត ជំរុញទឹកចិត្ត លើកទឹកចិត្ត ផ្តល់យោបល់និងជួយគំនិតដោះស្រាយរាល់ពេលដៃគូមានឧបសគ្គទើបជាការល្អ។ ថាមិនត្រូវការប្រឹងប្រែងរបស់គេអាចមានលទ្ធផលល្អដល់ជីវិត អនាគតរបស់អ្នក និងគ្រួសារអ្នកផងក៏ថាបាន។

៥.សន្យាថានឹងរស់នៅរួមគ្នា

ពេលដែលអ្នកមានស្នេហា មានដៃគូ ឬមានគ្រួសារ ជីវិតអ្នកមិនមែនមានតែម្នាក់ឯងនោះទេ។ ដូច្នេះរាល់កិច្ចការ ការសម្រេចចិត្តនានាគួរតែចេះសួរយោបល់គ្នាទៅវិញទៅមក។ ការនិយាយគ្នា ពិភាក្សាគ្នាមិនមែនជារឿងមិនល្អនោះទេ អ្នកអាចមានមនុស្សដែលជួយផ្តល់កម្លាំងចិត្ត ផ្តល់ក្តីសង្ឃឹម ជួយគិតផ្តល់គំនិត ស្វែងរកតម្រូវការដែលចង់បាន ថែមទាំងអាចរកវិធីដែលជួយពង្រឹងទំនាក់ទំនងឱ្យកាន់តែរឹងមាំល្អថែមទៀតផង។

៦.សន្យាថានឹងរកពេលវេលានៅជាមួយគ្នា

ក្នុងជីវិតមនុស្សរាល់គ្នាតែងតែមានការរវល់រៀងខ្លួន តែបើអ្នកមិនរិះរកពេលវេលាទេ នោះអ្នកនឹងរវល់រហូត។ មិនថាការងាររវល់យ៉ាងណា ពេលវេលានៅជាមួយមនុស្សជាទីស្រលាញ់នៅតែសំខាន់ជាង។ ទោះជាឆ្លៀតពេលត្រឹមតែប៉ុន្មាននាទីជួបមុខគ្នា ញ៉ាំអាហារ ឬមើលកុន វាក៏ប្រសើរជាងទុកមនុស្សដែលខ្លួនស្រលាញ់ចោលដែរ។ កុំភ្លេចថាបើអ្វីដែលកន្លងហួសហើយ អ្នកមិនអាចទាញពេលវេលាត្រលប់ក្រោយឡើយ។

៧.សន្យាថាជួយគ្នាទៅវិញទៅមក

គូស្នេហ៍ដែលមិនល្អនោះគឺគូស្នេហ៍ដែលប្រចាំការងារគ្នាទៅវិញទៅមក។ ដូច្នេះពេលដែលអ្នកស្ថិតនៅក្នុងចំណងស្នេហា ឬប្តីប្រពន្ធ អ្នកគួរតែចេះជួយគ្នាទៅវិញទៅមក មិនគួរប្រកាន់ការងារប្រុស ការងារស្រីនោះឡើយ អ្វីដែលជួយគ្នាបានគួរតែជួយ។ មិនថាតែដើរផ្សារទិញម្ហូប ទិញទំនិញ លាងឡាន ជួយកាន់អីវ៉ាន់ ជួយបោសម្អាតផ្ទះ ឬក៏ជួយធ្វើម្ហូបជាដើម វាមិនធ្ងន់ពេកនោះទេ ប៉ុន្តែវាក៏កាន់តែជួយបង្កើនភាពស្និទ្ធស្នាល និងចំណងស្នេហាផ្អែមល្ហែមផងដែរ។  

ពាក្យសន្យាដែលគូស្នេហ៍ទាំងឡាយគួរផ្តល់ឱ្យគ្នាទៅវិញទៅមកដើម្បីរក្សាចំណងស្នេហាឱ្យនៅគង់វង្សយូរអង្វែង

៨.សន្យាថានឹងធ្វើអ្វីរួមគ្នា

ពេលដែលអ្នកស្រលាញ់អ្នកណាម្នាក់ អ្នកប្រាកដជាផ្តល់ភាពសំខាន់ឱ្យមនុស្សជាទីស្រលាញ់ជាងអ្នកណាទាំងអស់។ អ្នកនឹងមានអារម្មណ៍ឯកាពេលទៅណាម្នាក់ឯង ឬមិនចង់ធ្វើអ្វីសោះដោយគ្មានគូស្នេហ៍។ ការប្រើពេលវេលារួមគ្នា និងធ្វើអ្វីជាមួយមនុស្សជាទីស្រលាញ់ជាអ្វីដែលយើងប៉ង និងមានសេចក្តីសុខបំផុត។

៩.សន្យាថានឹងយកចិត្តទុកដាក់ចំពោះគ្នា

នៅពេលដែលអ្នកស្រលាញ់អ្នកណាម្នាក់អ្នកតែងតែចង់ផ្គាប់ចិត្ត និងតម្រូវអ្វីដែលជាចំណង់ចំណូលចិត្តរបស់ដៃគូ។ ការចេះខ្វល់ខ្វាយ និងយកចិត្តទុកដាក់នូវអ្វីដែលម្ខាងទៀតចូលចិត្ត ទោះជារឿងតូចតាចតែអាចផ្តល់នូវអារម្មណ៍កក់ក្តៅជាខ្លាំង។ ឧទាហារណ៍ថា ម្ខាងទៀតសុខចិត្តទិញសំបុត្រកុនមើលរឿងស្នេហារ៉ូមែនទិចដើម្បីមនុស្សស្រីដែលខ្លួនស្រលាញ់ និងម្ខាងទៀតសុខចិត្តទៅមើលការប្រកួតបាល់ដើម្បីមនុស្សប្រុសជាទីស្រលាញ់ជាដើម ឃើញទេវាជារឿងតូចតាចតែផ្តល់នូវអារម្មណ៍ល្អដ៏លើសលប់ដល់ដៃគូរបស់អ្នក ។ ទោះជាលះបង់បន្តិចបន្តួចក៏ដោយ តែវាពិតជាមានន័យណាស់ ។

១០. សន្យាថានឹងណែនាំអ្នកឱ្យពិភពលោកស្គាល់

ស្រលាញ់គ្នាទុកជាអាថ៌កំបាំងតើស្រលាញ់គ្នាធ្វើអី? បើអ្នកពិតជាមានស្នេហាដែលស្មោះស្ម័គ្រ និងគិតគូពីអនាគតរួមគ្នាមែនអ្នកប្រាកដជាមិនខ្លាចបង្ហាញប្រាប់មិត្តភក្តិ គ្រួសារ និងអ្នកជុំវិញខ្លួនថាម្ខាងទៀត ជាសង្សារ ជាគូដណ្តឹង ឬជាប្តីប្រពន្ធនោះទេ។

១១. សន្យាថានឹងព្យាយាមយកឈ្នះអ្នក

ការយកឈ្នះចាញ់ត្រង់ចំណុចនេះមិនមែនជាការចង់ឈ្នះចាញ់ដោយការឈ្លោះប្រកែកគ្នានោះទេ។ ទោះជាអ្នកកំពុងតែស្រលាញ់គ្នាក៏មិនមែនបានន័យថាអ្នកនឹងមិនបាត់បង់ដៃគូម្ខាងទៀតនោះឡើយ។ ដូច្នេះត្រូវតែរកវិធីបំពេញក្តីស្រលាញ់ និងយកឈ្នះបេះដូងម្ខាងទៀតឱ្យបានច្រើន មិនថាការធ្វើឱ្យដៃគូរំភើប ភ្ញាក់ផ្អើល និងធ្វើឱ្យដៃគូសប្បាយចិត្តរឿងអ្វីទេ។ ដៃគូរបស់អ្នកនឹងពេញចិត្ត ហើយយល់ថាខ្លួនឯងមានតម្លៃចំពោះអ្នក ហើយអ្នកក៏មានតម្លៃដែលមិនអាចបណ្តោយឱ្យបាត់បង់សម្រាប់ដៃគូម្ខាងទៀតនោះដែរ។  

ពាក្យសន្យាដែលគូស្នេហ៍ទាំងឡាយគួរផ្តល់ឱ្យគ្នាទៅវិញទៅមកដើម្បីរក្សាចំណងស្នេហាឱ្យនៅគង់វង្សយូរអង្វែង

១២.សន្យាថានឹងមិនធ្វើនូវទម្លាប់ដដែល

ធ្វើឱ្យជីវិតស្នេហាស្រស់ថ្លាមានជីវិតជីវ៉ា គឺការស្វែងរកអ្វីដែលថ្មី ប្លែកនៅក្នុងជីវិត។ បើមានតែរឿងដដែលៗវានឹងធ្វើឱ្យគូស្នេហ៍មានភាពធុញទ្រាន់ចំពោះគ្នាជាដើម។ អ្នកអាចរកពេលវេលាធ្វើរឿងប្លែកៗសប្បាយៗរួមគ្នាដូចជាការដើរកម្សាន្ត បោះជំរុំ លេងហ្គេមសប្បាយៗជាដើម។

១៣. សន្យាថានឹងលើកទូរស័ព្ទ

មិនថាអ្នករវល់យ៉ាងណា មានរឿងដែលត្រូវធ្វើបន្ទាន់យ៉ាងណា អ្នកត្រូវតែលើកទូរស័ព្ទរបស់អ្នកម្ខាងទៀត។ បើសិនជាក្នុងករណីបន្ទាន់ខ្លាំងមែន ដែលមិនអាចលើកទូរស័ព្ទបានអ្នកត្រូវតែទូរស័ព្ទត្រលប់ទៅដៃគូភ្លាម និងប្រាប់ពីហេតុផលដែលមិនបានទទួលទូរស័ព្ទរបស់ម្ខាងទៀត។ បង្ហាញថាទោះជារវល់យ៉ាងណា គូស្នេហ៍នៅតែជាមនុស្សសំខាន់។

១៤. សន្យាថាស្រលាញ់គ្រួសារម្ខាងទៀតឱ្យដូចគ្រួសារអ្នក

ពេលដែលមានទំនាក់ទំនងស្នេហាមិនថាសង្សារ ប្តីប្រពន្ធអ្នកមិនមែនជាមនុស្សខ្លួនមួយនោះទេ គ្រួសាររបស់ម្ខាងទៀតគឺជាចំណែកមួយនៃជីវិតរបស់អ្នកផងដែរ ។ ត្រូវរៀនយល់ រៀនសម្រប និងយកចិត្តគ្រួសារម្ខាងទៀត ទាំងការគោរពស្រលាញ់ ប្រណិបត្តិដូចជាគ្រួសាររបស់អ្នកទើបជាការល្អ។

១៥.សន្យាថានឹងថែរក្សាអ្នកមិនបណ្តោយឱ្យបាត់បង់អ្នកជាដាច់ខាត

ចំណុចចុងក្រោយនេះពិតជាសំខាន់ណាស់។ មនុស្សស្រលាញ់គ្នាប្រាកដជាមិនចង់ឱ្យបាត់បង់គ្នានោះទេ ទោះជាក្នុងករណីណាក៏ដោយ។ បង្ហាញភាពស្និទ្ធស្នាល ការយកចិត្តទុកដាក់ មើលថែគ្នា ការពារគ្នាពេលដែលមានអាសន្ន ជាពិសេសចាត់ទុកម្ខាងទៀតប្រៀបដូចជាកែវភ្នែកដែលមិនអាចបាត់បង់ជាដាច់ខាត៕   

ពាក្យសន្យាដែលគូស្នេហ៍ទាំងឡាយគួរផ្តល់ឱ្យគ្នាទៅវិញទៅមកដើម្បីរក្សាចំណងស្នេហាឱ្យនៅគង់វង្សយូរអង្វែង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]