តៃវ៉ាន់៖ ហាងលក់ស៊ុបមី ឬគុយទាវសាច់គោមួយកន្លែង ក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ត្រូវបានគេស្គាល់និងចាត់ទុកថា ជាហាងដែលបើកបម្រើនូវអាហារ ថ្លៃជាងគេបំផុតមួយនៅលើពិភពលោក។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ហាងគុយទាវសាច់គោខាងលើនេះ មានយីយោថា «Niu BaBa Beef Noodle Restaurant» វាត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩០មកម៉្លេះ ដោយម្ចាស់ឈ្មោះ Wang Tsung Yuan បើគិតមកទល់ពេលនេះ បើកដំណើរការបានជិត៣០ឆ្នាំហើយ។

គុយទាវសាច់គោនេះ ត្រូវបានគេដាក់រហស្សនាមឲ្យថា «Presidential Beef Noodle Soup» ឬអាចហៅមួយម៉ាត់យ៉ាងខ្លីថា គុយទាវលំដាប់ប្រធានាធិបតី ដែលក្នុងមួយចានតម្លៃស្មើនឹង ៣៣២ដុល្លារអាមេរិក ឬ ១០ ០០០ដុល្លារតៃវ៉ាន់។ នេះបើយោងតាមសម្តីកូនប្រុសម្ចាស់ហាង ឈ្មោះ Eric បានថ្លែងប្រាប់អ្នកកាសែត។

កាលពីចាប់ផ្តើមបើកលក់ដំបូង ប្រហែលជា២០ឆ្នាំមុន ហាងគុយទាវ Niu BaBa នេះ លក់ក្នុងមួយចានតម្លៃត្រឹមតែ​ ១៦ដុល្លារប៉ុណ្ណោះ (ប្រភេទ Beef Father Noodle Soup បច្ចុប្បន្នក៏នៅមានដែរ)។ ប៉ុន្តែគ្រប់គ្នាប្រាកដជាឆ្ងល់ជាក់មិនខានថា ហេតុអ្វីបានក្រោយមកហាងនេះ មាន​លក់មីគុយទាវសាច់គោ ប្រភេទថ្លៃកប់ពពកយ៉ាងដូច្នេះទៅវិញ។

ជាការពិតជាណាស់ នោះក៏ដោយសារមានការគាំទ្រច្រើន ពីសំណាក់ភ្ញៀវគ្រប់មជ្ឈដ្ឋាន ដែលបានអញ្ជើញមកទទួលទាននៅហាងមួយនេះ។ តាមការឲ្យដឹងពីម្ចាស់ហាង រាល់គ្រឿងទេស និងបន្លែទាំងអស់ គឺសុទ្ធសឹងតែជាផលិតផលលំដាប់លេខមួយ ដែលមានតម្លៃថ្លៃ នាំចូលពីក្នុងស្រុកនិងក្រៅស្រុក ប្រកបដោយគុណភាព និងរសជាតិឈ្ងុយឆ្ងាញ់។

ចំណែកសាច់គោវិញ ត្រូវបាននាំចូលពីបរទេសដូចជា សហរដ្ឋអាមេរិក និងអូស្រ្តាលីជាដើម ហើយជ្រើសរើសយកតែសាច់ណាល្អបំផុតប៉ុណ្ណោះ។ ចំពោះការចម្អិនវិញ គឺយកចិត្តទុកដាក់យ៉ាងល្អិតល្អន់បំផុត គិតគូរអំពីអនាម័យជាចំបងដល់អតិថិជន។ ហើយបើនិយាយពីសាច់ក្នុងចានវិញ គុយទាវសាច់គោនេះ កាត់ជាកង់ដុំធំៗដាក់ជូនភ្ញៀវពិសា ដើម្បីរក្សាបាននូវសោភ័ណទាក់ទាញ និងរសជាតិឆ្ងាញ់ មិនមែនហាន់ជាបន្ទះស្ដើងៗ ដូចគុយទាវសាច់ធម្មតាៗនោះទេ ៕

តើសម្រាប់អស់លោកអ្នកវិញ ហ៊ានចំណាយប្រាក់ទេជាង៣០០ដុល្លារ ដើម្បីសាកល្បងរសជាតិគុយទាវសាច់គោ ឆ្ងាញ់ និងថ្លៃជាងគេលើលោកនេះ?

ហាងគុយទាវសាច់គោខាងលើនេះ មានយីយោថា «Niu BaBa Beef Noodle Restaurant» វាត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩០
គុយទាវសាច់គោនេះ ត្រូវបានគេដាក់រហស្សនាមឲ្យថា «Presidential Beef Noodle Soup» ឬអាចហៅមួយម៉ាត់យ៉ាងខ្លីថា គុយទាវអ្នកធំ
រាល់គ្រឿងទេសនិងបន្លែទាំងអស់ គឺសុទ្ធសឹងតែជាផលិតផលលំដាប់លេខមួយតម្លៃថ្លៃ នាំចូលពីក្នុងស្រុកនិងក្រៅស្រុក ប្រកបដោយគុណភាព រសជាតិឈ្ងុយឆ្ងាញ់
សាច់ក្នុងចានវិញ គុយទាវសាច់គោនេះ កាត់ជាកង់ដុំៗដាក់ជូនភ្ញៀវពិសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]