បន្ទាប់ពីការចាក់បញ្ចាំងនៅក្នុង រោងភាពយន្តទំនើប ខ្នាតអន្តរជាតិរឿង “អាបពាក់មួកសុវត្ថិភាព” បានដឹងពីស្ថានភាពជោគជ័យ ក្រោយអ្នកទស្សនា ម្នាក់ៗប្រាប់ថា សើចចង់រឹងពោះ។ បើតាមលោក ម៉ៅ រតនា ចាងហ្វាងផលិតកម្ម RGB បានឲ្យដឹងថា រឿង” អាបពាក់មួកសុវត្ថិភាព” ដែលជាវណ្ណកម្មថ្មីមួយទៀត នៃផលិតកម្ម របស់លោក នឹងទទួលបានជោគជ័យ បន្ថែមទៀត បន្ទាប់ពីចាក់បញ្ចាំង នៅតាមរោងភាពយន្តទំនើប ខ្នាតអន្តរជាតិ ព្រោះលោកបានសម្រិតសម្រាំងទាំងបច្ចេកទេស និងតួសម្ដែង។ ថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ បញ្ចាំងជាផ្លូវការរឿង”អាបពាក់មួកសុវត្ថិភាព” នៅរោងភាពយន្តខ្នាតអន្តរជាតិ Platinum Cineplex កាលពីល្ងាចមិញ។

ចាងហ្វាងផលិតកម្មរូបនេះ បានបន្តថា រឿង” អាបពាក់មួកសុវត្ថិភាព” ជាប្រភេទរឿង 2D មិនមែនជារឿង 3Dនោះទេ។ ទោះយ៉ាងណារឿងនេះ បានទទួលជោគជ័យ រួចទៅហើយ បន្ទាប់ពីការចាក់បញ្ចាំងនៅរោងភាពយន្តបារាយអណ្ដែតខេត្តសៀមរាប ដែលមានទស្សនិកជនយ៉ាងច្រើន ចូលរួមទស្សនាមិនលួសពេល។

 

អ្វីដែលជាដើមចមនាំឲ្យលោកដាក់ការទុកចិត្តយ៉ាងដូច្នេះ ព្រោះតែរឿងនេះមានការចូលរួមសម្ដែងដោយតារាល្បីៗ ដូចជានាង ប៊ីរីយ៉ា ថន លក្ខិណា លោក ជា សុវណ្ណារាន៍ និងក្រុមកំប្លែង នាយ ពែកមី ជាដើម ដោយសាច់រឿងទាំងមូលគ្របដណ្ដប់ដោយឈុតឆាកកំប្លែងទប់សំណើចមិនបាន។

លោកបានបង្ហាញសុទិដ្ឋិនិយមថា រឿង” អាបពាក់មួកសុវត្ថិភាព” កាន់តែទទួលបានជោគជ័យ បន្ទាប់ពីត្រូវបានយកទៅចាក់បញ្ចាំងតាមរោងភាពយន្តខ្នាតអន្តរជាតិ បន្ទាប់ពីមានបទពិសោធន៍ជោគជ័យនៅខេត្តសៀមរាប។

ដូចនឹងការរំពឹងរបស់ចាងផលិតកម្មខាងលើមែន យុវជន ជា តេងហ៊ុយ ជានិស្សិតសិក្សានៅសាកលវិទ្យាល័យ LIMKOKWING ដែលចេញពីទស្សនាវិញ មិនទាំងជូតទឹកភ្នែកអស់ផង  បាននិយាយទាំងនៅមានស្នាមញញឹមថា “ខ្ញុំពិតជាសប្បាយចិត្ត និងធូរស្បើយក្នុងអារម្មណ៍មែន ក្រោយបានមើលរឿងនេះ គឺពិតជាល្អមើល ល្អមែនទែន សើចមិនអាចកាត់ថ្លៃបាន ” ។

យុវជនរូបនេះនិយាយទៀតថា នេះអាចសបញ្ជាក់ឲ្យឃើញថា វិស័យខ្សែភាពយន្តសម័យនេះកាន់តែរីកចម្រើនហើយ គួបផ្សំជាមួយរោងភាពយន្តខ្នាតអន្តរជាតិអង្គុយស្រួលខ្លួន ត្រជាក់ស្រឹបផង ។

ដូចគ្នានេះដែរកញ្ញា គង់ ស្រីមុំ ដែលជាប់សំណើចជាមួយមិត្តភ័ក្ដិស្រីប្រុសជាច្រើននាក់ផង បានប្រាប់ថា “រឿងនេះពិតជាល្អមើលមែន ខ្ញុំសើចឡើងចុកពោះមិនទាន់បាត់ផង ” ។ កញ្ញាបន្តថា ទោះបីជាតួអង្គសម្ដែងម្នាក់ៗសុទ្ធតែជាតួថ្មីមែន តែគាត់ទាំងអស់គ្នាពិតជាសម្ដែងបានល្អឥតខ្ចោះមែន ឯរឿងទៀតសោត ឈុតណាក៏សើចដែរ ថែមទាំងមានឈុតខ្មោចខ្មែរ ខ្មោចចិន មានទាំងអាបទៀត។

ស្រីមុំ និយាយទាំងកាច់កថា “ខ្ញុំនឹងនាំបងប្អូនខ្ញុំមកមើលរឿងនេះម្ដងទៀត ព្រោះចង់ឲ្យគាត់បានសើចសប្បាយដូចខ្ញុំដែរ ណាមួយបានទស្សនារឿងនេះហើយ ពិតជាធូរស្រាលក្នុងអារម្មណ៍ អស់កង្វល់អាលីងតែម្ដង(សើច)”។

រឿង”អាបពាក់មួកសុវត្ថិភាព” ជាប្រភេទភាពយន្តកំប្លែង ដែលនឹងត្រូវចាក់បញ្ចាំងចាប់ពេលនេះតទៅ នៅរោងភាពយន្តPlatinum Cineplex ផ្សារទំនើបសុរិយា និងរោងភាពយន្ត Legend ផ្សារទំនើបស៊ីធីម៉ល៕


អត្ថបទ៖ សំ ជំនាញ & ឡាយ សុខអូន

ដកស្រង់ពី Sabay

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]