រាជធានី​ភ្នំពេញ ៖ មួយ​រយៈពេល​ចុង​ក្រោយ​នេះ​លោក​ជី ដេ​វី​ដ និង​អ្នក​នាង​ពេជ្រ សោភា ដែល​ជា​ដៃគូ​ចម្រៀង​បទ​«​រាំ​ញី​កែងជើង​»​ដ៏​ល្បី​តាម​ហ្វេ​ស​ប៊ុ​កបាន​ជះ​កំហឹង​ដាក់​គ្នា ។

លោក G-Devid ចោទ​អ្នក​វាយប្រហារ​ខ្លួន​ថា​ជា​បក្សពួក​របស់​អ្នក​នាង​ពេជ្រ សោភា និង​ចង់​សំដៅ​ថា​អ្នក​នាង​ពេជ្រ សោភា ទំនងជា​បាន​និយាយ​អ្វី​ប៉ះពាល់​ដល់​ខ្លួន ទើប​ហ្វេ​ស​ប៊ុ​កមួយ​បង្ហោះ​សារ​វាយប្រហារ​ចំពោះ​លោក ។ ទោះជា​យ៉ាងណា​ក្តី​អ្នក​នាង​ពេជ្រ សោភា អះអាង​ថា​នាង​មិន​ស្គាល់​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​នោះ​ទេ ។ ពេជ្រ សោភា និយាយ​ថា នាង​មិន​មាន​ពេលទំនេរ​ទៅ​បញ្ជា​អ្នក​ណា ឬ​ទៅ​កំណត់​ឱ្យ​អ្នក​ណា​វាយប្រហារ​អ្នក​នេះ ឬ​អ្នក​នោះ​ទេ ។ នាង​ស្នើ​ឱ្យ​លោក​G-Devid លើក​ឡើង​ពាក់ព័ន្ធ​ត្រឹមតែ​បុគ្គល​ដែល​ប៉ះពាល់​លោក ហើយ​កុំ​រាលដាល​ដល់​នាង​ដែល​មិនដឹង​រឿង ។

ពេជ្រ សោភា និយាយ​ថា «​ខ្ញុំ​មិនមែន​ជា​អ្នក​នៅ​ពីក្រោយ​ការ​បង្ហោះ​របស់​ម្ចាស់​គណនី​នោះ​ទេ តែ​ខ្ញុំ​ក៏​មិន​ភ្ញាក់ផ្អើល​នោះ​ដែរ ដែល​លោក G-Devid ឱ្យ​តែ​មាន​អ្នក​ណា​និយាយ​អ្វី​មិនល្អ​ពី​លោក គឺ​លោក​ម៉ៃ​ថា អ្នក​នោះ​និយាយ​តាម​ការ​ទម្លាយ​របស់ខ្ញុំ ឬថា​អ្នក​នោះ​ជា​អ្នក​ពាក់ព័ន្ធ​នាង​ខ្ញុំ ក្នុង​ពេល​ដែល​នាង​ខ្ញុំ​មិន​ទាំង​ស្គាល់​ថា​អ្នក​បង្ហោះ​នោះ​ជា​ហ្វែ​ន​គាំទ្រ​អ្នក​ណា​ផង ។ ខ្ញុំ​មិនដឹង​ជុំវិញ​បញ្ហា​ដែល​បាន​កើតឡើង​ចំពោះ​G-Devid នោះ​ទេ ហើយ​ខ្ញុំ​ក៏​គ្មាន​ការ​តបត​ចំពោះ​លោក​G-Devid នោះ​ដែរ បើ​ទោះជា​លោក​និយាយ​ក្នុង​វី​ដេ​អូ​ផ្សាយ​ផ្ទាល់​លើ​ផេ​ក ក្នុង​ន័យ​វាយប្រហារ​ចំពោះ​ខ្ញុំ​ក្តី​» ។

G-Devith បាន​វាយប្រហារ​តប​ចំពោះ​ហ្វេ​ស​ប៊ុ​កមួយ​ដែល​បង្ហោះ​សារ​ថា «​លោក​ភ្លេច​កំណើត​ខ្លួនឯង មិន​ដូច​ក្មេង​ខ្មែរ មាន​អ្នក​ស្រលាញ់​គាំទ្រ​ច្រើន ព្រោះតែ​គេ​មិន​ចេះ​ពុតត្បុត និង​លាក់​ចរិត​» ។

ហ្វេ​ស​ប៊ុ​ក​បង្ហោះ​សារ​វាយប្រហារ​ទៅ G-Devith ភ្លេច​កំណើត​ខ្លួនឯង​នោះ​បន្ថែម​ថា កាលពី​២​ឆ្នាំ​មុន លោក​គឺជា​ក្មេង​ម្នាក់​ទិញ​ការ​ហ្វេ​ឱ្យ​លោក​សីហា ហា ប៉ុណ្ណោះ តែ​ពេល​នេះ​បាន​ល្បី សក់​អ្នក​ណា​ក្បាល​អ្នក​ហ្នឹង ទៅ​ណា​មក​ណា​តែងខ្លួន​ស្រស់​ស្អាត​ជាង​តារា​កូរ៉េ​ទៀត ។ អ្នក​មានគុណ​ទី​១ របស់ G-Devith សីហា ហា ជា​តារាចម្រៀង Original Song ចំណែកឯ​អ្នក​មានគុណ​ទី​២ អ្នក​នាង​ពេជ្រ សោភា តារាចម្រៀង​ផលិតកម្ម​ហង្ស​មាស​» ។

G-Devith បាន Live វី​ដេ​អូ​ឃ្លី​ប​ឆ្លើយ​តប​ថា «​បើ​មិនដឹង​រឿង​ផ្ទៃក្នុង​កុំមក​និយាយ​។ ការ​អត់ធ្មត់​វា​មាន​ដែន​កំណត់ ខ្ញុំ​ឱប​ទុក​រឿង​នេះ​យូរហើយ អ្នក​ដែល​ប្រើ​ឱ្យ​ខ្ញុំ​ឆុង​កាហ្វេ​ឱ្យ​មិន​ដែល​ទុក​ខ្ញុំ​ដូច​ជា​បងប្អូន​ទេ គឺ​ទុកដូចជាកញ្ជះ​» ៕ 

រូបភាព អ្នកនាង ពេជ្រសោ និងលោក ងួន ចាន់ដេវិត
អ្នកនាង ពេជ្រសោ
អ្នកនាង ពេជ្រសោ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត