** ប្រលោមលោកខ្មែរឡូត **

នៅក្នុងវ័យជំទង់នាងគ្រាន់តែជាក្មេងស្រីដែលមានអារម្មណ៍ងាយនឹងប៉ះទង្គិចនឹងមនុស្សនៅវិញខ្លួន នាងតែងតែខ្វាយខ្វល់ រង់ចាំមើលទឹកមុខ និងពាក្យសម្តីរបស់មនុស្សជុំវិញ។ នាងខ្លាចថាមនុស្សទាំងអស់និយាយអាក្រក់ពីនាង នាងខ្លាចក្រសែភ្នែក នាងខ្លាចសម្តីដែលមុតស្រួច ដូច្នេះហើយធ្វើឱ្យនាងប្រឹងប្រែងធ្វើយ៉ាងណា និយាយយ៉ាងណាដោយការប្រុងប្រយ័ត្នជានិច្ច ព្រោះនាងមិនចង់ក្លាយទៅជាមនុស្សមិនល្អរបស់មនុស្សទាំងអស់នោះឡើយ។

ប៉ុន្តែការប្រុងប្រ័ត្នជ្រុលហួសហេតុពេកបែរជាធ្វើឱ្យនាងកាន់តែប្រព្រឹត្តខុសឆ្គងខ្លាំងជាងមុនទៅវិញ ពេលខ្លះនាងបែរជាត្រូវមិត្តភក្តិ និងមិត្តនៅសាលាសើចចំអក ឬបោកបញ្ឆោតនាងជាការកម្សាន្ត ព្រោះគេដឹងថានាងជាមនុស្សដែលខ្វល់ខ្វាយខ្លាំងពីសម្តីរបស់មនុស្សជុំវិញ។

កាលពីដើមឆ្នាំសិក្សានាងបានកាត់សក់ត្រឹមស្មា និងកាត់សក់សេះទម្លាក់មកមុខ ហើយមកសាលាទាំងអារម្មណ៍គ្មានទំនុកចិត្តលើខ្លួនឯង និងខ្លាចរអានឹងកែវភ្នែកមនុស្សជុំវិញខ្លួនយ៉ាងខ្លាំង។ តែពេលនោះ មានស្រីៗមួយក្រុមដើរមករកនាងហើយនិយាយ

« ម៉ូដសក់ថ្មីហេ? ស្អាតមែនទែនឡើងគួរឱ្យស្រលាញ់ »

« ពិតមែន? » នាងសួរមិត្តមួយក្រុមនោះទាំងអរបន្តិច ទាំងមិនសូវមានជំនឿចិត្តបន្តិច

« មែនណា »

ចាប់ពីពេលនោះមកនាងតែងតែទុកសក់បែបនេះរហូតដល់ជិតមួយឆ្នាំ ហើយមកសាលាពេញដោយទំនុកចិត្ត ញញឹមញញែមចំពោះភាពស្រស់ស្អាតរបស់ខ្លួនឯង។ ប៉ុន្តែនៅថ្ងៃមួយការពិតធ្វើឱ្យនាងឈឺចាប់។ ពេលនាងចូលបន្ទប់នាង នាងស្រាប់តែស្តាប់ឮសម្តីស្រីៗមួយក្រុមនិយាយគ្នាលេងសើចចំអកជាការកម្សាន្ត

«នែ ឯងចាំម្នាក់មួយស្អីមុខរាងភ្លើៗជាងគេក្នុងសាលាអត់? »

« ម្នាក់ដែលឯងដើរទៅនិយាយជាមួយកាលដើមឆ្នាំ? »

« អើ ហ្នឹងហើយ.... ឯងដឹងអត់ពេលគ្នាឃើញវាម្តងៗឯងរកតែទប់សំណើចមិនចង់បាន »

« ម៉េចចឹង?»

« កាលយើងជូបវា យើងនិយាយកុហកវាលេងសោះថាកាត់សក់អ៊ីចឹងស្អាត ណាទៅដឹងវាបែរជាជឿយើងហើយទុកម៉ូដសក់បែបនេះដល់ឥឡូវ ឯងថាមើលវាល្ងង់បែបណា? ការពិតម៉ូដហ្នឹងអាក្រក់ចង់ស្លាប់ហើយ ម្នាក់ៗនៅសាលាតែងតែលួចសើចវាពិក្រោយខ្នងរហូតហ្នឹង ហាហា... » សិស្សស្រីទាំងអស់នាំគ្នាសើចឡើងខ្លាំងៗ តែបែរជាធ្វើឱ្យអ្នកដែលកំពុងតែស្តាប់នៅក្នុងបន្ទប់ទឹកស្រក់ទឹកភ្នែក ក្តាប់ដៃជាប់ទាំងឈឺចិត្ត។   

រូបតំណាង

នាងរត់ចេញពីសាលាទាំងទឹកភ្នែកជោគថ្ពាល់។ នាងចូលទៅក្នុងបន្ទប់កាត់សក់ខ្លួនឯងអស់ទាំងឈឺចាប់ រួចអង្គុយយំរាប់ម៉ោង។ ម៉ាក់នាងបានដើរចូលមកសួរទាំងក្តីបារម្ភ  និងលួងលោម

« កើតអីកូនស្រី? »

នាងស្ទុះឱបម៉ាក់នាងទាំងយំរៀបរាប់។ ម៉ាក់របស់នាងងក់ក្បាលអង្អែលខ្នងលួងលោម

« កុំយំអីកូន រឿងប៉ុណ្ណឹងសោះហ្នឹង »

« តែកូនឈឺចិត្ត »

« អ៊ីចឹងម៉ាក់សួរមួយ! រយៈពេលកន្លងមកដែលកូនមិនបានឮអ្វីដែលធ្វើឱ្យកូនឈឺចិត្ត តើកូនមានអារម្មណ៍បែបណា?

« កូន..កូន..កូន សប្បាយចិត្ត និងមានមោទនភាពខ្លួនឯង»

« បានន័យថាកូនសប្បាយចិត្ត អ៊ីចឹងកូនចាំបាច់ខ្វល់ពីសម្តីមនុស្សជុំវិញធ្វើអី? ការពិតទោះកូនធ្វើសក់បែបណា កូនក៏នៅតែជាកូនរបស់ម៉ាក់។ រូបរាងមិនបានឆ្លុះបញ្ចាំងពីចិត្តគំនិតមនុស្សទាំងអស់ឡើយ »

« តែ...តែពួកគេបោកប្រាស់កូនអស់ពេលយ៉ាងយូរ កូន...កូនឈឺចាប់ កូនចង់ស្រែកយំ »

« គួរបន្ទោសម៉ាក់ដែលប្រដៅកូន និងស្រលាញ់កូនខ្លាំងពេករហូតកូនម៉ាក់ក្លាយទៅជាមនុស្សទន់ជ្រាយបែបនេះ»

« អត់ទេ....មកពីកូនតើ»

« អ៊ីចឹង សន្យាបានទេ កូនឈប់ខ្វល់ពីសម្តីមនុស្សជុំវិញទៀតទៅ»

« កូន!!! កូនពិបាកធ្វើចិត្តណាស់»

« ម៉ាក់នឹងនិយាយរឿងមួយឱ្យកូនស្តាប់ សង្ឃឹមថារឿងនេះនឹងអាចជួយកូនបាន»

« រឿងអីទៅ? »

« រឿងនិទានមួយបានដំណាលថា មានភូមិដ៏ដាច់ស្រយាលមួយអ្នកស្រុកភូមិរស់នៅដោយសប្បាយរីករាយ ការប្រកបរបរចិញ្ចឹមជីវិតទទួលទានក៏គាប់ប្រសើរ។ តែមានថ្ងៃមួយ យមរាជបានមកពន្យល់សប្តិស្រ្តីម្នាក់ថា ប៉ុន្មានខែទៀត យមរាជនឹងមកយកជីវិតអ្នកស្រុកភូមិចំនួន ៣០០០នាក់។ គ្រាន់តែដឹងដំណឹងនេះភ្លាមស្ត្រីម្នាក់នោះក៏បានទៅប្រកូកប្រកាសប្រាប់អ្នកស្រុកទាំងអស់ឱ្យប្រយ័ត្នខ្លួន។ អ្នកស្រុកមានភាពភ័យខ្លាចមែនទែននូវគ្រោះកាចទាំងនោះ។ ប៉ុន្តែនៅដល់ពេលកំណត់ចំនួនអ្នកស្រុកស្លាប់លើសពីអ្វីដែលយមរាជបានប្រាប់ទៅវិញ។ កូនដឹងទេថាមកពីអ្វី? »

« មកពីអ្វីទៅម៉ាក់ ? »

« នោះគឺភាពភ័យខ្លាច ការស្តាប់និងខ្វល់ពីសម្តីដែលគេនិយាយខ្លាំងពេក។ ការពិតយមរាជពិតជាកំណត់ឱ្យមានអ្នកស្រុកស្លាប់តែ ៣០០០នាក់ប៉ុណ្ណោះមែន តែដោយសារតែអ្នកស្រុកភូមិបានដឹងមុន មានភាពភ័យខ្លាច ម្នាក់ៗបែរជាមានការប្រុងប្រយ័ត្នខ្លាំង ខ្វល់ខ្វាយខ្លាំងពេក ដូច្នេះបានជាមានមនុស្សស្លាប់ដោយសាររឿងផ្សេងៗដោយខ្លួនឯងបែបនេះទៅ »

« ពិតមែនហេម៉ាក់? »

« ម៉ាក់មិនដឹងថាវាជាការពិតឬក៏អត់ ប៉ុន្តែម៉ាក់ថារឿងនិទានមួយនេះនឹងអាចធ្វើឱ្យកូនពិចារណាឡើងវិញថាវាពិតជាមានអត្ថន័យដាស់តឿនមនុស្សទាំងអស់រួមទាំងកូនដែរឬទេ? »

« កូន....»

« ការពិតមតិយោបល់និងការយល់ឃើញពីមនុស្សជុំវិញវាជារឿងមួយល្អ ដែលធ្វើឱ្យស្គាល់និងដឹងពីចំណុចខ្វះខាតរបស់ខ្លួនឯងបាន។ តែការខ្វល់ពីសម្តីមនុស្សជុំវិញហួសហេតុពេកធ្វើឱ្យផ្តល់ផលអវិជ្ជមានដល់ខ្លួនយើងទៅវិញទេ។ ការស្គាល់ខ្លួនឯងច្បាស់ ដឹងពីអ្វីដែលខ្លួនឯងកំពុងតែធ្វើវាជារឿងត្រឹមត្រូវនោះទើបជាការប្រសើរជាង ។ មនុស្សម្នាក់មិនអាចផ្គាប់ចិត្តមនុស្សមួយពិភពលោកបានឡើយ។ ហើយមនុស្សទូទាំងពិភពលោកក៏មិនមែនមានចិត្តដូចគ្នានោះដែរ។ មនុស្សមានគ្រប់ប្រភេទ ទាំងមនុស្សល្អ មនុស្សអាក្រក់។ បើគេរិះគន់ថាឱ្យយើងក្នុងន័យល្អគួរតែកែប្រែនិងអរគុណគេ។ តែបើគេមានបំណអអាក្រក់និយាយក្នុងន័យជាន់ពន្លិចយើង យើងមិនគួរខឹង តបត ឬធ្វើបាបខ្លួនឯនោះទេ សំខាន់កូនដឹងថាកូនមិនបានខុស កូនមិនបានប្រព្រឹត្តរឿងមិនត្រឹមត្រូវឯណា »

នាងតូច ជូតទឹកភ្នែកហើយញញឹមអរគុណម៉ាក់នាង

« កូនយល់ហើយម៉ាក់ ថ្ងៃនេះកូនបានរៀនសូត្រច្រើនមែន។ កូនសន្យាថានឹងធ្វើជាខ្លួនកូន ហើយនឹងមិនស្តាប់សម្តីមនុស្សជុំវិញដែលគ្មានខ្លឹមសារទៀតទេ »

« ម៉ាក់សប្បាយចិត្តណាស់ »។

នៅព្រឹកបន្ទាប់នាងតូចបានស្ពាយកាតាប ជាមួយម៉ូដសក់ខ្លី ហើយញញឹមពើងទ្រូងបង្ហាញពីភាពក្លាហាន និងជឿជាក់លើខ្លួនឯង។ ចាប់ពីថ្ងៃនោះមកក៏លែងមានអ្នកណាធ្វើបាប លែងមានអ្នកសើចចំអក ឬមើលងាយនាងទៀតនោះទេ ព្រោះសម្តីមនុស្សជុំវិញលែងមានឥទ្ធពលគ្របដណ្តប់ជីវិតនាងទៀតហើយ។ ការជឿជាក់ មានទំនុកចិត្តលើខ្លួនឯងត្រូវតែផ្តើមពីខ្លួនយើង។ ចង់ឱ្យអ្នកដទៃមើលមកយើងក្នុងផ្លូវល្អ យើងត្រូវតែសាងទំនុកចិត្តលើខ្លួនឯងជាមុនសិន និងបង្ហាញគេឯងថាយើងជាមនុស្សរឹងមាំ។ នេះអាចជារឿងរបស់មនុស្សម្នាក់ តែប្រហែលជាមានមនុស្សជាច្រើនដែលកំពុងតែរស់នៅក្នុងពិភពលោកអ្នកដទៃដែរហើយ។ ហេតុអ្វីត្រូវតែរស់នៅតម្រូវចិត្តអ្នកដទៃ ?  និងស្តាប់អ្នកដទៃខ្លាំងម្ល៉េះ? ​យើងជាមនុស្សដែលកំណត់ជោគជតារបស់ខ្លួនយើង  ហើយយើងក៏ជាអ្នកកាច់ចង្កូតនាវាជីវិតរបស់ខ្លួនឯងដែរ។ ​ចូរធ្វើរឿងដែលត្រឹមត្រូវ  មិនត្រូវឱ្យសម្តីអ្នកដទៃអូសទាញសតិរបស់អ្នកបាននោះទេ៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]