ឥណ្ឌា៖ ឥណ្ឌាគឺជាប្រទេសមួយដែលមានប្រជាជនច្រើនកកកុញ ដូច្នេះហើយទើបការធ្វើដំណើរនៅក្នុងប្រទេសនេះ តែងតែមានភាពលំបាកដោយសារការកកស្ទះ និងគ្រោះថ្នាក់ផ្សេងៗ។
ក្នុងពេលសព្វថ្ងៃនេះ មធ្យោបាយធ្វើដំណើរសាធារណៈដែលមានការពេញនិយមនៅក្នុងប្រទេសឥណ្ឌាគឺការធ្វើដំណើរតាមផ្លូវដែក ហើយទោះបីជារថភ្លើងទាំងនោះមានភាពហួសសម័យ មានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ និងមានភាពយឺតយ៉ាវក៏ដោយ ក៏រថភ្លើងទាំងនោះនៅតែដឹកអ្នកដំណើរប្រហែល ២២លាននាក់ជាប្រចាំដែរ។
យ៉ាងណាមិញក្នុងពេលថ្មីៗនេះ លោក Shinzo Abe ដែលជានាយករដ្ឋមន្ត្រីប្រទេសជប៉ុនបានធ្វើដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃទៅកាន់ប្រទេសឥណ្ឌា។ ក្នុងពេលនោះដែរលោក Abe ក៏បានយល់ព្រមឲ្យប្រាក់កម្ចីចំនួន ១៧ពាន់លានដុល្លារទៅដល់ប្រទេសឥណ្ឌា ដើម្បីចាប់ផ្តើមការងារដាក់រថភ្លើងដែលមានល្បឿនលឿនបំផុតទៅក្នុងប្រទេសនេះ។
រថភ្លើងនេះអាចរត់ក្នុងល្បឿន ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង និងធ្វើការចាប់ផ្តើមពីទីក្រុងអាម៉ាដាបាដដល់ទីក្រុងបុមបៃ ហើយគេរំពឹងថារថភ្លើងថ្មីនេះនឹងអាចធ្វើដំណើរចំងាយ ៥០០គីឡូមែត្រត្រឹមតែរយៈពេល ៣ម៉ោងប៉ុណ្ណោះ។
រថភ្លើងដែលមានកៅអីចំនួន ៧៥០នេះគ្រោងនឹងបើកដំណើរការក្នុងខែសីហាឆ្នាំ ២០២២ ព្រមជាមួយនឹងស្ថានីយ៍ចំនួន ១២ទៀតដើម្បីឈប់សម្រាកទៀតផង។ លើសពីនេះទៅទៀត រថភ្លើងថ្មីនេះនឹងរត់ឆ្លងកាត់បាតសមុទ្រប្រវែង ៧គីឡូម៉ែត្រផងដែរ។ មានមនុស្សជាច្រើនបាននិយាយថា រថភ្លើងដែលមានល្បឿនលឿននេះនឹងធ្វើឲ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរ កាត់បន្ថយការកកស្ទះ និងធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធនៅតាមដងវិថីមានភាពប្រសើរឡើងទៀតផង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]