ជំងឺភ្នែកឡើងបាយគឺជាដុំពណ៌សដែលបាំងកែវភ្នែករបស់អ្នក។ សម្រាប់អ្នកដែលមានជំងឺនេះ ការមើលឃើញដោយដុំសគឺប្រៀបបានដូចជាការសម្លឹងមើលកាត់បង្អួចដែលមានចុះអ័ព្ទ។ ភាពស្រអាប់នៃការមើលឃើញរបស់ភ្នែកដែលបណ្តាលមកពីការឡើងបាយនេះអាចបង្កការលំបាកខ្លាំងក្នុងការអានសៀវភៅ  បើកបើរយានយន្ត និងជាពិសេសនៅពេលយប់។

ភាគច្រើននៃជំងឺនេះវិវឌ្ឍទៅមុខយឺតៗហើយមិនរំខានដល់ការមើលឃើញរបស់អ្នកពីដំបូងនោះឡើយ  ប៉ុន្តែបើទុកយូរមិនព្យាបាល វានឹងរំខានដល់ការមើលឃើញរបស់អ្នក។ គេអាចដោះស្រាយបញ្ហានេះដោយការពាក់វ៉ែនតា តែបើអាការកាន់តែធ្ងន់ អ្នកចាំបាច់ត្រូវវះកាត់។ ជាសំណាងល្អ ការវះកាត់ភ្នែកឡើងបាយជាទូទៅតែងទទួលបានជោគជ័យ និងសុវត្ថិភាព។

I-ជំងឺភ្នែកឡើងបាយចែកចេញជា៤ប្រភេទ ៖ 
A-ជំងឺភ្នែកឡើងបាយដែលប៉ះពាល់លើផ្នែកកណ្តាលរបស់កែវភ្នែក (Nuclear Cataracts) ៖ ជំងឺប្រភេទនេះដំបូងអាចធ្វើឱ្យអ្នកជំងឺមិនអាចមើលឃើញឆ្ងាយ ប៉ុន្តែបន្តិចម្តងៗ កែវភ្នែកប្រែពណ៌លឿង ហើយការមើលឃើញកាន់តែស្រអាប់ទៅៗ ។ មានពេលខ្លះវាធ្វើឱ្យអ្នកជំងឺព្រិលមើលឃើញរូបភាពមួយបែកជាចេញជា២ ឬច្រើន ។ 
B-ជំងឺភ្នែកឡើងបាយដែលប៉ះពាល់លើគែមកែវភ្នែក ( Cortical Cataracts)៖ ជំងឺប្រភេទនេះចាប់ផ្តើមដោយដុំស្រអាប់កាត់ទទឹងឬស្នាមឆូតវែងលើគែមខាងក្រៅនៃស្រទាប់កែវភ្នែក ។ខណៈដែលវាវិវឌ្ឍទៅមុខយ៉ាងយឺតៗ ស្នាមឆូតវែងចូលដល់ចំណុចកណ្តាល ហើយរំខានដល់ដំណើរពន្លឺដែលរត់កាត់ចំណុចកណ្តាលរបស់កែវភ្នែក ។ សម្រាប់អ្នកដែលកើតជំងឺប្រភេទនេះ បញ្ហាចោទគឺចាញ់ពន្លឺ ។
C-ភ្នែកឡើងបាយដែលប៉ះពាល់លើផ្នែកខាងក្រោយនៃកែវភ្នែក( Posterior Subcapsular Cataracts) ៖ ជំងឺប្រភេទទី៣នេះចាប់ផ្តើមក្នុងនាមជាដុំតូចមួយដែលជាធម្មតាកើតមាននៅក្បែរផ្នែកខាងក្រោយរបស់កែវភ្នែក គឺនៅចំផ្លូវពន្លឺចូលទៅកាន់ផ្នែកបញ្ជូនពន្លឺ និងរូបភាពទៅកាន់ខួរក្បាលរបស់ភ្នែក (Retina) ។ ផលរំខានជាញឹកញាប់របស់វាធ្វើឱ្យពិបាកក្នុងការអាន និងចាញ់ពន្លឺ ។
D-ភ្នែកឡើងបាយពីកំណើត ( Congenital Cataracts )៖ មនុស្សមួយចំនួនកើតជំងឺភ្នែកឡើងបាយតាំងពីកំណើត ឬក្នុងវ័យកុមារភាព ។ នេះអាចមកពីកត្តាម្តាយកើតជំងឺឆ្លងណាមួយអំឡុងពេលមានគភ៌ ។

II- រោគសញ្ញាមួយចំនួន ៖ ជំងឺភ្នែកឡើងបាយមានរោគសញ្ញា៧ចំណុចដូចតទៅ ៖
- ភ្នែកឡើងព្រិល ស្រអាប់មើលអ្វីមិនសូវច្បាស់ ។
- កាន់តែមើលអ្វីមិនច្បាស់ ជាពិសេសនៅពេលយប់ ។
- ចាញ់ពន្លឺថ្ងៃ ។
- មើលឃើញពន្លឺភ្លើងពេលយប់ដូចថ្ងៃបាំងឆត្រ ។
- ផ្លាស់ប្តូរវ៉ែនតា និងកែវដាក់ភ្នែកញឹកញាប់។
- ភ្នែកឡើងពណ៌លឿង ឬស្រអាប់ ។
- ព្រិលមើលវត្ថុមួយបែកជា២ ។

ជាដំបូងដុំសបង្កដោយភ្នែកឡើងបាយប៉ះពាល់កែវភ្នែករបស់អ្នកមួយចំណែកតូចប៉ុណ្ណោះ ហើយអាចនឹងធ្វើឱ្យអ្នកមិនដឹងថា ខ្លួនឯងបាត់បង់ការមើលឃើញទៀតផង ។ នៅពេលការឡើងបាយកាន់តែរីកធំទៅ វាអាចនឹងបាំងកែវភ្នែករបស់អ្នកកាន់តែខ្លាំង ហើយធ្វើឱ្យពន្លឺដែលឆ្លងកាត់ខ្សែភ្នែកមានការផ្លាស់ប្តូរ ។ ដំណាក់កាលនេះ ជំងឺរបស់អ្នកអាចនឹងបញ្ចេញរោគសញ្ញាដែលអ្នកអាចសង្កេតឃើញបាន ។ ជំងឺភ្នែកឡើងបាយភាគច្រើនបំផុតកើតមាននៅពេលវ័យកាន់តែចាស់ទៅ  តែករណីខ្លះវាបង្កឡើងដោយជំងឺហ្សែនតពូជ ។

III- កត្តាប្រឈមមួយចំនួន ៖ មានកត្តាមួយចំនួនដែលធ្វើឱ្យអ្នកប្រឈមនឹងការកើតមានជំងឺភ្នែកឡើងបាយក្នុងនោះមាន៖
- អាយុកាន់តែច្រើន ។
- កើតជំងឺទឹកនោមផ្អែម ។ 
- ទទួលទានគ្រឿងស្រវឹងច្រើន ។ 
- បណ្តោយឱ្យភ្នែកត្រូវពន្លឺថ្ងៃច្រើនពេក ។
- គ្រួសារមានប្រវត្តិកើតជំងឺភ្នែកឡើងបាយ។
- សម្ពាធឈាមឡើងខ្ពស់ ។
- ធាត់លើសទម្ងន់ ។
- ធ្លាប់របួស ឬរលាកភ្នែកពីមុនមក ។
- ធ្លាប់វះកាត់ភ្នែក ។
- បន្តប្រើថ្នាំដាក់ភ្នែក Corticosteroid រយៈពេលយូរ ។
- ជក់បារី ។

IV- វិធីបង្ការទាំង៦ចំណុច ៖ វានៅតែមិនច្បាស់១០០ភាគរយថាតើអ្វីដែលបង្កឱ្យភ្នែកឡើងបាយទេ ប៉ុន្តែបណ្តាវេជ្ជបណ្ឌិតគិតថា អស់លោកអ្នកអាចកាត់បន្ថយអត្រាកើតជំងឺនេះបានតាមរយៈវិធានការ៦ចំណុចដូចខាងក្រោមៈ
១- ធ្វើលំហាត់ប្រាណភ្នែកឱ្យបានទៀងទាត់៖ លំហាត់ប្រាណភ្នែកអាចជួយឱ្យរកឃើញជំងឺភ្នែកឡើងបាយនៅបញ្ហាភ្នែកដទៃទៀតនៅដំណាក់កាលដំបូង ។ សូមសួរវេជ្ជបណ្ឌិតរបស់អ្នកនៅពេលវេលាដែលអ្នកគួរប្រើក្នុងការហាត់ប្រាណ ។
២- បោះបង់ការជក់បារី ៖ អ្នកអាចឆ្លៀតពេលជួបជាមួយវេជ្ជបណ្ឌិតដើម្បីសុំការណែនាំក្នុងការផ្តាច់បារី ។
៣- ពាក់វ៉ែនតាការពារពន្លឺថ្ងៃ ៖ ពន្លឺអ៊ុលត្រាស្វាយបញ្ចេញដោយព្រះអាទិត្យអាចបណ្តាលឱ្យកើតជំងឺភ្នែកឡើងបាយបាន ។ ដូច្នេះគ្រប់ពេលធ្វើដំណើរចេញក្រៅ សូមពាក់វ៉ែនតាដែលអាចការពារកាំរស្មី Ultraviolet B (UVB) ។ 
៤- យកចិត្តទុកដាក់នឹងបញ្ហាសុខភាពផ្សេងទៀត ៖ សូមអនុវត្តតាមវិធីព្យាបាលឱ្យបានត្រឹមត្រូវប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម ឬជំងឺផ្សេងទៀតដែលអាចបង្កើនអត្រាកើតមានជំងឺភ្នែកឡើងបាយ ។
៥- រក្សាទម្ងន់ខ្លួនឱ្យនៅថេរ ៖ ប្រសិនបើទម្ងន់ខ្លួនរបស់អ្នកស្ថិតក្នុងកម្រិតសុខភាព ហើយ សូមបន្តរក្សាវាតាមរយៈការហាត់ប្រាណឱ្យបានយ៉ាងតិច៥ថ្ងៃក្នុងមួយសប្តាហ៍ ។ ប្រសិនជាអ្នកលើសទម្ងន់វិញ សូមធ្វើកិច្ចការដើម្បីបញ្ចុះទម្ងន់ដោយយឺតៗតាមរយៈការបន្ថយការទទួលទានអាហារដែលសំបូរដោយកាឡូរី ហើយបង្កើនការហាត់ប្រាណ ។
៦- សូមជ្រើសយករបបអាហារផ្តល់នូវសុខភាពដោយមានបន្លែ និងផ្លែឈើច្រើន ៖ ការបញ្ចូលផ្លែឈើ និងបន្លែគ្រប់ពណ៌ទៅក្នុងរបបអាហារប្រចាំថ្ងៃអាចធានាបានថា អ្នកទទួលបានវីតាមីន និងសារធាតុចិញ្ចឹមគ្រប់គ្រាន់ ។ ផ្លែឈើនិងបន្លែសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីដកម្មដែលតាមទ្រឹស្តីបញ្ជាក់ថា វាអាចជួយទប់ស្កាត់ការបំផ្លាញចំពោះកែវភ្នែក ។ ការសិក្សាស្រាវជ្រាវជាច្រើនមិនបានបង្ហាញជាភស្តុតាងថា សមាសធាតុប្រឆាំងអុកស៊ីដកម្មក្នុងទម្រង់ជាថ្នាំគ្រាប់ល្អិតអាចជួយការពារជំងឺភ្នែកឡើងបាយបានទេ ។ ផ្ទុយពីនេះ បន្លែនិងផ្លែឈើបានផ្តល់នូវអត្ថប្រយោជន៍សុខភាពយ៉ាងច្រើនលើសលប់ហើយវាជាមធ្យោបាយសុវត្ថិភាពមួយដើម្បីបង្កើនចំនួនវីតាមីននៅក្នុងអាហាររបស់អ្នក ។
V- ការព្យាបាលជាមួយនឹងឱសថ ៖ 
ការព្យាបាលដ៏មានប្រសិទ្ធភាពបំផុតតែមួយគត់លើជំងឺភ្នែកឡើងបាយគឺការវះកាត់ ។ វាអាស្រ័យលើអ្នក និងវេជ្ជបណ្ឌិតក្នុងការសម្រេចចិត្តជ្រើសពេលវះកាត់ ។ មនុស្សភាគច្រើនពុំប្រញាប់ប្រញាល់វះកាត់នោះទេ ដ្បិតជាធម្មតាភ្នែកឡើងបាយមិនធ្វើឱ្យខូចគ្រាប់ភ្នែកឡើយ ។ ត្រូវទុកពេលដើម្បីពិចារណាពីអត្ថប្រយោជន៍ និងអត្រាប្រថុយប្រថាននានាជាមួយវេជ្ជបណ្ឌិតរបស់អ្នក ។

*តើនឹងមានអ្វីកើតឡើងអំឡុងពេលវះកាត់ ភ្នែក?
ការវះកាត់ពាក់ព័ន្ធនឹងការដកយកកែវភ្នែកឡើងបាយចេញ ហើយជំនួសមកវិញដោយកែវភ្នែកជ័រ (Plastic Lens)។ កែវភ្នែកជ័រនេះគឺដាក់នៅចំកន្លែងដែលកែវភ្នែកពីធម្មជាតិរបស់អ្នកត្រូវបានយកចេញ ហើយវានឹងក្លាយជាចំណែកមួយនៃភ្នែករបស់អ្នក ។ 
សម្រាប់មនុស្សមួយចំនួនដែលមានបញ្ហាភ្នែកផ្សេងគឺមិនអាចប្រើកែវជ័រជំនួសបានឡើយ។ ក្នុងស្ថានភាពនេះ ខណៈដែលដុំឡើងបាយត្រូវបានវះកាត់ចេញ ការមើលឃើញអាចត្រូវបានកែលំអដោយការពាក់វ៉ែនតា ឬពាក់កែវជំនួយ (Contact lens) ។

តាមធម្មតា ការវះកាត់គឺធ្វើឡើងតែលើភ្នែកម្ខាងជាមុនសិនដោយទុកចន្លោះពេល២ទៅ៣សប្តាហ៍ទើបអាចវះកាត់ភ្នែកម្ខាងទៀត ។ ជាទូទៅ ការវះកាត់ជំងឺភ្នែកឡើងបាយគឺមានសុវត្ថិភាព តែវាប្រឈមនឹងជំងឺឆ្លង ព្រមទាំងការហូរឈាម៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]