ខេត្តធិ៍សាត់ ៖ បុរសម្នាក់បានបើករថយន្ដចូលផ្ទះច្រឡំជាន់ហ្គាថាហ្វ្រាំងបណ្ដាលឲ្យស្ទុះទៅ​បុក​ម្ដាយក្មេកដែលកំពុងបើកទ្វារបងឲ្យស្លាប់ភ្លាមៗមួយរំពេច ។ ហេតុការណ៍នេះបានកើតឡើងកាល​ពីវេលាម៉ោង៤រសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅនឹងផ្ទះរបស់អ្នកបើកបរផ្ទាល់ដែលស្ថិត​ក្នុងភូមិបន្ទាយដីលើ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ សោម សារ៉ន ភេទស្រី អាយុ៧៩ឆ្នាំ ត្រូវជាម្តាយក្មេក ។ រីឯអ្នកបើកបរដែលជាកូនប្រសារឈ្មោះ ពៅ សុវណ្ណ ភេទប្រុស អាយុ៥០ឆ្នាំ ។

ប្រភពឲ្យដឹងថា ក្រុមគ្រួសារខាងលើបានទិញរថយន្ដម៉ាកហាយលែនឌ័រ ពណ៌ស មួយគ្រឿងកាល​​​ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ដោយមិនទាន់ទាំងធ្វើស្លាកលេខផង ដើម្បីទុកជិះនាំក្រុមគ្រួ​សារ​ដើរលេងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ។ ស្អែកឡើងថ្ងៃទី១២ ឈ្មោះ ពៅ សុវណ្ណ ជាកូនប្រសារ​​បានយកទៅលាងទឹកឲ្យស្អាតដើម្បីយកមកគ្របទុកក្នុងផ្ទះព្រោះកំពុងពេញស្រលាញ់ ។ ពេល​​លាងទឹករួចបើកមកដល់មុខផ្ទះម្ដាយក្មេកដែលនៅក្បែរនោះស្រាប់ ក៏ដើរមកបើកទ្វារបងឲ្យចូល ។

ខណៈកំពុងបើកទ្វារបងជិតផុតហើយនោះស្រាប់តែអ្នកបើកបរច្រឡំជាន់ហ្គាស្មាន​ថា​ហ្វ្រាំង​បណ្ដាលឲ្យរថយន្ដស្ទុះទៅបុកបង្គោលរបងបាក់អស់មួយដើម កៀរមនុស្សផ្ទប់នឹងដើម​លៀប​​​រួចហើយជ្រុលទៅបុកជញ្ជាំងរបងខាងលិចផ្ទះធ្លុះអស់មួយទៀត ទើបអស់ល្បឿនឈប់នៅ​ទី​​នោះ​តែម្ដង ។ ចំណែកស្រ្តីរងគ្រោះរង របួសនិងសន្លប់ស្ដូកស្ដឹងនៅនឹងកន្លែងកើតហេតុហើយមិន​ទាន់ទាំងបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យផងក៏ស្លាប់បាត់ទៅ ។

សពបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពក្រោមតំណក់ទឹកភ្នែក បងប្អូន កូន កូនប្រសារ និង​ចៅៗ​ជាទីស្រលាញ់ ព្រមទាំងមានការចូលរួមពីសំណាក់ញាតិមិត្តជិតឆ្ងាយដែលរាប់អានគ្នាក្នុងការ​ជួយរំលែកទុក្ខដោយក្ដីអាណិតអាសូរផងដែរ ។ នេះជារឿងវិប្បដិសារីមួយដែលយើងគ្រប់គ្នានឹក​ស្មានមិនដល់ ហើយក៍ជាមេរៀនមួយដែរសម្រាប់អ្នកផ្សេងឲ្យមានការប្រុងប្រយ័ត្នក្នុងការបើក​បរ ៕

បុរសម្នាក់បានបើករថយន្ដចូលផ្ទះច្រឡំជាន់ហ្គាថាហ្វ្រាំងបណ្ដាលឲ្យស្ទុះទៅ​បុក​ម្ដាយក្មេកដែលកំពុងបើកទ្វារបងឲ្យស្លាប់ភ្លាមៗមួយរំពេច
ជនរងគ្រោះដែលស្លាប់ឈ្មោះ សោម សារ៉ន ភេទស្រី អាយុ៧៩ឆ្នាំ ត្រូវជាម្តាយក្មេក
រីឯអ្នកបើកបរដែលជាកូនប្រសារឈ្មោះ ពៅ សុវណ្ណ ភេទប្រុស អាយុ៥០ឆ្នាំ
នេះជារឿងវិប្បដិសារីមួយដែលយើងគ្រប់គ្នានឹក​ស្មានមិនដល់ ហើយក៍ជាមេរៀនមួយដែរសម្រាប់អ្នកផ្សេងឲ្យមានការប្រុងប្រយ័ត្នក្នុងការបើក​បរ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]