** ប្រលោមលោកខ្មែរឡូត **

ខ្ញុំធ្លាប់សួរខ្លួនឯងថាតើរយៈពេលកន្លងមក ខ្ញុំទទួលបានសុភមង្គលប៉ុណ្ណា? សប្បាយចិត្តប៉ុណ្ណា? ចុះទំហំការឈឺចាប់ និងទឹកភ្នែកដែលខ្ញុំស្រក់ហូរចុះមកនេះវាមានប៉ុណ្ណា? តើយើងគួរតែទ្រាំនៅជាមួយមនុស្សបច្ចុប្បន្ននេះដែរឬទេ????

ទៀតហើយ! ពេលនេះខ្ញុំកំពុងតែដើរសំដៅទៅកន្លែងផឹកស៊ីមួយកន្លែងម្នាក់ឯងទាំងយប់ ដែលទើបតែទូរស័ព្ទសួរមិត្តជិតស្និទ្ធរបស់គាត់។ បើតាមគាត់ប្រាប់ចាំទាល់តែមេឃភ្លឺ មិនដឹងអូសសង្ខាទៅផ្ទះរួចដែរឬក៏អត់ផង។ សាច់កម្មមែនទែនខ្ញុំ ចង់មានស្នេហាដូចគេ តែដល់ទៅជួប បែរជាមកជួបមនុស្សប្រុសដែលចូលចិត្តដើរសប្បាយ ផឹកស៊ីជួបជុំមិត្តភក្តិទៅវិញ។ មិនមែនមិនដែលនិយាយគ្នាទេ តែនេះនិយាយរាប់ភ្លេចទៅហើយ។ ក្រោយពីស្វាងប្រាប់ថាឈប់ ដល់ពេលចង់ទៅសន្យាថាជាលើកចុងក្រោយ។ រឿងរ៉ាវក៏វិលជុំ ដូចយប់និងថ្ងៃ និយាយហើយនិយាយទៀតក៏វាគ្មានន័យ ណ្ហើយ! ក៏បណ្តោយឱ្យទៅមួយខ្យល់តែម្តងទៅ។ ថាទៅមកពីយើងស្រលាញ់គេដែរ ហើយក៏លះបង់ដើម្បីគេជាច្រើន គេបែរជាមិនយល់ហើយនៅតែបន្តធ្វើបាបចិត្តយើងបែបនេះបន្តទៅទៀត។ ពិបាកដែរ ហេតុផលដែលខ្ញុំនៅទ្រាំ ក៏មិនមែនដោយសារតែគេមានចំណុចអាក្រក់ទាំងអស់ដែរ បើដកពីរឿងចូលចិត្តដើរហើរ ផឹកស៊ីយប់ព្រលប់ចេញ ខ្ញុំអាចនិយាយបានថាគេជាមនុស្សល្អ យកចិត្តទុកដាក់ ស្រលាញ់ស្មោះស្ម័គ្រ ហើយក៏មានការងារមួយសមរម្យដូចគេដូចឯងដែរ។ អ្វីៗដំណើរការល្អរលូន ដូចជាគ្មានអ្វីទាស់ខុស ចង្រៃតែរៀងផឹកស៊ីហ្នឹងមួយ។ ពេលដែលយើងថាស្តី គេក៏និយាយលេសថា មកពីសារជាតិមនុស្សប្រុសបែបនេះ តែការស្រលាញ់គឺមានតែខ្ញុំម្នាក់។ មិនមែនថាខ្ញុំមិនដឹង តែបើដកអារឿងហ្នឹងមួយទៀតវាពិបាកខ្លាំងមែនទេ? គេថាស្រលាញ់មនុស្សម្នាក់យើងមិនអាចបង្ខំឱ្យគេកែប្រែអ្វីដែលជាខ្លួនរបស់គេនោះឡើយ ។ ខ្ញុំសូមគាំទ្រ តែក៏សុំបដិសេធខ្លះដែរ។ មនុស្សយើងបើការផ្លាស់ប្តូរអ្វីដែលអាក្រក់ៗចេញមកធ្វើរឿងល្អៗខ្ញុំថាវាសមគួរណាស់នឹងកែប្រែ។ ឬក៏ខ្ញុំមិនគួរហាមគាត់មិនឱ្យគាត់ផឹកស្រាទេ បើខ្ញុំដឹងថាការពិតស្រាវាមិនល្អដល់សុខភាព? ឬខ្ញុំមិនគួរខឹងគាត់ទេដែលដើរយប់ព្រលប់ដោយមិនបារម្ភខ្លាចមានគ្រោះថ្នាក់ ឬហេតុភេទអ្វីកើតឡើង? ទាំងអស់នេះបើខ្ញុំមិនស្រលាញ់ មិនបារម្ភ មិនយកចិត្តទុកដាក់ខ្ញុំ ក៏មិនបាច់ហាម មិនបាច់តឿននាំតែហត់មាត់ដែរ។ ព្រោះតែដឹងមិនល្អនោះហើយ បានជាប្រឹងហាម ហាម ហាម និយាយដល់រោយថ្គាមពិបាកខ្លួនឯងនោះ។ តាំងពីស្គាល់គេខ្ញុំប្រឹងប្រែងធ្វើបែបយ៉ាង ដើម្បីធ្វើជាមនុស្សស្រីដែលគួរឱ្យស្រលាញ់ មិនឱ្យគាត់ពិបាក អ្វីៗខ្ញុំក៏កែប្រែ លះបង់ដើម្បីគាត់ ហេតុអ្វីគ្រាន់តែរឿងឈប់ដើរឈប់ផឹកក៏គាត់មិនអាចឈប់ដើម្បីខ្ញុំដែរ? មនុស្សយើងការទ្រាំមានកំណត់ បើវាដល់ពេលអស់ទ្រាំ ការអត់ធ្មត់នឹងបុកកញ្ជ្រោលចេញមកប្រៀបបីដូចជាគ្រាប់បែកផ្ទុះមិនខាន។  

រូបតំណាង

នៅសល់តែប៉ុន្មានម៉ែត្រទៀត ដល់កន្លែងដែលសង្សាររបស់ខ្ញុំផឹកស៊ីហើយ ខ្ញុំស្រាប់តែមានអារម្មណ៍ថាមានសម្រិបជើងមនុស្ស ២ ៣នាក់ដើរតាមពីក្រោយ។ អារម្មណ៍ភ័យរន្ធត់បានរសាត់ប៉ះរាងកាយរបស់ខ្ញុំទាំងមូល ហើយបញ្ជាដៃឱ្យចុចទូរស័ព្ទទៅសង្សាររបស់ខ្ញុំឱ្យគាត់ប្រញាប់ចេញមកទទួលខ្ញុំ ប៉ុន្តែមិនថាផ្ញើសារ ឬ ខលយ៉ាងណាគាត់បែរជាមិនលើកទៅវិញ។ អារម្មណ៍ខ្ញុំកាន់តែរន្ធត់ ត្រជាក់ចុងដៃចុងជើងទ្វេដង ហើយធ្វើឱ្យជើងរបស់ខ្ញុំបង្កើនល្បឿនកាន់តែញាប់ទៅដើម្បីឱ្យឆាប់ដល់គោលដៅ តែសម្រិបជើងពីក្រោយក៏រឹតតែញាប់ទៅៗលឿនទៅៗទ្វេរដងដូចគ្នា ស្រាប់តែដៃបុរសម្នាក់អូសខ្ញុំទាំងកម្រោល

« លែងយើង!! ជួយផង » ខ្ញុំស្រែកភ្លាត់សំឡេង

« មកបងជូនទៅផ្ទះ»

បុរសមុខមាត់គួរឱ្យខ្លាច ៣នាក់ចោមរោមខ្ញុំដូចចង់ស៊ីសាច់ខ្ញុំទាំងរស់ ខ្ញុំដឹងថាគ្រោះអាសន្នបានមកដល់ខ្ញុំហើយ ក្តីសង្ឃឹមចុងក្រោយមានតែបន់ឱ្យសង្សាររបស់ខ្ញុំបានឃើញសារនោះហើយប្រញាប់ចេញមកជួយខ្ញុំ។ បើគាត់បានឃើញទាន់ ហើយបើគាត់ចេញមកតែបន្តិច ខ្ញុំប្រហែលជា......... 

.............................................................................................................................

នៅក្នុងប៉ុស្តិប៉ូលីស ខោអាវដាច់រហែក ទឹកភ្នែកសស្រាក់ពេញផ្ទៃមុខ ដោយមានភួយពីប្រជាជនជិតល្អជិតនោះឱ្យខ្ញុំដណ្តប់ខ្លួន។ ខ្ញុំគ្រល៊ំភួយ យំតិចៗទាំងនៅភ័យញ័រខ្លួន អាណិតខ្លួនឯងចំពោះហេតុការណ៍ដែលកន្លងពីយប់មិញ។ វាជារឿងសំណាងបែបណា ដែលខ្ញុំមិនត្រូវបានវារំលោភបានសម្រេច តើខ្ញុំសំណាងយ៉ាងណាដែលគ្រាន់តែត្រូវរហែកខោអាវដាច់ដាចស្ទើរតែគ្មានអ្វីបិទបាំងខ្លួន? ហើយខ្ញុំគួរតែសប្បាយចិត្តយ៉ាងណាដែលគ្រាន់តែត្រូវពួកវាវាយទ្រោមខ្លួន ហើមមុខហើមមាត់ ជាំដៃជាំជើងនិងពេញតែខ្លួន? បើពេលនោះគ្មានមនុស្សឆ្លងកាត់ ខ្ញុំមិនត្រឹមតែត្រូវវាធ្វើបាបនោះទេ ប្រហែលជាសូម្បីតែជីវិតក៏មិនអាចរក្សាបានផង។

មួយសន្ទុះស្រមោលមនុស្សប្រុសដែលខ្ញុំធ្លាប់ស្រលាញ់ពេញបេះដូងបានរត់មកដល់ទាំងបែកញើសជោគ លាយឡំនឹងក្លិនស្រា។ ខ្ញុំសម្លឹងមើលគាត់ទាំងកែវភ្នែកអស់សង្ឃឹម។ ការឈឺចាប់ផ្លូវចិត្តនៅពេលនេះ វាប្រហែលជាឈឺចាប់ជាងត្រូវពួកវាធ្វើបាបទៅទៀត។ ឯណាមនុស្សដែលធ្លាប់ប្រាប់ថាស្រលាញ់ខ្ញុំស្មោះ? ឯណាដែលថានឹងមើលថែ ការពារខ្ញុំនោះ? តើការផឹកស៊ីរបស់គាត់ពិតជាសំខាន់ជាងអាយុជីវិតរបស់ខ្ញុំ? តែសម្តីដែលគាត់បាននិយាយមួយឃ្លានេះទាំងទឹកមុខសង្ស័យ រឹតតែធ្វើឱ្យខ្ញុំឈឺចាប់ទ្វេរដងដូចជាមុខលំពែងដ៏មុតស្រួចចាក់បន្ថែមលើបេះដូងដែលប្រេះស្រាំ

« អូនយ៉ាងម៉េចហើយ? អូនត្រូវពួកវារំលោភបានសម្រេចមែនទេ? »

ខ្ញុំស្រាប់តែទះគាត់មួយកំភ្លៀងទាំងទឹកភ្នែកឈឺចាប់ស្រក់មកដូចទឹកបាក់ទំនប់

« អូ! បងមិនសួរថាខ្ញុំមានរឿងអី តែមកដល់បងខ្វល់តែពីរឿងនេះចឹងហេ? កុំបារម្ភខ្ញុំមិនអីទេ »

គាត់ក៏រំសាយកែវភ្នែកសង្ស័យរួចចាប់ដៃខ្ញុំនិយាយទាំងទន់ភ្លន់លាយឡំនឹងការបារម្ភ

« បងសុំទោសៗៗ អូនមិនអីទេ? មានត្រូវត្រង់ណាទេ? កុំខឹងអីៗអីណា»

ខ្ញុំសួរគាត់ទាំងកែវភ្នែកទទេរស្អាត

« យប់មិញបងបានឮខ្ញុំទូរស័ព្ទទៅបងទេ? បងមានឃើញសាររបស់ខ្ញុំដែលផ្ញើទៅបងទេ? »

គាត់អេះអុញបន្តិច

« បង..បង ?»

ខ្ញុំក៏កញ្ឆក់ទូរស័ព្ទគាត់មកមើលមើលហើយសើចតិចៗទាំងឈឺចាប់លើកទូរស័ព្ទបង្ហាញគាត់

« លេខអូនដែលខលប៉ុន្មានដង បងក៏បានបើកមើល សារដែលផ្ញើទៅបងក៏បានឃើញ។ ហេតុអ្វីបានជាបងធ្វើបែបនេះដាក់ខ្ញុំ? យើងបែកគ្នាទៅ » ខ្ញុំស្រែកដាក់គាត់ទាំងកំហឹង។ គាត់បើកភ្នែកធំៗនិយាយអង្វរ

«អត់ទេៗៗ ស្តាប់បងសិនបានទេ? មែនហើយបងសារភាពថាបងបានឃើញ តែបងស្មានតែអូនលេងសើច ចង់ហាមមិនឱ្យបងបន្តផឹកស៊ីទៀត បានជា…»

« គ្រាន់តែរឿងផឹកស៊ីបងឈប់ដើម្បិអូនមិនបានផងចឹងហេ? ឯណាដែលបងថាស្រលាញ់ខ្ញុំ? នេះបើគ្មានអ្នកមកជួយទាន់ទេ ខ្ញុំប្រហែលជាក្លាយទៅជាខ្មោចតៃហោងមិនខានទេ បងដឹងទេ??? ចេញទៅ បងឯងចេញពីជីវិតរបស់ខ្ញុំទៅ»

« អត់ទេ បងមិនព្រម»។ គេនៅតែអង្វរខ្ញុំមិនឈប់រហូតដល់ប៉ូលីសអូសចេញ។

ខ្ញុំអាក្រក់មែនទេ? ខ្ញុំមិនព្រមផ្តល់ឱកាសគេតើខ្ញុំខុសមែនទេ? បើអ្នកទាំងអស់គ្នាជាខ្ញុំ និងនៅស្ថានភាពដូចជាខ្ញុំអ្នកនឹងបានដឹងថាវាពិបាកប៉ុណ្ណា វេទនាប៉ុណ្ណា។ ម៉ាក់ធ្លាប់ប្រាប់ខ្ញុំថាមនុស្សដែលស្រលាញ់យើងស្មោះគេប្រាកដជាធ្វើឱ្យយើងមានសេចក្តីសុខនិងកើតទុក្ខ។ ប៉ុន្តែត្រូវដឹងផងថា តើគេផ្តល់ឱ្យយើងនូវភាពសប្បាយរីករាយ សុភមង្គលប៉ុណ្ណា និងទឹកភ្នែកប៉ុណ្ណា? តើវាមានទំហំសមាមាត្រគ្នាឬទេ? ឬក៏មានម្ខាងណាលើសខ្វះគ្នាឆ្ងាយ? ម៉ាក់បាននិយាយទៀតថា បើគេស្រលាញ់យើងស្មោះគេប្រាកដជាយល់នូវតម្លៃទឹកភ្នែករបស់យើង មិនបណ្តោយឱ្យយើងស្រក់ទឹកភ្នែកផ្តេសផ្តាសដោយគ្មានប្រយោជន៍ និងពោរពេញដោយក្តីឈឺចាប់នោះទេ។ គេនឹងប្រឹងប្រែងធ្វើយ៉ាងណាប្រគល់ស្នាមញញឺមដែលមានក្តីសុខឱ្យយើង។ ចុះពេលនេះ និងពេលដែលកន្លងមកខ្ញុំមានសុភមង្គលប៉ុណ្ណា និងទឹកភ្នែកប៉ុណ្ណា? ធំៗអស់ហើយយើងប្រាកដជាចេះថ្លឹងថ្លែងរឿងល្អ និងអាក្រក់ បើកន្លែងនេះវាមិនសាកសមនឹងយើង និងធ្វើឱ្យយើងមានទុក្ខវេទនាឈឺចាប់មិនចេះចប់មិនចេះហើយបែបនេះហើយ  ដើរចេញមក។ បន្ទាប់ពីដើរចេញយើងប្រាកដជាឈឺចាប់ចៀសមិនរួច តែការឈឺចាប់រយៈពេលខ្លីប្រសើរជាងការឈឺចាប់រយៈពេលវែង។ កុំបារម្ភអីរបួសយូរនិងឆាប់គង់តែជាសះស្បើយ អនាគតក៏នៅវែងឆ្ងាយ  ក្តីសង្ឃឹមរលាយបាត់អស់មួយ នៅខាងមុខប្រាកដជាមានក្តីសង្ឃឹមថ្មីបន្តទៅទៀត។ ជីវិតស៊ូៗកុំចុះចាញ់ នោះទើបហៅថាមនុស្សដែលមានតម្លៃជីវិតម្នាក់៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]