ចិន៖ ប្រជាជនចិននិយមលេងកីឡាជល់ចង្រិតរាប់ពាន់ឆ្នាំកន្លងមកហើយ។ ស្របជាមួយគ្នានេះដែរ ដោយសារសេដ្ឋកិច្ចរបស់ប្រទេសមួយនេះ កាន់តែរីកចម្រើន ដូច្នេះការវិនិយោគនៅក្នុងវិស័យមួយនេះ ក៏កាន់តែធំឡើងៗដែរ។

កីឡាជុលចង្រិតនេះ ត្រូវបានចាប់ផ្តើមលេង តាំងពីជំនាន់រាជវង្សតាងមកម្ល៉េះ

តាមពិតទៅកីឡាជល់ចង្រិតត្រូវបានចាប់ផ្តើមលេង តាំងពីជំនាន់រាជវង្សថាង (ឆ្នាំ៦១៨-ឆ្នាំ៩០៤) មកម្ល៉េះ ហើយសត្វចង្រិតអាចរកបាននៅតាមវាលស្រែ ក្នុងទីក្រុង Sidian ខេត្ត Shandong។

កាលដើមឡើយ គេនិយាយថា អធិរាជរបស់ប្រទេសចិនពេញចិត្តនឹងសមត្ថភាពរបស់ចង្រិតនៅក្នុងតំបន់ Sidian នេះណាស់ ដោយសារចង្រិតនៅក្នុងតំបន់នេះតែងតែប្រកួតឈ្នះគេជារឿយៗ។ ហេតុដូច្នេះហើយ ទើបបានជាអ្នកមានទ្រព្យស្តុកស្តម្ភនាសម័យបច្ចុប្បន្ន ហ៊ានចំណាយប្រាក់យ៉ាងច្រើន ដើម្បីទិញចង្រិតពីតំបន់ Sidian នេះ។

កាលពីរដូវក្តៅ និងរដូវស្លឹកឈើជ្រុះ ប្រជាជនដែលរស់នៅក្នុងតំបន់ Sidian បានខិតខំរកចង្រិតទាំងថ្ងៃ ទាំងយប់ ដើម្បីផ្គត់ផ្គង់ទីផ្សារ និងតម្រូវការដែលកំពុងកើនឡើង។ ប៉ុន្តែអ្នកលក់ក៏ត្រូវបង្វឹកសត្វចង្រិតទាំងនោះ ឲ្យមានសមត្ថភាពក្នុងការប្រកួតប្រជែង ដើម្បីអាចលក់ក្នុងតម្លៃថ្លៃផងដែរ។ មិនតែប៉ុណ្ណោះ ក៏មានអ្នកខ្លះធ្វើជាឈ្មួញកណ្តាលលក់ដូរសត្វចង្រិត និងអ្នកខ្លះទៀត បើកជាសណ្ឋាគារសម្រាប់អ្នកដើរទិញចង្រិតតែម្តង។

Sidian បានក្លាយជាតំបន់មួយដែលមានទីផ្សារចង្រិតធំជាងគេនៅភាគខាងជើងប្រទេសចិន

Sidian បានក្លាយជាតំបន់មួយដែលមានទីផ្សារចង្រិតធំជាងគេនៅភាគខាងជើងប្រទេសចិន ហើយសម្រាប់គ្រួសារដែលមានជំនាញចាប់ចង្រិតវិញ អាចរកចំនូលបានដល់ទៅ ១០ម៉ឺនយ័ន (ប្រហែល១៥ ៣០០ដុល្លារ) ឯណោះ ក្នុងខែសីហាកន្លងទៅនេះ។ 

យោងលើការវិនិច្ឆ័យមួយចំនួនបានឲ្យដឹងថា សត្វចង្រិតមួយក្បាល អាចលក់បានចាប់ពីតម្លៃក្រោម១ដុល្លារ ដល់រាប់រយដុល្លារ ឬអាចដល់រាប់ពាន់ដុល្លារក៏មាន។

នៅក្នុងឆ្នាំនេះផងដែរ កសិករមួយរូបដែលរស់នៅក្នុងភូមិ Caojia តំបន់ Sidian បានលក់ចង្រិតមួយក្បាលក្នុងតម្លៃ ១៥ ០០០យ័ន (ប្រហែល ២ ៣០០ដុល្លារ) ប៉ុន្តែតម្លៃដែលខ្ពស់បំផុតរបស់សត្វចង្រិតមួយក្បាលនៅក្នុងឆ្នាំនេះ គឺរហូតដល់ទៅ ៥ម៉ឺនយ័ន (ប្រហែល៧ ៦៦១ដុល្លារ) ។ 

ទោះជាយ៉ាងណា កាលពីឆ្នាំ ២០១៤ កន្លងទៅ មានពាក្យចចាមអារ៉ាមលេចលឺថា អ្នករស់នៅក្នុងតំបន់ Sidian នេះ អាចលក់ចង្រិតមួយក្បាលក្នុងតម្លៃដល់ទៅ ៣០ម៉ឺនយ័ន (ប្រហែល ៤៦ ០០០ដុល្លារ)ឯណោះ។

សត្វចង្រិតមួយក្បាល អាចលក់បានចាប់ពីតម្លៃ ក្រោម១ដុល្លារ ដល់រាប់រយដុល្លារ ឬអាចដល់រាប់ពាន់ដុល្លារក៏មាន

ដោយសារតម្រូវការសត្វចង្រិតចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទើបបណ្តាលឲ្យចំនួនសត្វចង្រិតនៅក្នុងតំបន់ Sidian មានការធ្លាក់ចុះ ហើយបណ្តាញផ្សព្វផ្សាយនៅក្នុងប្រទេសចិន និងអ្នកជំនាញផ្នែកបរិស្ថានមួយចំនួន ក៏បានព្យាយាមលើកកម្ពស់ការយល់ដឹងអំពីការធ្លាក់ចុះមួយនេះផងដែរ ប៉ុន្តែដោយសារតែប្រជាជនត្រូវការប្រាក់ចំណេញ ដូច្នេះទើបពួកគេមិនខ្វល់ខ្វាយអំពីបញ្ហាមួយនេះឡើយ៕

សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]