ភ្នំពេញ៖ កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៧ អង្គការដើម្បីភាពញញឹមនៃកុមារ ដែលត្រូវបានស្គាល់ច្បាស់ថា PSE និងជាអង្គការមិនរកប្រាក់កម្រៃ ព្រមជាមួយនឹងក្រុមហ៊ុនស្មាតអាស្យាតា (Smart Axiata) ដែលជាក្រុមហ៊ុនទូរគមនាគមន៍ចល័តឈានមុខគេ បានប្រកាសភាពជាដៃគូរយៈពេល ៤ ឆ្នាំ ក្នុងការគ្រប់គ្រងសាលារៀនសង្គមកីឡា ដែលស្ថិតនៅអគារលេខ ៤០២ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ។ ព្រឹត្តិការណ៍នេះមានការចូលរួមជាគណៈអធិបតីពីសំណាក់ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីនៃក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី រូហ្សា រ៉ុនខាល (Rosa Roncal) ប្រធានមូលនិធិ Real Madrid អន្តរជាតិ ។

សាលារៀនសង្គមកីឡា Smart-PSE-RMF ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ដំណាលគ្នានឹងទីលានបាល់ទាត់សិប្បនិម្មិតដែលមានទំហំខ្នាតអន្តរជាតិថ្មីសន្លាង ដែលទទួលការឧបត្ថម្ភទាំងស្រុងពីក្រុមហ៊ុនស្មាត អាស្យាតា (“Smart”) ។ គម្រោងនេះនឹងត្រូវបានសម្របសម្រួលដោយអង្គការ PSE ដោយសហការជាមួយស្ថាប័នមនុស្សធម៌អន្តរជាតិ គឺមូលនិធិ Real Madrid (“RMF”) ដែលពីមុនធ្លាប់បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយអង្គការ PSE កាលពីឆ្នាំ ២០១៥ ដើម្បីជួយដល់កុមារដែលគ្មានឱកាសទទួលបានការអប់រំត្រឹមត្រូវឲ្យមានអនាគតកាន់តែប្រសើរ។

ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន

សារសំខាន់នៃកីឡាក្នុងវិស័យអប់រំ

នៅក្នុងពិធីប្រកាសអំពីភាពជាដៃគូនោះ ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន បានអបអរសាទរដល់គ្រប់ភាគីសម្រាប់ការប្ដេជ្ញាចិត្តនាំមកនូវការផ្លាស់ប្ដូរវិជ្ជមានដល់ជីវិតរបស់យុវជនកម្ពុជាតាមរយៈការអប់រំ បំណិនសង្គម និងកីឡា។

ឯកឧត្តម បានមានប្រសាសន៍ថា៖ “ខ្ញុំមានក្តីរំភើបយ៉ាងខ្លាំង នៅពេលឃើញក្រុមហ៊ុន ស្មាត និងអង្គការ PSE ដែលកំពុងរួមចំណែកយ៉ាងច្រើនក្នុងសង្គម បានសម្រេចចិត្ត ចាប់ដៃគ្នាអនុវត្តគម្រោងថ្មីនេះឡើង។ នៅពេលនេះ កុមាររាប់រយនាក់ នឹងមានឱកាសច្រើនតាមរយៈការអប់រំ គុណតម្លៃ និងបំណិនជីវិតប្រសើរជាងមុន ដែលពួកគេភាគច្រើនពុំធ្លាប់សុបិន្តថានឹងទទួលបានឱកាសបែបនេះឡើយពីមុនមក”។

លោក លន់ បូរិទ្ធី អគ្គនាយកអង្គការ PSE

លោក លន់ បូរិទ្ធី អគ្គនាយកអង្គការ PSE បានស្វាគមន៍ចំពោះទិសដៅថ្មីនៃសាលារៀននេះ ហើយបានទទួលស្គាល់នូវចំណុចខ្លាំងរបស់ដៃគូសំខាន់ទាំងពីរ ។

លោកបានថ្លែងថា៖ “ក្នុងនាមជាអ្នករៀបចំពិធីនេះ និងជួសមុខឲ្យកុមារ និងស្ថាបនិករបស់អង្គការ PSE យើងខ្ញុំមានក្តីរំភើបក្នុងការចាប់ផ្ដើមភាពជាដៃគូ ក្នុងការអនុវត្តគម្រោងសាលារៀនសង្គមកីឡានេះ ក្រោមការឧបត្ថម្ភប្រកបដោយភាពសប្បុរស និងការគាំទ្រដ៏ថ្លៃថ្លាពីក្រុមហ៊ុន ស្មាត អាស្យាតា និង មូលនិធិក្លឹបបាល់ទាត់ Real Madrid ។ តាមរយៈភាពជាដៃគូត្រីភាគីនេះ ខ្ញុំជឿថា យើងនឹងមានលទ្ធភាពពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់កុមារទីទាល់ ឲ្យក្លាយជាពលរដ្ឋមានសមាហរណភាពពេញលេញនៅកម្ពុជា”។

លោកស្រី រ៉ូហ្សា រ៉ុនខាល ប្រធានមូលនិធិ RMF អន្តរជាតិ

ភាពជាដៃគូប្រកបដោយនិរន្តរភាព

គោលគំនិតសាលានេះត្រូវបានផ្ដួចផ្ដើមឡើងដោយមូលនិធិ RMF ដែលជាមូលនិធិមិនរកប្រាក់កម្រៃ និងមានកេរ្តិ៍ឈ្មោះល្បីទូទាំងពិភពលោក ។ សាលារៀនដែលស្ថិតក្នុងរាជធានីភ្នំពេញនេះ មានបំណងលើកកម្ពស់កីឡាក្នុងចំណោមកុមារ និងយុវជន ហើយព្រមជាមួយនោះផ្ដល់ការអភិវឌ្ឍន៍ចរិតលក្ខណៈបានទូលំទូលាយ។

លោកស្រី រ៉ូហ្សា រ៉ុនខាល ប្រធានមូលនិធិ RMF អន្តរជាតិ បានមានប្រសាសន៍ថា៖ “គោលដៅរួមគឺមានភាពច្បាស់លាស់ណាស់ គឺកីឡា បំណិនជីវិត និងការអភិវឌ្ឍន៍សង្គម។ សាលារៀនសង្គមកីឡានេះនឹងមិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់សិស្សានុសិស្សដែលមកអង្គការ PSE ដើម្បីបានលេង និងរៀនប៉ុណ្ណោះទេ ប៉ុន្តែ ក៏ផ្ដល់អត្ថប្រយោជន៍ដល់គ្រូបង្វឹក ដែលត្រូវផ្ដល់ការហ្វឹកហ្វឺនស្របតាមបទដ្ឋានលំដាប់ពិភពលោកផងដែរ”។

នៅក្នុងស្មារតីគម្រូសាលារៀនសង្គមកីឡារបស់មូលនិធិ RMF កុមារដែលមានអាយុចន្លោះពី ៦ ដល់ ១៧ ឆ្នាំ មិនថាជាភេទអ្វីនោះទេ មានឱកាសមាសក្នុងការចូលរួមការហ្វឹកហាត់ និងសិក្សាដោយមិនចាំបាច់បារម្ភលើបញ្ហាហិរញ្ញវត្ថុឡើយ ។ ការជ្រើសរើសសម្រាប់ការទទួលយកមកបណ្ដុះបណ្ដាល គឺមិនផ្អែកលើលក្ខណវិនិច្ឆ័យផ្នែកអត្តពលកម្មនោះទេ ប៉ុន្តែគឺផ្អែកលើការផ្ដល់អាទិភាពលើអ្នកដែលស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចសង្គមដែលលំបាក។

ប៉ារ៉ាម៉ែត្រទាំងនេះ គឺមិនមានអ្វីប្លែកឡើយសម្រាប់ក្រុមហ៊ុនស្មាត ដែលជាក្រុមហ៊ុនតស៊ូមតិខ្លាំងក្លាឲ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុនស្មាត

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុនស្មាត បានមានប្រសាសន៍ថា៖ “យើងមានក្តីរីករាយក្នុងការប្រកាសអំពីភាពជាដៃគូនេះ ដែលជាផ្នែកមួយនៃកញ្ចប់កម្មវិធីកីឡា សម្រាប់ការអភិវឌ្ឍរបស់យើង ដែលជាឧបករណ៍ដ៏រឹងមាំសម្រាប់ការលើកកម្ពស់ការអប់រំក្នុងចំណោមយុវជនដែលមានទេពកោសល្យនៅកម្ពុជា”។

លោកបានថ្លែងបន្ថែមទៀតថា៖ “ដោយសារកីឡាសហគមន៍ គឺជា សសរស្ដម្ភមួយក្នុងចំណោមសសរស្ដម្ភសំខាន់ដទៃទៀតនៃផ្នែកទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនស្មាត ដូច្នេះភាគីដៃគូទាំងអស់សុទ្ធតែមានមូលដ្ឋានរួមដូចគ្នា ក្នុងការកសាងអនាគតកាន់តែភ្លឺស្វាងសម្រាប់យុវជនកម្ពុជា ។ ទន្ទឹមនឹងនេះ យើងក៏បានសម្រេចចិត្តឧបត្ថម្ភបន្ថែមក្នុងការកសាងទីលានបាល់ទាត់ដើម្បីជួយពង្រឹងបទពិសោធន៍ដល់សិស្សានុសិស្សដែលស្ថិតក្រោមគម្រោងនេះ”។

ភាពជាដៃគូផ្ដាច់មុខរវាងក្រុមហ៊ុនស្មាត និងអង្គការ PSE សម្រាប់គម្រោងសាលារៀននេះ គឺទំនងជានឹងត្រូវបន្ត និងអភិវឌ្ឍន៍បន្ថែមទៀតទៅថ្ងៃអនាគត ។ ក្នុងកិច្ចសន្យាដែលមានស្រាប់ កុមារា និងកុមារីចំនួនជាង ៩០០ នាក់ត្រូវបានរំពឹងថា នឹងទទួលផលពីគម្រោងនេះ ហើយពួកគេនឹងត្រូវរៀនលេងបាល់ទាត់ ហើយទន្ទឹមនឹងនេះក៏ត្រូវបង្កើតតម្លៃផ្ទៃក្នុងដូចជា ស្មារតីក្រុម និងសាមគ្គីភាព ក៏ដូចជាទម្លាប់រស់នៅឲ្យមានសុខភាពល្អផងដែរ ។ ដោយសារមានការគាំទ្រពីមូលនិធី RMF បុគ្គលិកអង្គការ PSE ក៏នឹងទទួលផលប្រយោជន៍ពីការបណ្ដុះបណ្ដាល និងវិធីសាស្ត្រអប់រំដែលមានគុណភាពខ្ពស់ និងបង្កើនបំណិនរបស់ខ្លួនស្របតាមវិធីសាស្ត្រដែលប្រើប្រាស់ទូទាំងសកលលោក៕

ក្រុមហ៊ុន Smart Axiata ចាប់ដៃគូជាមួយអង្គការ PSE និងមូលនិធិក្លឹបបាល់ទាត់ Real Madrid តាមរយៈគម្រោងកីឡាសម្រាប់កុមារទីទ័លក្រ
ទិដ្ឋភាពខ្លះៗនៅក្នុងកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ទីលានបាល់ទាត់សិប្បនិម្មិត និងសាលារៀនសង្គមកីឡា Smart-PSE-RMF
ទិដ្ឋភាពខ្លះៗនៅក្នុងកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ទីលានបាល់ទាត់សិប្បនិម្មិត និងសាលារៀនសង្គមកីឡា Smart-PSE-RMF
ទិដ្ឋភាពខ្លះៗនៅក្នុងកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ទីលានបាល់ទាត់សិប្បនិម្មិត និងសាលារៀនសង្គមកីឡា Smart-PSE-RMF
ទិដ្ឋភាពខ្លះៗនៅក្នុងកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ទីលានបាល់ទាត់សិប្បនិម្មិត និងសាលារៀនសង្គមកីឡា Smart-PSE-RMF

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]