បរទេស៖ ប៉ុន្មានម៉ោងមុនក្រុមហ៊ុន Apple ទើបបង្ហាញ iPhone ស៊េរីថ្មីចុងក្រោយរបស់ខ្លួនចំនួន ៣ម៉ូដែលគឺ iPhone 8, iPhone 8 Plus និង iPhone X (iPhone 10) ។

ជាធម្មតាមនុស្សគ្រប់គ្នាតែងតែពិបាកទប់អារម្មណ៍នឹងភាពទាក់ទាញរបស់ iPhone ស៊េរីថ្មី ប៉ុន្តែបើសិនជាអ្នកមានទូរស័ព្ទ iPhone ស៊េរីចាស់ហើយ អ្នកគួរតែពិចារណាចំណុចមួយចំនួនសិនមុននឹងធ្វើការឡើងស៊េរី។

• សម្រាប់អ្នកដែលមានទូរស័ព្ទ iPhone 6 ឬស៊េរីក្រោមនេះទៀត

បើសិនជាក្នុងពេលនេះ អ្នកកំពុងប្រើទូរស័ព្ទ iPhone ដែលមានអាយុកាលចាស់ជាងទូរស័ព្ទ iPhone ស៊េរីថ្មីដល់ទៅពីរឆ្នាំ ឬច្រើនជាងនេះទៀត អ្នកគួរតែឡើងស៊េរី។ ទូរស័ព្ទ iPhone 8 និង 8 Plus មានការកែលម្អច្រើនដែលគួរឲ្យកត់សម្គាល់ ជាមួយនឹងការបញ្ចូលថ្មដោយឥតខ្សែ  កាមេរ៉ាមានពន្លឺច្បាស់ល្អ  មានដំណើរការលឿនជាងមុននិងមានអេក្រង់មានពណ៌យ៉ាងល្អប្រណីតផងដែរ។

យ៉ាងណាមិញ អ្នកមិនគួរតម្លើងស៊េរីត្រឹមទូរស័ព្ទ iPhone 7 ឡើយព្រោះថា iPhone 8 និង iPhone 8 Plus មានលក្ខណៈពិសេសជាច្រើនដែលមាននៅលើ iPhone 7 ដែរ។

ចំពោះតម្លៃវិញ ទូរស័ព្ទ iPhone 8 ដែលមានអង្គចងចាំទំហំ 64GB មានតម្លៃ ៦៩៩ដុល្លារនិងទំហំ 256GB មានតម្លៃ ៨៤៩ដុល្លារ។  សម្រាប់ iPhone 8 Plus ដែលមានអង្គចងចាំទំហំ 64GB មានតម្លៃ ៧៩៩ដុល្លារនិងទំហំ 256GB មានតម្លៃ ៩៤៩ដុល្លារ។

• សម្រាប់អ្នកដែលមានទូរស័ព្ទ iPhone 7 ឬ iPhone 7 Plus

អ្វីដែលធ្វើឲ្យមនុស្សជាច្រើនមិនដាច់ចិត្តឡើងស៊េរី iPhone 7 ឬ 7 Plus របស់គេព្រោះ iPhone 8 និង iPhone 8 Plus មានភាពខុសប្លែកពីទូរស័ព្ទស៊េរីមុនតែបន្តិចបន្តួចប៉ុណ្ណោះ។

ទូរស័ព្ទ iPhone ស៊េរីថ្មីនឹងមានបំពាក់បន្ទះឈីប A11 bionic ដែលអាចធ្វើឲ្យទូរស័ព្ទម៉ូដែលនេះមានដំណើរការលឿនខ្លាំងជាង iPhone ស៊េរីមុនៗ។

ក្រៅពីការសាកថ្មដោយឥតប្រើខ្សែ ការកាន់ថ្មបានយូរជាងមុន និងការថតរូបមានលក្ខណៈច្បាស់ ទូរស័ព្ទ iPhone 8 និង iPhone 8 Plus មានការអាប់ដេតជាង iPhone 7 និង 7 Plus តិចតួចប៉ុណ្ណោះ ដូច្នេះវាហាក់បីដូចជាមិនសូវសមទេដែលអ្នកត្រូវថែមប្រាក់អស់រាប់រយដុល្លារ និងបានមកវិញនូវលក្ខណៈពិសេសច្រើនជាងមុនតែបន្តិចបន្តួចអ៊ីចឹង។

ទូរស័ព្ទ iPhone 8 និង 8 Plus
ការសាកថ្មទូរស័ព្ទ iPhone 8 និង 8 Plus ដោយឥតប្រើខ្សែ
ពណ៍ទូរស័ព្ទ iPhone 8 និង 8 Plus

• សម្រាប់អ្នកដែលចង់ឡើងស៊េរីទៅ iPhone X (iPhone 10)

ទូរស័ព្ទ iPhone X មានរូបរាង និងកំណែទម្រង់យ៉ាងប្លែកខុសពីទូរស័ព្ទ iPhone ទាំងអស់ដែលបានចេញលក់ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។ ការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់បំផុត គឺអេក្រង់ដែលគ្របដណ្តប់ស្ទើរតែគ្រប់ជ្រុងនៅផ្នែកខាងមុខលើកលែងតែកន្លែងសម្រាប់កាមេរ៉ាមុខប៉ុណ្ណោះ ហើយសូម្បីប៉ូតុង Home ក៏ជាលក្ខណៈប៉ូតុង Digital ដែលមាននៅលើអេក្រង់ផ្ទាល់ដែរ។

ការផ្លាស់ប្តូរដ៏ធំមួយផ្សេងទៀត គឺការបំពាក់ឧបករណ៍ចាប់សញ្ញាដែលអាចវិភាគផ្ទៃមុខរបស់អ្នក ដើម្បីធ្វើការដោះសោរដោយស្វ័យប្រវត្តិបាន ទោះបីជាអ្នកស្ថិតនៅក្នុងកន្លែងងងឹតក៏ដោយ។

iPhone X នឹងលក់ក្នុងតម្លៃ ៩៩៩ដុល្លារ ដូច្នេះបើសិនជាអ្នកចង់បាននូវទូរស័ព្ទស៊េរីថ្មីដែលខុសប្លែកពី iPhone ទាំងអស់ដែលអ្នកធ្លាប់ប្រើ អ្នកគួរតែតម្លើងស៊េរីឲ្យដល់ទូរស័ព្ទ iPhone X តែម្តងទៅ។

ទូរស័ព្ទ iPhone X ពីខាងមុខ
កាមេរ៉ាទូរស័ព្ទ iPhone X
ការស្កេមផ្ទៃមុខដើម្បីបើសោរបស់ទូរស័ព្ទ iPhone X
ការសាកថ្មទូរស័ព្ទ iPhone X ដោយឥតប្រើខ្សែ

វីដេអូបង្ហាញពីទូរស័ព្ទ iPhone 8 និង 8 Plus ៖

វីដេអូបង្ហាញពីទូរស័ព្ទ iPhone Xៈ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]