ចិន៖ និស្សិតប្រុសវ័យជំទង់ជនជាតិចិនម្នាក់ ទទួលបានការលើកទឹកចិត្ត និងការកោតសរសើរយ៉ាងខ្លាំង ដែលរូបគេអាចរកចំណូលបានរហូតដល់ទៅខ្ទង់ជាង ៦០០០ដុល្លារក្នុងមួយខែៗ តាមរយៈការសរសេររឿងប្រលោមលោកលក់ និងបង្ហោះចែកចាយលើអ៊ីនធើណែត។

បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា កវីវ័យក្មេងរូបនេះមានឈ្មោះថា Tong Hao រស់នៅក្នុងទីក្រុង Wuhan ភាគកណ្តាលខេត្ត Hubei ប្រទេសចិន។ បច្ចុប្បន្ន Tong គឺជានិស្សិតឆ្នាំទី១ នៃសាលា Wuhan Vocational Collage of Software and Engineering ។ ជាការពិតណាស់ Tong គេគឺជាក្មេងប្រុសម្នាក់ ខុសប្លែកពីក្មេងប្រុសដទៃ ដែលចូលចិត្តអាន និងមានជំនាញសរសេរយ៉ាងហ្មត់ចត់ តាំងតែពីគេរៀនថ្នាក់ទី៤មកម៉្លេះ។

Tong និយាយថា កាលដែលគេរៀនថ្នាក់ទី៤ គ្រូបង្រៀនរបស់គេតែងអានរឿងប្រលោមលោក នៅលើអ៊ីនធើណែតឲ្យសិស្សស្តាប់ណាស់។ វាពិតជាភ្ញាក់ផ្អើល និងជក់ចិត្តយ៉ាងខ្លាំងសម្រាប់ Tong ព្រោះថាគេមិនធ្លាប់ដែលបានស្តាប់ និងឃើញស្ទាយ៍សរសេររឿងដ៏ទាក់ទាញចិត្តយ៉ាងដូច្នេះពីមុនមកទេ។

គួបផ្សំការស្រលាញ់ និងមានដុងពីធម្មជាតិផងនោះ ទើបចាប់តាំងពីពេលនោះមក Tong ក៏រៀនចាប់ផ្តើមហ្វឹកហាត់ជំនាញសរសេររបស់ខ្លួនតែម្តង ដោយប្រើអារម្មណ៍និងការស្រមៃ។

កវីវ័យក្មេងរូបនេះមានឈ្មោះថា Tong Hao រស់នៅក្នុងទីក្រុង Wuhan ភាគកណ្តាលខេត្ត Hubei ប្រទេសចិន

មុនឈានដល់ការសរសេររឿងប្រលោមលោកដំបូង  Tong សរសេរត្រឹមលក្ខណៈបែបតែងសេចក្តីប៉ុណ្ណោះ ហើយគេតែងតែទទួលបានការកោតសរសើរ និងជំរុញលើកទឹកចិត្តយ៉ាងខ្លាំងពីគ្រូរបស់គេជារើយៗ ថាគេពិតជាមានស្នាដៃមែន។ លើសពីនេះគ្រូរបស់ Tong ថែមទាំងបានយកតែងសេចក្តីរបស់ Tong ទៅអានឲ្យមិត្តៗរួមថ្នាក់ទាំងអស់បានស្តាប់ ដើម្បីជាការបំផុសគំនិតល្អៗទៅតាមអ្វីដែល Tong បានសរសេររៀបរាប់នោះថែមទៀតផង។

ប្រភពដដែលបន្តថា ក្រោយតៗមកទៀត Tong តែងនឹកគិត និងសួរខ្លួនឯងថា ខ្លួនគេមានសមត្ថភាពប៉ុណ្ណឹងដែរ ចុះហេតុអ្វីបានជាមិនរៀនចាប់ផ្តើម សរសេររឿងប្រលោមលោកលក់ និងបង្ហោះលើអ៊ីនធើណែតដើម្បីរកលុយទៅ?  ទើបទីបំផុត Tong ក៏បានសម្រេចចិត្តអង្វរសុំឪពុករបស់គេ ទិញកុំព្យូទ័រផ្ទាល់ខ្លួនមួយគ្រឿង ដើម្បីអនុវត្តន៍ការសរសេររឿងតែម្តង។

រាល់សាច់រឿងនិពន្ធនីមួយៗរបស់ Tong តែងទទួលបានការគាំទ្របែបវិជ្ជមានយ៉ាងខ្លាំង ពីសំណាក់អ្នកអានជាច្រើនលើអ៊ីនធើណែត

ការចាប់ផ្តើមរបស់កវីវ័យក្មេង Tong ដំបូងឡើយ គេរៀនសរសេររឿងប្រលោមលោក បែបខ្លីៗតែប៉ុណ្ណោះ យ៉ាងច្រើនមាន ២០ ០០០ពាក្យ។ រាល់សាច់រឿងនិពន្ធនីមួយៗរបស់ Tong តែងទទួលបានការគាំទ្របែបវិជ្ជមានយ៉ាងខ្លាំង ពីសំណាក់អ្នកអានជាច្រើនលើអ៊ីនធើណែត។

រីឯចំណូលដែល Tong ទទួលបានដំបូងវិញ បានប្រហែល៥០០យ័ន (ប្រហែលជា៧៧ដុល្លារអាមេរិក) តែប៉ុណ្ណោះ  ទម្រាំមានថ្ងៃជោគជ័យដល់សព្វថ្ងៃ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលគេអាចរកចំណូលបានចាប់ពី ៤០ ០០០យ័ន (ប្រហែលជា៦១២៣ដុល្លារអាមេរិក) ឡើងទៅ ហើយចំណែកឯការសរសេរសាច់រឿងរបស់គេទៀតសោត ក៏កាន់តែវែងជាងមុនដែរ។

ជាក់ស្តែង Tong អាចចំណាយពេលប្រហែល២ម៉ោង គេអាចសរសេរបាន ៤ ០០០ ទៅ ៨ ០០០ពាក្យ។ ជារៀងរាល់ថ្ងៃ Tong តែងចំណាយពេលសរសេររឿងរហូតដល់ម៉ោង១២យប់។

ប្រភពដដែលបានឲ្យដឹងទៀតថា រាល់ប្រាក់ចំណូលរបស់ Tong ទាំងអស់ គឺគេទុកឲ្យឪពុករបស់គេជាអ្នកគ្រប់គ្រងទាំងអស់។  អ្វីដែលពិសេសជាងនេះទៅទៀតនោះ កាលពីឆ្នាំកន្លងទៅ Tong ថែមទាំងបានឲ្យឪពុករបស់គេ ទិញផ្ទះថ្មីមួយខ្នងដោយប្រើលុយដែលគេរកបាន ដើម្បីចាកចេញពីផ្ទះជួលចាស់ផងដែរ។ សម្រាប់នៅថ្ងៃអនាគត Tong ក៏នឹងមានគម្រោងទិញរថយន្តមួយគ្រឿង និងចង់បើកហាងតូចមួយ ដើម្បីឲ្យឪពុកម្តាយរបស់គេរកស៊ីផងដែរ ៕

Tong អាចចំណាយពេលប្រហែល២ម៉ោង គេអាចសរសេរបាន ៤,០០០ ទៅ ៨,០០០ពាក្យ
នៅថ្ងៃអនាគត Tong ក៏នឹងមានគម្រោងទិញរថយន្តមួយគ្រឿង និងចង់បើកហាងតូចមួយ ដើម្បីឲ្យឪពុកម្តាយរបស់គេរកស៊ីផងដែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]