បរទេស៖ នៅក្នុងពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាមានការអភិវឌ្ឍន៍យ៉ាងខ្លាំង ដូចជារថយន្តដែលអាចបើកបរដោយខ្លួនឯង ការដឹកជញ្ជូនដោយប្រើប្រាស់ Drone និងលក្ខណៈពិសេសមួយចំនួនទៀតដែលបានធ្វើឲ្យជីវិតរបស់មនុស្សមានភាពងាយស្រួលជាងមុនផងដែរ។

ខាងក្រោមនេះគឺជាទីក្រុងទាំង ១០ដែលមានបច្ចេកវិទ្យាជឿនលឿនបំផុត៖ 

១. ទីក្រុង Pittsburgh (សហរដ្ឋអាមេរិក)

ទីក្រុង Pittsburgh បានក្លាយខ្លួនពីទីក្រុងឧស្សាហកម្មដែកថែបទៅជាទីក្រុងមួយសម្រាប់ការស្រាវជ្រាវឡានដែលអាចបើកដោយដោយខ្លួនឯងបាន។

យោងតាមរដ្ឋាភិបាលក្នុងតំបន់បានឲ្យដឹងថា ក្រុមហ៊ុន Uber, Ford និង Aurora បាននាំចូលនូវបច្ចេកវិទ្យាផលិតរថយន្តរបស់គេដែលបានធ្វើឲ្យទីក្រុងនេះកាន់តែមានភាពជឿនលឿនទៅមុខ។

ក្នុងពេលនេះ ក្រុមហ៊ុន Uber ក៏កំពុងផ្តល់នូវសេវាកម្មឡានតាក់ស៊ីដែលអាចធ្វើការបើកបរដោយស្វ័យប្រវត្តិដល់អតិថិជននៅទូទាំងទីក្រុងទៀតផង។ 

ឡានតាក់ស៊ីដែលអាចធ្វើការបើកបរដោយស្វ័យប្រវត្តិ
ទីក្រុង Pittsburgh (សហរដ្ឋអាមេរិក)

២. ទីក្រុង Reykjavik (ប្រទេសអ៊ីស្លង់)

ទីក្រុង Reykjavik គឺជាទីក្រុងតែមួយគត់នៅលើភពផែនដីដែលមានការដឹកជញ្ជូនដោយប្រើប្រាស់ឧបករណ៍ Drone ដែលអាចបើកបរដោយស្វ័យប្រវត្តិ។

ក្រុមហ៊ុនអ៊ីស្រាអ៊ែល FlyTrex បានចាប់ដៃគូជាមួយទីផ្សារអនឡាញ Aha ដើម្បីធ្វើការលក់ទំនិញនិងការដឹកជញ្ជូនដោយប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបនេះ។ ក្នុងពេលអនាគតក្រុមហ៊ុន FlyTrex គ្រោងនឹងប្រើខ្សែដើម្បីទម្លាក់កញ្ចប់ទំនិញទៅមុខផ្ទះឬក្រោយផ្ទះរបស់អតិថិជនតែម្តង។

ការដឹកជញ្ជូនដោយប្រើប្រាស់ឧបករណ៍ Drone ដែលអាចបើកបរដោយស្វ័យប្រវត្តិ
ទីក្រុង Reykjavik (ប្រទេសអ៊ីស្លង់)

៣. ទីក្រុង Moscow (ប្រទេសរុស្ស៊ី)

Moscow គឺជារដ្ឋធានីរបស់ប្រទេសរុស្ស៊ី។ ទីក្រុងដ៏ទំនើបនេះមានបំពាក់ទៅដោយកាមេរ៉ាចំនួន ១៤៦ពាន់គ្រឿងដើម្បីត្រួតពិនិត្យចរាចរណ៍ សុវត្ថិភាពប្រជាជន  អ្នកទេសចរ  និងការធ្វើអាជីវកម្មនៅក្នុងទីក្រុង។

បច្ចុប្បន្ននេះរដ្ឋាភិបាលប្រទេសរុស្ស៊ីកំពុងធ្វើការអភិវឌ្ឍន៍កាមេរ៉ារបស់ខ្លួនឲ្យមានភាពប្រសើរឡើងដើម្បីទាញយកវីដេអូពីអំពើខុសច្បាប់ទាំងឡាយ។ កាមេរ៉ារបស់គេមានសមត្ថភាពកំណត់អត្តសញ្ញាណយ៉ាងល្អ។ ឧទាហរណ៍ថា បើសិនជាមាននរណាម្នាក់មិនបានសម្អាតលាមកសត្វចិញ្ចឹមរបស់ខ្លួននៅទីសាធារណៈទេ ពួកគេអាចនឹងទទួលបានការដាស់តឿនតាមរយៈអ៊ីម៉ែលឲ្យទៅបង់លុយផាកពិន័យ។

កាមេរ៉ាដ៏ទំនើបរបស់រុស្ស៊ី
ទីក្រុង Moscow (ប្រទេសរុស្ស៊ី)

៤. ទីក្រុង Chigago (សហរដ្ឋអាមេរិក)

ទីក្រុង Chigago មានការរីកចំរើនផ្នែកបច្ចេកវិទ្យាគួរឲ្យចាប់អារម្មណ៍ ហើយទីក្រុងនេះមានឧបករណ៍ចាប់សញ្ញាដើម្បីតាមដានស្ថានភាពចរាចរណ៍ទៀងផង។ ឧបករណ៍ចាប់សញ្ញាទាំងនោះអាចផ្តល់ព័ត៌មាននៃចរាចរណ៍នៅលើដងផ្លូវរួម ទាំងស្ថានភាពខ្យល់ក្នុងប្លុកនីមួយៗដើម្បីសម្រួលដល់ការធ្វើចរាចរណ៍តាមផ្លូវអាកាសផងដែរ។  

ឧបករណ៍ចាប់សញ្ញា
ទីក្រុង Chigago (សហរដ្ឋអាមេរិក)

៥. ទីក្រុង San Francisco (សហរដ្ឋអាមេរិក)

តំបន់ Silicon Valley ដែលស្ថិតនៅក្នុងទីក្រុង San Francisco គឺជាតំបន់ប្រជុំទៅដោយក្រុមហ៊ុនបច្ចេកវិទ្យា ដូច្នេះហើយទើបទីក្រុងនេះមានការរីកចំរើនយ៉ាងខ្លាំងក្នុងវិស័យបច្ចេកវិទ្យា។

នៅជុំវិញទីក្រុងអ្នកនឹងឃើញ រថយន្តអេឡិចត្រូនិច និងមនុស្សយន្តដែលមានកង់ធ្វើការដឹកជញ្ជូនតាមចិញ្ចើមថ្នល់។ ក្នុងពេលបច្ចុប្បន្ននេះ ទីក្រុង San Francisco គឺជាគោលដៅដ៏សំខាន់សម្រាប់សហគ្រិន និងអាជីវកម្មទើបបង្កើតថ្មី។ 

មនុស្សយន្តដែលមានកង់ធ្វើការដឹកជញ្ជូនឥវ៉ាន់
ទីក្រុង San Francisco (សហរដ្ឋអាមេរិក)

៦. សឹង្ហបូរី

សឹង្ហបូរីក៏ជាកន្លែងមួយដែលមនុស្សអាចជិះតាក់ស៊ីដែលបើកបរដោយស្វ័យប្រវត្តិបានផងដែរ។ ការបើកចំហរ និងស្វាគមន៍បច្ចេកវិទ្យាថ្មីៗបានធ្វើឲ្យសឹង្ហបូរីក្លាយជាទិសដៅដែលគួរទាក់ទាញមួយសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន។

សឹង្ហបូរីមានភាពស្រដៀងគ្នាទៅនឹងទីក្រុង Pittsburgh ចំពោះការប្រើប្រាស់តាក់ស៊ីដែលមិនប្រើតៃកុង​ ប៉ុន្តែនៅសឹង្ហបូរីសេវាកម្មនេះអាចប្រើបានតែក្នុងតំបន់ដែលគេអនុញាត្តិប៉ុណ្ណោះ។ 

តាក់ស៊ីដែលមិនប្រើតៃកុង
សឹង្ហបូរី

៧. ទីក្រុង Washington D.C. (សហរដ្ឋអាមេរិក)

ទីក្រុង Washington D.C. គឺជាលំនៅដ្ឋានរបស់មនុស្សយន្តដែលមានកង់ប្រាំមួយ។ មនុស្សយន្តនេះធ្វើដំណើរនៅតាមចិញ្ចើមផ្លូវដើម្បីដឹកជញ្ជូនអាហារទៅដល់អតិថិជនរបស់ខ្លួន។

ក្រុមហ៊ុន Starship Technologies បានផ្តល់សេវាកម្មដឹកជញ្ជូនអាហារដោយប្រើមនុស្សយន្តរហូតដល់ច្រកទ្វារតែម្តង។

ក្នុងពេលនេះមនុស្សយន្តទាំងនោះត្រូវបានគ្រប់គ្រងដោយមនុស្សនៅឡើយទេ ប៉ុន្តែគោលដៅរបស់គេទៅអនាគតគឺការប្រើប្រាស់មនុស្សយន្តដឹកជញ្ជូនដោយស្វ័យប្រវត្តិតែម្តង។ 

មនុស្សយន្តដឹកជញ្ជូនអាហារដល់ច្រកទ្វារ
ទីក្រុង Washington D.C. (សហរដ្ឋអាមេរិក)

៨. ទីក្រុង Seattle (សហរដ្ឋអាមេរិក)

ក្រុមហ៊ុន AmazonFresh Pickup ដែលស្ថិតនៅក្នុងទីក្រុង Seattle គឺជាក្រុមហ៊ុនមួយដែលអនុញាត្តិឲ្យអតិថិជនរបស់ខ្លួនធ្វើការកម្មង់គ្រឿងទេសតាមអ៊ីនធឺណែតមុនពេលដែលអតិថិជនធ្វើដំណើរមកដល់កន្លែងផ្ទាល់  បន្ទាប់មកបុគ្គលិកក្រុមហ៊ុននេះនឹងយកទំនិញទាំងនោះមកដល់ឡានរបស់អតិថិជនតែម្តង។

លើសពីនេះទៅទៀត នៅក្នុងទីក្រុង Seattle អតិថិជនក៏អាចជួលកង់សម្រាប់ជិះដោយគ្រាន់តែធ្វើការស្កេនបាកូដ QR ជាមួយស្មាតហ្វូនរបស់ពួកគេ។ 

សេវាកម្មកម្មង់គ្រឿងទេសតាមអ៊ីនធឺរណែត
ការជួលកង់ដោយគ្រាន់តែធ្វើការស្កេនកូដ QR

៩. ទីក្រុង Dubai (អារ៉ាប់រួម)

ប៉ូលិសនៅក្នុងទីក្រុង Dubai មានលក្ខណៈខុសពីធម្មតាយ៉ាងខ្លាំង ព្រោះតែទីក្រុងនេះប្រើមនុស្សយន្តដែលដើរតួរជាកងកម្លាំងប៉ូលិស។ ប៉ូលិសមនុស្សយន្តនេះមានទម្រង់មុខដូចមនុស្ស មានបំពាក់កាមេរ៉ាពីរធ្វើជាភ្នែក ពាក់មួកប៉ូលិស និងមានចំនួនដៃពីរផងដែរ។ ចំនែកឯអេក្រង់ដែលស្ថិតនៅលើទ្រូងរបស់វាគឺជាកន្លែងមួយដែលអនុញ្ញាតឲ្យអ្នករាយការណ៍អំពីឧក្រិដ្ឋកម្មនៅក្នុងតំបន់ ឬបង់ប្រាក់ការផាកពិន័យផងដែរ។ 

ប៉ូលីសមនុស្សយន្ត
ទីក្រុង Dubai (អារ៉ាប់រួម)

១០. ទីក្រុង Oslo (ប្រទេសន័រវែស)

ទីក្រុង Oslo ដែលជារដ្ឋធានីប្រទេសន័រវែសគឺជាទីក្រុងមួយដែលមានការរីកចំរើនក្នុងការច្នៃប្រឌិតផ្នែកដឹកជញ្ជូនសាធារណៈ។ ទីក្រុងនេះបានលុបបំបាត់កន្លែងចតឡានទាំងអស់នៅតំបន់កណ្តាលទីក្រុង ដើម្បីបន្ថយការបំពុលបរិស្ថាន និងការកកស្ទះចរាចរណ៍។ ក្នុងពេលនេះ ការធ្វើដំណើរដោយកង់កំពុងមានការពេញនិយមផងដែរនៅក្នុងទីក្រុង Oslo។  

ទីក្រុង Oslo (ប្រទេសន័រវែស)
មធ្យោបាយធ្វើដំណើរសាធារណៈនៅក្នុងទីក្រុង Oslo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]