ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ១២ កញ្ញា ឆ្នាំ ២០១៧ នេះ ក្រសួងសុខាភិបាល បានសហការជាមួយ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង រៀបចំសិក្ខាសាលាផ្សព្វផ្សាយព័ត៌មានអំពី «វិធានការណ៍បង្ការការពុលចំណីអាហារ និងការពុលស្រា» ក្រោមការឧបត្ថម្ភពីអង្គការសុខភាពពិភពលោក នៅឯទីស្តីការក្រសួងសុខាភិបាល។

ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌចាប់ពីថ្ងៃទី០៦ កញ្ញា ដល់ថ្ងៃទី ២០ កញ្ញា ឆ្នាំ ២០១៧ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់សាធារណជនទាំងអស់ឲ្យចូលរួមអនុវត្តន៍វិធានការបង្ការ ដើម្បីសុខភាពល្អ ចៀសផុតពីបញ្ហាសុខភាពល្អ និងចៀសផុតពីបញ្ហាសុខភាព ដែលបណ្តាលមកពីការពុលអាហារ ពុលស្រា និងជំងឺឆ្លងផ្សេងៗទៀត។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានមានប្រសាសន៍ថា “ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងសុខាភិបាលបានខិតខំយ៉ាងខ្លាំងក្លា ដើម្បីកាត់បន្ថយបញ្ហាការពុលចំនីអាហារ និងស្រានេះ ហើយចំនួននៃការពុលក៏មានការថយចុះផងដែរ ប៉ុន្តែការថយចុះនេះ ស្ថិតនៅក្នុងចំនួនតិចនៅឡើយ ដែលចំនួនអ្នកពុលចំនីអាហារ និងស្រា ក្នុងឆ្នាំ ២០១៥ ចំនួន ១៧១៣នាក់, ឆ្នាំ ២០១៦ ចំនួន ១១៦៤នាក់ និងអំឡុងឆ្នាំ ២០១៧នេះ ចំនួន ៩៤៧ នាក់”។

អ្នកស្រីវេជ្ជបណ្ឌិត តេង ស្រី

បន្ថែមពីនេះ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ និងអ្នកស្រីវេជ្ជបណ្ឌិត តេង ស្រី ក៏បានបង្ហាញពី មូលហេតុ និងរោគសញ្ញានៃការពុលចំនីអាហារ និងវិធានការណ៍នៃការបង្កា ដូចខាងក្រោម៖

ការហូបអាហារដែលមិនស្អាត ឬគ្មានអនាម័យ ឬកខ្វក់ ដែលមានមេរោគ ប៉ាក់តេរី វីរុស ផ្សិត ឬប៉ារ៉ាស៊ីត

មូលហេតុនៃការពុលចំណីអាហារ៖

• ការហូបអាហារដែលមិនស្អាត ឬគ្មានអនាម័យ ឬកខ្វក់ ដែលមានមេរោគ ប៉ាក់តេរី វីរុស ផ្សិត ឬប៉ារ៉ាស៊ីត

• ការហូបអាហារមានសារធាតុគីមី ដូចជា ចំណីអាហារដែលមានជាប់ថ្នាំសម្លាប់សត្វល្អិត ថ្នាំហ្វ័ម៉ុល (ថ្នាំរក្សាអាហារកុំឲ្យទុកយូរប្រែជាស្អុយ)។

អ្នកជំងឺអាចមានអាការៈដូចជា ចុកពោះខ្លាំង រាគ ក្អួតចង្អោរ

រោគសញ្ញានៃការពុលចំនីអាហារ៖

ជាទូទៅ រោគសញ្ញានៃការពុលចំនីអាហារ អាចចាប់ផ្តើមបង្ហាញឲ្យដឹងពី ១ម៉ោង ច្រើនម៉ោង ច្រើនថ្ងៃ ឬច្រើនឆ្នាំ ក្រោយពេលបរិភោគ ដែលអ្នកជំងឺអាចមានអាការៈដូចជា ចុកពោះខ្លាំង រាគ ក្អួតចង្អោរ ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតបានហើយមានអ្នកខ្លះទៀត ចុកដៃជើង ឈឺសាច់ដុំ រមួលក្រពើ អស់កម្លាំងខ្លាំង ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ឬសន្លប់ក៏មាន។

ដើម្បីបង្ការការពុលចំនីអាហារ ប្រជាជនគ្រប់រូប​ត្រូវអនុវត្តចំនុចជាច្រើន

វិធានការណ៍បង្ការការពុលចំនីអាហារ៖

• ប្រើប្រាស់ទឹកស្អាត និងបរិភោគអាហារដែលមានអនាម័យ

• លាងដៃនឹងសាប៊ូ មុនពេលចាប់ផ្តើមរៀបចំម្ហូបអាហារ មុនពេលបរិភោគអាហារ និងក្រោយពេលបន្ទោរបង់

• លាងសម្អាតបន្លែផ្លែឈើឲ្យបានស្អាត ជាមួយទឹកស្អាត មុនពេលបរិភោគ

• សម្អាតសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយឲ្យបានស្អាតល្អ

• ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេស សាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ

• ដាក់ឲ្យដាច់ពីគ្នា រវាងអាហារឆ្អិន និងអាហារឆៅ

• កុំរក្សាទុកអាហារក្នុងកំដៅធម្មតា លើសពី ២ម៉ោង

• មិនត្រូវរក្សាទុកអាហារជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ៖

-បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធត្រជាក់ គឺត្រូវឲ្យនៅក្រោមសីតុណ្ហភាព៥អង្សាសេ

-បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធកំដៅ គឺត្រូវលើសពីសីតុណ្ហភាព៦០អង្សាសេ

• កុំប្រើប្រាស់ចំណីអាហារហួសកាលកំណត់។

រោគសញ្ញានៃការពុលស្រា មានដូចជា ក្អួតចង្អោរ ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងឹតមុខ សន្លប់ ប្រកាច់ ពិបាកដកដង្ហើម...

រោគសញ្ញានៃការពុលស្រា៖

ជាទូទៅ រោគសញ្ញានៃការពុលស្រា មានដូចជា ក្អួតចង្អោរ ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងឹតមុខ សន្លប់ ប្រកាច់ ពិបាកដកដង្ហើម និងអាចវិវត្តន៍ទៅជាស្លាប់បាន។

កុំពិសារ ស្រាស ឬស្រាថ្នាំ ដែលទិញពីប្រភពមិនច្បាស់លាស់

វិធានការណ៍បង្កាការពុលស្រា៖

• កុំពិសារ ស្រាស ឬស្រាថ្នាំ ដែលទិញពីប្រភពមិនច្បាស់លាស់ ឬផលិតផលដែលមិនបានឆ្លងកាត់ការត្រួតពិនិត្យ

• អ្នកលក់ដូរត្រូវយកស្រាដែលមានចុះបញ្ជីការផ្លូវការមកលក់

• បញ្ឈប់យកមេតាណុលមកលាយស្រា ឬលាយទឹកធ្វើស្រា ដែលនាំឲ្យបំផ្លាញសុខភាព។

សកម្មភាពខ្លះៗ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយព័ត៌មាន
សកម្មភាពខ្លះៗ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយព័ត៌មាន

ដូច្នេះ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ សូមបងប្អូនបរិភោគអាហារដោយមានការប្រុងប្រយ័ត្នខ្ពស់។ ប្រសិនបើបងប្អូនមានបញ្ហាសុខភាព ពុលចំនីអាហារ ឬពុលស្រាជាដើម សូមប្រញ៉ាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះបំផុត ដើម្បីចៀសវាងការគ្រោះថ្នាក់ធ្ងន់ធ្ងរ៕

បើពិសារគ្រឿងស្រវឹង សូមកុំបើកបរ! 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]