ឥណ្ឌា៖  វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល ដែលសត្វស្វាជាច្រើនក្បាល រស់នៅក្នុងតំបន់ព្រៃមួយកន្លែង ក្នុងប្រទេសឥណ្ឌា ត្រូវបានគេប្រទះឃើញដេកងាប់យ៉ាងរដូករណែល។

អ្នកស្រុករស់នៅក្នុងតំបន់ បានរកឃើញសត្វស្វាជាច្រើនក្បាលដេកងាប់តម្រៀបគ្នាក្នុងពេលតែមួយ ដែលសរុបទាំងអស់មានរហូតដល់ទៅ ១២ក្បាលឯណោះ នៅតំបន់ព្រៃឈូសឆាយមួយកន្លែង ជាហេតុធ្វើឲ្យអ្នកស្រុកមានការភ្ញាក់ផ្អើល និងងឿងឆ្ងល់យ៉ាងខ្លាំងពីមូលហេតុនេះ។

អ្នកស្រុកកើតការសង្ស័យ និងជឿជាក់ថា សត្វស្វាទាំងប៉ុន្មានក្បាលនេះ ច្បាស់ណាស់ទំនងជាត្រូវថ្នាំពុល ដែលព្រានព្រៃលបលួចដាក់បំពុល ដើម្បីទាក់យកទៅធ្វើអាជីវកម្មផ្សេងៗជាមិនខាន។

ក្រោយកើតហេតុ ក្រុមបសុពេទ្យ (ពេទ្យសត្វ) ក្នុងតំបន់ Kotwali Mohammadi ភាគខាងជើងរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា បានទទួលយកសាកសពសត្វស្វាទាំង១២ក្បាលទៅធ្វើការវះកាត់ និងធ្វើកោសល្យវិច្ឆ័យ ដើម្បីឲ្យដឹងពីមូលហេតុពិតប្រាកដ។

ក្រោយធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់លើករណីមួយនេះ បសុពេទ្យម្នាក់គឺលោកដុកទ័រ Sanjeev Kumar បានមានប្រសាសន៍ឲ្យដឹងថា សត្វស្វាអស់នោះមិនមែនត្រូវថ្នាំបំពុលងាប់ទេ។  ផ្ទុយទៅវិញ ពួកវាងាប់ដោយសារគាំងបេះដូង។

សត្វស្វាជាច្រើនក្បាល រស់នៅក្នុងតំបន់ព្រៃមួយកន្លែង ក្នុងប្រទេសឥណ្ឌា ត្រូវបានគេប្រទះឃើញដេកងាប់យ៉ាងរដូករណែល

វេជ្ជបណ្ឌិតរូបនេះបញ្ជាក់ថា «សត្វស្វារងគ្រោះទាំងប៉ុន្មានក្បាលនេះ អាចងាប់ដោយសារពួកវាភិតភ័យខ្លាំងពេក នៅពេលលឺសម្លេងស្រែកគ្រហឹមរបស់សត្វខ្លា។ ព្រោះនៅក្នុងតំបន់ព្រៃនោះ សំបូរសត្វខ្លាធ្វើដំណើរឆ្លងកាត់ជាញឹកញាប់»

បើយោងតាមសំណាក់អ្នកភូមិរស់នៅទីនោះបានឲ្យដឹងថា ពួកគេពិតជាឧស្សាហ៍លឺសម្រែកគ្រហឹមរបស់សត្វខ្លាជាញឹកញាប់យ៉ាងពិតប្រាកដមែន។  វាក៏អាចជាមូលហេតុមួយ ធ្វើឲ្យពួកវាភិតភ័យ ទើបបណ្តាលឲ្យគាំងបេះដូងងាប់បែបនេះ ដូចការអះអាងរបស់អ្នកជំនាញ។  ខណៈឯអ្នកជំនាញខាងសត្វព្រៃវិញ បានជំទាស់លើការឡើងនេះថា ពួកវាងាប់ដោយសារឆ្លងមេរោគ។

ទោះបីជាយ៉ាងណាទាក់ទងនឹងករណីចម្រូងចម្រាសខាងលើនេះ លោកបណ្ឌិត Brijendra Singh  ជាបសុពេទ្យជំនាញម្នាក់ បានថ្លែងប្រាប់កាសែត Times of India ឲ្យដឹងថា ស្វាវាគឺជាសត្វព្រៃដែលមិនអាចងាប់តាមរបៀបនេះ (គាំងបេះដូង) ងាយៗដូចខាងក្រុមអ្នកជំនាញមួយចំនួនបានសន្និដ្ឋានទេ។ ព្រោះជាទូទៅពួកវាអាចងាប់បាន ដោយសារការឆ្លងមេរោគនៃជំងឺផ្សេងៗ ដូចជាទាក់ទងទៅនឹងកង្វះអនាម័យ ក្នុងការរស់នៅរបស់ពួកវាជាដើម ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]