ចិន៖ ចិនជាប្រទេសមួយដែលមានរោងចក្រ និងប្រជាជនយ៉ាងច្រើន ដូច្នេះហើយទើបប្រទេសនេះទទួលរងគ្រោះយ៉ាងខ្លាំងពីការបំពុលបរិស្ថាន។

យ៉ាងណាមិញ នៅពេលថ្មីៗនេះរដ្ឋាភិបាលចិនកំពុងរៀបចំផែនការដើម្បីហាមឃាត់ការផលិត  ការលក់់  និងការប្រើប្រាស់រថយន្តដែលប្រើប្រេងឥន្ធនៈ។ មូលហេតុដែលធ្វើឲ្យរដ្ឋាភិបាលចិនចាត់វិធានការបែបនេះ ព្រោះកំណើនប្រើប្រាស់រថយន្តនៅក្នុងប្រទេសនេះ កាន់តែកើនឡើងច្រើនទៅៗគួរឲ្យកត់សម្គាល់។

ការកកស្ទះចរាចរណ៍ក្នុងប្រទេសចិន

កាលពីថ្ងៃទី៩ ខែកញ្ញា មន្ត្រីឧស្សាហកម្មលោក Xin Guobin បានបង្ហើបថា ក្នុងពេលនេះរដ្ឋាភិបាលចិនកំពុងកំណត់ពេលវេលាជាក់លាក់មួយសម្រាប់ការផ្លាស់ប្តូរដ៏ធំសម្បើមនេះ។ ការផ្លាស់ប្តូរពីយានយន្តដែលប្រើប្រេងសាំងទៅយានយន្តដែលប្រើថាមពលអគ្គិសនីនឹងមានអត្ថប្រយោជន៍យ៉ាងច្រើនដល់បរិស្ថាន ហើយការធ្វើបែបនេះក៏អាចជួយកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលរបស់ខ្លួនពីការនាំចូលប្រេងឥន្ធនៈទៀតផង។

ការបង្ហាញម៉ូដែលឡានដែលប្រើអគ្គីសនី
ការបញ្ចូលអគ្គីសនីទៅឡាននៅក្នុងប្រទេសចិន
ការបញ្ចូលអគ្គីសនីទៅឡាននៅក្នុងប្រទេសចិន

ការផ្លាស់ប្តូរនេះប្រហែលជាមិនសូវពិបាកសម្រាប់ប្រជាជនចិនក្នុងការសម្របខ្លួននោះទេ ព្រោះកាលពីឆ្នាំ ២០១៦ ប្រទេសចិនបានវ៉ាដាច់សហរដ្ឋអាមេរិកដើម្បីក្លាយខ្លួនជាទីផ្សាររថយន្តធំបំផុតសម្រាប់រថយន្តអេឡិចត្រូនិករួចទៅហើយ។

តារាងបង្ហាញពីការលក់ឡានដែលប្រើអគ្គសនីនៅក្នុងតំបន់ធំៗទាំង ៤

អាជ្ញាធរចិនមានការព្យាយាមយ៉ាងខ្លាំងធ្វើឲ្យគម្រោងការរបស់ខ្លួនមានដំណើរការយ៉ាងរលូន ដូច្នេះហើយទើបរដ្ឋាភិបាលចិនបានធ្វើការវិនិយោគរាប់ពាន់លានលើការស្រាវជ្រាវ និងការអនុម័តច្បាប់។

ចាប់ពីឆ្នាំក្រោយទៅ ក្រុមហ៊ុនផលិតរថយន្តក្នុងប្រទេសចិនត្រូវធានាថា  ការផលិតរថយន្តរបស់ពួកគេនឹងត្រូវមានរថយន្តអេឡិចត្រូនិចចំនួន៨ភាគរយ ហើយអត្រានេះក៏នឹងកើនឡើងដល់ ១០ភាគរយនៅឆ្នាំ ២០១៩ និង ១២ភាគរយនៅឆ្នាំ ២០២០ ផងដែរ។

គួរបញ្ជាក់ផងដែរថា ប្រទេសចិនមិនមែនជាប្រទេសតែមួយគត់លើពិភពលោកដែលមានគម្រោងផ្លាស់ប្តូរពីរថយន្តដែលប្រើឥន្ធនៈទៅជារថយន្តដែលប្រើអគ្គិសនីនោះទេ ព្រោះប្រទេសបារាំង និងចក្រភពអង់គ្លេស បានប្តេជ្ញាដាក់បម្រាមលើការប្រើប្រាស់ឡានដែលមានដំណើរការដោយឥន្ទនៈត្រឹមឆ្នាំ ២០៤០ ផងដែរ។ គម្រោងផ្លាស់ប្តូររបស់ចិនបានធ្វើឲ្យពិភពលោកទាំងមូលអាចមើលឃើញថា នៅពេលអនាគតនឹងគ្មានការបំពុលបរិស្ថានដោយសារការបើកបរទៀតទេ ដូច្នេះវាជារឿងដ៏ល្អមួយសម្រាប់បរិស្ថាននៅលើពិភពលោក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]