រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលគេអះ​អាងថា ជាអតីតប្តីដើមត្រូវបុរសជនជាតិបារាំង​ជា​ប្តី​ក្រោយបានយកកាំបិតចាក់ បណ្តាលឲ្យ​របួស​ធ្ងន់ កាលពីវេលាមោ៉ង១៩និង២០នាទីថ្ងៃ​ទី៦ មីនា ២០១២ នៅផ្ទះលេខ១២៩អឺ៣ ផ្លូវ​លេខ​​១៤៤ ភូមិ១៧ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌ​​ដូន​ពេញ ខណៈដែលបុរសជាអតីតប្តីដើម​បាត់​ប្រពន្ធអស់រយៈ​ពេល​ច្រើន​ថ្ងៃ​ ទើប​តែ​មក​ពើប​ប្រទះ​រស់​នៅជា​មួយ​បុរស​ជនជាតិ​បារាំងក៏​​ទាម​ទារ​ លុយពីប្រពន្ធមិនបាន ហើយទំនាស់​ពាក្យ​សម្ដី​ដាក់គ្នាខ្លាំងក្លា ។

អតីតប្តីដើមដែលត្រូវបុរសបារាំងជាប្តី​ក្រោយ​​ ចាក់ឲ្យរបួសមានឈ្មោះហ៊ិន អូន អាយុ​៣១ឆ្នាំ ស្រុកកំណើតនៅភូមិដូនស ឃុំគួយ ស្រុក​ចន្រ្ទា ខេត្តស្វាយរៀង រីឯប្តីចុងដែលត្រូវ​សមត្ថ​កិច្ច​ឃាត់ខ្លួនឈ្មោះ SAVONA GEAN CLAUDE LOSENH ជនជាតិបារាំង អាយុ​៦៥ឆ្នាំ ស្នាក់នៅផ្ទះលេខ១២៩អឺ៣ ផ្លូវ​លេខ​១៤៤ ភូមិ១៧ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌ​ដូន​ពេញ។

យោងតាមការអះអាងរបស់​នាង​ជា​ប្រពន្ធដែល​មានឈ្មោះ​សែម អ៊ីត អាយុ៣០ឆ្នាំ បានឲ្យដឹង​ថា នាងបានរួមរស់ជាមួយបុរស​ជាប្តី​ដើមដែល​មានឈ្មោះហ៊ិន អូន អស់រយៈពេល​ជាង​មួយឆ្នាំ ដោយ​គ្មានខាងឪពុកម្តាយដឹងឮ​នោះ​ទេ ហើយ​ការរស់នៅជាចល័តនិងគ្មានមុខ​របរ​ណា​មួយ​ពិតប្រាកដនោះទេ។ រយៈពេលជាង​មួយឆ្នាំក៏កើត​ភាពរកាំររកូស ហើយស្ថានភាព​គ្រួសារកាន់តែ​យា៉ប់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ នេះ​មិនមាន​កូន​​ផង។ ក្រោយពីគ្មានសេចក្តីសុខ​ហើយ​មិនអាច​រស់នៅជាមួយគ្នាតទៅទៀតបាន​នោះ ទើបនាងនិងប្តីបាន​លែងលះគ្នារយៈពេល​ពីរ​បី​ខែ​មក​នេះដោយប្តីគេ​ទាមទារយកម៉ូតូ ​ទៅ​បាត់។

បន្ទាប់ពីនាងធ្លាក់ខ្លួនជាស្រ្តីមេម៉ាយគ្មានមុខ​របរ នាងក៏បានធ្វើជាស្រីបារតាមក្លឹបកម្សាន្តក្នុង​សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ហើយ​បុរសជនជាតិបារាំងឈ្មោះ SAVONA GEAN CLAUDE LOSENH បានស្រឡាញ់នាង និង​យក​នាងធ្វើជាប្រពន្ធរហូតមក។ លុះដល់ថ្ងៃទី៦ មីនា ២០១២ វេលាម៉ោងជាង៧យប់ ស្រាប់​តែ​ឃើញអតីតប្តីដើមឡើងមកលើផ្ទះហើយទាមទារ​រកលុយចំនួន៧០០ដុល្លារ ពេលនោះនាងប្រាប់​ទៅ​វិញថា «គ្មានលុយឯណាឲ្យទេ ហើយពេល​នេះ​យើងក៏អស់ប្តីប្រពន្ធនឹងគ្នាដែរ»។ បុរស​អតីត​​ប្តី​នោះមិនព្រមបែរជារករឿងនាងក្លាយជា​ ទំនាស់ពាក្យសម្ដីដាក់គ្នាខ្លាំងក្លា ហើយ​បុរស​ជា​ប្តី​ក្រោយ​ជន​ជាតិ​បារាំង​ជួយ​ប្រពន្ធ​របស់​គេ​ក៏​ឈាន​ ដល់ការយក​កាំបិតចាក់គ្នាឲ្យរបួសតែ​ម្តង៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ីត