** ប្រលោមលោកខ្មែរឡូត **

១ ឆ្នាំហើយដែលខ្ញុំបានរៀបការ។ ពួកយើងមានកូនផ្ទះតូចល្មមដែលរួមគ្នាសន្សំតាំងពីមុនរៀបការ។ ទោះប្តីប្រពន្ធធ្វើការរៀងៗខ្លួន និងបានជួបគ្នាតែពេលយប់ តែខ្ញុំមានអារម្មណ៍ស្កប់ស្កល់ណាស់ រីករាយណាស់ មានសុភមង្គលណាស់។ ទំនាក់ទំនងស្នេហាប្តីប្រពន្ធរបស់យើងនៅតែស្មើចុងស្មើដើម តាំងពីដើមគាត់ជាមនុស្សស្ងប់ស្ងាត់គឺនៅតែស្ងប់ស្ងាត់ដូចដើម ហើយខ្ញុំក៏បានដឹងថាភាពស្ងប់ស្ងាត់នោះគឺតែងតែលាក់ទុកនូវក្តីស្រលាញ់ មើលថែរក្សា ការពាររូបខ្ញុំដូចជាបេះដូងរបស់គាត់។ ទោះមានអ្នកផ្សេងមើលមកថាខ្ញុំជាមនុស្សស្រីដែលទ្រប្តី និងស្រលាញ់ប្តីខ្លាំងយ៉ាងណាក៏ដោយ តែចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកហ្នឹង។ ពួកគេប្រាកដជាមិនបានដឹងទេថាជីវិតគ្រួសារដែលសាមញ្ញ និងមិនចាំបាច់ផ្អែមល្ហែមបង្អួតអ្នកដទៃក៏អាចជាក្តីស្រលាញ់ ស្មោះស្ម័គ្រ និងឋិតថេរបានយូរជាងប្តីប្រពន្ធខ្លះក៏ថាបាន។ ប៉ុន្តែអ្វីៗតែងតែមានការប្រែប្រួលមិនទៀតទាត់នោះទេ..... នៅថ្ងៃមួយនោះ....... 

រូបតំណាង

នៅយប់មួយបន្ទប់ពីប្តីប្រពន្ធរបស់ខ្ញុំមកដល់ផ្ទះ ស្រាប់តែស្រមោលមនុស្សស្រីស្ទុងៗកំពុងតែអង្គុយចាំខ្ញុំនៅមុខផ្ទះ។ នាងងើបមុខឡើងទាំងទឹកភ្នែកហូររហាមហើយរត់មកឱបខ្ញុំ

« ពួកម៉ាក ហ៊ី!! ជួយគ្នាផង »

ធីតានាងជាមិត្តភក្តិសម្លាញ់របស់ខ្ញុំតាំងតែពីនៅរៀន។ នាងជាមនុស្សស្រីដែលស្អាត ឆ្លាត គួរឱ្យស្រលាញ់ ថែមទាំងជាកូនអ្នកមានមុខមានមាត់ម្នាក់នៅក្នុងសង្គមផងដែរ។ នាងតែងតែទទួលបានការស្រលាញ់ ចូលចិត្ត និងរាប់អានពីមនុស្សជុំវិញខ្លួន ឯមិត្តដូចជាខ្ញុំគ្រាន់តែជាស្រមោលដែលអន្ទោលតាមប្រាណរបស់នាងតែប៉ុណ្ណោះ។ បន្ទាប់ពីបញ្ចប់ការសិក្សា ខ្ញុំឮថានាងត្រូវបានឪពុកម្តាយបញ្ជូននាងទៅសិក្សា និងស្វែងយល់រឿងជំនួញបន្ថែមដើម្បីត្រលប់មកគ្រប់គ្រងជំនួញគ្រួសាររបស់នាង។ កាលពីឆ្នាំមុនខ្ញុំបានផ្ញើធៀបការទៅនាងដែរ តែនាងបានផ្ញើជំនួនជាច្រើនមកជូនពរខ្ញុំ ព្រោះនាងមានការរវល់ដែលមិនអាចត្រលប់មកស្រុកកំណើតវិញបាន។ បន្ទាប់មកពួកយើងក៏បានដាច់ទំនាក់ទំនងគ្នា។ មិននឹកស្មានថាថ្ងៃនេះខ្ញុំបែរជាបានជួបនាងនៅក្នុងសភាពបែបនេះសោះ។ ប្តីរបស់ខ្ញុំគ្រាន់តែក្រឡេកនាងបន្តិច រួចក៏ដើរចូលទៅក្នុងផ្ទះធ្វើហី។ ខ្ញុំទះស្មាធីតាលួងលោមរួចនិយាយ

«គាត់ជាប្តីរបស់ខ្ញុំ ចរិតគាត់តែបែបនេះឯង កុំប្រកាន់គាត់អីណា »

« មិនអីទេ! »

ខ្ញុំក៏បណ្តើរធីតាចូលផ្ទះ និងជួយនាងលើកវ៉ាលីសខោអាវផងដែរ។ បន្ទាប់ពីចាក់ទឹកតែក្តៅៗឱ្យនាងរួចមក ពួកយើងទាំងពីរក៏និយាយគ្នាទាំងក្នុងស្ថានភាពតានតឹងពេលដែលឮធីតារៀបរាប់ទាំងក្រៀមក្រំ។ បន្ទាប់ពីធីតាត្រលប់មកពីបរទេសប៉ាម៉ាក់របស់នាងបានបង្ខំនាងរៀបការជាមួយមនុស្សប្រុសដែលនាងមិនស្រលាញ់។ នាងក៏បានរត់ពីផ្ទះហើយមករកខ្ញុំ។ នាងពិតជាគួរឱ្យអាណិតណាស់ មានអ្វីៗគ្រប់យ៉ាងតែបែរជាអាភ័ព្វរឿងស្នេហា និងជីវិតគូទៅវិញ។ពេលយកជិវិតនាងមកប្រៀបធៀបនឹងខ្ញុំ ខ្ញុំស្រាប់តែមានអារម្មណ៍ថាខ្លួនឯងពិតជាសំណាងណាស់ទោះគ្មានទ្រព្យសម្បត្តិស្តុកស្តម្ភ តែក៏មានសេចក្តីសុខអាចរស់នៅជាមួយមនុស្សជាទីស្រលាញ់បាន។ ដោយអាណិតនាងខ្ញុំបានឱ្យនាងមកស្នាក់នៅក្នុងផ្ទះរបស់ខ្ញុំមួយរយៈទម្រាំតែនាងរកកន្លែងស្នាក់នៅថ្មីបាន និងប្រហែលជាមួយរយៈក្រោយអាចធ្វើឱ្យម៉ាក់ប៉ារបស់នាងប្តូរគំនិតក៏ថាបាន។ 

រូបតំណាង

តាំងពីនាងមករស់នៅទីនេះមកខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ទោះជានាងជាអ្នកនាងកូនអ្នកមានតែនាងអាចជួយបោសសំអាតផ្ទះ ធ្វើម្ហូប និងបោកសំលៀកបំពាក់បានយ៉ាងជំនាញទៀតផង។ នាងប្រាប់ថាជីវិតរស់នៅបរទេសមិនមែនជារឿងងាយស្រួលនោះទេ មនុស្សទាំងអស់ត្រូវរៀនធ្វើអ្វីដោយខ្លួនឯង។ ប៉ុន្តែរឿងដែលខ្ញុំមិនសូវសប្បាយចិត្តនោះ គឺតាំងពីមិត្តភក្តិមកស្នាក់នៅមកប្តីរបស់ខ្ញុំរឹតតែស្ងប់ស្ងាត់ជាងមុន និងរឹតតែមិននិយាយស្តីអ្វីសោះ។ ខ្ញុំចាប់ផ្តើមគិតថាប្រហែលជាប្តីរបស់ខ្ញុំកំពុងតែទើសទាល់នឹងធីតាហើយ។ មែនហើយជារឿងធម្មតាទេ ជីវិតជាប្តីប្រពន្ធបើមានអ្នកទី ៣ ចូលមកប្រាកដជាមានអារម្មណ៍ថាមិនសូវស្រួលខ្លួននោះឡើយ។ តែដោយការស្រលាញ់អាណិតមិត្តភក្តិខ្ញុំនៅតែបន្តឱ្យនាងស្នាក់នៅ។ ប៉ុន្តែរឿងរ៉ាវវាមិនមែនងាយស្រួលដូចខ្ញុំគិតឡើយ។

នៅយប់មួយដែលខ្ញុំកំពុងតែគេងស្កប់ស្កល់ ខ្ញុំបានភ្ញាក់ដឹងខ្លួនពេលឮសំលេងមនុស្សប្រុស ស្រីនិយាយគ្នា។ ខ្ញុំស្រវាឱបប្តីដែលនៅជិតខ្លួនតែបែរជាជួបប្រទះភាពទទេស្អាត។ ខ្ញុំចាប់ផ្តើមភ័យ និងខ្លាចចំពោះអ្វីដែលខ្ញុំកំពុងតែគិត។ ខ្ញុំបានដើរទៅបន្ទប់មិត្តរបស់ខ្ញុំទាំងបេះដូងលោតញាប់។ មនុស្សប្រុសស្រី ២នាក់ដែលខ្ញុំស្គាល់ច្បាស់បំបុត្រកំពុងតែថើបគ្នារោលរាលពេញដោយក្តីស្រលាញ់។ ខ្ញុំលើកដៃបិទមាត់ខ្លួនឯងទប់សំឡេងដែលចង់ស្រែកយំចេញមក រួចបែរខ្នងចេញទាំងឈឺចាប់។ ខ្ញុំមិនចង់ឃើញទិដ្ឋភាពនៅនឹងមុខនោះទេ ខ្ញុំខ្លាច ខ្លាចឃើញឈុតឆាករឿងដែលលេងបន្តទៀត។ ទឹកភ្នែករបស់ខ្ញុំស្រក់ជោគខ្នើយ ហើយទ្រាំស្តាប់សំឡេងសាស័ព្ទស្នេហាដែលពួកគេកំពុងតែឆ្លើយឆ្លងគ្នា។ បន្ថែមនឹងរឿងឈឺចាប់ដែលខ្ញុំកំពុងតែទទួល ខ្ញុំនៅតែគិតមិនយល់ហេតុអ្វីមនុស្ស ២នាក់ដែលមិនដែលស្គាល់គ្នា មិនដែលនិយាយគ្នាសោះអាចប្រព្រឹត្តរឿងបែបនេះបាន? អារម្មណ៍អូសទាញមែនទេ? អត់ទេ ប្តីរបស់ខ្ញុំជាមនុស្សប្រុសត្រឹមត្រូវ និងជាសុភាពបុរសតាំងពីដើម គាត់ម៉េចនឹងអាចធ្វើរឿងបែបនេះក្បត់ចិត្តខ្ញុំបានទៅ។ ប្រាកដជាធីតា នាងបែរជាហ៊ានធ្វើរឿងបែបនេះដាក់ប្តីមិត្តសម្លាញ់ទៅវិញ។ 

រូបតំណាង

ពេលព្រឹកពេលដែលប្តីរបស់ខ្ញុំចេញទៅធ្វើការបាត់ខ្ញុំបានធ្វើពុតជាមិនស្រួលខ្លួន ដើម្បីមានពេលនៅផ្ទះ និងដោះស្រាយរឿងគ្រប់យ៉ាងជាមួយធីតា។ បើមាននាងអត់ខ្ញុំ បើមានខ្ញុំត្រូវគ្មាននាង។ ស្នេហាមិនអាចដើររួមផ្លូវម្តង ៣នាក់នោះឡើយ។ ពេលធីតាកំពុងតែធ្វើម្ហូបខ្ញុំដើរពីក្រោយនាងទាំងមុខស្មើ

« ធីតា..ខ្ញុំមានរឿងចង់និយាយជាមួយឯង »

« អូ....ដានី ឯងលែងអីហើយហេ? គ្នាកំពុងតែរៀបដាំបបរឱ្យឯង »

ខ្ញុំក៏មកអង្គុយសាឡុងចាំនាង។ ធីតាដើរមករួចសួរទាំងឆ្ងល់

« ឯងមានរឿងអីនិយាយជាមួយគ្នា?»

ខ្ញុំមើលមុខនាងទាំងកំហឹងរួចនិយាយ

« បើឯងមានកិត្តិយស សូមឯងឆាប់រើអីវ៉ាន់ចេញពីផ្ទះខ្ញុំឥឡូវនេះភ្លាម»

ធីតាបើកភ្នែកធំៗរួចសួរ

« ឯងនិយាយស្អី? »

« គ្នាបានឃើញអស់ហើយ ពួក...ពួកឯងកាលពីយប់មិញ»

ធីតាភ្ញាក់បន្តិចរួចក៏ញញឹមទាំងពិសពុល

«បងឯងដឹងក៏ល្អ គ្នាមិនបាច់ហត់បកស្រាយ តែគ្នាសូមប្រាប់ថាគ្នាមិនមែនជាអ្នកដែលត្រូវដើរចេញនោះទេ »

« ឯងនិយាយស្អី? យើងមិននឹកស្មានថាឯងមុខក្រាស់ដល់ថ្នាក់នេះសោះ »

« យើងថាឯងមុខក្រាស់ទៅវិញទេ ឯងទេដែលរស់នៅ ស៊ីដេកលើផ្ទះ និងលុយកាក់របស់យើងច្រើនឆ្នាំនោះ ឯងឱ្យដឹងផង »

ខ្ញុំបើកភ្នែកធំៗតក់ស្លុត

«ឯង...ចង់មានន័យថាម៉េច? »

« រឿងដល់ដំណាក់កាលនេះហើយ យើងមិនលាក់ឯងទៀតទេយើងប្រាប់ការពិតដល់ឯងទៅចុះ ការពិតប្តីរបស់ឯងគឺជាសង្សារបស់យើង គឺជាប្តីរបស់យើង។ យើងស្រលាញ់គ្នាតាំងពីមុនយើងទៅបរទេសទៅទៀតឯងត្រូវដឹង »

« មិនពិត មិនពិត ប្តីរបស់យើងស្រលាញ់យើង »

« ឯងដឹងទេ! គេឈឺចាប់ខ្លាំងណាស់ពេលដែលគេដឹងថាយើងត្រូវម៉ាក់ប៉ាបង្ខំឱ្យយើងរៀបការជាមួយអ្នកផ្សេង គេក៏ផ្តាច់ការទាក់ទងនឹងយើង។ ហ៊ឹស! តែយើងក៏នៅតែមករកគេឃើញ តែបែរជាមកឃើញឯងនៅក្នុងផ្ទះដែលយើងទិញទៅវិញ ឯងថាកំប្លែងទេ? »

« យើងមិនជឿៗៗ»

« ឯងត្រូវតែជឿ ឯងដឹងទេរាល់ការសិក្សា រាល់ការចំណាយរបស់គេ រួមទាំងផ្ទះមួយខ្នងនេះសុទ្ធតែជាលុយរបស់យើង សូម្បីតែគេក៏ជារបស់យើងតែម្នាក់។ ចុះឯងមកពីណា ឯងមកពីណាបានជាមកដណ្តើមក្តីស្រលាញ់របស់យើង? ឯងទេជាអ្នកដើរចេញ» ធីតាស្រែកខ្លាំងៗលាយឡំនឹងទឹកភ្នែក។ ខ្ញុំលុតជង្គង់ចុះលើដីទាំងទប់ជំហរខ្លួនឯងមិនបាន។ រឿងរ៉ាវពិតនេះពិតជាឈឺចាប់ជាងរឿងដែលបានមើលឃើញពីយប់មិញទៅទៀត។ បន្ទាប់ពីគិតនិងឈឺចាប់អស់ច្រើនម៉ោង ខ្ញុំក៏សម្រេចចិត្តចាកចេញ។

រូបតំណាង

ខ្ញុំទាញវ៉ាលីសចេញពីផ្ទះទាំងភ្នែកហើម។ ធីតាឃើញខ្ញុំនាងស្រាប់តែបញ្ចេញក្តីអាណិត និងស្តាយក្រោយ

« ឯង...ឯងពិតជាទៅមែនហេ?»

« នៅទីនេះមានអ្វីដែលជារបស់ខ្ញុំទៀត? »

« សុំទោសដែលការពិតធ្វើឱ្យឯងឈឺចាប់»

« គ្នាទេដែលត្រូវសុំទោសឯង....សន្យាបានទេយើងនឹងនៅតែជាមិត្តនឹងគ្នា?»

ធីតារត់មកឱបខ្ញុំទាំងទឹកភ្នែក

« ឯងជាមិត្តរបស់យើងរហូតណា » ខ្ញុំឱបនាងវិញទាំងលួចក្តាប់ដៃ។

« ឯងអាចកំដរគ្នាទៅមើលទឹកស្រះនៅក្រោយផ្ទះជាលើកចុងក្រោយបានទេ? ប្រហែលជាគ្នាមិនអាចមកជាន់ផ្ទះនេះទៀតទេ »

« បាន..បាន»

ធីតាចាប់ដៃខ្ញុំទៅស្រះទឹកខាងក្រោយផ្ទះ។ ចាំថាកាលពីតូចខ្ញុំនិងធីតា បានជួបគ្នាដំបូង និងរាប់អានគ្នានៅពេលដែលធីតាធ្លាក់ចូលស្រះទឹកសាលា។ ខ្ញុំបានប្រថុយជីវិតចុះទៅជួយនាង។ ចាប់ពិពេលនោះមកពួកយើងក៏បានក្លាយទៅជាមិត្តល្អនឹងគ្នា។

« នឹកឃើញកាលនោះគ្នាពិតជាអន់មែន ខ្លួនប៉ិនណាណីចេះធ្លាក់ទឹកទៅកើត»

« មែនហើយ ទឹកប៉ិនចង្កេះក៏ឯងអាចលង់ដែរ »

« ហាហា..ជឿទេពេលនេះគ្នានៅតែមិនចេះហែលទឹក»

« ពិតមែនហេ? »

« ហាហា..មែនហើយ »

ធីតា និងខ្ញុំឈរមាត់ស្រះមើលទៅផ្ទៃទឹក និងស្រូបយកខ្យល់អាកាសត្រជាក់ល្ហឹមពោរពេញដោយអារម្មណ៍ជ្រះថ្លា។ ដៃរបស់ខ្ញុំស្រាប់តែចាប់ស្មារបស់ធីតារួចនិយាយ

« ខ្ញុំស្រលាញ់ឯងខ្លាំងណាស់មិត្តសម្លាញ់»

ធីតាបែរមកមើលខ្ញុំទាំងឆ្ងល់ តែមិនទាន់ទាំងបានសួរផង កម្លាំងដៃរបស់ខ្ញុំបានរុញធីតាឱ្យចូលស្រះទឹក។ នាងស្រែករកជំនួយ ដៃនាងខ្វៃៗ ត្រដរខ្លួនរបស់នាងប្រឹងងើបពីផ្ទៃទឹក។ មិនប៉ុន្មាននាទីសំឡេងស្រែក និងសកម្មភាពត្រដរខ្យល់របស់នាងក៏រសាត់បាត់ទៅ។ ខ្លួនប្រាណរបស់នាងបានលិចបាត់ទៅក្នុងទឹក។ ខ្ញុំញញឹមយកដៃជូតទឹកភ្នែកដែលស្រក់ហូរ។

« ប្រាប់ហើយតើ ថាស្នេហាមិនអាចមានមនុស្ស ៣នាក់ទេ ហើយភ្លេចប្រាប់ឯងទៅថា មិនថាទោះជាយ៉ាងណាយើងក៏មិនមែនជាអ្នកដើរចេញដែរ។ លាហើយមិត្តសម្លាញ់»។

ប៉ុន្មានថ្ងៃក្រោយសាកសពរបស់ធីតាត្រូវបានគេរកឃើញ។ ប៉ូលីសបានចាប់ខ្លួនដានីពេលរកឃើញភស្តុតាងការធើ្វឃាតកម្ម ប៉ុន្តែដោយឃើញស្ថានភាពមិនប្រក្រតីរបស់ដានី ប៉ូលីសបានយកនាងទៅពេទ្យឆ្កួតដើម្បីព្យាបាល។ សំឡេងស្រែករកប្តីរបស់ដានី និងខួរក្បាលមិនប្រក្រតីរបស់ដានីត្រូវក្រុមគ្រូពេទ្យចាប់នាងចងដៃចងជើង។ ដានីបានតែស្រែកយំ និងឈឺចាប់ក្នុងចិត្ត។ ទីបំផុតហ្គេមស្នេហាគ្មានអ្នកណាឈ្នះនោះទេ ទាំងដានី ទាំងធីតាសុទ្ធតែជាអ្នកចាញ់។ ធីតាចាញ់ដោយអស់ជីវិត ចំណែកដានីចាញ់ដោយក្លាយជាឧក្រិដ្ឋជន និងក្លាយជាជនសសៃប្រសាទ។ អ្នកដែលឈ្នះប្រហែលជាប្តីរបស់នាងហើយ ព្រោះតាំងពីមានរឿងក្តីកើតឡើង គេមិនដែលមកអើត ឬសួរនាំ សួរសុខទុក្ខនាងឡើយ ហើយបានសុំលែងលះនាង ថែមទាំងប្រមូលទ្រព្យសម្បត្តិដែលនាងសេសសល់គេចខ្លួនទៅបាត់ទៀត។ ស្នេហាទោះជាសំខាន់យ៉ាងណា ក៏មិនគួរយកអនាគតអាយុជីវិតដ៏មានតម្លៃរបស់ខ្លួនឯងមកធ្វើការលះបង់នោះឡើយ៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]