(ភ្នំពេញ)៖ តារាសម្ដែងដ៏មានប្រជាប្រិយភាព អ្នកនាង ស្វែង សុជាតា ពេលនិយាយរំឭកដល់របបប្រល័យពូជសាសន៍ ប៉ុល ពត ដែលគេនិយមហៅថា របបអាវខ្មៅ បានធ្វើឲ្យរូបអ្នកនាងផ្ទាល់ឈឺចាប់ហួសថ្លែង ដោយបានសម្រក់ទឹកភ្នែក និយាយរ៉ាយរ៉ាប់ទាំងអួលដើមក ហើយក៏មិនចង់ជួប និងមិនចង់ឲ្យមានរបបមួយនេះ ត្រឡប់មកវិញនោះដែរ។
ការថ្លែងទាំងស្រក់ទឹកភ្នែកនេះ គឺក្នុងឱកាស ដែលអ្នកនាង ស្វែង សុជាតា ចូលរួមសម្ពោធ រឿងហូលីវូត ដែលដឹកនាំដោយ លោកស្រី angelina Jolie មានចំណងជើងថា «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ» នោក្នុងរោងភាងយន្ត លេជេន សាខាទួលគោក កាលពីល្ងាចថ្ងៃទី ០៨ កញ្ញា ឆ្នាំ២០១៧ ម្សិលមិញនេះ ខណៈដែលអ្នកនាង គឺជាតួអង្គសំខាន់ម្នាក់ក្នុងរឿងនេះ។
អ្នកនាង ស្វែង សុជាតា ទាំងរលីងរលោងទឹកភ្នែកថា«ខ្ញុំមានអារម្មណ៍ឈឺចាប់បំផុត នៅពេលនឹកឃើញដល់របបអាវខ្មៅ ព្រោះតែញាតិមិត្ត បងប្អូនរបស់ខ្ញុំ បានបាត់បង់ក្នុងរបបវាលនោះ ខ្ញុំនឹកឃើញកាលណា ធ្វើឲ្យខ្ញុំនិយាយលែងចេញ ហើយក៏មិនចង់ឲ្យមានរបបបែបនេះ ជាលើកទី២ទៀតដែរ។ តែនៅពេលនេះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំសប្បាយចិត្ត ហើយអ្វីដែលខ្ញុំសប្បាយចិត្តនោះ គឺក្នុងពេលឆាប់ខាងមុននេះ គឺរឿងប្រវត្តិសាស្រ្តរបស់កម្ពុជា ក៏ដូចជាខ្ញុំហើយនឹងតារាសម្ដែង មួយចំនួនទៀត គាត់កំពុងតែបង្កប់ខ្លួន និងបង្ហាញឲ្យពិភពលោក បានឃើញទេពកោសល្យ សមត្ថភាព ក៏ដូចជាប្រវត្តិសាស្រ្ត ដ៏សែនឈឺចាប់នាសម័យកាល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ធ្វើឲ្យពិភពលោកបានដឹង នឹងបែងចែកអ្វីសអ្វីខ្មៅ ឲ្យកម្ពុជាបាន»។
អ្នកនាង ស្វែង សុជាតា បានបន្ដថា «ចា៎.. នេះជាលើកទី២ ដែលខ្ញុំបានចូលរួមក្នុងការសម្ពោធរឿងនេះ លើកទី១នៅខេត្តសៀមរាប ដែលអ្នកស្រី angelina Jolie គាត់បានមកសម្ពោធដោយផ្ទាល់ ហើយនេះគឺខាងរោងភាពយន្ត លេជេន បានធ្វើការអញ្ជើញរូបនាងខ្ញុំ ដែលជាតួអង្គសំខាន់ ដើម្បីមកមានចំណាប់អារម្មណ៍និង ទស្សនាជាលើកទី២»។
ជាការពិតណាស់ រឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» គឺជាខ្សែភាពយន្ដប្រែសម្រួល ចេញពីការចងចាំឈឺចាប់របស់ អ្នកស្រី អ៊ឹង លួង ដែលជាអ្នកនិពន្ធសៀវភៅ និងសកម្មជនការពារសិទ្ធមនុស្ស ដែលបានរួចផុតជីវិតពីរបបខ្មែរ ក្រហមដ៏សាហាវយង់ឃ្នងពីឆ្នាំ ១៩៧៥ ដល់ ឆ្នាំ១៩៧៩។
គួរបញ្ជាក់ថា ខ្សែភាពយន្ដរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ត្រូវបានចាក់បញ្ចាំង ជាផ្លូវការដំបូងនៅថ្ងៃទី១៨ ខែកុម្ភៈ កន្លងមក នៅខេត្តសៀមរាប ក្រោមវត្តមានព្រះរាជធិបតីភាពដ៏ខ្ពស់ខ្ពង់បំផុត នៃព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ និងឥស្សរជនសំខាន់ជាច្រើនរូបទៀត។
រឿងនេះផងដែរ គឺជាខ្សែភាពយន្ដដើមរបស់ក្រុមហ៊ុន Netflix Inc ដែលផលិតដោយអ្នកស្រី អែនជឺលីណា ជោលី លោក ប៉ាន់ រិទ្ធី ជាអ្នកដឹកនាំរឿង និងផលិតករខ្សែភាពយន្ដខ្មែរ ដ៏ល្បីល្បាញ លោក Michael Vieira ផលិតករខ្សែភាពយន្ដល្បីល្បាញ នៃរឿង (By the Sea) ។ លោក Xavier Box (រឿង Umrika) និងអ្នកស្រី Patricia Rommel (រឿង the lives of others ) គឺជាអ្នកកាត់តនៃខ្សែភាពយន្ដនេះ៕
ប្រភព៖ Khmertalking
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]