** ប្រលោមលោកខ្មែរឡូត **

នៅក្នុងរាត្រីដ៏សែនស្ងប់ស្ងាត់ខ្ញុំបែរជាគេងមិនលក់ហើយបែរមកសម្លឹងមើលខ្នងមនុស្សប្រុសជាទីស្រលាញ់ដែលកំពុងតែគេងបែរខ្នងដាក់ខ្ញុំ។ ខ្ញុំក៏ស្រវ៉ាឱបគាត់ពោរពេញដោយក្តីស្រលាញ់ពេញដើមទ្រូង។ ខ្ញុំមានអារម្មណ៍ថាខ្ញុំអាចប៉ះត្រឹមតែសម្បករាងកាយរបស់គាត់តែប៉ុណ្ណោះ តែគ្មានវិនាទីណាមួយដែលខ្ញុំអាចស្ទាបប៉ះទៅដល់ក្រអៅបេះដូងរបស់គាត់នោះទេ។ ខ្ញុំតែងតែគិត និងខ្វល់ថាហេតុអ្វីខ្លួនឯងជាមនុស្សស្រីល្ងង់ខ្លៅខ្លាំងម៉្លេះដែលសុខចិត្តទូលរែក ស្នេហាដែលគ្មានទិសដៅ និងគ្មានអនាគត? តើហេតុផលអ្វីទៅដែលធ្វើឱ្យមនុស្សស្រីដែលមានអ្វីគ្រប់យ៉ាងដូចជាខ្ញុំលះបង់ សុភមង្គលនៃអាពាហ៍ពិពាហ៍ដែលមនុស្សស្រីគ្រប់រូបចង់បានដើម្បីតែគាត់ម្នាក់? គ្មានហេតុផលណាដែលផុសចេញពីបេះដូងរបស់ខ្ញុំក្រៅពីពាក្យថា « ក្តីស្រលាញ់» នោះទេ។

ស្នេហាអាចធ្វើឱ្យមនុស្សភ្នែកខ្វាក់ ស្នេហាធ្វើឱ្យមនុស្សលះបង់គ្រប់បែបយ៉ាងមិនថាតែពាក្យ កិត្តិយស។ ព្រោះតាំងពីគ្រាដំបូងដែលខ្ញុំបានជួបគាត់ខ្ញុំបានបាត់បង់កិត្តិយសរួចទៅហើយ បើទោះជាគ្មានអ្នកណាដឹង តែខ្ញុំខ្លួនឯងក៏ដឹងខ្លួនច្បាស់ថាខ្ញុំកំពុងតែដើរចូលនរក។ នរកនៃសេចក្តីស្នេហាដែលគ្មានថ្ងៃអាចងើបឡើងពីភក់ជ្រាំដ៏ខ្មៅងងឹតមួយនេះបាន។ ទោះជាគាត់មិនទាន់រៀបការទោះជាមិនទាន់មានប្រពន្ធមានកូន តែពន្លឺនៃសេចក្តីស្នេហារបស់យើងក៏មិនអាចមានថ្ងៃបានរស់នៅជាមួយគ្នាដោយបើកចំហដែរ ។ ខ្ញុំដឹងថាប្រវត្តិគ្រួសាររបស់ខ្ញុំកាលពីមុនធ្វើឱ្យគ្រួសាររបស់គាត់ប្រកាន់ បើទោះបីជាពេលនេះខ្ញុំប្រើជីវិតរស់នៅម្នាក់ឯង និងមានអ្វីៗនៅក្នុងដៃដោយមិនបាច់ពឹងគាត់ក៏ដោយ។ តើរស់នៅបែបនេះមានអ្វីខុសពីរស់នៅក្នុងនរកទៅ?

រូបតំណាង

លោកប្រធានជាឈ្មោះដែលខ្ញុំតែងតែហៅគាត់រត់មាត់មិនថានៅកន្លែងធ្វើការ ពេលយើងញ៉ាំអាហារជាមួយគ្នា ឬក៏នៅក្នុងបន្ទប់គេងក៏ដោយ។ ចំណែកខ្ញុំ មិនអាចមានឈ្មោះថាជាប្រពន្ធ ជាគូដណ្តឹង ឬសូម្បីតែសង្សារក៏គ្មានសិទ្ធិ។ ទោះជាធ្លាប់ត្រូវ គ្រួសារបំបែកបំបាក់ និងមិនពេញចិត្តដែលពួកយើងនៅជាមួយគ្នាក៏ដោយ តែពួកយើងក៏នៅ តែជំនះបន្តជីវិតរស់នៅបែបនេះដោយលួចលាក់បន្តទៅទៀត។ អ្វីដែលយើងព្រមព្រៀងគ្នា គឺយើងមិនត្រូវការមានចំណងពាក់ព័ន្ធណាមួយ មិនត្រូវបិទសិទ្ធិសេរីភាពគ្នា និងមិនត្រូវនិយាយគ្នារឿងរៀបការជាដាច់ខាត។ វាជាអ្វីដែលខ្ញុំដឹងច្បាស់តែវាក៏បានក្លាយជាសម្ពាធដែលសង្កត់ឱ្យខ្ញុំដកដង្ហើមមិនរួច តឹងណែនស្ទះអស់ហើយ។ ខ្ញុំដឹងថាអ្នកគ្រប់គ្រងដូចជាខ្ញុំ គាត់បានព្យាយាមចងខ្សែទុកព្រោះតែសមត្ថភាពដែលអាចធ្វើជាដៃស្តាំរបស់គាត់។ វាក៏ប្រហែលជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនដែលគ្រួសាររបស់គាត់មិនរករឿងខ្ញុំខ្លាំងទោះជាពួកគាត់មិនពេញចិត្តក៏ដោយ។

ទឹកភ្នែករបស់ខ្ញុំចាប់ផ្តើមស្រក់ចុះនឹកស្រណោះដល់សុបិនមុននេះដែលធ្វើឱ្យខ្ញុំភ្ញាក់ទាំងកណ្តាលយប់។

«ពួកយើងរៀបការទៅ» ពេលដែលឮភ្លាមខ្ញុំស្រែកយំទាំងរន្ធត់ តែអ្វីដែលខ្ញុំភ្ញាក់ដឹងខ្លួនឡើងវាមានត្រឹមតែស្រមោលខ្នងរបស់មនុស្សប្រុសម្នាក់នេះដែលគេង នៅក្បែរខ្លួនរបស់ខ្ញុំ។ ដោយសារតែការសន្យាកាលពីគ្រាដំបូង ទោះបីជាខ្ញុំចង់រៀបការ ចង់បង្កើតគ្រួសារមួយដែលពេញលក្ខណៈដូចគេដូចឯងយ៉ាងណាក៏ដោយ ក៏ខ្ញុំមិនហ៊ានហាមាត់និយាយពាក្យអស់ទាំងនោះដែរ។ ហេតុអ្វីពួកយើងចំណាយពេល និងចំណាយប្រាក់កាសទិញវត្ថុអនុស្សាវរីយ៍ជូនគ្នាពេលមានបុណ្យទានសំខាន់ៗ? ហេតុអ្វីបានជាពួកយើងចំណាយពេលទៅញ៉ាំអាហារនៅហាងល្បីៗថ្លៃៗ? ហេតុអ្វីយើងចំណាយពេលវេលាធ្វើអ្វីអត់ប្រយោជន៍ជាច្រើន តែបែរជាមិនព្រមនិយាយពាក្យមួយឃ្លាថា « យើងរៀបការទៅ» ទៅវិញ?

ទឹកភ្នែករបស់ខ្ញុំស្រក់បែរយកដៃស្ទាបពោះរបស់ខ្ញុំទាំងញ័រទទ្រើក

« បើគាត់ដឹងថាខ្ញុំមានកូនតើគាត់នឹងធ្វើយ៉ាងណា? សប្បាយចិត្ត? ភ្ញាក់ផ្អើល? ឬគាត់នឹងបោះបង់ខ្ញុំចោល? » ទឹកភ្នែកស្រាប់តែជន់ជោរឡើងទប់មិនឈ្នះតែប្រឹងទប់សំឡេងមិនឱ្យឮចេញមកក្រៅរំខានដំណេកបុរសជាទីស្រលាញ់ដែលជាឪពុករបស់ក្មេងក្នុងផ្ទៃ។ តើខ្ញុំគួរតែដោះស្រាយយ៉ាងណា? ប្រាប់គាត់? ឬយកកូនចេញ? អត់ទេមិនអាចទេ គេជាសាច់ឈាមរបស់ខ្ញុំ ខ្ញុំមិនអាចដាច់ចិត្តសំលាប់គេបាននោះទេ។

រូបតំណាង

ស្អែកព្រឹកឡើងខ្ញុំចូលទៅក្នុងOffice របស់គាត់ហើយដាក់សំបុត្រលាឈប់នៅលើតុរបស់គាត់។ គាត់បើកមើលរួចសួរខ្ញុំទាំងមុខស្មើ

« អូនចង់ធ្វើអី? »

« គឺលាឈប់ហ្នឹងណា លោកប្រធាន »

«គិតយ៉ាងម៉េចបានជាធ្វើបែបហ្នឹង? »

« កុំបារម្ភអី ការងារខ្ញុំបានចាត់ចែងរួចហើយ ហើយក៏រកអ្នកដែលមានសមត្ថភាព និងពូកែជាងខ្ញុំទៅទៀតមកជួយក្រុមហ៊ុននេះ? »

« អ៊ីចឹងផង??»

គាត់សួរបញ្ជាក់តែប៉ុណ្ណឹងរួចក៏មិននិយាយអ្វី។ ខ្ញុំដើរចេញពី Office របស់គាត់ទាំងគ្មានព្រលឹងនៅក្នុងខ្លួន? គាត់មិនបានសួររកហេតុផល មិនបានសួរបញ្ជាក់ មិនបានឃាត់ខ្ញុំឱ្យនៅនោះទេ។ ភាពអស់សង្ឃឹម សេចក្តីឈឺចាប់ពេញណែនឱរារកតែហាស្តី មិនចេញ។

ពេលខ្ញុំមកដល់ផ្ទះបន្ទាប់ពីដើរកម្សន្តលំហែអារម្មណ៍ដែលខូចចិត្តរួចមកខ្ញុំឃើញគាត់កាន់ឧបករណ៍ពិនិត្យផ្ទៃពោះរបស់ខ្ញុំទាំងមុខស្មើ។ ដៃរបស់ខ្ញុំញ័រទទ្រើក ញើសចាប់ផ្តើមហូរជោគខ្លួន ពេញដោយសេចក្តីតក់ស្លុត។

« គឺ.....» ខ្ញុំនិយាយមិនចេញ។ គាត់បានងើបឡើងរួចមើលមុខខ្ញុំហើយសួរទាំងមុខស្មើ

« ប៉ុន្មានខែហើយ? »

« ២....ខែ» ខ្ញុំនិយាយទាំងញ័រមាត់ ខ្ញុំខ្លាច ខ្លាចពាក្យបន្ទាប់ដែលគាត់និយាយចេញមកប្រហារបេះដូងរបស់ខ្ញុំថែមទៀត។

« ហេតុអ្វីមិនប្រាប់បង? នេះជាហេតុផលដែលអូនសុំឈប់? »

ខ្ញុំចាប់ផ្តើមយំ

« ខ្ញុំ....ខ្ញុំខ្លាច...ខ្ញុំខ្លាចកូនគ្មានឪពុក..ខ្ញុំខ្លាចបងខឹង..ខ្លាចបងមិនត្រូវការខ្ញុំទៀត »

« អ៊ឹចឹងយើងរៀបការទៅ ងាយសឹងអី» ខ្ញុំភ្ញាក់បន្តិចទាំងឆ្ងល់

« រៀប...រៀបការ? បងនិយាយថាពួកយើងរៀបការអ៊ីចឹងហេ? »

« បើអូនមិនចង់ក៏មិនអីដែរ»

« អត់ទេ អូនចង់ អូនចង់ណាស់..ទីបំផុតបងសុំអូនរៀបការហើយ»

« នេះអូនចង់រៀបការដល់ថ្នាក់នេះហេ? »

« រឿងរៀបការមនុស្សស្រីណាក៏ចង់ដែរ»

«បងមិនដែលឮអូននិយាយផង បងស្មានតែអូនមិនចង់រៀបការហើយតើ »

«ឆ្កួត អូនចង់ណាស់ តែ...អូនមិនហ៊ាននិយាយព្រោះ...»

« ព្រោះលក្ខខណ្ឌរបស់យើងពីមុន? ហាហា....ឆោតមែន»

« តែ....យើងរៀបការគ្រួសារបងមិនថាអីទេ?»

« បើអូនជាអ្នកស្រីរបស់បងហើយអ្នកណាចង់ក្អកនោះ? បើអូនមិនពេញចិត្តចង់ធ្វើអ្នកស្រីប្រធានទេ ពួកយើងទុកក្រុមហ៊ុនចោល ហើយទៅរស់នៅបរទេសក៏បាន ប្រាកជាគ្មានអ្នកណាហ៊ានថាអូនទេ »

« បានពិតមែនហេ?»

«ឱ្យតែអូនហាមាត់»

ខ្ញុំស្ទុះឱប-កគាត់ទាំងសប្បាយរីករាយសើចបិទមាត់មិនជិត។ ការពិតគាត់មិនបានសោះកក្រោះ ឬមិនរវល់ពីខ្ញុំទេ។ ការពិតគាត់ស្រលាញ់ខ្ញុំ ស្រលាញ់កូន និងចង់រៀបការជាមួយខ្ញុំ ដូចដែលខ្ញុំចង់រស់នៅជាមួយគាត់ដែរ។ អ្នកណាថាបងជាបុរសបេះដូងលំហមេឃ ការពិតលំហមេឃរបស់បងធំបែបនេះដើម្បីដាក់អូន និងកូនរបស់យើងតើ។ ទីបំផុតស្នេហារបស់យើងក៏បានសមបំណងបែបនេះឯង។ ការដាំដើមតស៊ូ និងភាពស្មោះស្ម័គ្រពិតជាមានផ្លែផ្កាពេញដោយតម្លៃកាត់ថ្លៃមិនបានពិតមែន៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]