មនុស្សគ្រប់រូបតែងតែចង់បានភាពជោគជ័យក្នុងជីវិត ប៉ុន្តែពេលខ្លះដំណើរជីវិតមិនបានដើរទៅតាមអ្វីដែលយើងគ្រោងទុកនោះទេ។  ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាយើងមានចិត្តតស៊ូ និងមានគម្រោងច្បាស់លាស់  នោះភាពជោគជ័យក្នុងជីវិតនឹងអាចកើតមានមិនខាន។  ទន្ទឹមគ្នានឹងនេះដែរ  មនុស្សស្ទើរតែគ្រប់គ្នាបានលះបង់អ្វីៗដែលសំខាន់ជាច្រើនក្នុងជីវិត ដើម្បីទទួលបានភាពជោគជ័យ។

ខាងក្រោមនេះគឺជាអ្វីៗដែលអ្នកត្រូវលះបង់ ដើម្បីទទួលបានភាពជោគជ័យក្នុងជីវិត៖ 

• ពេលវេលា

យើងទាំងអស់គ្នាមានពេលវេលា ២៤ម៉ោងក្នុងមួយថ្ងៃដូចគ្នា ដូច្នេះហើយយើងគួរតែប្រើពេលវេលាទាំងនោះឲ្យមានតម្លៃ។ នៅពេលអ្នកលះបង់ពេលវេលាដើម្បីបំពេញភារកិច្ច ឬការងារណាមួយ អ្នកតែងតែសម្រេចការងារទាំងនោះបានដូចក្តីប្រាថ្នាដោយសារអ្នកបានផ្តោតចិត្តគំនិតទៅលើកិច្ចការងារនោះយ៉ាងម៉ត់ចត់។  

ពេលវេលា

• ស្ថេរភាពហិរញ្ញវត្ថុ

មនុស្សដែលទទួលបានភាពជោគជ័យភាគច្រើនតែងតែធ្លាប់ជួបបញ្ហាហិរញ្ញវត្ថុ។ ដើម្បីតាមចាប់ក្តីសុបិន  ហើយអ្នកមិនត្រូវទុកប្រាក់ខែជាធំនោះទេ។  អ្នកគួរតែជ្រើសរើសការងារណាដែលអាចជំរុញអាជីពរបស់អ្នកឲ្យទៅមុខបាន ទោះបីជាការងារនោះផ្តល់ប្រាក់ខែតិចជាងការងារមួយផ្សេងទៀតក៏ដោយ។ បើសិនជាអ្នកមិនប្រថុយនឹងលះបង់ស្ថេរភាពក្នុងជីវិតទេ អ្នកអាចនឹងបោះបង់ឱកាសដែលអាចធ្វើឲ្យជីវិតរបស់អ្នកប្រសើរឡើងមិនខាន។

ស្ថេរភាពហិរញ្ញវត្ថុ

• ជីវិតផ្ទាល់ខ្លួន

នៅពេលដែលអ្នកប្តេជ្ញាស្វែងរកភាពជោគជ័យក្នុងជីវិត អ្នកក៏អាចកែប្រែជីវិតផ្ទាល់ខ្លួនរបស់អ្នកដែរ មិនថាមិត្តភាព ស្នេហា  ឬទំនាក់ទំនងក្នុងក្រុមគ្រួសារនោះទេ។  អ្នកប្រហែលជាមិនអាចជួបពួកគេគ្រប់ពេល ដូចដែលអ្នកធ្លាប់ធ្វើឡើយ ព្រោះអ្នកនឹងត្រូវចំណាយពេលវេលាយ៉ាងច្រើន ដើម្បីរកភាពជោគជ័យសម្រាប់ខ្លួនឯង។  ប៉ុន្តែកុំមានការព្រួយបារម្ភអី ព្រោះថានៅពេលដែលអ្នកសម្រេចគោលដៅ ឬក្តីសុបិនរបស់អ្នកហើយ  អ្នកនឹងមានពេលវេលាកាន់តែច្រើន ដើម្បីចំណាយជាមួយពួកគេមិនខាន។ 

ជីវិតផ្ទាល់ខ្លួន

• ការគេង

ពេលខ្លះទោះបីជាអ្នកបានចំណាយពេលយ៉ាងច្រើនក្នុងពេលថ្ងៃ ដើម្បីធ្វើការងារក៏ដោយ  ក៏អ្នកនៅតែត្រូវចំណាយពេលវេលាមួយចំណែកនៅពេលយប់ ដើម្បីបង្កើនល្បឿនការងារទាំងនោះឲ្យឆាប់ហើយផងដែរ។  សម្រាប់អ្នកដែលចង់ទទួលបានជោគជ័យក្នុងជីវិត ការគេងនឹងត្រូវកាត់បន្ថយតិចជាងធម្មតាមិនខាន  ប៉ុន្តែនៅពេលដែលអ្នកបានបំពេញការងារហើយ អ្នកអាចមានអារម្មណ៍ល្អជាងការគេងគ្រប់គ្រាន់ទៅទៀត។ 

ការគេង

• សុខភាព

ពេលខ្លះអ្នករវល់ធ្វើការងារពេក ទើបអ្នកមិនសូវបានយកចិត្តទុកដាក់ទៅលើសុខភាពរាងកាយ  ផ្លូវចិត្ត  និងអារម្មណ៍របស់អ្នកឲ្យបានឌិតដល់។  មនុស្សដែលជោគជ័យភាគច្រើនជួបបញ្ហានេះ ប៉ុន្តែពួកគេនៅតែព្យាយាមបំពេញកិច្ចការងាររបស់គេឲ្យបានល្អដែរ។  យ៉ាងណាមិញ អ្នកគួរចងចាំថាការលះបង់សុខភាពនេះ គ្រាន់តែជាការលះបង់បណ្ដោះអាសន្នប៉ុណ្ណោះ ហើយពេលខ្លះក៏គួរចំណាយពេលយកចិត្តទុកដាក់លើសុខភាពឲ្យបានល្អផងដែរ ទើបអាចសំរេចជោគជ័យបាន។

សុខភាព

• ពេលវេលាសម្រាក

ដើម្បីតាមចាប់ភាពជោគជ័យក្នុងជីវិត អ្នកនឹងមានការរវល់ខ្លាំងណាស់។ ព្រោះពេលរេលាជាមាសប្រាក់ ទើបតម្រូវឲ្យអ្នកបោះបង់ពេលវេលាសម្រាប់សម្រាក និងអង្គុយយកកម្លាំងហើយចាប់ផ្តើមធ្វើការតទៀត។ ប៉ុន្តែវាគ្រាន់តែជារឿងបណ្តោះអាសន្នប៉ុណ្ណោះ ដោយសារនៅពេលដែលអ្នកសម្រេចគោលដៅរបស់អ្នកហើយ អ្នកនឹងអាចមានពេលវេលាសម្រាប់សម្រាកច្រើនជាងមុន។

• ភាពងាយស្រួល

ការខិតខំប្រឹងប្រែងដើម្បីឆ្ពោះទៅកាន់គោលដៅដ៏ធំក្នុងជីវិត នឹងមិនមានភាពងាយស្រួលនោះទេ  ដូច្នេះហើយបើសិនជាអ្នកមានបំណងចង់សម្រេចគោលដៅទាំងនោះអ្នកត្រូវតែបោះបង់ភាពងាយស្រួលក្នុងជីវិតចោល។  អ្នកដែលស្វែងរកភាពជោគជ័យតែងតែព្យាយាមរហូតដល់ពួកគេមានអារម្មណ៍ហត់  និងល្ហិតល្ហៃ ហើយពួកគេតែងតែធ្វើការហួសកម្លាំងជាងអ្នកដែលគ្មានមហិច្ចតាតាមចាប់ក្តីស្រមៃផងដែរ។

ភាពងាយស្រួល

• ផ្នត់គំនិតពន្យាពេលបំពេញការងារ

វាជារឿងធម្មជាតិមួយដែលមនុស្សភាគច្រើនមានអារម្មណ៍ចង់ទុកការងាររបស់ខ្លួនចាំធ្វើពេលក្រោយ។ អ្នកខ្លះបានទុកការងារចោលសិនព្រោះខ្លួនគេចង់ ជជែកកម្សាន្ត លេងហ្គេម  ឬធ្វើអ្វីផ្សេងទៀត។ ប៉ុន្តែអ្វីដែលគេមិនបានគិតដល់នោះគឺថា នៅពេលដែលគេពន្យាពេលបំពេញការងារ កិច្ចការរបស់គេនឹងកើនឡើងកាន់តែច្រើន  ដូច្នេះអ្នកនឹងមិនអាចធ្វើការងារទាំងនោះបានល្អទេ។ អ្នកគួរតែបោះបង់ផ្នត់គំនិតពន្យាពេលដើម្បីធ្វើកិច្ចការចោលទៅ ដើម្បីទទួលបានភាពជោគជ័យក្នុងជីវិត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]