បរទេស៖ បន្ទាប់ពីបានផុតកុងត្រាក្នុងឆ្នាំ ២០១៥ ក្រុមហ៊ុន Sony បានអស់សិទ្ធិក្នុងការគ្រប់គ្រងទៅលើការផលិតរឿង James Bond ហើយ។ ខណៈពេលនេះក៏កំពុងតែមានការដេញថ្លៃដើម្បីផលិតខ្សែភាពយន្តដែលមានឈ្មោះល្បីល្បាញនេះផងដែរ។ 

ក្រៅពីក្រុមហ៊ុន Sony ក៏មានក្រុមហ៊ុននៅក្នុងវិស័យផលិតខ្សែភាពយន្តជាច្រើនកំពុងតែព្យាយាមដេញថ្លៃដើម្បីផលិតរឿង James Bond ហើយក្រុមហ៊ុនទាំងនោះមានដូចជាក្រុមហ៊ុន MGM, Universal, Fox និងក្រុមហ៊ុន Warner Bros. ផងដែរ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថាក្នុងពេលនេះមានក្រុមហ៊ុនដែលមានឈ្មោះល្បីនៅក្នុងវិស័យបច្ចេកវិទ្យាចំនួន ២ក្រុមហ៊ុនក៏បានធ្វើការប្រកួតប្រជែងដើម្បីទិញសិទ្ធិក្នុងការផលិតរឿងនេះដែរ។

រឿង James Bond ចុងក្រោយបំផុតដែលក្រុមហ៊ុន Sony បានផលិត
តួរអង្គ James Bond ទាំងអស់

ប្រភពសារព័ត៌មាន The Hollywood Reporter បានបង្ហើបថា ក្រុមហ៊ុន Apple និងក្រុមហ៊ុន Amazon មានមហិច្ឆតាធំក្នុងការផលិតរឿង James Bond រហូតដល់ហ៊ានចំណាយទឹកប្រាក់ច្រើនជាងក្រុមហ៊ុនផលិតភាពយន្តដទៃទៀត។ ប្រភពមួយបានលើកឡើងថា សិទ្ធិក្នុងការផលិតរឿង James Bond អាចនឹងមានតម្លៃចន្លោះពី ២ពាន់ទៅ៥ពាន់លានដុល្លារឯណោះ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Amazon មានសមត្ថភាពក្នុងការផលិតរឿងល្បីៗជាច្រើនដូចជារឿង Transparent និងរឿង Manchester by the Sea ជាដើម។ ដោយឡែក ការផលិតខ្សែភាពយន្តរបស់ក្រុមហ៊ុន Apple ក៏មិនអន់នោះដែរ ហើយការផលិតរបស់គេរួមមានរឿង Planet of the Apes និងកម្មវិធី Carpool ខារ៉ាអូខេផងដែរ។ 

ទីស្នាក់ការថ្មីរបស់ Apple
ទីស្នាក់ការថ្មីរបស់ Amazon

នៅក្នុងពេលនេះយើងមិនទាន់ដឹងថា ក្រុមហ៊ុន Apple និងក្រុមហ៊ុន Amazon អាចដេញថ្លៃដើម្បីផលិតរឿងនេះបានជោគជ័យ ឬក៏អត់នោះទេ ព្រោះថាក្រុមហ៊ុនទាំង ២នេះមិនទាន់មានសេចក្តីថ្លែងការអំពីការដេញថ្លៃ ដើម្បីផលិតរឿង James Bond នេះនៅឡើយទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]